ចូរឲ្យសកម្មពលព្រះដឹកនាំអ្នក ហើយរស់នៅស្របតាមការប្រគល់ខ្លួនរបស់អ្នក
ចូរឲ្យសកម្មពលព្រះដឹកនាំអ្នក ហើយរស់នៅស្របតាមការប្រគល់ខ្លួនរបស់អ្នក
«ចូរឲ្យសកម្មពលរបស់ព្រះបន្តដឹកនាំអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងមិនបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់រូបកាយឡើយ»។—កាឡ. ៥:១៦
១. នៅបុណ្យថ្ងៃទី៥០ តើមនុស្សទទួលការជ្រមុជណាខ្លះ?
នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. ពួកអ្នកកាន់តាមលោកយេស៊ូនិយាយភាសាផ្សេងៗក្រោយពីពួកគេបានទទួលការជ្រមុជក្នុងសកម្មពលបរិសុទ្ធ។ ពួកគេបានបង្ហាញថា ពួកគេបានទទួលអំណោយពីសកម្មពលព្រះ។ (១កូ. ១២:៤-១០) តើអំណោយនេះនិងសុន្ទរកថាដែលសាវ័កពេត្រុសបានថ្លែងមានអានុភាពយ៉ាងណា? មនុស្សជាច្រើនបាន«ស្ដាយជាខ្លាំង»។ ដោយមានការដាស់តឿនពីពេត្រុស នោះពួកគេបានប្រែចិត្ត ហើយទទួលការជ្រមុជទឹក។ កំណត់ហេតុជាប្រវត្ដិសាស្ត្រចែងថា៖ «អស់អ្នកដែលបានជឿពាក្យរបស់គាត់ យ៉ាងអស់ពីចិត្តបានទទួលការជ្រមុជទឹក ហើយនៅថ្ងៃនោះប្រហែលបីពាន់នាក់បានត្រូវបន្ថែម»។ (សកម្ម. ២:២២, ៣៦-៤១) ដូចលោកយេស៊ូបានបង្គាប់ ពួកគេពិតជាបានទទួលការជ្រមុជទឹកក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក។—ម៉ាថ. ២៨:១៩
២, ៣. (ក) សូមពន្យល់ភាពខុសគ្នារវាងការជ្រមុជក្នុងសកម្មពលបរិសុទ្ធ និងការទទួលការជ្រមុជទឹកក្នុងនាមសកម្មពលបរិសុទ្ធ។ (ខ) សព្វថ្ងៃនេះ ហេតុអ្វីបានជាពួកគ្រិស្តសាសនិកពិតត្រូវទទួលការជ្រមុជទឹក?
២ ក៏ប៉ុន្តែ តើការជ្រមុជក្នុងសកម្មពលបរិសុទ្ធ និងការទទួលការជ្រមុជទឹកក្នុងនាមសកម្មពលបរិសុទ្ធខុសគ្នាឬទេ? ខុសគ្នាមែន។ ពួកអ្នកដែលបានត្រូវជ្រមុជក្នុងសកម្មពលបរិសុទ្ធកើតម្ដងទៀតជាបុត្ររបស់ព្រះដែលលោករើសតាំងដោយសកម្មពលរបស់លោក។ (យ៉ូន. ៣:៣) ពួកគាត់បានត្រូវរើសតាំងឲ្យធ្វើជាសង្ឃថ្នាក់ក្រោមថែមទាំងជាស្តេចដែលនឹងសោយរាជ្យក្នុងរាជាណាចក្រព្រះនៅស្ថានសួគ៌ ហើយពួកគាត់រួមចំណែកជាសមាជិកក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។ (១កូ. ១២:១៣; កាឡ. ៣:២៧; បប. ២០:៦) ដូច្នេះ នៅបុណ្យថ្ងៃទី៥០ ព្រះយេហូវ៉ាបានជ្រមុជមនុស្សក្នុងសកម្មពលបរិសុទ្ធ ហើយក្រោយមកលោកបានជ្រើសរើសពួកគេឲ្យទទួលមត៌ករួមជាមួយនឹងគ្រិស្ត។ (រ៉ូម ៨:១៥-១៧) ប៉ុន្តែ ចុះយ៉ាងណាវិញការជ្រមុជទឹកក្នុងនាមសកម្មពលបរិសុទ្ធ ដែលធ្វើឡើងជាទៀងទាត់នៅសន្និបាតនិងមហាសន្និបាតនៃរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃ?
