លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់

ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់

ចម្លើយ​ចំពោះ​សំណួរ​បួន​ស្តី​អំពី​ទី​បញ្ចប់

លោក យេស៊ូ​គ្រិស្ត​បាន​ទាយ​ថា«ទី​បញ្ចប់​នឹង​មក​ដល់»នៅ​ពេល​អនាគត។ លោក​បាន​ពណ៌នា​អំពី​ពេល​នោះ​ថា៖ «នៅ​គ្រា​នោះ នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ»។—ម៉ាថាយ ២៤:១៤, ២១

ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ទី​បញ្ចប់ រួម​ទាំង​ខ​គម្ពីរ​ឯ​ទៀត​ស្តី​អំពី​រឿង​នេះ នាំ​ឲ្យ​មាន​សំណួរ​សំខាន់​ៗ​មួយ​ចំនួន។ សូម​បើក​គម្ពីរ​បរិសុទ្ធ​របស់​លោក​អ្នក ហើយ​អាន​ចម្លើយ​ដែល​មាន​ក្នុង​គម្ពីរ​ស្តី​អំពី​សំណួរ​ទាំង​នោះ។

១ តើ​អ្វី​នឹង​ដល់​ទី​បញ្ចប់?

គម្ពីរ​បរិសុទ្ធ​មិន​បង្រៀន​ថា​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ចោល​ទេ។ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា៖ «[ព្រះ]បាន​តាំង​ឫស​ផែនដី​ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់​កល្ប»។ (ទំនុក​តម្កើង ១០៤:៥) គម្ពីរ​ក៏​មិន​បង្រៀន​ថា​ជីវិត​ទាំង​ឡាយ​នឹង​ត្រូវ​វិនាស​សាប​សូន្យ​ដោយ​ភ្លើង​ឆេះ​ទូទាំង​ពិភព​លោក​ឡើយ។ (អេសាយ ៤៥:១៨) លោក​យេស៊ូ​បាន​បញ្ជាក់​ដោយ​ខ្លួន​លោក​ថា មនុស្ស​ខ្លះ​នឹង​រួច​ជីវិត​ពី​ទី​បញ្ចប់​នោះ។ (ម៉ាថាយ ២៤:២១, ២២) បើ​ដូច្នេះ យោង​ទៅ​តាម​គម្ពីរ តើ​អ្វី​នឹង​ដល់​ទី​បញ្ចប់?

រដ្ឋាភិបាល​របស់​មនុស្ស​នឹង​លែង​មាន​ទៀត។ ព្រះ​បាន​ដឹក​នាំ​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ឲ្យ​សរសេរ​ថា៖ «ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។—ដានីយ៉ែល ២:៤៤

សង្គ្រាម​និង​ការ​បង្ខូច​បរិស្ថាន​នឹង​លែង​មាន​ទៀត។ ទំនុក​តម្កើង ៤៦:៩​បាន​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​នឹង​ធ្វើ ដោយ​ចែង​ថា៖ «ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់​រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំ​បាំង​នៅ​ក្នុង​ភ្លើង»។ គម្ពីរ​ក៏​បង្រៀន​ដែរ​ថា ព្រះ​នឹង«បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី»។—ការ​បើក​បង្ហាញ ១១:១៨

ឧក្រិដ្ឋកម្ម​និង​អំពើ​អយុត្ដិធម៌​នឹង​សាប​សូន្យ​ទៅ។ បណ្ដាំ​របស់​ព្រះ​សន្យា​ថា៖ «មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវកាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។—សុភាសិត ២:២១, ២២

២ តើ​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ពេល​ណា?

ព្រះ​យេហូវ៉ា​បាន‹កំណត់​ពេល›ដើម្បី​បំបាត់​ចោល​អំពើ​អាក្រក់ ហើយ​តាំង​រដ្ឋាភិបាល​របស់​លោក។ (ម៉ាកុស ១៣:៣៣) ប៉ុន្តែ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​មិន​អាច​គណនា​ថា​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ថ្ងៃ​ណា​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប»។ (ម៉ាថាយ ២៤:៣៦) លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​បាន​ទាយ​អំពី​ស្ថានភាព​ដែល​នឹង​មាន​នៅ​ផែនដី មុន​ព្រះ​នាំ​ឲ្យ​មាន​ទី​បញ្ចប់។ ទី​បញ្ចប់​នឹង​មក​ដល់​ជាក់​ជា​ពុំ​ខាន​ពេល​ព្រឹត្ដិការណ៍​ទាំង​អស់​ដែល​មាន​ដូច​ត​ទៅ​នេះ កើត​ឡើង​នៅ​ពេល​តែ​មួយ និង​នៅ​ទូទាំង​ពិភព​លោក។

