លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន»

«ប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន»

«ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន»

«ពួក​គាត់ . . . បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ក៏​បាន​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន»។—សកម្ម. ៤:៣១

១, ២. ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

បី​ថ្ងៃ​មុន​លោក​យេស៊ូ​ទទួល​មរណភាព លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់»។ មុន​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ‹ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​បង្រៀន​ពួក​គាត់​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្គាប់​ពួក​គាត់›។ លោក​ក៏​បាន​សន្យា​ថា លោក​នឹង​នៅ​ជា​មួយ​ពួក​គាត់«រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។—ម៉ាថ. ២៤:១៤; ២៦:១, ២; ២៨:១៩, ២០

ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ដែល​បាន​ចាប់​ផ្ដើម​នៅ​សតវត្សរ៍​ទី​១។ គ្មាន​កិច្ច​ការ​ណា​ដែល​មាន​សារៈ​សំខាន់​ស្មើ​នឹង​កិច្ចការ​ដែល​សង្គ្រោះ​ជីវិត​ទេ ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ដូច្នេះ គប្បី​ឲ្យ​យើង​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង! ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ថា​ការ​ដែល​យើង​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ណា​ពេល​យើង​ផ្សព្វ​ផ្សាយ។ អត្ថបទ​ទាំង​ពីរ​ជា​បន្ត​បន្ទាប់​នឹង​បង្ហាញ​ថា​សកម្មពល​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​បង្រៀន​ដោយ​ប៉ិន​ប្រសប់​និង​ផ្សព្វ​ផ្សាយ​ដោយ​ឥត​ឈប់​ឈរ។

យើង​ត្រូវ​មាន​សេចក្ដី​ក្លាហាន

៣. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ?

ព្រះ​បាន​ប្រគល់​ឲ្យ​យើង​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​លោក ហើយ​នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ។ ក៏​ប៉ុន្តែ ជួន​កាល​ក៏​មាន​ការ​ពិបាក​ដែរ។ ទោះ​បី​មនុស្ស​ខ្លះ​ព្រម​ស្ដាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​បង្ហាញ​ថា​ពួក​គេ​មាន​លក្ខណៈ​ដូច​មនុស្ស​នៅ​សម័យ​ណូអេ។ ស្តី​អំពី​មនុស្ស​នៅ​សម័យ​ណូអេ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ»។ (ម៉ាថ. ២៤:៣៨, ៣៩) រីឯ​មនុស្ស​ឯ​ទៀត ពួក​គេ​ចំអក​ឲ្យ​យើង​ឬ​ប្រឆាំង​យើង។ (២ពេ. ៣:៣) យើង​អាច​ទទួល​ការ​ប្រឆាំង​ពី​ពួក​អ្នក​ដែល​មាន​អំណាច មិត្ត​រួម​ថ្នាក់ អ្នក​រួម​ការងារ ឬ​ញាតិ​សន្ដាន។ បន្ថែម​ពី​នេះ យើង​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ ដូច​ជា​មាន​ការ​អៀន​ខ្មាស​និង​មាន​ការ​ភ័យ​ខ្លាច​ថា​អ្នក​ឯ​ទៀត​មិន​ស្ដាប់​យើង។ មាន​អ្វី​ៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ប្រកាស​បណ្ដាំ​របស់​ព្រះ«ដោយ​ក្លាហាន»។ (អេភ. ៦:១៩, ២០) យើង​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ត​ស៊ូ​ប្រកាស​បណ្ដាំ​របស់​ព្រះ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ក្លាហាន?

៤. (ក) តើ​សេចក្ដី​ក្លាហាន​ជា​អ្វី? (ខ) តើ​សាវ័ក​ប៉ូល​បាន​តាំង​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ក្រុង​ថែស្សាឡូនិច?

ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«សេចក្ដី​ក្លាហាន»មាន​ន័យ​ថា«និយាយ​ដោយ​ចំហ ត្រង់ ឥត​លាក់​លៀម»។ ពាក្យ​នេះ​បង្កប់​អត្ថន័យ​ថា«សេចក្ដី​អង់អាច ទំនុក​ចិត្ត . . . ភាព​ឥត​ភ័យ​ខ្លាច»។ សេចក្ដី​ក្លាហាន​មិន​មាន​ន័យ​ថា​ការ​និយាយ​ខ្វះ​ការ​គួរ​សម​ឬ​គំរោះ​គំរើយ​ឡើយ។ (កូឡ. ៤:៦) កាល​ដែល​យើង​មាន​សេចក្ដី​ក្លាហាន យើង​ក៏​ចង់​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​ដែរ។ (រ៉ូម ១២:១៨) ម្យ៉ាង​ទៀត យើង​ត្រូវ​និយាយ​ដោយ​ក្លាហាន ហើយ​ដំណាល​គ្នា​ដែរ​យើង​ត្រូវ​និយាយ​ដោយ​ប៉ិន​ប្រសប់ ដើម្បី​យើង​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទើស​ចិត្ត​ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ប្រាកដ​ហើយ យើង​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ណាស់​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន​ត្រឹម​ត្រូវ។ ក៏​ប៉ុន្តែ ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន​បែប​នេះ យើង​មិន​អាច​ពឹង​ទៅ​លើ​តែ​សមត្ថភាព​ឬ​កម្លាំង​របស់​យើង​ប៉ុណ្ណោះ​ឡើយ។ ក្រោយ​ពី​សាវ័ក​ប៉ូលនិង​គូកន​របស់​គាត់​បាន​ត្រូវ​គេ‹ប្រព្រឹត្ត​ដោយ​ព្រហើន​នៅ​ក្រុង​ភីលីព› តើ​ពួក​គាត់​បាន‹តាំង​ចិត្ត​ក្លាហាន›យ៉ាង​ដូច​ម្ដេច​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ក្រុង​ថែស្សាឡូនិច? សាវ័ក​ប៉ូល​បាន​សរសេរ​ថា គឺ«ដោយ​សារ​ព្រះ​របស់​យើង»។ (សូម​អាន ថែស្សាឡូនិច​ទី​១ ២:២) ព្រះ​យេហូវ៉ា​អាច​កម្ចាត់​ការ​ភ័យ​ខ្លាច​របស់​យើង ហើយ​អាច​ជួយ​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ស្រដៀង​គ្នា​ដែរ។

៥. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​ក្លាហាន​ឲ្យ​ពេត្រុស យ៉ូហាន និង​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

ពេល«ពួក​អ្នក​គ្រប់​គ្រង[បណ្ដា​ជន] ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់»រក​រឿង​សាវ័ក​ពេត្រុស​និង​យ៉ូហាន នោះ​ពួក​គាត់​បាន​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​គិត​ថា​ការ​ស្ដាប់​តាម​អ្នក​រាល់​គ្នា​ជា​ជាង​ស្ដាប់​តាម​ព្រះ ជា​អ្វី​ដែល​ព្រះ​ចាត់​ទុក​ជា​អំពើ​សុចរិត នោះ​ស្រេច​លើ​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ​ចំណែក​យើង​វិញ យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​ឮ​បាន​ទេ»។ ជា​ជាង​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​បញ្ឈប់​ការ​បៀត​បៀន ពួក​គាត់​និង​បង​ប្អូន​រួម​ជំនឿ​បាន​អង្វរ​សុំ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ស្ដាប់​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​អនុគ្រោះ​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​សេចក្ដី​ក្លាហាន»។ (សកម្ម. ៤:៥, ១៩, ២០, ២៩) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? (សូម​អាន សកម្មភាព ៤:៣១) ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់​ឲ្យ​តាំង​ចិត្ត​ក្លាហាន​តាម​រយៈ​សកម្មពល​របស់​លោក។ សកម្មពល​របស់​លោក​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ បើ​ដូច្នេះ តើ​យើង​អាច​ទទួល​សកម្មពល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

របៀប​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន

៦, ៧. ដើម្បី​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ តើ​វិធី​ស្រួល​បំផុត​គឺ​ជា​អ្វី? សូម​លើក​ឧទាហរណ៍។