៣ ពួកគ្រិស្តសាសនិកពិតទទួលការជ្រមុជទឹកជាតំណាងការប្រគល់ខ្លួនដោយឥតសំចៃជូនព្រះយេហូវ៉ា។ ពួកអ្នកដែលព្រះបានហៅឡើងទៅស្ថានសួគ៌ក៏ទទួលការជ្រមុជទឹកដែរ។ ប៉ុន្តែ ការទទួលការជ្រមុជទឹកក៏ជាដំណាក់កាលដ៏ចាំបាច់មួយចំពោះមនុស្សរាប់លាននាក់នៅសម័យនេះដែលមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតនៅផែនដី។ ទោះជាមនុស្សម្នាក់មានសេចក្ដីសង្ឃឹមមួយណាក៏ដោយ ការទទួលការជ្រមុជទឹកក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោកគឺជាដំណាក់កាលចាំបាច់ដែលគាត់ត្រូវធ្វើដើម្បីឲ្យព្រះពេញចិត្ត។ ដូច្នេះ ពួកគ្រិស្តសាសនិកទាំងឡាយដែលទទួលការជ្រមុជទឹកបានត្រូវរំពឹងថា ពួកគេ«ឲ្យសកម្មពលរបស់ព្រះបន្តដឹកនាំ»។ (សូមអាន កាឡាទី ៥:១៦) តើអ្នកកំពុងឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នក ហើយរស់នៅស្របតាមការប្រគល់ខ្លួនអ្នកឬទេ?
តើការ‹ឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នក›មានន័យយ៉ាងណា?
៤. តើការ‹ឲ្យសកម្មពលរបស់ព្រះដឹកនាំ›មានន័យអ្វី?
៤ ការ‹ឲ្យសកម្មពលរបស់ព្រះដឹកនាំ›រួមបញ្ចូលការឲ្យសកម្មពលនោះមានឥទ្ធិពលមកលើយើង។ នេះមានន័យថា យើងឲ្យសកម្មពលរបស់ព្រះដឹកនាំយើងក្នុងសកម្មភាពប្រចាំថ្ងៃ។ សៀវភៅកាឡាទីជំពូកទី៥បង្ហាញពីភាពផ្ទុយគ្នារវាងឥទ្ធិពលដែលមកពីសកម្មពលបរិសុទ្ធនិងឥទ្ធិពលដែលមកពីសេចក្ដីប៉ងប្រាថ្នារបស់រូបកាយ។—សូមអាន កាឡាទី ៥:១៧, ១៨
៥. តើការស្ថិតក្រោមឥទ្ធិពលនៃសកម្មពលបរិសុទ្ធរួមបញ្ចូលការខំជៀសចេញពីការប្រព្រឹត្តបែបណា?
៥ ប្រសិនបើអ្នកស្ថិតក្រោមឥទ្ធិពលនៃសកម្មពលបរិសុទ្ធ អ្នកខំជៀសចេញពីការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង។ ការប្រព្រឹត្តទាំងនេះរួមបញ្ចូលអ្វីៗដូចជា«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ទំនាស់ ការបែកបាក់គ្នា និកាយ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត»។ (កាឡ. ៥:១៩-២១) ក្នុងន័យម្យ៉ាង អ្នក«លះចោលឲ្យជ្រះស្រឡះនូវអំពើរបស់រូបកាយ ដោយមានជំនួយពីសកម្មពលរបស់ព្រះ»។ (រ៉ូម ៨:៥, ១៣) សកម្មពលរបស់ព្រះនឹងជួយអ្នកឲ្យផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលនោះ ហើយ សហការជាមួយការដឹកនាំរបស់សកម្មពល ជាជាងឲ្យសេចក្ដីប៉ងប្រាថ្នានៃរូបកាយកាន់កាប់ជីវិតអ្នក។
៦. សូមលើកឧទាហរណ៍អំពីអ្វីដែលចាំបាច់ដើម្បីបង្ហាញឲ្យឃើញផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។
