ហេតុអ្វីមនុស្សប្រព្រឹត្តអំពើអាក្រក់?
ហេតុអ្វីមនុស្សប្រព្រឹត្តអំពើអាក្រក់?
មានរឿងមួយដែលមនុស្សភាគច្រើនឯកភាពគ្នា គឺយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ម្ល៉ោះហើយ យើងប្រព្រឹត្តអំពើខុសឆ្គង ព្រមទាំងធ្វើអ្វីដែលយើងស្ដាយក្រោយ។ ស្ទើរតែរាល់ថ្ងៃ យើងឃើញឬឮអំពីអំពើអាក្រក់ជាច្រើនទាំងធំទាំងតូច ដោយផ្ទាល់ ឬតាមបណ្ដាញព័ត៌មាន។ ទោះជាមនុស្សមិនល្អឥតខ្ចោះក្ដី តើនេះជាដើមហេតុនៃអំពើអាក្រក់ទាំងនោះឬទេ?
ទោះជាមនុស្សគឺមិនល្អឥតខ្ចោះក្ដី ជាទូទៅ មនុស្សទទួលស្គាល់ថា មានគោលការណ៍សីលធម៌ដែលមិនត្រូវបំពាន ហើយទទួលស្គាល់ថាមនុស្សអាចជៀសចេញពីអំពើអាក្រក់បាន។ មនុស្សភាគច្រើនយល់ស្របភ្លាមៗថា មានភាពខុសគ្នារវាងការនិយាយពាក្យមិនពិតដោយអចេតនា និងការនិយាយបង្កាច់បង្ខូចគេដោយចេតនា ហើយមានភាពខុសគ្នារវាងការធ្វើឲ្យមានរបួសដោយគ្មានបំណង និងការធ្វើឃាតដោយគិតទុកជាមុន។ ទោះជាយ៉ាងនេះក្ដី ជារឿយៗ អំពើអាក្រក់ក្រៃលែងបានត្រូវប្រព្រឹត្តដោយមនុស្សដែលមើលទៅជាមនុស្សធម្មតាដែលរស់នៅមិនឆ្ងាយពីគ្នា។ ដូច្នេះ ហេតុអ្វីមនុស្សប្រព្រឹត្តអំពើអាក្រក់?
គម្ពីរបរិសុទ្ធជួយយើងឲ្យយល់អំពីរឿងនេះ។ គម្ពីរបញ្ជាក់យ៉ាងត្រឹមត្រូវនូវមូលហេតុសំខាន់ៗដែលមនុស្សប្រព្រឹត្តអ្វីដែលពួកគេដឹងថាអាក្រក់។ សូមពិចារណាអ្វីដែលគម្ពីរចែង។
▪ «ការសង្កត់សង្កិនរមែងបណ្ដាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ[ឬ«ប្រព្រឹត្តល្ងីល្ងើ»]»។—សាស្ដា ៧:៧; ព.ថ.
គម្ពីរបរិសុទ្ធទទួលស្គាល់ថា ជួនកាលមនុស្សមានអារម្មណ៍ថា ស្ថានភាពរបស់ពួកគេជំរុញពួកគេឲ្យធ្វើអ្វីដែលធម្មតាពួកគេមិនហ៊ានធ្វើទេ។ មនុស្សខ្លះប្រហែលជាប្រព្រឹត្តបទឧក្រិដ្ឋដោយសារពួកគេគិតថា នេះជាដំណោះស្រាយនៃទុក្ខលំបាកនិងអំពើអយុត្ដិធម៌ដែលពួកគេទទួល។ សៀវភៅមួយចែងថា៖ «ក្នុងករណីជាច្រើន មូលហេតុសំខាន់ចម្បងដែលជំរុញចិត្តភេរវជនឲ្យប្រព្រឹត្តអំពើអាក្រក់ គឺការមួម៉ៅចំពោះស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចដែលហាក់ដូចជាមិនអាចគ្រប់គ្រងបាន» (Urban Terrorism)។
▪ «ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង»។—ធីម៉ូថេទី១ ៦:១០
មនុស្សខ្លះនិយាយថា សូម្បីតែមនុស្សល្អក៏នឹងបំពានគោលការណ៍សីលធម៌និងសុជីវធម៌ដែរ បើពួកគេមានបញ្ហាដែលទាក់ទងនឹងលុយកាក់។ ពេលធម្មតា អ្នកខ្លះមើលទៅហាក់ដូចជាជនសប្បុរសនិងស្លូតបូត តែបើមានបញ្ហាទាក់ទងនឹងលុយកាក់ នោះពួកគេផ្លាស់ប្ដូរចរិតទៅជាមនុស្សដែលគួរឲ្យស្អប់និងកាចសាហាវវិញ។ សូមនឹកគិតអំពីបទឧក្រិដ្ឋជាច្រើនដែលមនុស្សបានប្រព្រឹត្តដែលផុសចេញពីចិត្តលោភលន់ ដូចជាការគំរាមហែកកេរ្ដិ៍គេដើម្បីបានប្រាក់ ការកំហែងយកប្រាក់ ការបោកបញ្ឆោត ការចាប់ពង្រាត់ និងការធ្វើឃាត។
▪ «មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញអោយគេប្រព្រឹត្តអំពើអាក្រក់»។—សាស្ដា ៨:១១, ខ.ស.