ពេល​មាន​ការ​ប្រែ​ប្រួល​ខាង​នយោបាយ បរិស្ថាន​និង​សង្គម​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ត្រ។ ពេល​លោក​យេស៊ូ​ឆ្លើយ​សំណួរ​របស់​អ្នក​កាន់​តាម​លោក​ស្តី​អំពី​ទី​បញ្ចប់ លោក​បាន​ឆ្លើយ​ថា៖ «ប្រជាជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជាជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង។ ការ​ទាំង​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក»។ (ម៉ាកុស ១៣:៨) សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មិន​ស្មោះ​ត្រង់ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ»។—ធីម៉ូថេ​ទី​២ ៣:១​-​៥

ពេល​មាន​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ភាសា​ជា​ច្រើន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់»។—ម៉ាថាយ ២៤:១៤

៣ តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ទី​បញ្ចប់?

គម្ពីរ​មិន​បង្រៀន​ថា​ព្រះ​នឹង​យក​មនុស្ស​ល្អ​ទាំង​អស់​ពី​ផែនដី​ដើម្បី​ឲ្យ​ពួក​គេ​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​បង្រៀន​ថា គោល​បំណង​ដំបូង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ​នឹង​ត្រូវ​សម្រេច។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូត​បូត នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក»។ (ម៉ាថាយ ៥:៥; ៦:៩, ១០) ចំពោះ​មនុស្ស​ដែល​ស្លាប់​មុន​ទី​បញ្ចប់​មក​ដល់ មាន​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​នៅ​អនាគត។ (យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៥:២៨, ២៩) តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ទី​បញ្ចប់?

លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា៖ «ខ្ញុំ​ក៏​ឃើញ​ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្សជាតិ[លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ] ទ្រង់​យាង​មក​ក្នុង​ពពក​ឰ​ដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ[យេហូវ៉ា]ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ​អង្គ នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់[លោក​យេស៊ូ]មាន​អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង»។—ដានីយ៉ែល ៧:១៣,១៤; លូកា ១:៣១, ៣២; យ៉ូហាន ៣:១៣​-​១៦

បណ្ដា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​នឹង​មាន​សុខភាព​យ៉ាង​សុក្រឹត សន្ដិសុខ​ដ៏​ស្ថិត​ស្ថេរ​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា៖ «មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ»។ (អេសាយ ៦៥:២១​-​២៣) សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​គ្រា​នោះ​ថា៖ «មើល! ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ហើយ​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។—ការ​បើក​បង្ហាញ ២១:៣, ៤

៤ តើ​លោក​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រួច​ជីវិត ពេល​ទី​បញ្ចប់​មក​ដល់?

សាវ័ក​ពេត្រុស​បាន​ទទួល​ស្គាល់​ថា មនុស្ស​ខ្លះ​ដែល​រស់​នៅ​គ្រា​ចុង​ក្រោយ​នឹង​ចំអក​ថា ព្រះ​មិន​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​របស់​មនុស្ស ហើយ​បំបាត់​ចោល​អំពើ​អាក្រក់​នៅ​ផែនដី​ទេ។ (ពេត្រុស​ទី​២ ៣:៣, ៤) ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេត្រុស​ដាស់​តឿន​ពួក​អ្នក​ដែល​រស់​នៅ​សម័យ​យើង​ឲ្យ​ចាត់​វិធានការ​ដូច​ត​ទៅ​នេះ។