៦ កាលដែលសកម្មពលបរិសុទ្ធបញ្ចេញឥទ្ធិពលលើអ្នក អ្នកបង្ហាញគុណសម្បត្ដិរបស់ព្រះ ពោលគឺ«ផលដែលបង្កើតដោយសកម្មពល»។ (កាឡ. ៥:២២, ២៣) ប៉ុន្តែ អ្នកដឹងថា នេះតម្រូវឲ្យអ្នកខំព្យាយាម។ ជាឧទាហរណ៍ កសិករម្នាក់ភ្ជួររាស់កាប់គាស់ដីនិងដាំដំណាំ។ គាត់ត្រូវការពន្លឺថ្ងៃនិងទឹកជាចាំបាច់ ពីព្រោះគាត់មិនអាចសង្ឃឹមប្រមូលផលទេបើគ្មានអ្វីៗទាំងនោះ។ យើងអាចប្រៀបធៀបសកម្មពលបរិសុទ្ធទៅនឹងពន្លឺថ្ងៃ។ យើងត្រូវការសកម្មពលបរិសុទ្ធដើម្បីបង្ហាញឲ្យឃើញផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។ ក៏ប៉ុន្តែ បើកសិករមិនខំធ្វើការយ៉ាងនឿយហត់ គាត់មិនអាចបង្កបង្កើតផលបានទេ មែនទេ? (សុភ. ១០:៤) ត្រូវហើយ របៀបដែលអ្នករៀបចំចិត្តរបស់អ្នកដែលប្រៀបដូចជាដី នោះមានឥទ្ធិពលទៅលើគុណភាពនិងបរិមាណនៃផលដែលអ្នកមានដែលបង្កើតដោយសកម្មពលរបស់ព្រះ។ ដូច្នេះ សូមសួរខ្លួនអ្នកថា‹តើខ្ញុំកំពុងឲ្យសកម្មពលបរិសុទ្ធបង្កើតផលដោយសហការជាមួយសកម្មពលនោះឬទេ?›។
៧. បើអ្នកចង់បណ្ដុះឲ្យមានផលដែលបានបង្កើតដោយសកម្មពលរបស់ព្រះ ហេតុអ្វីសំខាន់ម្ល៉េះឲ្យអ្នកសិក្សានិងរំពឹងគិត?
៧ ដើម្បីបានផលដំណាំល្អ កសិករក៏ត្រូវស្រោចទឹកដំណាំដែរ។ ដូចគ្នាដែរ ដើម្បីបណ្ដុះឲ្យមានផលដែលបង្កើតដោយសកម្មពលរបស់ព្រះ អ្នកត្រូវការសេចក្ដីពិតដែលប្រៀបដូចជាទឹក ដែលមានក្នុងគម្ពីរនិងតាមរយៈក្រុមជំនុំគ្រិស្តសាសនិកសព្វថ្ងៃ។ (អេ. ៥៥:១) អ្នកទំនងជាបានប្រាប់មនុស្សជាច្រើនថា គម្ពីរបរិសុទ្ធបានកើតឡើងដោយសកម្មពលបរិសុទ្ធ។ (២ធី. ៣:១៦) ម្យ៉ាងទៀត ក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ផ្ដល់ការយល់ដឹងដែលយើងត្រូវការអំពីសេចក្ដីពិតក្នុងគម្ពីរ ដែលប្រៀបដូចជាទឹកបរិសុទ្ធ។ (ម៉ាថ. ២៤:៤៥-៤៧) នេះមានន័យច្បាស់ថា បើយើងចង់ស្ថិតក្រោមឥទ្ធិពលនៃសកម្មពលរបស់ព្រះ នោះយើងត្រូវអាន ហើយរំពឹងគិតអំពីបណ្ដាំរបស់ព្រះ។ បើអ្នកកំពុងធ្វើដូច្នេះ អ្នកយកតម្រាប់តាមគំរូល្អរបស់ពួកអ្នកប្រកាសទំនាយដែលបាន«ព្យាយាមសួរឲ្យដឹង ហើយបានស្រាវជ្រាវយ៉ាងហ្មត់ចត់» អំពីព័ត៌មានដែលបានត្រូវផ្ដល់ឲ្យ។ គួរឲ្យកត់សម្គាល់ថា សូម្បីតែបណ្ដាទេវតាបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើសេចក្ដីពិតក្នុងគម្ពីរស្តីអំពីពូជដែលបានត្រូវសន្យានិងក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។—សូមអាន ពេត្រុសទី១ ១:១០-១២
ទទួលឥទ្ធិពលពីសកម្មពលបរិសុទ្ធ តើតាមរបៀបណា?
