តើភាពក្រីក្របញ្ជាក់ថាព្រះមិនពេញចិត្ដយើងឬ?
តើភាពក្រីក្របញ្ជាក់ថាព្រះមិនពេញចិត្តយើងឬ?
ព្រះបានប្រាប់បណ្ដាជនអ៊ីស្រាអែលនៅសម័យបុរាណថា៖ «នឹងគ្មានអ្នកទាល់ក្រនៅជាមួយនឹងឯងឡើយ»។ នេះដោយសារច្បាប់ដែលព្រះឲ្យពួកគេ មានបញ្ញត្ដិស្តីអំពីការថែរក្សាមនុស្សក្រីក្រ ព្រមទាំងបញ្ញត្ដិដែលឲ្យមនុស្សរួចពីបំណុល។ (ចោទិយកថា ១៥:១-៤, ៧-១០) ដូច្នេះ មិនគួរមានមនុស្សក្រីក្រក្នុងចំណោមបណ្ដាជនអ៊ីស្រាអែលឡើយ ពីព្រោះព្រះយេហូវ៉ាសន្យាឲ្យពរដល់ពួកគេ។ ក៏ប៉ុន្តែដើម្បីទទួលពរនោះ បណ្ដាជនអ៊ីស្រាអែលត្រូវធ្វើតាមច្បាប់របស់ព្រះ តែពួកគេមិនបានធ្វើតាមទេ។
ក៏ប៉ុន្តែបើមនុស្សខ្សត់ទ្រព្យ នេះមិនមានន័យថាព្រះមិនពេញចិត្តនឹងពួកគេទេ ហើយបើមនុស្សមានទ្រព្យជាបរិបូរ នេះក៏មិនមានន័យថាបានទទួលពរពីព្រះដែរ។ អ្នកបម្រើស្មោះត្រង់ជាច្រើនរបស់ព្រះជាអ្នកក្រ។ អ្នកប្រកាសទំនាយឈ្មោះអេម៉ុសជាអ្នកក្រដែលឃ្វាលចៀម និងស៊ីឈ្នួលប្រមូលផល។ (អេម៉ុស ១:១; ៧:១៤) នៅសម័យអេលីយ៉ាដែលជាអ្នកប្រកាសទំនាយ មានការអត់ឃ្លាននៅស្រុកអ៊ីស្រាអែល។ ពេលនោះអេលីយ៉ាបានរស់ដោយសារចិត្តសប្បុរសរបស់ស្ត្រីមេម៉ាយក្រម្នាក់។ ស្ត្រីមេម៉ាយម្នាក់នោះមានតែប្រេងនិងម្សៅបន្ដិចបន្តួចប៉ុណ្ណោះ ហើយព្រះបានធ្វើអព្ភូតហេតុឲ្យប្រេងនិងម្សៅនោះមិនចេះអស់ក្នុងអំឡុងពេលមានការអត់ឃ្លាននោះ។ អេលីយ៉ា និងស្ត្រីមេម៉ាយនោះមិនបានក្លាយទៅជាអ្នកមានទេ។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគាត់តែអ្វីដែលពួកគាត់ត្រូវការប៉ុណ្ណោះ។—ពង្សាវតារក្សត្រទី១ ១៧:៨-១៦
ក្នុងមួយរំពេច មនុស្សអាចធ្លាក់ខ្លួនទៅជាក្រដោយសារមានព្រឹត្ដិការណ៍កើតឡើងដែលពួកគេមិនបានគិតទុកជាមុនទេ។ គ្រោះថ្នាក់និងជំងឺអាចធ្វើឲ្យយើងលែងមានសមត្ថភាពធ្វើការរកស៊ីជាបណ្ដោះអាសន្នឬរហូត។ ពេលសមាជិកគ្រួសារស្លាប់ នោះអាចធ្វើឲ្យកូនទៅជាកំព្រា ហើយប្រពន្ធទៅជាមេម៉ាយ។ សូម្បីតែស្ថានភាពពិបាកបែបនោះ ក៏មិនបញ្ជាក់ថាព្រះមិនពេញចិត្តពួកគេដែរ។ កំណត់ហេតុអំពីនាងន៉ាអូមីនិងនាងរូថជាគំរូដែលលើកទឹកចិត្ត ស្តីអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សក្រីក្រ។ ទោះជានាងន៉ាអូមីនិងនាងរូថបានធ្លាក់ខ្លួនទាល់ក្រដោយសារប្ដីរបស់ពួកគាត់បានស្លាប់ក៏ដោយ ព្រះយេហូវ៉ាបានឲ្យពរដល់ពួកគាត់ ហើយផ្គត់ផ្គង់អ្វីដែលពួកគាត់ត្រូវការ។—នាងរស់ ១:១-៦; ២:២-១២; ៤:១៣-១៧
នេះបង្ហាញច្បាស់ថា ភាពក្រីក្រមិនមែនមកពីព្រះមិនពេញចិត្តយើងទេ។ ពួកអ្នកដែលស្មោះត្រង់ចំពោះព្រះយេហូវ៉ាអាចមានទំនុកចិត្តទៅលើពាក្យរបស់ស្តេចដាវីឌដែលថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។—ទំនុកតម្កើង ៣៧:២៥
[រូបភាពនៅទំព័រ៨]
ទោះជានាងន៉ាអូមីនិងនាងរូថបានធ្លាក់ខ្លួនទាល់ក្រក៏ដោយ ព្រះបានឲ្យពរដល់ពួកគាត់ ហើយទំនុកបម្រុងពួកគាត់ដោយសេចក្ដីស្រឡាញ់