ខគម្ពីរខាងលើនេះបញ្ជាក់អំពីទំនោរចិត្តរបស់មនុស្សដែលគិតថា ពួកគេអាចធ្វើអ្វីៗតាមចិត្ត ហើយគេចផុតពីទោស បើពួកអាជ្ញាធរមិនឃ្លាំមើលពួកគេ។ ពួកគេធ្វើដូច្នេះដោយមិនគោរពច្បាប់ចរាចរណ៍ លួចចម្លងពេលប្រឡង បន្លំលួចប្រាក់រដ្ឋ ឬធ្វើអ្វីៗអាក្រក់ជាងនេះទៅទៀត។ កាលណាការអនុវត្តច្បាប់គឺធូររលុង ឬពេលមនុស្សមិនភ័យខ្លាចពួកអាជ្ញាធរចាប់ពួកគេ នោះមនុស្សដែលធម្មតាគោរពច្បាប់ ហ៊ានធ្វើអ្វីដែលធម្មតាពួកគេមិនធ្វើសោះ។ ទស្សនាវដ្ដីមួយបានសង្កេតឃើញថា៖ «ពេលឃើញឧក្រិដ្ឋជនគេចផុតយ៉ាងងាយពីទោស នេះមើលទៅជំរុញទឹកចិត្តពលរដ្ឋសាមញ្ញធម្មតាឲ្យប្រព្រឹត្តបទឧក្រិដ្ឋដ៏ឃោរឃៅ» (Arguments and Facts)។
▪ «មនុស្សទាំងអស់ត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។ រួចមក ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង»។—យ៉ាកុប ១:១៤, ១៥
មនុស្សទាំងអស់អាចមានគំនិតខុសឆ្គង។ រៀងរាល់ថ្ងៃ យើងទទួលយោបល់រាប់មិនអស់និងសេចក្ដីល្បួងផ្សេងៗដែលនាំឲ្យយើងធ្វើខុស។ នៅសម័យគម្ពីរ គ្រិស្តសាសនិកបានត្រូវប្រាប់ថា៖ «គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ»។ (កូរិនថូសទី១ ១០:១៣) ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃសេចក្ដីល្បួងគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់បុគ្គលនោះ ពោលគឺបំបាត់ចោលភ្លាមៗនូវគំនិតអាក្រក់នោះ ឬ បន្តគិត ហើយឲ្យគំនិតនោះដុះដាលឡើង។ បទគម្ពីរខាងលើដែលដកស្រង់ពីសំបុត្រដែលព្រះបានដឹកនាំយ៉ាកុបឲ្យសរសេរ បានព្រមានថា បើយើងឲ្យសេចក្ដីប៉ងប្រាថ្នាខុសឆ្គង«ចាប់មានគភ៌» នោះយើងប្រាកដជានឹងប្រព្រឹត្តអំពើអាក្រក់ជាមិនខាន។
▪ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វ នឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភាសិត ១៣:២០
ការសេពគប់របស់យើងអាចមានឥទ្ធិពលខ្លាំងមកលើយើង ទោះល្អក្ដីឬអាក្រក់ក្ដី។ ជាញឹកញយ ដោយសារមានការបង្ខិតបង្ខំពីមិត្តភក្ដិឬការសេពគប់អាក្រក់ នោះមនុស្សសុខចិត្តធ្វើអ្វីដែលគេគ្មានបំណងធ្វើដែលនាំឲ្យពួកគេទទួលលទ្ធផលអាក្រក់។ ក្នុងគម្ពីរ «មនុស្សល្ងីល្ងើ»មិនមែនសំដៅទៅលើពួកអ្នកដែលខ្វះបញ្ញាទេ តែពួកអ្នកដែលមិនអើពើនឹងដំបូន្មានដែលមានប្រយោជន៍ពីបណ្ដាំរបស់ព្រះ។ ទោះជាយើងមានវ័យក្មេងឬចាស់ក្ដី បើយើងមិនរើសឲ្យបានល្អនូវមិត្តភក្ដិនិងមនុស្សដែលយើងសេពគប់ទេ ពោលគឺជ្រើសរើសតាមខ្នាតតម្រាដ៏ល្អពីគម្ពីរ នោះយើងអាចប្រាកដថាយើងនឹង«ត្រូវខូចបង់»។
បទគម្ពីរទាំងនេះនិងបទគម្ពីរជាច្រើនឯទៀត ពន្យល់យ៉ាងចំៗអំពីមូលហេតុដែលមនុស្សធម្មតាដែលមិនធ្លាប់ល្មើសច្បាប់ បែរជាប្រព្រឹត្តអំពើអាក្រក់វិញ សូម្បីតែអំពើអាក្រក់ជួជាតិក្ដី។ គឺជាការល្អដែលយើងយល់អំពីអ្វីដែលជំរុញមនុស្សឲ្យធ្វើអំពើអាក្រក់ តែតើយើងអាចសង្ឃឹមថានឹងមានការផ្លាស់ប្ដូរដែលនឹងនាំឲ្យមានជីវិតល្អប្រសើរជាងឬទេ? ពិតជាមានសង្ឃឹមមែន ពីព្រោះគម្ពីរមិនគ្រាន់តែពន្យល់អំពីមូលហេតុដែលមនុស្សប្រព្រឹត្តអំពើឃោរឃៅប៉ុណ្ណោះទេ តែក៏បានសន្យាដែរថាអំពើបែបនោះនឹងលែងមានទៀត។ តើមានសេចក្ដីសន្យាអ្វីខ្លះ? តើអំពើអាក្រក់ទាំងឡាយពិតជានឹងមានទីបញ្ចប់ឬទេ? អត្ថបទបន្ទាប់នឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។