លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះបង្កើតអ្វីៗទាំងអស់ដោយប្រើសកម្មពលបរិសុទ្ធ!

ព្រះបង្កើតអ្វីៗទាំងអស់ដោយប្រើសកម្មពលបរិសុទ្ធ!

ព្រះ​បង្កើត​អ្វី​ៗ​ទាំង​អស់​ដោយ​ប្រើស​កម្ម​ពល​បរិសុទ្ធ!

​«​ផ្ទៃ​មេឃ​បាន​កើត​មក ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា ហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយ​សារ​ខ្យល់[​ឬ​«​សកម្មពល​បរិសុទ្ធ​»​]​ពី​ព្រះ​ឱស្ឋ​ទ្រង់​»។—ទំនុក. ៣៣:៦; ព.ថ.

១, ២​. (​ក​) ស្តី​អំពី​សកលលោក​និង​ផែនដី តើ​មនុស្ស​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ឡើង​ៗ​តាម​របៀប​ណា? (​ខ​) តើ​យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​មួយ​ណា?

ជាង​១០០​ឆ្នាំ​មុន អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ជឿ​ថាស​កល​លោក​មាន​កាឡាក់ស៊ី​តែ​មួយ​ប៉ុណ្ណោះ គឺ​កាឡាក់ស៊ី​មី​ល​គី​វ៉េ។ ពួក​គេ​ពិត​ជា​ប៉ាន់ស្មាន​ខុស​អំពី​ទំហំ​នៃ​សកលលោក​មែន! សព្វ​ថ្ងៃ​នេះ ពួក​គេ​ជឿ​ថាស​កល​លោក​មាន​ជាង​១០០​ពាន់​លាន​កាឡាក់ស៊ី ដែល​ក្នុង​កាឡាក់ស៊ី​ខ្លះ​មាន​រាប់​ពាន់​លាន​ផ្កាយ។ ពេល​ដែល​មនុស្ស​ប្រើ​កែវ​យឹត​ធំ​ជាង​សម្រាប់​មើល​ផ្កាយ​ពី​ផែនដី ពួក​គេ​ឃើញ​ថា​ចំនួន​កាឡាក់ស៊ី​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។

បើ​មនុស្ស​មិន​សូវ​យល់​ដឹង​អំពី​រឿង​វិទ្យាសាស្ត្រ​ស្តី​អំពី​សកល​លោក​ជាង​១០០​ឆ្នាំ​មុន​ទេ នោះ​ពួក​គេ​ក៏​មិន​សូវ​យល់​ដឹង​អំពី​ផែនដី​ដែរ។ ពិត​មែន​តែ​មនុស្ស​ដែល​រស់​នៅ​១០០​ឆ្នាំ​មុន មាន​ការ​យល់​ដឹង​ច្រើន​ជាង​ជីដូន​ជីតា​របស់​ពួក​គេ​មែន ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​យើង​យល់​ដឹង​ច្បាស់​ជាង​ពួក​គេ​ទៅ​ទៀត​ស្តី​អំពី​សោភណភាព ភាព​សាំញ៉ាំ​នៃ​ជីវិត និង​ប្រព័ន្ធ​ធម្មជាតិ​ដែល​ទ្រទ្រង់​ជីវិត​នៅ​ផែនដី។ យើង​ដឹង​ថា​នៅ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត យើង​ប្រាកដជា​អាច​រៀន​ចេះ​ដឹង​ច្រើន​ជាង​ឥឡូវ​នេះ​អំពី​ផែនដី​និង​សកលលោក​ជា​មិន​ខាន។ ក៏​ប៉ុន្តែ ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​យើង​សួរ​ថា តើ​អ្វី​ៗ​ទាំង​អស់​បាន​កើត​មក​ដោយ​របៀប​ណា? គម្ពីរ​បរិសុទ្ធ​ជា​វិធី​តែ​មួយ​គត់​ដែល​ព្រះ​ដ៏​ជា​អ្នក​បង្កើត​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។

អ្វី​ៗ​ទាំង​អស់​បាន​កើត​មក​យ៉ាង​អស្ចារ្យ

៣, ៤​. តើ​ព្រះ​បាន​បង្កើត​សកលលោក​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​អ្វី​ៗ​ទាំង​នោះ​បាន​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​យ៉ាង​ដូច​ម្ដេច?