វិធី​ស្រួល​បំផុត​ដើម្បី​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​គឺ​យើង​ត្រូវ​សុំ​សកម្មពល​នោះ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​ស្ដាប់​លោក​ថា៖ «សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​យ៉ាង​ណា​ទៅ!»។ (លូក. ១១:១៣) ត្រូវ​មែន យើង​គួរ​អធិដ្ឋាន​ជា​ទៀង​ទាត់​សុំ​សកម្មពល​បរិសុទ្ធ។ បើ​ផ្នែក​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ឬ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ខាង​ជំនួញ នោះ​យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​សកម្មពល​របស់​លោក ហើយ​សុំ​ឲ្យ​លោក​ជួយ​យើង​តាំង​ចិត្ត​ឲ្យ​មាន​សេចក្ដី​ក្លាហាន​ដែល​យើង​ត្រូវ​ការ។—១ថែ. ៥:១៧

បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​រ៉ូសា​បាន​ធ្វើ​ដូច្នោះ។ * ថ្ងៃ​មួយ នៅ​កន្លែង​ធ្វើ​ការ​របស់​រ៉ូសា អ្នក​គ្រូ​ម្នាក់​ដែល​ធ្វើ​ការ​ជា​មួយ​គាត់​កំពុង​អាន​របាយការណ៍​មួយ​ពី​សាលា​ផ្សេង​ស្តី​អំពី​ការ​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​កូន​ក្មេង។ អ្វី​ដែល​អ្នក​គ្រូ​នោះ​បាន​អាន​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត​រហូត​ដល់​គាត់​លាន់​មាត់​ថា៖ «ម៉េច​ក៏​ពិភព​លោក​នេះ​អាក្រក់​ម្ល៉េះ?»។ បង​ស្រី​រ៉ូសា​មិន​អាច​ឲ្យ​ឱកាស​ផ្សព្វ​ផ្សាយ​នេះ​កន្លង​បាត់​ទៅ​ទេ។ តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​មាន​សេចក្ដី​ក្លាហាន​ផ្សព្វ​ផ្សាយ? បង​ស្រី​រ៉ូសា​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​សកម្មពល​របស់​លោក​ជួយ​ខ្ញុំ»។ គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​គ្រូ​នោះ ហើយ​បាន​រៀបចំ​បន្ត​ការ​សន្ទនា​នៅ​ពេល​ក្រោយ។ សូម​ពិចារណា​អំពី​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រាំ​ឆ្នាំ​ឈ្មោះ​ម៉េឡាណេ ដែល​រស់​នៅ​ទី​ក្រុង​ញូវយ៉ក។ ប្អូន​ម៉េឡាណេ​បាន​និយាយ​ថា៖ «ម៉ាក់​និង​ខ្ញុំ​តែង​តែ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​មុន​ខ្ញុំ​ទៅ​សាលា​រៀន»។ តើ​ពួក​គាត់​អធិដ្ឋាន​សុំ​អ្វី? ពួក​គាត់​អធិដ្ឋាន​សុំ​ឲ្យ​ម៉េឡាណេ​មាន​សេចក្ដី​ក្លាហាន​ដើម្បី​កាន់​ជំហរ​និង​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​របស់​គាត់! ម្ដាយ​របស់​ម៉េឡាណេ​បាន​ពោល​ថា៖«នេះ​បាន​ជួយ​ម៉េឡាណេ​ឲ្យ​ពន្យល់​ជំនឿ​របស់​ខ្លួន​អំពី​បុណ្យ​ខួប​កំណើត​និង​បុណ្យ​ផ្សេង​ៗ ហើយ​មិន​ចូល​រួម​ពេល​គេ​ធ្វើ​បុណ្យ​ទាំង​នោះ»។ គំរូ​ទាំង​នេះ​បង្ហាញ​ថា​ការ​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​ក្លាហាន មែន​ទេ?

៨. ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​អ្នក​ប្រកាស​ទំនាយ​យេរេមា?

