សកម្មពលបរិសុទ្ធ ជាថាមពលម្យ៉ាងដែលលោកអ្នកត្រូវការ
សកម្មពលបរិសុទ្ធ ជាថាមពលម្យ៉ាងដែលលោកអ្នកត្រូវការ
«សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណ[ឬ«សកម្មពល»]បរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ»។ (ទំនុកតម្កើង ៥១:១១; ព.ថ.) ស្តេចដាវីឌបានអធិដ្ឋានដូច្នេះដោយអស់ពីចិត្ត ក្រោយពីគាត់បានធ្វើខុសធ្ងន់។
ឫទ្ធានុភាពនៃសកម្មពលបរិសុទ្ធធ្លាប់ជួយដាវីឌច្រើនដងក្នុងជីវិតគាត់។ កាលគាត់ជាក្មេងជំទង់នៅឡើយ សកម្មពលបានជួយគាត់ឲ្យឈ្នះកូលីយ៉ាត ជាទាហានខ្លាំងពូកែគួរឲ្យខ្លាចម្នាក់។ (សាំយូអែលទី១ ១៧:៤៥-៥០) សកម្មពលក៏បានជួយគាត់តែងទំនុកច្រៀងខ្លះដ៏ពីរោះបំផុត។ ដាវីឌពន្យល់ថា៖ «ព្រះវិញ្ញាណ[ឬ«សកម្មពល»]នៃព្រះយេហូវ៉ាបានមានបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្ដាតខ្ញុំ»។—សាំយូអែលទី២ ២៣:២; ព.ថ.
លោកយេស៊ូគ្រិស្តបានបញ្ជាក់ថា សកម្មពលបរិសុទ្ធធ្លាប់ជួយដាវីឌ។ មានពេលមួយដែលលោកប្រាប់គេថា៖ «ដោយឥទ្ធិពលនៃសកម្មពលរបស់ព្រះ ដាវីឌបាននិយាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›»។ (ម៉ាកុស ១២:៣៦; ទំនុកតម្កើង ១១០:១) លោកយេស៊ូជ្រាបថា សកម្មពលបរិសុទ្ធបានដឹកនាំដាវីឌពេលដែលគាត់តែងទំនុកច្រៀងផ្សេងៗ។ តើយើងក៏អាចទទួលជំនួយពីសកម្មពលបរិសុទ្ធដែរឬទេ?
«ចូរសុំឥតឈប់ នោះអ្នកនឹងទទួល»
លោកអ្នកប្រហែលជានឹងមិនតែងទំនុកច្រៀងទេ។ ប៉ុន្តែលោកអ្នកប្រហែលប្រឈមមុខបញ្ហាធំៗខ្លះ។ ជាឧទាហរណ៍ សូមគិតអំពីអ៊ីសាបេល។ * ប្ដីរបស់អ៊ីសាបេលបោះបង់ចោលនាង ហើយយកស្រីក្មេងជាង។ គាត់បន្សល់ទុកបំណុលធំមួយឲ្យអ៊ីសាបេល ថែមទាំងមិនជួយឧបត្ថម្ភកូនស្រីតូចពីរនាក់របស់គាត់ទៀតផង។ អ៊ីសាបេលប្រាប់ថា៖ «ខ្ញុំខកចិត្តណាស់ ហើយមានអារម្មណ៍ថាគេចាត់ទុកខ្ញុំដូចជាសំរាម។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំឃើញថាសកម្មពលបរិសុទ្ធរបស់ព្រះបានជួយខ្ញុំតាំងពីពេលប្ដីខ្ញុំបានចុះចោលខ្ញុំ»។
តើអ៊ីសាបេលបានសង្ឃឹមទទួលសកម្មពលបរិសុទ្ធដោយមិនចាំបាច់ខំប្រឹងឬទេ? មិនមែនទេ គាត់បានអង្វរព្រះរាល់ថ្ងៃឲ្យផ្ដល់សកម្មពលរបស់លោក។ គាត់ដឹងថា គាត់ត្រូវការកម្លាំងពីព្រះដើម្បីជួយគាត់ប្រឈមមុខនឹងបញ្ហានៅអនាគតដោយមានចិត្តក្លាហាន ថែមទាំងថែរក្សាកូនយ៉ាងត្រឹមត្រូវ ហើយកម្ចាត់ចោលនូវអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ អ៊ីសាបេលបានធ្វើតាមពាក្យរបស់លោកយេស៊ូដែលថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ»។—ម៉ាថាយ ៧:៧