ពាក្យ​ផ្ដើម​នៃ​គម្ពីរ​បាន​ពន្យល់​អំពី​ដើម​កំណើត​របស់​សកលលោក ដោយ​ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ (​លោ. ១:១​) ដោយ​គ្មាន​វត្ថុ​ធាតុ​ណា​មួយ​សោះ ព្រះ​យេហូវ៉ា​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក​ដើម្បី​បង្កើត​មេឃ ផែន​ដី​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​សកលលោក។ តាម​ធម្មតា សិប្បករ​ម្នាក់​ប្រើ​ដៃ​និង​ឧបករណ៍​ផ្សេង​ៗ​ដើម្បី​ធ្វើ​របស់​ណា​មួយ តែ​ព្រះ​វិញ លោក​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​បង្កើត​របស់​ដ៏​អស្ចារ្យ​ទាំង​ឡាយ។

បទ​គម្ពីរ​បាន​ប្រៀប​ធៀប​សកម្មពល​បរិសុទ្ធ​ទៅ​នឹង​«​ម្រាម​ដៃ​»​របស់​ព្រះ។ (​លូក. ១១:២០; ម៉ាថ. ១២:២៨​) ម្យ៉ាង​ទៀត ​«​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ​»​ ពោល​គឺ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​មក​ដោយ​ប្រើស​កម្ម​ពល​បរិសុទ្ធ នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​ដ៏​លើស​លប់។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ផ្ទៃ​មេឃ​សំ​ដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ​»។ (​ទំនុក. ១៩:១​) ប្រាកដ​មែន អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ដែល​យើង​អាច​មើល​ឃើញ​បង្ហាញ​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​ថាមពល​ដ៏​អស្ចារ្យ​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​រ៉ូម ១:២០​) តើ​នេះ​បង្ហាញ​តាម​របៀប​ណា?

ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត​របស់​ព្រះ

៥​. សូម​លើក​ឧទាហរណ៍​ដែល​បង្ហាញ​អំពី​ឫទ្ធានុភាព​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។

សកលលោក​ដ៏​ធំ​ធេង​ដែល​ហួស​ពី​ការ​នឹក​ស្មាន​របស់​យើង ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​និង​ថាមពល​មិន​ចេះ​អស់​ឡើយ។ (​សូម​អាន អេសាយ ៤០:២៦) សូម​គិត​អំពី​ព្រះអាទិត្យ។ ព្រះអាទិត្យ​ជា​ផ្កាយ​មួយ​ដែល​មាន​កម្ដៅ​១៥​លាន​អង្សា ហើយ​វា​មាន​ចម្ងាយ​ជាង​១៥០​លាន​គីឡូម៉ែត្រ​ពី​ផែនដី។ ទោះ​ជា​ព្រះ​អាទិត្យ​បញ្ចេញ​កម្ដៅ​ដ៏​ខ្លាំង​ក្រៃ​លែង​ក៏​ដោយ តែ​វា​មាន​ចម្ងាយ​ត្រឹម​ត្រូវ​ពី​ផែនដី​ដើម្បី​ឲ្យ​ភាវរស់​ដែល​នៅ​ផែនដី​មាន​ជីវិត​រស់​នៅ​បាន។ ពិត​ជា​ត្រូវ​ការ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់ មិន​គ្រាន់តែ​ព្រះអាទិត្យ​ប៉ុណ្ណោះ​ទេ តែ​រួម​ទាំង​ផ្កាយ​រាប់​ពាន់​លាន​ផង​ដែរ។ ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​ដើម្បី​ធ្វើ​ដូច្នេះ​បាន។

៦, ៧​. (​ក​) ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា​ព្រះ​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក​ដោយ​មាន​របៀប​រៀប​រយ? (​ខ​) តើ​អ្វី​បង្ហាញ​ថាស​កល​លោក​មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ?

នៅ​ជុំ​វិញ​ខ្លួន​យើង​មាន​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​ដោយ​មាន​របៀប​រៀប​រយ។ ឧបមា​ថា អ្នក​មាន​ប្រអប់​មួយ​ដាក់​គ្រាប់​កូន​បាល់​ដែល​មាន​ពណ៌​ផ្សេង​ៗ​នៅ​ក្នុង​នោះ។ អ្នក​ក្រឡុក​ប្រអប់​នោះ។ បន្ទាប់​មក អ្នក​ចាក់​គ្រាប់​កូន​បាល់​នោះ​ចេញ។ តើ​អ្នក​គិត​ថា​កូន​បាល់​ពណ៌​លឿង​នៅ​មួយ​ក្រុម ពណ៌​ខៀវ​នៅ​មួយ​ក្រុម ហើយ​បាល់​ឯ​ទៀត​នៅ​តាម​ពណ៌​វា​ឬ​ទេ? ប្រាកដជា​មិន​ដូច្នេះ​ទេ! ដូច​គ្នា​ដែរ សណ្ដាប់​ធ្នាប់​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​បាន​ទេ។ មនុស្ស​យល់​ស្រប​ថា​ចំណុច​នេះ​ជា​ច្បាប់​ធម្មជាតិ។