សូម​នឹក​គិត​អំពី​អ្វី​ដែល​បាន​ជួយ​អ្នក​ប្រកាស​ទំនាយ​យេរេមា​ឲ្យ​មាន​សេចក្ដី​ក្លាហាន។ ពេល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដល់​អស់​ទាំង​សាសន៍ យេរេមា​បាន​តប​ឆ្លើយ​ថា៖ «ទូល​បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។ (យេ. ១:៤​-​៦) ប៉ុន្តែ យូរ​ៗ​ទៅ យេរេមា​មាន​ទំនុកចិត្ត ហើយ​ស៊ូ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដល់​ម្ល៉េះ​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា​គាត់​ជា​អ្នក​ប្រកាស​អំពី​អន្តរាយ។ (យេ. ៣៨:៤) គាត់​បាន​ប្រកាស​យ៉ាង​ក្លាហាន​អំពី​សេចក្ដី​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​ជាង​៦៥​ឆ្នាំ។ មនុស្ស​ជា​ទូទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​ស្គាល់​គាត់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ភ័យ​ខ្លាច ហើយ​ដែល​មាន​សេចក្ដី​ក្លាហាន។ ហេតុ​នេះ ៦០០​ឆ្នាំ​ក្រោយ​មក ពេល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន នោះ​មនុស្ស​ខ្លះ​ជឿ​ថា​លោក​ជា​យេរេមា​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (ម៉ាថ. ១៦:១៣, ១៤) តើ​អ្នក​ប្រកាស​ទំនាយ​យេរេមា​ដែល​ស្ទាក់​ស្ទើរ​នៅ​ដើម​ដំបូង បាន​យក​ឈ្នះ​ភាព​អៀន​ខ្មាស​របស់​គាត់​យ៉ាង​ដូច​ម្ដេច? គាត់​បាន​ពោល​ថា៖ «នៅ​ក្នុង​ចិត្ត​ទូល​បង្គំ [បណ្ដាំ​របស់​ព្រះ]កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល​បង្គំ ហើយ​ទូល​បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់»។ (យេ. ២០:៩) ត្រូវ​ហើយ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​មាន​ឫទ្ធានុភាព​ទៅ​លើ​យេរេមា ហើយ​ជំរុញ​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ។

៩. ហេតុ​អ្វី​បាន​ជា​បណ្ដាំ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​ដូច​យេរេមា?

សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​ជន​ជាតិ​ហេប្រឺ​ថា៖ «បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព ក៏​មុត​ជាង​ដាវ​ដែល​មាន​មុខ​ពីរ ហើយ​ទម្លុះ​រហូត​ដល់​ញែក​លក្ខណៈ​ខាង​ក្រៅ​ចេញ​ពី​ធាតុ​ពិត និង​សន្លាក់​ឆ្អឹង​ចេញ​ពី​ខួរ​ឆ្អឹង ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​គំនិត​និង​បំណង​ចិត្ត»។ (ហេ. ៤:១២) ដូច​យេរេមា សារ​ឬ​បណ្ដាំ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​តាម​របៀប​ដូច​គ្នា​ដែរ។ សូម​ចាំ​ថា ទោះ​ជា​មនុស្ស​បាន​ត្រូវ​ប្រើ​ឲ្យ​សរសេរ​គម្ពីរ​ក៏​ដោយ តែ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​មួយ​ដែល​គេ​យក​ប្រាជ្ញា​របស់​មនុស្ស​មក​ចង​ក្រង​ទេ ព្រោះ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ពេត្រុស​ទី​២ ១:២១ ចែង​ថា៖ «ទំនាយ​មិន​ដែល​កើត​ចេញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ទេ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ»។ កាល​ណា​យើង​ចំណាយ​ពេល​សិក្សា​គម្ពីរ​រៀង​ៗ​ខ្លួន​យ៉ាង​ស៊ី​ជម្រៅ នោះ​យើង​នឹង​បញ្ចូល​ក្នុង​គំនិត​យើង​នូវ​បណ្ដាំ​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (សូម​អាន កូរិនថូស​ទី​១ ២:១០) បណ្ដាំ​នោះ​អាច​ទៅ«ដូច​ជា​ភ្លើង​ឆេះ»នៅ​ក្នុង​យើង ដែល​យើង​មិន​អាច​ទុក​សម្រាប់​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ។