៨. ហេតុអ្វីសំខាន់ចាំបាច់ឲ្យអ្នកសុំព្រះយេហូវ៉ានូវសកម្មពលរបស់លោក?
៨ ការសិក្សានិងរំពឹងគិតអំពីបទគម្ពីរមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវបន្តសុំជំនួយនិងការណែនាំពីព្រះយេហូវ៉ា។ លោកអាច«ធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ»។ (អេភ. ៣:២០; លូក. ១១:១៣) ក៏ប៉ុន្តែ តើអ្នកនឹងឆ្លើយយ៉ាងណា បើអ្នកណាម្នាក់សួរថា៖ «ហេតុអ្វីខ្ញុំគួរបន្តសុំព្រះ បើលោកជ្រាបរួចទៅហើយអំពី‹អ្វីដែលខ្ញុំត្រូវការ មុនខ្ញុំសុំទៅទៀត›»? (ម៉ាថ. ៦:៨) មូលហេតុមួយគឺដោយអធិដ្ឋានសុំសកម្មពលបរិសុទ្ធ នោះអ្នកទទួលស្គាល់ថាអ្នកពឹងផ្អែកលើព្រះយេហូវ៉ា។ ជាឧទាហរណ៍ បើអ្នកណាម្នាក់មកសុំអ្នកឲ្យជួយ អ្នកនឹងធ្វើអ្វីៗទាំងអស់ដែលអ្នកអាចធ្វើបានដើម្បីជួយគាត់។ នេះគឺដោយសារគាត់ទុកចិត្តអ្នក ទើបគាត់សុំអ្នកឲ្យជួយ។ (សូមពិនិត្យបន្ថែម សុភាសិត ៣:២៧) ដូចគ្នាដែរ ព្រះយេហូវ៉ាពេញចិត្ត ពេលអ្នកសុំសកម្មពលរបស់លោក ហើយលោកនឹងឲ្យសកម្មពលនោះដល់អ្នក។—សុភ. ១៥:៨
៩. តើការចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកអាចជួយអ្នកឲ្យស្ថិតក្រោមឥទ្ធិពលនៃសកម្មពលបរិសុទ្ធរបស់ព្រះយ៉ាងដូចម្ដេច?
៩ អ្នកក៏ដឹងរួចទៅហើយថា វិធីមួយទៀតដើម្បីទទួលឥទ្ធិពលពីសកម្មពលរបស់ព្រះគឺពាក់ព័ន្ធនឹងកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើង។ ការព្យាយាមចូលរួមប្រជុំទាំងនោះ ហើយយកចិត្ត១កូ. ២:១០) ការឆ្លើយជាទៀងទាត់នៅកិច្ចប្រជុំក៏មានប្រយោជន៍ដែរ។ សូមគិតអំពីកិច្ចប្រជុំដែលអ្នកបានចូលរួមនៅបួនសប្ដាហ៍ចុងក្រោយនេះ។ តើអ្នកបានលើកដៃឆ្លើយប៉ុន្មានដងដើម្បីបង្ហាញជំនឿរបស់អ្នក? តើអ្នកគិតថាអ្នកអាចធ្វើឲ្យកាន់តែប្រសើរឡើងក្នុងរឿងនេះឬទេ? បើអ្នកគិតថាមែន សូមតាំងចិត្តធ្វើអ្វីដែលអ្នកគិតធ្វើក្នុងអំឡុងសប្ដាហ៍ខាងមុខ។ ព្រះយេហូវ៉ានឹងឃើញថាអ្នកស្ម័គ្រចិត្តឆ្លើយ ហើយលោកនឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកឲ្យអ្នក ដែលនឹងជួយអ្នកឲ្យទទួលប្រយោជន៍ច្រើនជាងពីកិច្ចប្រជុំ។
ទុកដាក់នឹងកម្មវិធីគឺសំខាន់ណាស់។ ការធ្វើដូច្នេះជួយអ្នកឲ្យយល់«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»។ (១០. តើការឲ្យសកម្មពលព្រះដឹកនាំយើងរួមបញ្ចូលការផ្ដល់សេចក្ដីអញ្ជើញអ្វីដល់អ្នកឯទៀត?