ពេល​យើង​សិក្សា​អំពី​សកលលោក តើ​យើង​រៀន​អំពី​អ្វី​ខ្លះ? យើង​រៀន​ថា​មាន​ប្រព័ន្ធ​នៃ​កាឡាក់ស៊ី កញ្ចុំ​ផ្កាយ និង​ភព​ផ្សេង​ៗ​ដែល​មាន​របៀប​រៀប​រយ​បំផុត ហើយ​កំពុង​តែ​ធ្វើ​ចលនា​យ៉ាង​ទៀង​ទាត់។ របស់​ទាំង​នេះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​ឬ​ដោយ​គ្មាន​ការ​គ្រោង​ទុក​បាន​ឡើយ។ ដូច្នេះ​យើង​ត្រូវ​សួរ​ថា នៅ​ដើម​ដំបូង តើ​ព្រះ​បាន​ប្រើ​ថាមពល​អ្វី​ដើម្បី​បង្កើត​សកលលោក​យ៉ាង​មាន​សណ្ដាប់​ធ្នាប់? វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​មិន​អាច​សម្គាល់​អំពី​ថាមពល​ពិត​ដែល​បង្កើត​សក​លោក​យើង​បាន​ទេ។ ក៏​ប៉ុន្តែ គម្ពីរ​បាន​ប្រាប់​ថា​ថាមពល​នោះ​គឺ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​ជា​ថាមពល​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​សកលលោក។ អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ផ្ទៃ​មេឃ​បាន​កើត​មក ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា ហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយ​សារ​ខ្យល់[​ឬ​«​សកម្មពល​បរិសុទ្ធ​»​]​ពី​ព្រះ​ឱស្ឋ​ទ្រង់​»។ (​ទំនុក. ៣៣:៦; ព.ថ.​) ម្យ៉ាង​ទៀត នៅ​ពេល​យប់ បើ​យើង​មើល​ដោយ​ភ្នែក​ទទេ យើង​អាច​ឃើញ​«​បរិវារ​»​ដែល​ជា​ផ្កាយ​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ!

សកម្មពល​បរិសុទ្ធ​និង​ផែនដី

៨​. ស្តី​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត តើ​ចំណេះ​ដឹង​របស់​យើង​មាន​ច្រើន​ប៉ុណ្ណា?

បើ​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ក្នុង​ធម្មជាតិ នោះ​ចំណេះ​ដឹង​របស់​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​ស្តី​អំពី​រឿង​នេះ​គឺ​មាន​តិច​តួច​ណាស់។ ស្តី​អំពី​ចំណេះ​ដឹង​របស់​យើង​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត នោះ​បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​យ៉ូប​បាន​ស្រដី​ថា​៖ ​«​មើល! ការ​ទាំង​នេះ​គ្រាន់តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវ​ៗ​យ៉ាង​ណា​ទៅ​»។ (​យ៉ូប ២៦:១៤​) រាប់​រយ​ឆ្នាំ​ក្រោយ​មក ស្តេច​សាឡូម៉ូន​ជា​អ្នក​ដែល​ពូកែ​សង្កេត​មើល​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​[​ព្រះ​]​បាន​បង្កើត​របស់​សព្វសារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន​ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ​»។—សាស្ដ. ៣:​១១; ៨:១៧

៩, ១០​. តើ​ព្រះ​ប្រើ​អ្វី​ដើម្បី​បង្កើត​ផែនដី? ហើយ​ក្នុង​អំឡុង​បី​ថ្ងៃ​ដំបូង​នៃ​ការ​បង្កើត តើ​លោក​បាន​បង្កើត​អ្វី​ខ្លះ?

ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​នូវ​ព័ត៌មាន​សំខាន់​ៗ​ស្តី​អំពី​ស្នា​ដៃ​របស់​លោក។ ជា​ឧទាហរណ៍ បទ​គម្ពីរ​ចែង​ថាស​កម្ម​ពល​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​មក​លើ​ផែនដី​តាំង​ពី​យូរ​យារ​មក​ហើយ។ (​សូម​អាន លោកុប្បត្តិ ១:២) នៅ​ពេល​នោះ ផែនដី​គ្មាន​ដី​គោក គ្មាន​ពន្លឺ ហើយ​តាម​មើល​ទៅ​ក៏​គ្មាន​ខ្យល់​សម្រាប់​ឲ្យ​យើង​ដក​ដង្ហើម​ដែរ។

១០ គម្ពីរ​បាន​ពណ៌​នា​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នៅ​ក្នុង​ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត។ ថ្ងៃ​នីមួយ​ៗ​នោះ​មិន​មាន​រយៈ​ពេល​២៤​ម៉ោង​មែនទែន​ទេ តែ​មាន​រយៈ​ពេល​យូរ។ នៅ​ថ្ងៃ​ទី​១​នៃ​ការ​បង្កើត ព្រះ​បាន​ធ្វើ​ឲ្យ​ផែនដី​ចាប់​ផ្ដើម​មាន​ពន្លឺ។ ដំណើរ​ការ​នេះ​បាន​បន្ត​រហូត​ដល់​ព្រះអាទិត្យ​និង​ព្រះ​ចន្ទ​អាច​ត្រូវ​មើល​ឃើញ​ច្បាស់​ពី​ផែនដី។ (​លោ. ១:៣, ១៤​) នៅ​ថ្ងៃ​ទី​២ ចាប់​ផ្ដើម​មាន​បរិយាកាស។ (​លោ. ១:៦​) នៅ​ពេល​នោះ ផែនដី​មាន​ទឹក ខ្យល់ និង​ពន្លឺ តែ​មិន​ទាន់​មាន​ដី​គោក​ទេ។ នៅ​ដើម​ថ្ងៃ​ទី​៣​នៃ​ការ​បង្កើត ព្រះ​យេហូវ៉ា​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​ធ្វើ​ឲ្យ​ដី​គោក​ដុះ​ឡើង​ពី​បាត​សមុទ្រ។ (​លោ. ១:៩​) នៅ​ថ្ងៃ​ទី​៣​និង​ថ្ងៃ​ឯ​ទៀត​នៃ​ការ​បង្កើត ក៏​មាន​ការ​អស្ចារ្យ​ឯ​ទៀត​កើត​ឡើង​ដែរ។

សកម្មពល​បរិសុទ្ធ​និង​ភាវរស់​ទាំង​ឡាយ

១១​. តើ​ភាវរស់​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ មាន​រូបរាង​ខុស​ៗ​គ្នា និង​ស្អាត​ៗ​បង្ហាញ​ឲ្យ​ឃើញ​អំពី​អ្វី?

១១ ព្រះ​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​បង្កើត​ភាវរស់​ទាំង​ឡាយ​យ៉ាង​មាន​របៀប​រៀប​រយ​បំផុត។ ដោយ​ប្រើស​កម្ម​ពល​បរិសុទ្ធ​ក្នុង​អំឡុង​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៦​នៃ​ការ​បង្កើត ព្រះ​បាន​បង្កើត​យ៉ាង​អស្ចារ្យ​នូវ​រុក្ខជាតិ​និង​សត្វ​ដែល​មាន​ប្រភេទ​ខុស​ៗ​គ្នា​ជា​ច្រើន។ (​លោ. ១:​១១, ២០​-​២៥​) ដូច្នេះ​ហើយ ភាវរស់​ជា​ច្រើន​រាប់​មិន​អស់​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ មាន​រូបរាង​ខុស​ៗ​គ្នា និង​ស្អាត​ៗ​ដែល​បាន​បង្ហាញ​ថា​មាន​ការ​គ្រោង​បង្កើត​យ៉ាង​អស្ចារ្យ​បំផុត។

១២​. (​ក​) តើ​ឌីអេនអេ​មាន​មុខ​ងារ​អ្វី? (​ខ​)​ ដោយ​សារ​ឌីអេនអេ​តែង​តែ​ចម្លង​ព័ត៌មាន​យ៉ាង​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឲ្យ​ភាវរស់​មាន​ដំណើរ​ការ​តាម​មុខ​ងារ​របស់​វា តើ​នេះ​បង្ហាញ​អំពី​អ្វី?