១០, ១១. (ក) តើ​យើង​គួរ​មាន​ទម្លាប់​សិក្សា​គម្ពីរ​យ៉ាង​ណា​បើ​យើង​ចង់​មាន​សេចក្ដី​ក្លាហាន​ផ្សព្វ​ផ្សាយ? (ខ) សូម​រៀប​រាប់​យ៉ាង​ហោច​ណាស់​នូវ​អ្វី​មួយ​ដែល​អ្នក​មាន​គម្រោង​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​អ្នក​ប្រសើរ​ឡើង។

១០ ដើម្បី​ឲ្យ​ការ​សិក្សា​របស់​យើង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង នោះ​យើង​គួរ​សិក្សា​យ៉ាង​ណា​ដើម្បី​ឲ្យ​សារ​ក្នុង​គម្ពីរ​ជ្រួត​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង។ ជា​ឧទាហរណ៍ អ្នក​ប្រកាស​ទំនាយ​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ថា គាត់​ត្រូវ​បរិភោគ​រមូរ​សៀវភៅ​ដែល​មាន​សារ​មួយ​ដែល​មនុស្ស​មិន​ចូល​ចិត្ត​ស្ដាប់។ អេសេគាល​ត្រូវ​យល់​សារ​នោះ​យ៉ាង​ពេញ​លេញ ហាក់​ដូច​ជា​សារ​នោះ​ជ្រាប​ចូល​ក្នុង​ខ្លួន​គាត់។ ពេល​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​គាត់​សប្បាយ​ប្រកាស​សារ​នោះ ដូច​ជា​បាន​ភ្លក់​ទឹក​ឃ្មុំ។—សូម​អាន អេសេគាល ២:៨–៣:៤, ៧​-​៩

១១ យើង​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​អេសេគាល​ដែរ។ សព្វ​ថ្ងៃ មនុស្ស​ជា​ច្រើន​មិន​ចង់​ស្ដាប់​សារ​គម្ពីរ​ឡើយ។ ដើម្បី​ត​ស៊ូ​ក្នុង​ការ​ប្រកាស​ផ្សាយ​បណ្ដាំ​របស់​ព្រះ នោះ​គឺ​សំខាន់​ឲ្យ​យើង​សិក្សាបទ​គម្ពីរ​តាម​របៀប​ដែល​ជួយ​ឲ្យ​យើង​យល់​បទ​គម្ពីរ​នោះ​យ៉ាង​ពេញ​លេញ។ យើង​គួរ​មាន​ទម្លាប់​ធ្វើ​ការ​សិក្សា​យ៉ាង​ទៀង​ទាត់ មិន​មែន​ជួន​ធ្វើ​ជួន​មិន​ធ្វើ​ទេ។ គប្បី​ឲ្យ​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដូច​អ្នក​តែង​បទ​ទំនុក​តម្កើង​ដែល​បាន​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា ជា​ថ្ម​ដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃ​ទូល​បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូល​បង្គំ នឹង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល​បង្គំ បាន​គួរ​គាប់​នៅ​ព្រះ​នេត្រ​ទ្រង់»។ (ទំនុក. ១៩:១៤) ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​យើង​លៃ​យក​ពេល​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន ដើម្បី​ឲ្យ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ជ្រួត​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង! ប្រាកដ​ហើយ យើង​គួរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។ *

១២. ហេតុ​អ្វី​បាន​ជា​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជួយ​យើង​ឲ្យ​ទទួល​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​ព្រះ?

១២ វិធី​មួយ​ទៀត​ដើម្បី​ទទួល​ប្រយោជន៍​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​គឺ​ដោយ«គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា​ទេ»។ (ហេ. ១០:២៤, ២៥) សកម្មពល​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​ក្រុម​ជំនុំ ដូច្នេះ​ការ​ព្យាយាម​ទៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់ ការ​ស្ដាប់​យ៉ាង​ដិត​ដល់ និង​ការ​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន​នៅ​ទី​នោះ គឺ​ជា​វិធី​ល្អ​ប្រសើរ​ដើម្បី​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង។—សូម​អាន ការ​បើក​បង្ហាញ ៣:៦

ប្រយោជន៍​ដែល​មក​ពី ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន

១៣. ស្តី​អំពី​អ្វី​ដែល​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បំពេញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ?