១០ ការឲ្យសកម្មពលព្រះដឹកនាំយើងរួមបញ្ចូលការធ្វើតាមសេចក្ដីអញ្ជើញដែលមាននៅសៀវភៅការបើកបង្ហាញ ២២:១៧ដែលថា៖ «សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ ‹មកចុះ!› ហើយអ្នកណាដែលបានឮ ចូរនិយាយថា៖ ‹មកចុះ!› ហើយចូរឲ្យអ្នកណាដែលស្រេក មកចុះ ចូរឲ្យអ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃ»។ សកម្មពលបរិសុទ្ធដែលកំពុងមានអានុភាពលើក្រុមនៃកូនក្រមុំដែលបានត្រូវរើសតាំង ផ្ដល់សេចក្ដីអញ្ជើញនេះស្តីអំពីទឹកដែលផ្ដល់ជីវិត។ បើអ្នកធ្វើតាមសេចក្ដីអញ្ជើញឲ្យ«មកចុះ!» តើអ្នកបានតាំងចិត្តអញ្ជើញអ្នកឯទៀតដោយនិយាយថា«មកចុះ!»ឬទេ? នេះពិតជាឯកសិទ្ធិមែន! ដែលយើងអាចរួមចំណែកក្នុងកិច្ចការដែលសង្គ្រោះជីវិត។
១១, ១២. តើសកម្មពលបរិសុទ្ធរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេច?
១១ ក្រោមការណែនាំនៃសកម្មពលបរិសុទ្ធ កិច្ចការដ៏សំខាន់បំផុតនេះកំពុងសម្រេច។ គម្ពីរបានរៀបរាប់ថា នៅសតវត្សរ៍ទី១ សកម្មពលបរិសុទ្ធបានរួមចំណែកជួយសាសនទូតទៅផ្សព្វផ្សាយនៅតំបន់ថ្មីៗ។ «សកម្មពលបរិសុទ្ធបានហាម»សាវ័កប៉ូលនិងគូកនរបស់គាត់«មិនឲ្យប្រាប់បណ្ដាំរបស់ព្រះនៅតំបន់អាស៊ី» ហើយក៏មិនឲ្យពួកគាត់ទៅផ្សាយនៅស្រុកប៊ីធូនាដែរ។ យើងមិនដឹងច្បាស់ថាសកម្មពលបានរារាំងពួកគាត់មិនឲ្យចូលទៅតំបន់ទាំងនោះយ៉ាងដូចម្ដេចទេ។ ប៉ុន្តែយើងដឹងច្បាស់ថា សកម្មពលពិតជាបាននាំប៉ូលចូលទៅទ្វីបអឺរ៉ុបដែលជាតំបន់ផ្សាយធំមួយ ពីព្រោះគាត់បានឃើញក្នុងគំនិតថាមានបុរសជនជាតិម៉ាសេដូនម្នាក់កំពុងអង្វរគាត់ឲ្យមកជួយ។—សកម្ម. ១៦:៦-១០
១២ ដូចគ្នាដែរ សព្វថ្ងៃនេះសកម្មពលរបស់ព្រះយេហូវ៉ាកំពុងដឹកនាំកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក។ ព្រះយេហូវ៉ាមិនដឹកនាំកិច្ចការនេះដោយបើកឲ្យអ្នកបម្រើលោកឃើញអ្វីក្នុងគំនិតទៀតឡើយ ផ្ទុយទៅវិញ លោកណែនាំពួកអ្នកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធវិញ។ ម្យ៉ាងទៀត សកម្មពលជំរុញទឹកចិត្តបងប្អូនរួមជំនឿឲ្យខំធ្វើអស់ពីសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀន។ អ្នកពិតជាបានចូលរួមក្នុងកិច្ចការដ៏សំខាន់ចាំបាច់នេះ។ តើអ្នកអាចបង្កើនអំណររបស់អ្នកក្នុងកិច្ចការដែលគួរឲ្យរំភើបចិត្តនេះឬទេ?
