លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាសនាល្អលើកស្ទួយក្ដីស្រឡាញ់រវាងអ្នករួមជំនឿហើយចំពោះអ្នកឯទៀត

សាសនាល្អលើកស្ទួយក្ដីស្រឡាញ់រវាងអ្នករួមជំនឿហើយចំពោះអ្នកឯទៀត

សាសនា​ល្អ​លើក​ស្ទួយ​ក្ដី​ស្រឡាញ់​រវាង​អ្នក​រួម​ជំនឿ​ហើយ​ចំពោះ​អ្នក​ឯ​ទៀត

​«​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហានទី១ ៤:៨, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​) បើ​ដូច្នេះ សាសនា​ល្អ​គួរ​លើក​ស្ទួយ​ក្ដី​ស្រឡាញ់​រវាង​អ្នក​រួម​ជំនឿ ហើយ​ចំពោះ​អ្នក​ឯ​ទៀត​ដែរ។

សាសនា​ជា​ច្រើន​ធ្វើ​កិច្ចការ​ដែល​ល្អ​ប្រពៃ​ដូច​ជា​ថែ​ទាំ​អ្នក​ជំងឺ ជន​ចាស់​ជរា និង​អ្នក​ក្រី​ក្រ។ ពួក​គេ​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​អនុវត្ត​តាម​ឱវាទ​របស់​សាវ័ក​យ៉ូហាន ដែល​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​នរណា​ម្នាក់​មាន​សម្បត្ដិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​អោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត! កូន​ចៅ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សំ​ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ​»។—យ៉ូហាន​ទី​១ ៣:១៧, ១៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ប៉ុន្តែ ចុះ​យ៉ាង​ណា​ពេល​មាន​សង្គ្រាម? តើ​យើង​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ដែល​ថា​ឲ្យ​យើង​«​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​»​ពេល​មាន​សន្ដិភាព តែ​មិន​ចាំ​បាច់​ធ្វើ​តាម​ទេ​ពេល​អ្នក​នយោបាយ​ឬ​ស្តេច​សម្រេច​ចិត្ត​ធ្វើសឹក​សង្គ្រាម​នឹង​ប្រទេស​ជិត​ខាង​នោះ?—ម៉ាថាយ ២២:៣៩, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន​»។ (​យ៉ូហាន ១៣:៣៥,ព្រះ​គម្ពីរ​ដ៏​វិសុទ្ធ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​) កាល​ដែល​លោក​អ្នក​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​សមាជិក​នៃ​សាសនា​នោះ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ពេល​វេលា មិន​គ្រាន់តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ តែ​ដោយ​ការ​ប្រព្រឹត្ត​ដែរ​ឬ​ទេ?›។

រឿង: សង្គ្រាម។

គម្ពីរ​បង្រៀន​ថា: លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​របស់​លោក​ថា​៖ ​«​ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ . . . ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា​»។—ម៉ាថាយ ៥:៤៤, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ

ពេល​ពួក​ទាហាន​មក​ចាប់​លោក​យេស៊ូ សាវ័ក​ពេត្រុស​បាន​ដក​ដាវ​ដើម្បី​ការពារ​លោក។ ប៉ុន្តែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន​»។—ម៉ាថាយ ២៦:៥២, ព្រះ​គម្ពីរ​ដ៏​វិសុទ្ធ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន

សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំ​គាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។ ដ្បិត​នេះ​ឯង​ជា​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេកំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ​»។—យ៉ូហានទី១ ៣:១០​-​១២, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ

សំណួរ: តើ​សាសនា​នោះ​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ចូល​ធ្វើសឹក​សង្គ្រាម​ទេ?