រ៉ូបេតូក៏ត្រូវការសកម្មពលរបស់ព្រះដែរ តែដោយមានមូលហេតុផ្សេង។ គាត់ញៀនបារីនិងកញ្ឆា។ អស់ពីរឆ្នាំគាត់ខំប្រឹងឈប់ជក់ តែច្រើនដងគាត់ទប់ចិត្តអត់ជក់មិនបាន។ រ៉ូបេតូពន្យល់ថា៖ «ឈប់ជក់គ្រឿងញៀននាំឲ្យអន្ទះសានៅឥតសុខ ព្រោះរូបកាយហាក់ស្រែកទាមទារឲ្យជក់ទៀត ក៏ធ្វើទុក្ខរាល់ថ្ងៃ»។
រ៉ូបេតូរៀបរាប់តទៅទៀតថា៖ «តែខ្ញុំបានតាំងចិត្តកែប្រែជីវិត ដើម្បីខ្ញុំអាចបម្រើព្រះតាមរបៀបដែលលោកពេញចិត្ត។ ខ្ញុំខំអាន ហើយរំពឹងគិតអំពីចំណុចល្អៗក្នុងគម្ពីរ។ រាល់ថ្ងៃ ខ្ញុំអធិដ្ឋានអស់ពីចិត្ត សុំព្រះផ្ដល់កម្លាំងឲ្យខ្ញុំអាចកែប្រែរបៀបរស់នៅរបស់ខ្ញុំឲ្យស្របតាមគម្ពីរ។ បើពឹងខ្លួនឯងប៉ុណ្ណោះ ខ្ញុំដឹងថាខ្ញុំមិនអាចកែប្រែបានឡើយ។ ខ្ញុំឃើញរបៀបព្រះយេហូវ៉ាធ្វើតាមអ្វីដែលខ្ញុំបានអធិដ្ឋានសុំនោះ ជាពិសេសពេលដែលខ្ញុំតូចចិត្តនឹងខ្លួនខ្ញុំក្រោយពីបានចាញ់ការញៀន ហើយជក់គ្រឿងញៀនម្ដងទៀត។ ខ្ញុំជឿថាសកម្មពលបរិសុទ្ធរបស់ព្រះបានធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ បើគ្មានជំនួយពីសកម្មពលរបស់លោក ខ្ញុំមិនអាចឈប់ជក់គ្រឿងញៀនឡើយ»។—ភីលីព ៤:៦-៨
ហើរឡើងទៅលើ«ដោយស្លាប ដូចជាឥន្ទ្រី»
សាក្សីព្រះយេហូវ៉ារាប់លាននាក់ធ្លាប់ទទួលជំនួយពីឫទ្ធានុភាពនៃសកម្មពលបរិសុទ្ធ ដូចអ៊ីសាបេលនិងរ៉ូបេតូ។ បើលោកអ្នកចង់បាន នោះលោកអ្នកក៏អាចទទួលសកម្មពលរបស់ព្រះយេហូវ៉ាដែរ ជាថាមពលដែលព្រះយេហូវ៉ាបានប្រើដើម្បីបង្កើតសកលលោក។ បើលោកអ្នកសុំព្រះដោយស្មោះអស់ពីចិត្ត នោះព្រះពេញចិត្តឲ្យសកម្មពលដល់លោកអ្នក។ ក៏ប៉ុន្តែ លោកអ្នកត្រូវរៀនសេចក្ដីពិតអំពីព្រះ ហើយព្យាយាមធ្វើតាមបំណងប្រាថ្នារបស់លោកដោយស្មោះ ទើបលោកឲ្យសកម្មពលដល់លោកអ្នក។—អេសាយ ៥៥:៦; ហេប្រឺ ១១:៦
ដោយមានជំនួយពីឫទ្ធានុភាពនៃសកម្មពលបរិសុទ្ធ លោកអ្នកនឹងមានកម្លាំងដើម្បីបម្រើព្រះតាមរបៀបដែលលោកពេញចិត្ត និងដើម្បីឈ្នះគ្រប់ឧបសគ្គក្នុងជីវិត។ ក្នុងគម្ពីរមានក្ដីសន្យាថា៖ «[ព្រះយេហូវ៉ា]រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ . . . អស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។—អេសាយ ៤០:២៨-៣១
[កំណត់សម្គាល់]
^ វគ្គ 6 ឈ្មោះខ្លះបានត្រូវប្ដូរ។
[ឃ្លាអក្សរធំនៅទំព័រ៦]
‹ខ្ញុំបានអធិដ្ឋានរាល់ថ្ងៃ សុំព្រះផ្ដល់កម្លាំង ឲ្យខ្ញុំ។ បើពឹងខ្លួនឯងប៉ុណ្ណោះ ខ្ញុំដឹងថា ខ្ញុំមិនអាចកែប្រែបានឡើយ។ ខ្ញុំឃើញរបៀបដែលព្រះធ្វើតាមអ្វី ដែលខ្ញុំបានអធិដ្ឋានសុំនោះ›
[ប្រអប់/រូបភាពនៅទំព័រ៧]
អ្វីដែលសកម្មពលបរិសុទ្ធបានសម្រេច