១៣. តើអ្នកអាចចុះចូលក្រោមការណែនាំរបស់សកម្មពលបរិសុទ្ធយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
១៣ អ្នកអាចចុះចូលក្រោមការណែនាំរបស់សកម្មពលបរិសុទ្ធដោយអនុវត្តតាមព័ត៌មានដែលបានត្រូវផ្ដល់ឲ្យរាស្ត្ររបស់ព្រះ។ សូមគិតអំពីប្អូនស្រីម្នាក់ពីប្រទេសជប៉ុនឈ្មោះមីហូកូ។ ជាអ្នកត្រួសត្រាយថ្មី គាត់មានអារម្មណ៍ថាគាត់មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការត្រឡប់ទៅជួប ពីព្រោះគាត់គិតថាគាត់មិនដឹងរបៀបដែលគាត់អាចធ្វើឲ្យម្ចាស់ផ្ទះមានចំណាប់អារម្មណ៍ទេ។ នៅពេលនោះ កិច្ចបម្រើព្រះបានផ្ដល់យោបល់ល្អៗអំពីរបៀបធ្វើការត្រឡប់ទៅជួបខ្លីៗ។ ក្រោយមក សៀវភៅស្តើងដែលមានចំណងជើង របៀបទទួលបានជីវិតដ៏គាប់ចិត្តបានត្រូវបោះពុម្ព ហើយជាពិសេសសៀវភៅនេះមានប្រសិទ្ធភាពច្រើននៅតំបន់ផ្សាយក្នុងប្រទេសជប៉ុន។ ប្អូនស្រីមីហូកូបានធ្វើតាមយោបល់អំពីរបៀបប្រើសៀវភៅស្តើងនោះ ជាពិសេសរបៀបធ្វើការត្រឡប់ទៅជួបខ្លីៗ។ មិនយូរក្រោយមក គាត់បានចាប់ផ្ដើមបង្រៀនគម្ពីរដល់ពួកអ្នកដែលមិនព្រមរៀនគម្ពីរពីមុន។ គាត់និយាយថា៖ «ខ្ញុំមាន
សិស្សគម្ពីរច្រើនរហូតដល់១២នាក់ក្នុងមួយលើក ដល់ម្ល៉េះបានជាខ្ញុំត្រូវសុំអ្នកខ្លះឲ្យចាំ មុនខ្ញុំអាចរៀនជាមួយពួកគេ!»។ ប្រាកដហើយ កាលណាអ្នកឲ្យសកម្មពលដឹកនាំអ្នកដោយអនុវត្តតាមការណែនាំដែលបានត្រូវផ្ដល់ឲ្យអ្នកបម្រើរបស់ព្រះយេហូវ៉ា នោះអ្នកអាចប្រមូលផលបានបរិបូរ។ចូរពឹងផ្អែកលើសកម្មពលរបស់ព្រះ
១៤, ១៥. (ក) តើមនុស្សមិនល្អឥតខ្ចោះអាចរស់នៅស្របតាមការប្រគល់ខ្លួនជូនព្រះយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាដែលអ្នកអាចមានមិត្តភក្ដិល្អបំផុត?
