តើគម្ពីរបរិសុទ្ធជាបណ្ដាំរបស់ព្រះឬ?
តើគម្ពីរបរិសុទ្ធជាបណ្ដាំរបស់ព្រះឬ?
«គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ ធ្វើឲ្យត្រឹមត្រូវឡើងវិញ និងប្រដៅក្នុងផ្លូវសុចរិត ដើម្បីឲ្យអ្នកបម្រើរបស់ព្រះមានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។—ធីម៉ូថេទី២ ៣:១៦, ១៧
នេះជាសំណេររបស់សាវ័កប៉ូល ដែលបានបញ្ជាក់យ៉ាងខ្លាំងអំពីតម្លៃដ៏លើសលប់នៃគម្ពីរបរិសុទ្ធ! គាត់បានសំដៅទៅលើផ្នែកនៃគម្ពីរដែលមាននៅសម័យនោះ ពោលគឺផ្នែកដែលគេស្គាល់ជាទូទៅថាសញ្ញាចាស់។ ប៉ុន្តែជាគោលការណ៍ សម្ដីរបស់គាត់សំដៅទៅលើសៀវភៅទាំង៦៦ក្បាលក្នុងគម្ពីរបរិសុទ្ធដែរ រួមទាំងសៀវភៅដែលពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកយេស៊ូបានសរសេរនៅសតវត្សរ៍ទី១គ.ស.។
តើលោកអ្នកឲ្យតម្លៃខ្ពស់ចំពោះគម្ពីរដូចប៉ូលឬទេ? តើលោកអ្នកគិតថាព្រះពិតជាបានដឹកនាំអ្នកសរសេរគម្ពីរបរិសុទ្ធឬ? គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានគិតដូច្នោះ ហើយនៅសតវត្សរ៍ក្រោយៗមក គ្រិស្តសាសនិកពិតនៅតែជឿដូច្នោះដែរ។ ជាឧទាហរណ៍ នៅសតវត្សរ៍ទី១៤ បព្វជិតជនជាតិអង់គ្លេសម្នាក់ឈ្មោះយ៉ូនវ៉ាយគ្លីស មានទស្សនៈចំពោះគម្ពីរថាជា«គោលការណ៍នៃសេចក្ដីពិតដែលអាចទុកចិត្តបាន»។ វចនានុក្រមមួយខាងគម្ពីរបានធ្វើអត្ថាធិប្បាយអំពីពាក្យខាងលើរបស់ប៉ូលថា «ការដឹកនាំពីព្រះធានាថាអ្វីៗទាំងអស់ដែលគម្ពីរចែងគឺជាសេចក្ដីពិត» (The New Bible Dictionary)។
ទស្សនៈផ្លាស់ប្ដូរចំពោះគម្ពីរបរិសុទ្ធ
ក៏ប៉ុន្តែ បន្ដិចម្ដងៗមនុស្សជាទូទៅលែងមានទំនុកចិត្តលើឥទ្ធិពលនៃគម្ពីរបរិសុទ្ធដូចមុន។ សៀវភៅមួយបានចែងថា៖ «ជាគោលការណ៍ គ្រិស្តសាសនិកទាំងអស់[នៅតែ]ទទួលស្គាល់ថាគម្ពីរមានឥទ្ធិពលលើការប្រព្រឹត្តនិងជំនឿរបស់ពួកគេ»។ (The World’s Religions) ប៉ុន្តែតាមពិត មិនដូច្នោះទេ។ ឥឡូវនេះ មនុស្សជាច្រើនមានទស្សនៈថាគម្ពីរគ្រាន់តែជា«ជំនឿដែលមនុស្សជឿពីជំនាន់មួយទៅ
ជំនាន់មួយដែលគេមិនអាចទុកចិត្តបាន»ប៉ុណ្ណោះ។ ទោះជាគេទទួលស្គាល់ថាអ្នកសរសេរគម្ពីរបរិសុទ្ធជាបុរសដែលមានជំនឿខ្លាំងក៏ដោយ តែពួកគេចាត់ទុកអ្នកសរសេរទាំងនោះថាគ្រាន់តែជាបុរសមិនល្អឥតខ្ចោះដែលខំប្រឹងពន្យល់សេចក្ដីពិតដ៏ជ្រាលជ្រៅ តែខ្វះចំណេះនិងការយល់ដឹងដែលយើងមានសព្វថ្ងៃនេះ។បើនិយាយឲ្យចំទៅ សព្វថ្ងៃនេះមានមនុស្សតិចណាស់ដែលពិតជាឲ្យគម្ពីរណែនាំគំនិតនិងការប្រព្រឹត្តរបស់ពួកគេ។ ជាឧទាហរណ៍ តើលោកអ្នកធ្លាប់ឮមនុស្សនិយាយប៉ុន្មានដងថា ខ្នាតតម្រាគម្ពីរស្តីអំពីសីលធម៌គឺហួសសម័យ ហើយគ្មានប្រយោជន៍? មនុស្សជាច្រើនមើលស្រាលច្បាប់និងគោលការណ៍ក្នុងគម្ពីរ ឬពួកគេមិនអើពើសោះចំពោះច្បាប់និងគោលការណ៍នោះបើគេមិនចូលចិត្ត។ អ្នកខ្លះដែលអះអាងថាខ្លួនជាគ្រិស្តសាសនិកមិនអើពើចំពោះអ្វីដែលគម្ពីរចែងស្តីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការផិតក្បត់ ភាពមិនទៀងត្រង់ និងការប្រមឹកស្រា។—កូរិនថូសទី១ ៦:៩, ១០
ហេតុអ្វីដូច្នេះ? នៅដើមសតវត្សរ៍ទី២០ អ្នកបុរាណវត្ថុវិទ្យាម្នាក់ឈ្មោះឆាលម៉ាស្តុនបានពន្យល់អំពីមូលហេតុមួយក្នុងសៀវភៅរបស់គាត់ដែលមានឈ្មោះថា គម្ពីរបរិសុទ្ធជាសេចក្ដីពិត។ (The Bible Is True) គាត់បានរៀបរាប់ថា មនុស្សឆាប់«ជឿដោយឥតគិតពិចារណានូវការប៉ាន់ស្មានរបស់អ្នកនិពន្ធសម័យបច្ចុប្បន្ននេះ»ដែលធ្វើឲ្យមានការសង្ស័យទៅលើភាពត្រឹមត្រូវនៃគម្ពីរបរិសុទ្ធ។ នៅសព្វថ្ងៃនេះ តើមនុស្សនៅតែឆាប់ជឿដូច្នោះឬ? តើលោកអ្នកគួរមានទស្សនៈយ៉ាងណាចំពោះមតិនិងទ្រឹស្តីរបស់ពួកអ្នកប្រាជ្ញដែលធ្វើឲ្យមនុស្សលែងទុកចិត្តគម្ពីរបរិសុទ្ធ? ដើម្បីដឹងចម្លើយចំពោះសំណួរទាំងនេះ សូមពិនិត្យមើលអត្ថបទបន្ទាប់។