រឿង: នយោបាយ។

គម្ពីរ​បង្រៀន​ថា: ពេល​មនុស្ស​ខ្លះ​បាន​ឃើញ​ថា លោក​យេស៊ូ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ ពួក​គេ​ចង់​ឲ្យ​លោក​ចូល​រួម​ក្នុង​រឿង​នយោបាយ។ តែ​តើ​លោក​បាន​ធ្វើ​អ្វី? ​«​ព្រះ​យេស៊ូ​ជ្រាប​ថា​គេ​បំរុង​នឹង​ចាប់​ព្រះ​អង្គ​យក​ទៅ​តែង​តាំង​ជា​ស្តេច ដូច្នេះ​ព្រះ​អង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះ​អង្គ​ឯង​»។—យ៉ូហាន ៦:​១៥, ខ.ស.

ពេល​គេ​បាន​ចាប់​លោក​យេស៊ូ​ហើយ​ចោទ​ប្រកាន់​មិន​ពិត​ថា លោក​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រឆាំង​រដ្ឋាភិបាល នោះ​លោក​តប​ឆ្លើយ​ថា​៖ ​«​រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិនបើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បំរើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​អោយ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ​»។—យ៉ូហាន ១៨:៣៦, ព្រះ​គម្ពីរ​ដ៏​វិសុទ្ធ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន

ពេល​លោក​យេស៊ូ​អធិដ្ឋាន​ទៅ​ព្រះ​អំពី​អ្នក​កាន់​តាម​របស់​លោក នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឲ្យ​បណ្ដាំ​របស់​លោក​ដល់​ពួក​គាត់ ប៉ុន្តែ​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ​»។—យ៉ូហាន ១៧:១៤

សំណួរ: តើ​សាសនា​នោះ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​មិន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ ទោះ​ជា​នេះ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ស្អប់​ពួក​គេ​ទេ?

រឿង: រើសអើង។

គម្ពីរ​បង្រៀន​ថា: ពេល​មនុស្ស​ដំបូង​ជា​ជន​ជាតិ​ដទៃ​ដែល​មិន​ទាន់​កាត់​ចុង​ស្បែក​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក នោះ​សាវ័ក​ពេត្រុស​ចែង​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ។ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ​»។—កិច្ចការ[​សកម្មភាព​] ១០:​៣៤, ៣៥, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ

យ៉ាកុប​បាន​សរសេរ​ជូន​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ថា​៖ ​«​បង​ប្អូន​អើយ! បង​ប្អូន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ត​ជា​ព្រះ​អម្ចាស់​ប្រកប​ដោយ​សិរី​រុងរឿង​របស់​យើង​ហើយ ដូច្នេះ​សូម​កុំ​ប្រកាន់​វណ្ណៈ​អោយ​សោះ។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក​បំពាក់​ភ្លឺ​ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ីរយ៉ៃ​ចូល​មក​ដែរ។ ប្រសិនបើ​បង​ប្អូន រាក់​ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ​ផ្លេក​នោះ ទាំង​ពោល​ថា ‹សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្ដិយស​ឯ​ណេះ!› ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា ‹ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!› ឬ​ថា ‹មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ​ណេះ!›។ តើ​មិន​បាន​សេចក្ដី​ថា បង​ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង​ប្អូន​ដោយ​រើស​មុខ ហើយ​បង​ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?​»។—យ៉ាកុប ២:១​-​៤, ខ.ស.

សំណួរ: តើ​សាសនា​នោះ​បង្រៀន​ថា តាម​ទស្សនៈ​របស់​ព្រះ​មនុស្ស​ស្មើ​ភាព​គ្នា ហើយ​សមាជិក​មិន​គួរ​រើសអើង​ដោយ​សារ​ជន​ជាតិ​ឬ​ឋានៈ​ទេ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៧]

តើ​សាសនា​នោះ​បង្រៀន​សមាជិក​ឲ្យ​បំបាត់​ភាព​រើសអើង​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​បែកបាក់​គ្នា ដូច​ជា​ភាព​រើសអើង​ខាង​ជន​ជាតិ ឋានៈ និង​រឿង​នយោបាយ?