ព្រះបានប្រើសកម្មពលបរិសុទ្ធដើម្បីបង្កើតផែនដីនិងសកលលោកទាំងមូល។ អ្នកតែងទំនុកច្រៀងបានពោលថា៖ «ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត ទ្រង់ចាត់ព្រះវិញ្ញាណ[ឬ«សកម្មពល»]របស់ទ្រង់ទៅ នោះវាកើតឡើង»។—ទំនុកតម្កើង ១០៤:២៤, ៣០; ព.ថ.; លោកុប្បត្តិ ១:២; យ៉ូប ៣៣:៤
សកម្មពលបរិសុទ្ធបានដឹកនាំបុរសដែលកោតខ្លាចព្រះឲ្យសរសេរគម្ពីរ។ សាវ័កប៉ូលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍»។ (ធីម៉ូថេទី២ ៣:១៦) ពាក្យភាសាក្រិចដែលបកប្រែថា «ក្រោមការដឹកនាំរបស់ព្រះ»មានន័យត្រង់ថា «ព្រះបានផ្លុំដង្ហើមចូល»។ ដង្ហើមឬសកម្មពលរបស់ព្រះយេហូវ៉ាបានដឹកនាំគំនិតរបស់អ្នកសរសេរគម្ពីរឲ្យពួកគេសរសេរ«បណ្ដាំរបស់ព្រះ»។—ថែស្សាឡូនិចទី១ ២:១៣
សកម្មពលបរិសុទ្ធបានផ្ដល់សមត្ថភាពឲ្យពួកអ្នកបម្រើរបស់ព្រះទាយត្រឹមត្រូវអំពីអនាគត។ សាវ័កពេត្រុសបានពន្យល់ថា៖ «គ្មានទំនាយណាមួយក្នុងបទគម្ពីរដែលផ្ដើមចេញពីការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ទេ។ ព្រោះទំនាយមិនដែលកើតចេញពីបំណងប្រាថ្នារបស់មនុស្សទេ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ»។—ពេត្រុសទី២ ១:២០, ២១; យ៉ូអែល ២:២៨
សកម្មពលបរិសុទ្ធបានជួយលោកយេស៊ូនិងបុរសឯទៀតដែលមានជំនឿឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ និងឲ្យធ្វើអព្ភូតហេតុ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ពីព្រោះលោកបានរើសតាំងខ្ញុំដើម្បីប្រកាសដំណឹងល្អដល់អ្នកក្រីក្រ ក៏បានចាត់ខ្ញុំឲ្យផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង ប្រាប់អ្នកដែលងងឹតភ្នែកអំពីការមើលឃើញឡើងវិញ»។—លូកា ៤:១៨; ម៉ាថាយ ១២:២៨
[ប្រអប់/រូបភាពនៅទំព័រ៨]
របៀបដែលសកម្មពលបរិសុទ្ធអាចជួយយើង
សកម្មពលបរិសុទ្ធអាចជួយលោកអ្នកឲ្យទប់ចិត្តមិនចាញ់សេចក្ដីល្បួង ព្រមទាំងផ្ដល់កម្លាំងឲ្យលោកអ្នកកម្ចាត់ចោលទម្លាប់អាក្រក់។ សាវ័កប៉ូលបាននិយាយថា៖ «ព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ តែលោកក៏នឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបប្រទះសេចក្ដីល្បួងនោះ»។—កូរិនថូសទី១ ១០:១៣
សកម្មពលបរិសុទ្ធអាចជួយលោកអ្នកមានគុណសម្បត្ដិដែលព្រះពេញចិត្ត។ «ផលដែលបង្កើតដោយសកម្មពលរបស់ព្រះគឺ សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត ការចេះទប់ចិត្ត»។—កាឡាទី ៥:២២, ២៣
សកម្មពលបរិសុទ្ធអាចជួយលោកអ្នកស៊ូទ្រាំនឹងទុក្ខលំបាក។ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភីលីព ៤:១៣