១៣ សកម្មពល​បរិសុទ្ធ​ជា​ថាមពល​ដ៏​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក ហើយ​អាច​ផ្ដល់​កម្លាំង​ដល់​មនុស្ស​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ ដោយ​ទទួល​ឥទ្ធិពល​ពី​សកម្មពល​បរិសុទ្ធ ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​ដ៏​ធំ​សម្បើម។ ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ«ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ»។ (កូឡ. ១:២៣) ពេល​យើង​ពិចារណា​ថា ពួក​គ្រិស្ត​សាសនិក​ភាគ​ច្រើន«មិន​បាន​រៀន​សូត្រ» នោះ​យើង​ឃើញ​ច្បាស់​ថា​មាន​ថាមពល​ខ្លាំង​ជាង​កម្លាំង​របស់​ពួក​គាត់​ដែល​ជំរុញ​ឲ្យ​ពួក​គាត់​ផ្សព្វ​ផ្សាយ។—សកម្ម. ៤:១៣

១៤. តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​មាន«ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»?

១៤ ការ​រស់​នៅ​តាម​របៀប​ដែល​អនុញ្ញាត​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ជីវិត​យើង ក៏​អាច​ជួយ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​ដែរ។ ពេល​យើង​អធិដ្ឋាន​យ៉ាង​ទៀង​ទាត់​សុំ​សកម្មពល សិក្សា​ដោយ​ខ្លួន​ឯង​ដោយ​ស៊ី​ជម្រៅ រំពឹង​គិត​និង​អធិដ្ឋាន​ពី​អ្វី​ដែល​យើង​បាន​អាន និង​ចូល​រួម​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់ នោះ​ប្រយោជន៍​ទាំង​អស់​ដែល​យើង​បាន​ទទួល​ពី​អ្វី​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​មាន«ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»។ (រ៉ូម ១២:១១) គម្ពីរ​ចែង​អំពី«អ្នក​ក្រុង​អាឡិចសង់ទ្រា​ម្នាក់ ជា​ជនជាតិ​យូដា ឈ្មោះ​អាប៉ូឡុស ដែល​ជា​អ្នក​មាន​វោហារកោសល្យ [ដែល]បាន​មក​ដល់​ក្រុង​អេភេសូរ»ថា៖ «ដោយ​សារ​សកម្មពល​របស់​ព្រះ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ដោយ​ក្ដី​រំភើប ក៏​បាន​និយាយ​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ»។ (សកម្ម. ១៨:២៤, ២៥) ដោយ​មាន​ចិត្ត«ឧស្សាហ៍​ខ្នះ​ខ្នែង» នោះ​យើង​អាច​មាន​ចិត្ត​ក្លាហាន​ច្រើន​ជាង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ពេល​យើង​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។—រ៉ូម ១២:១១, ខ.ស.

១៥. តើ​ការ​ផ្សព្វ​ផ្សាយ​ដោយ​មាន​សេចក្ដី​ក្លាហាន​ច្រើន​ជាង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា?

១៥ ការ​មាន​សេចក្ដី​ក្លាហាន​ច្រើន​ជាង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​មាន​ឥទ្ធិពល​ល្អ​មក​លើ​យើង។ យើង​មាន​ចិត្ត​គំនិត​ល្អ​ជាង​ដោយ​សារ​យើង​យល់​ច្បាស់​អំពី​សារៈ​សំខាន់​និង​ប្រយោជន៍​ដែល​មក​ពី​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ យើង​មាន​ចិត្ត​រំភើប​កាន់​តែ​ខ្លាំង​ឡើង​ពី​ព្រោះ​យើង​មាន​អំណរ​ច្រើន​ជាង​ពេល​យើង​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ មួយ​វិញ​ទៀត ដោយ​សារ​យើង​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​ភាព​បន្ទាន់​នៃ​កិច្ច​ផ្សព្វ​ផ្សាយ នេះ​ពង្រឹង​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង។

១៦. បើ​យើង​មិន​សូវ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដូច​យើង​ធ្លាប់​មាន​ពី​មុន តើ​យើង​គួរ​ធ្វើ​អ្វី?