១២ សូម​គិត​អំពី​ឌីអេនអេ​ឬ​អាដេអិន (​អាស៊ីត​ដេអុកស៊ីរីបូនុយក្លេអ៊ិច​) ដែល​ជា​គីមី​មួយ​ក្នុង​កោសិកា​របស់​ជីវិត​ទាំង​ឡាយ​ដែល​ផ្ដល់​ព័ត៌មាន​អំពី​លក្ខណៈ​ពី​តំណ​មួយ​ទៅ​តំណ​មួយ។ ជីវិត​ទាំង​អស់​នៅ​ផែនដី រួម​មាន​មីក្រុប ស្មៅ ដំរី ត្រី​បាឡែនពណ៌ខៀវ​និង​មនុស្ស បន្ត​ពូជ​ដោយ​ប្រើ​ឌីអេនអេ។ ទោះ​ជា​ភាវរស់​ទាំង​នោះ​មាន​ប្រភេទ​ខុស​ៗ​គ្នា​ក៏​ដោយ ពេល​ដែល​ភាវរស់​ទាំង​នោះ​បន្ត​ពូជ ឌីអេនអេ​នោះ​ចម្លង​ព័ត៌មាន​យ៉ាង​ត្រឹម​ត្រូវ​ពី​តំណ​មួយ​ទៅ​តំណ​មួយ។ ម្យ៉ាង​ទៀត ឌីអេនអេ​បាន​ជួយ​រក្សា​ឲ្យ​ភាវរស់​គ្រប់​ប្រភេទ​មាន​លក្ខណៈ​ខុស​ពី​គ្នា ទោះ​បី​ជា​រាប់​រយ​តំណ​ក៏​ដោយ។ ហេតុ​នេះ​ហើយ ភាវរស់​ផ្សេង​ៗ​នៅ​ផែនដី នៅ​តែ​មាន​ដំណើរ​ការ​តាម​មុខ​ងារ​របស់​វា​ក្នុង​ធម្មជាតិ ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ១៣៩:១៦​) ការ​រៀប​ចំ​ឲ្យ​មាន​ឌីអេនអេ​ពិត​ជា​អស្ចារ្យ​និង​មាន​របៀប​រៀប​រយ ហើយ​នេះ​ផ្ដល់​ទី​សំ​អាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក​ដោយ​សកម្មពល​បរិសុទ្ធ​ឬ​«​ម្រាម​ដៃ​»​របស់​ព្រះ។

ការ​បង្កើត​ដ៏​អស្ចារ្យ​ជាង​គេ​នៅ​លើ​ផែនដី

១៣​. តើ​ព្រះ​បាន​បង្កើត​មនុស្ស​យ៉ាង​ដូច​ម្ដេច?

១៣ ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ព្រះ​បាន​បង្កើត​របស់​ដែល​មាន​ជីវិត​និង​របស់​ដែល​គ្មាន​ជីវិត​យ៉ាង​ច្រើន​ឥត​គណនា ហើយ​ផែនដី​មិន​មាន​អ្វី​ដែល​«​ខូច ហើយ​នៅ​ទទេ​»​ទៀត​ឡើយ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​ទាន់​ឈប់​ប្រើស​កម្ម​ពល​បរិសុទ្ធ​ក្នុង​ការ​បង្កើត​ទេ។ លោក​ហៀប​នឹង​បង្កើត​អ្វី​ដ៏​អស្ចារ្យ​ជាង​គេ​នៅ​ផែនដី។ នៅ​ចុង​ថ្ងៃ​ទី​៦​នៃ​ការ​បង្កើត ព្រះ​បាន​បង្កើត​មនុស្ស។ តើ​ព្រះ​បាន​បង្កើត​មនុស្ស​យ៉ាង​ដូច​ម្ដេច? លោក​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក និង​ធាតុ​ផ្សេង​ៗ​នៃ​ផែន​ដី។—លោ. ២:៧

១៤​. តើ​មនុស្ស​និង​សត្វ​ខុស​គ្នា​យ៉ាង​ណា?

១៤ លោកុប្បត្តិ ១:២៧​ចែង​ថា​៖ ​«​[​ព្រះ​]​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូបអង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូបអង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី​»។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​ដូច​រូប​លោក ដែល​មាន​ន័យ​ថា​យើង​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​សេរី ថែម​ទាំង​អាច​មាន​ចំណង​មេត្រី​ភាព​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​ផង​ដែរ។ ហេតុ​នេះ ខួរ​ក្បាល​របស់​យើង​និង​ខួរ​ក្បាល​របស់​សត្វ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ព្រះ​យេហូវ៉ា​បាន​គ្រោង​បង្កើត​ខួរ​ក្បាល​របស់​មនុស្ស​យើង ក្នុង​បំណង​ឲ្យ​យើង​អាច​រំភើប​ចិត្ត​ជា​និច្ច​ក្នុង​ការ​រៀន​អំពី​លោក​និង​អំពី​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។

១៥​. តើ​អាដាម​និង​អេវ៉ា​មាន​ឱកាស​អ្វី​ខ្លះ?