១៤ ក្នុងនាមជាអ្នកបម្រើដែលព្រះបានតែងតាំង អ្នកមានកិច្ចបម្រើផ្សាយដែលអ្នកត្រូវធ្វើ។ (រ៉ូម ១០:១៤) អ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនអ្នកមិនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចនោះឡើយ។ ប៉ុន្តែ ដូចគ្នានឹងករណីរបស់ពួកអ្នកដែលបានត្រូវរើសតាំង គឺជាព្រះដែលធ្វើឲ្យអ្នកមានគុណសម្បត្ដិគ្រប់គ្រាន់។ (សូមអាន កូរិនថូសទី២ ៣:៥) អ្នកអាចរស់នៅស្របតាមការប្រគល់ខ្លួនរបស់អ្នកដោយខំធ្វើអស់ពីសមត្ថភាព ហើយដោយពឹងផ្អែកលើសកម្មពលរបស់ព្រះ។
១៥ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ នោះមិនងាយស្រួលទេឲ្យយើងរស់នៅស្របតាមការប្រគល់ខ្លួនរបស់យើងជូនព្រះយេហូវ៉ាដែលជាព្រះដ៏ល្អឥតខ្ចោះ។ ការពិបាកមួយគឺ មនុស្សខ្លះដែលអ្នកធ្លាប់សេពគប់ជាមួយប្រហែលជាងឿងឆ្ងល់អំពីជីវិតរស់នៅថ្មីរបស់អ្នក ហើយប្រហែលជា«និយាយប្រមាថអ្នក»។ (១ពេ. ៤:៤) ក៏ប៉ុន្តែ សូមកុំភ្លេចការពិតដែលថាអ្នកមានមិត្តភក្ដិថ្មី ហើយក្នុងចំណោមមិត្តភក្ដិទាំងនោះ មិត្តភក្ដិដ៏សំខាន់បំផុតគឺព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត។ (សូមអាន យ៉ាកុប ២:២១-២៣) ម្យ៉ាងទៀត ក៏ចាំបាច់ឲ្យយើងស្គាល់បងប្អូនក្នុងក្រុមជំនុំរបស់យើង ដែលពួកគាត់ជាផ្នែកមួយនៃ«បងប្អូនរួមជំនឿទាំងអស់»នៅទូទាំងពិភពលោក។ (១ពេ. ២:១៧; សុភ. ១៧:១៧) ព្រះយេហូវ៉ានឹងជួយអ្នកតាមរយៈសកម្មពលរបស់លោកឲ្យមានមិត្តភក្ដិដែលនឹងមានឥទ្ធិពលល្អមកលើអ្នកជានិច្ច។
១៦. ដូចប៉ូល ហេតុអ្វីបានជាអ្នកអាច«ពេញចិត្តនឹងភាពទន់ខ្សោយ»?
១៦ សូម្បីតែមានមិត្តភក្ដិក្នុងក្រុមជំនុំដែលចង់ជួយអ្នកក៏ដោយ ក៏អ្នកប្រហែលនៅតែពិបាកស៊ូទ្រាំនឹងបញ្ហាដែលមានក្នុងជីវភាពប្រចាំថ្ងៃ។ ជួនកាល អ្វីដែលអ្នកត្រូវប្រឈមមុខប្រហែលធ្វើឲ្យអ្នកអស់សង្ឃឹម ពីព្រោះបញ្ហាដែលអ្នកមានមើលទៅហាក់ដូចជាមិនចេះអស់។ ពេលនោះជាពេលដែលអ្នកត្រូវអធិដ្ឋានសុំសកម្មពលបរិសុទ្ធពីព្រះយេហូវ៉ា។ សាវ័កប៉ូលបានសរសេរថា៖ «ពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា»។ (សូមអាន កូរិនថូសទី២ ៤:៧-១០; ១២:១០) ប៉ូលដឹងថាសកម្មពលរបស់ព្រះអាចជួយបំពេញអ្វីដែលយើងខ្វះដោយសារភាពទន់ខ្សោយរបស់យើង ទោះជាមានភាពទន់ខ្សោយបែបណាក៏ដោយ។ ដូច្នេះ សកម្មពលរបស់ព្រះអាចធ្វើឲ្យអ្នករឹងប៊ឹងឡើង ពេលណាក៏ដោយដែលអ្នកខ្សោយ ហើយត្រូវការជំនួយ។ ប៉ូលបានសរសេរថាគាត់«ពេញចិត្តនឹងភាពទន់ខ្សោយ» ពីព្រោះពេលគាត់ខ្សោយ នោះជាពេលដែលគាត់មានអារម្មណ៍ថាសកម្មពលបរិសុទ្ធកំពុងបញ្ចេញឥទ្ធិពលទៅលើគាត់។ អ្នកក៏អាចមានអារម្មណ៍ដូចគ្នាដែរ!—រ៉ូម ១៥:១៣
១៧. តើសកម្មពលបរិសុទ្ធជួយអ្នកយ៉ាងដូចម្ដេច កាលដែលអ្នកធ្វើដំណើរឆ្ពោះទៅទិសដៅរបស់អ្នក?