១៦ តើ​យើង​ត្រូវ​ធ្វើ​អ្វី បើ​យើង​មិន​សូវ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដូច​យើង​ធ្លាប់​មាន​ពី​មុន? យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​លក្ខណៈ​ពិត​ក្នុង​ចិត្ត​យើង។ ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា»។ (២កូ. ១៣:៥) សូម​សួរ​ខ្លួន​អ្នក​ថា‹តើ​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ​ឬ​ទេ? តើ​ខ្ញុំ​អធិដ្ឋាន​សុំ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពឹង​ផ្អែក​ទៅ​លើ​លោក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ? តើ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​មាន​ពាក្យ​ដឹង​គុណ​ព្រះ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​យើង​ឬ​ទេ? តើ​ទម្លាប់​សិក្សា​របស់​ខ្ញុំ​យ៉ាង​ណា​ដែរ? តើ​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាន​និង​ឮ? តើ​ខ្ញុំ​រួម​ចំណែក​ច្រើន​ប៉ុណ្ណា​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ?›។ ការ​សញ្ជឹង​គិត​អំពី​សំណួរ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ចំណុច​ខ្សោយ​របស់​អ្នក ហើយ​ចាត់​វិធានការ​កែ​ប្រែ។

ចូរ​ឲ្យ​សកម្មពល​ព្រះ​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្ដី​ក្លាហាន

១៧, ១៨. (ក) តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​កំពុង​ត្រូវ​ធ្វើ​ឡើង​ដល់​ទំហំ​ប៉ុណ្ណា​នៅ​សព្វ​ថ្ងៃ​នេះ? (ខ) ពេល​យើង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ តើ​យើង​អាច​មាន​សេចក្ដី«ក្លាហាន​បំផុត»យ៉ាង​ដូច​ម្ដេច?

១៧ លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​របស់​លោក​ថា៖ «អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី»។ (សកម្ម. ១:៨) សព្វ​ថ្ងៃ​នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​បាន​ចាប់​ផ្ដើម​នៅ​សម័យ​នោះ កំពុង​ត្រូវ​ធ្វើ​ឡើង​ដល់​ទំហំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ សាក្សី​ព្រះ​យេហូវ៉ា​ជាង​៧​លាន​នាក់​កំពុង​ប្រកាស​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​នៅ​ជាង​២៣០​ប្រទេស ហើយ​ក្នុង​មួយ​ឆ្នាំ ពួក​គេ​បាន​ចំណាយ​ពេល​ជិត​១.៥០០​លាន​ម៉ោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​មែន​ដែល​យើង​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​នេះ ជា​កិច្ចការ​ដែល​មិន​មាន​ទៀត​ទេ!

១៨ សព្វ​ថ្ងៃ សកម្មពល​របស់​ព្រះ​កំពុង​ដឹក​នាំ​ការ​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក ដូច​នៅ​សតវត្សរ៍​ទី​១​ដែរ។ បើ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​សកម្មពល​ព្រះ យើង​នឹង​ផ្សព្វ​ផ្សាយ​ដោយ​មាន​សេចក្ដី«ក្លាហាន​បំផុត»។ (សកម្ម. ២៨:៣១) ដូច្នេះ សូម​ឲ្យ​យើង​ទទួល​ការ​ណែនាំ​ពី​សកម្មពល​របស់​ព្រះ​កាល​ដែល​យើង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក!

[កំណត់​សម្គាល់]

^ វគ្គ 7 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 11 ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ​និង​ការ​សិក្សា​របស់​អ្នក សូម​មើល​សៀវភៅ ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ ទំព័រ​២៦ វគ្គ​៧ ដល់​ទំព័រ​៣១ វគ្គ​១៣ ហើយ​សូម​មើល ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ​៣១ វគ្គ​១៤ ដល់​ទំព័រ​៣២ វគ្គ​១៨

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ?

• តើ​អ្វី​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​ឲ្យ​ផ្សាយ​យ៉ាង​ក្លាហាន?

• តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

• តើ​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៥]

តើ​មាតា​បិតា​អាច​ជួយ​កូន ឲ្យ​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

[រូប​ភាព​នៅ​ទំព័រ​១៧]

ការ​អធិដ្ឋាន​យ៉ាង​ខ្លី​អាច​ជួយ​អ្នក ឲ្យ​តាំង​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