ទាញ​មេ​រៀន​ពី​ប្រវត្ដិសាស្ត្រ។ ពេត្រុស​បាន​សរសេរ​ថា ព្រះ«មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ពិភព​លោក​នៅ​សម័យ​បុរាណ​ដែរ លោក​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​នៃ​មនុស្ស​ទុច្ចរិត​ទាំង​នោះ តែ​បាន​ការ​ពារ​ណូអេ ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត និង​មនុស្ស​ប្រាំ​ពីរ​នាក់​ទៀត»។ (ពេត្រុស​ទី​២ ២:៥) ចំពោះ​ពួក​អ្នក​ដែល​សើច​ចំអក ពេត្រុស​ស្រដី​ថា៖ «ពួក​គេ​ចង់​បំភ្លេច​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា ដោយ​សារ​ប្រសាសន៍​របស់​ព្រះ នោះ​កើត​មាន​មេឃ​នៅ​សម័យ​បុរាណ និង​មាន​ផែនដី​ដែល​រឹង​ផុស​ឡើង​ពី​ទឹក ក៏​នៅ​កណ្ដាល​ទឹក ហើយ​ដោយ​ការ​ទាំង​នោះ ពិភព​លោក​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​ដែល​មាន​ទឹក​ជំនន់។ ក៏​ប៉ុន្តែ ដោយ​សារប្រសាសន៍​ដដែល​នោះ មេឃ​និង​ផែនដី *ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ ហើយ​បាន​ត្រូវ​ទុក​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត ហើយ​បំផ្លាញ​ពួក​គេ​ចោល»។—ពេត្រុស​ទី​២ ៣:៥​-​៧

រស់​នៅ​ស្រប​តាម​ច្បាប់​សីលធម៌​របស់​ព្រះ។ ពេត្រុស​បាន​សរសេរ​ថា ពួក​អ្នក​ដែល​សង្ឃឹម​រួច​ជីវិត​ពី​ទី​បញ្ចប់​ត្រូវ​មាន«ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ»។ (ពេត្រុស​ទី​២ ៣:១១) សូម​កត់​សម្គាល់​ថា ពេត្រុស​ដៅ​បញ្ជាក់​ពី«ការ​ប្រព្រឹត្ត​បរិសុទ្ធ» និង«ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ»។ នេះ​បង្ហាញ​ថា ពួក​អ្នក​ដែល​ចង់​រួច​ជីវិត​ពី​ទី​បញ្ចប់ មិន​គ្រាន់​តែ​អះអាង​ថា​ខ្លួន​មាន​ជំនឿ ឬ​ខំ​ប្រឹង​ជា​នា​នឹង​ព្រះ​មុន​ទី​បញ្ចប់​មក​ដល់​ប៉ុណ្ណោះ​ទេ។

បើ​ដូច្នេះ តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​បែប​ណា? សូម​លោក​អ្នក​ប្រៀប​ធៀប​អ្វី​ដែល​លោក​អ្នក​ដឹង​និង​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​រឿង​នេះ។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​សប្បាយ​ចិត្ត​ជួយ​លោក​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ។ សូម​លោក​អ្នក​សុំ​ពួក​គាត់​ឲ្យ​បង្ហាញ​ចម្លើយ​របស់​ពួក​គាត់​ពី​គម្ពីរ។ ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​អាច​ជួយ​លោក​អ្នក​ប្រឈម​មុខ​នឹង​អ្វី​ៗ​ដែល​កើត​ឡើង​នៅ​អនាគត​ដោយ​ចិត្ត​ក្លាហាន និង​ដោយ​មាន​ទំនុក​ចិត្ត ទោះ​ជា​អ្វី​ៗ​ជុំ​វិញ​លោក​អ្នក​ធ្វើ​ឲ្យ​លោក​អ្នក​ភ័យ​ខ្លាច​ក៏​ដោយ។

[កំណត់​សម្គាល់]

^ វគ្គ 19 នៅ​ខ​នេះ ពេត្រុស​សំដៅ​ទៅ​ផែនដី​ក្នុង​ន័យ​ធៀប។ ម៉ូសេ​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​ម្នាក់​ក៏​បាន​សំដៅ​ទៅ​ផែនដី​ក្នុង​ន័យ​ធៀប​ដែរ។ គាត់​បាន​សរសេរ​ថា៖ «ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ»។ (លោកុប្បត្តិ ១១:១) ផែនដី​ក្នុង​ន័យ​ត្រង់​មិន​និយាយ‹ភាសា​តែ​១›ទេ ដូច​គ្នា​ដែរ​គឺ​មិន​មែន​ផែនដី​ក្នុង​ន័យ​ត្រង់​ទេ​ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល​នោះ។ ផ្ទុយ​ទៅ​វិញ ដូច​ពេត្រុស​បាន​ពោល គឺ​មនុស្ស​ទុច្ចរិត​ទេ​ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៧]

ផែនដី​នឹង​គ្មាន​ទី​បញ្ចប់​ទេ តែ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី​នឹង​លែង​មាន​ទៀត