១៧ យើងត្រូវការសកម្មពលរបស់ព្រះដើម្បីអាចដឹកនាំជីវិតរបស់យើងស្របតាមការប្រគល់ខ្លួនរបស់យើងជូនព្រះ។ ឧបមាថាអ្នកជាអ្នកបញ្ជាទូកក្ដោងមួយ។ គោលដៅរបស់អ្នកគឺបម្រើព្រះយេហូវ៉ាជារៀងរហូត។ ពេលអ្នកបើកទូកក្ដោង អ្នកពិតជាចង់បំបែរក្ដោងឲ្យចំទិសខ្យល់ដើម្បីឲ្យវាបក់ទូកទៅដល់ទិសដៅរបស់អ្នកដោយមានសុវត្ថិភាព។ សកម្មពលរបស់ព្រះប្រៀបដូចជាខ្យល់នោះ។ អ្នកមិនចង់ឲ្យចិត្តគំនិតរបស់ពិភពលោករបស់សាថានបក់ផាត់អ្នកទៅនេះទៅនោះទេ។ (១កូ. ២:១២) អ្នកត្រូវធ្វើអ្វីមួយដែលស្រដៀងនឹងការសម្គាល់ខ្យល់ដែលនាំទៅដល់ទិសដៅរបស់អ្នក ហើយបំបែរក្ដោងឲ្យចំទិសខ្យល់។ ខ្យល់នោះគឺសកម្មពលបរិសុទ្ធ។ តាមរយៈបណ្ដាំរបស់ព្រះនិងអង្គការដែលដឹកនាំដោយសកម្មពលរបស់លោក នោះសកម្មពលបរិសុទ្ធនឹងនាំអ្នកឲ្យធ្វើដំណើរតាមផ្លូវត្រូវ។
១៨. តើអ្នកតាំងចិត្តធ្វើអ្វីឥឡូវនេះ? ហើយហេតុអ្វី?
១៨ ប្រសិនបើអ្នកបានសិក្សាជាមួយសាក្សីព្រះយេហូវ៉ា ហើយសេពគប់ជាមួយពួកគាត់នៅឯកិច្ចប្រជុំ តែអ្នកមិនទាន់បានប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក នោះសូមដណ្ដឹងសួរខ្លួនអ្នកថា ‹ហេតុអ្វីខ្ញុំមិនគួរស្ទាក់ស្ទើរធ្វើដូច្នេះ?›។ បើអ្នកទទួលស្គាល់ហើយឲ្យតម្លៃតួនាទីរបស់សកម្មពលបរិសុទ្ធក្នុងការសម្រេចបំណងប្រាថ្នារបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ នោះអ្នកនឹងធ្វើអ្វីដែលអ្នកបានរៀនថាជាការត្រឹមត្រូវ។ ព្រះយេហូវ៉ានឹងឲ្យពរដល់អ្នកយ៉ាងច្រើន។ លោកនឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដោយសេចក្ដីសប្បុរស។ បើអ្នកបានទទួលការជ្រមុជទឹកច្រើនឆ្នាំឬច្រើនទសវត្សរ៍ហើយក៏ដោយ អ្នកពិតជាទទួលអានុភាពពីសកម្មពលបរិសុទ្ធ។ អ្នកធ្លាប់ឃើញនិងធ្លាប់ពិសោធរបៀបដែលព្រះធ្វើឲ្យអ្នករឹងប៊ឹងតាមរយៈសកម្មពលរបស់លោក។ ព្រះអាចបន្តធ្វើដូច្នេះចំពោះអ្នកជារៀងរហូត។ ហេតុនេះ ចូរតាំងចិត្តឲ្យសកម្មពលបរិសុទ្ធដឹកនាំអ្នក។
តើអ្នកចាំឬទេ?
• តើការ‹ឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នក›មានន័យយ៉ាងណា?
• តើអ្វីអាចជួយអ្នក«ឲ្យសកម្មពលរបស់ព្រះបន្តដឹកនាំអ្នក»?
• តើអ្នកអាចរស់នៅយ៉ាងណាឲ្យស្របតាមការប្រគល់ខ្លួនអ្នកជូនព្រះ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១៣]
ការរៀបចំចិត្តរបស់អ្នក ដែលប្រៀបដូចដីតម្រូវឲ្យមានការព្យាយាម
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១៥]
តើអ្នកទទួលឥទ្ធិពល ពីសកម្មពលរបស់ព្រះឬទេ?