១៥ នៅ​ដើម​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស ព្រះ​បាន​ផ្ដល់​ផែនដី​និង​អ្វី​ៗ​ដ៏​អស្ចារ្យ​នៅ​លើ​ផែនដី​នេះ​ដល់​អាដាម​និង​អេវ៉ា ដើម្បី​ឲ្យ​ពួក​គេ​សប្បាយ​នឹង​អ្វី​ៗ​ទាំង​នោះ។ (​លោ. ១:២៨​) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​ម្ហូប​ជា​បរិបូរ​និង​ទី​លំនៅ​ដែល​ជា​សួន​ឧទ្យាន​ដល់​ពួក​គេ។ ពួក​គេ​មាន​ឱកាស​រស់​នៅ​ជា​រៀង​រហូត ហើយ​ក្លាយ​ទៅ​ជា​ឪពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​សម្រាប់​កូន​ចៅ​រាប់​ពាន់​លាន​នាក់​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់​នេះ​មិន​បាន​កើត​ឡើង​ដូច​ដែល​បាន​គិត​ទុក​នោះ​ទេ។

ចូរ​ទទួល​ស្គាល់​តួនាទី​នៃ​សកម្មពល​បរិសុទ្ធ

១៦​. ទោះ​ជា​មនុស្ស​ដំបូង​បាន​បះបោរ​ប្រឆាំង​ក៏​ដោយ តើ​យើង​មាន​សេចក្ដី​សង្ឃឹម​អ្វី​ខ្លះ?

១៦ ជា​ជាង​មាន​ចិត្ត​កតញ្ញូ​និង​ស្ដាប់​បង្គាប់​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​ពួក​គេ អាដាម​និង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​លោក​ដោយ​គិតតែ​ពី​ប្រយោជន៍​ខ្លួន​វិញ។ ជា​លទ្ធផល កូន​ចៅ​របស់​ពួក​គេ​ទាំង​អស់​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​រង​ទុក្ខវេទនា។ ប៉ុន្តែ គម្ពីរ​ពន្យល់​អំពី​របៀប​ដែល​ព្រះ​នឹង​បំបាត់​ចោល​នូវ​ការ​ខូច​ខាត​ទាំង​អស់​ដែល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​នាំ​ឲ្យ​មាន​ពេល​ពួក​គេ​ធ្វើ​អំពើ​ខុស​ឆ្គង។ បទ​គម្ពីរ​ក៏​បង្ហាញ​ដែរ​ថា​ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​ដែល​លោក​មាន​តាំង​ពី​ដើម​ដំបូង ពោល​គឺ​ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​និង​សុភមង្គល ថែម​ទាំង​ពួក​គេ​នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ផង​ដែរ។ (​លោ. ៣:១៥​) ដើម្បី​រក្សា​ជំនឿ​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​នេះ យើង​ត្រូវ​ការ​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

១៧​. តើ​យើង​មិន​ត្រូវ​មាន​គំនិត​បែប​ណា?

១៧ យើង​គួរតែ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​លូក. ១១:១៣​) ដោយ​ធ្វើ​ដូច្នេះ នេះ​នឹង​ជួយ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ឲ្យ​ជឿ​ថា ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​មែន។ សព្វ​ថ្ងៃ​នេះ ការ​ឃោសនា​អំពី​ការ​វិវត្តន៍​និង​ជំនឿ​ដែល​ថា​គ្មាន​ព្រះ នោះ​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​ការ​ឃោសនា​ទាំង​នោះ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​វែក​ញែក​ត្រឹម​ត្រូវ​ទេ។ ម្យ៉ាង​ទៀត ការ​ឃោសនា​នេះ​មាន​នៅ​គ្រប់​ទី​កន្លែង ដូច្នេះ​យើង​មិន​គួរ​ឲ្យ​គំនិត​ខុស​បែប​នេះ ធ្វើ​ឲ្យ​យើង​យល់​ច្រឡំ​ឬ​ភ័យ​ខ្លាច​ឡើយ។ គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​ការ​ឃោសនា​ទាំង​នេះ ហើយ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា​ស្តី​អំពី​រឿង​នេះ​ដែរ។—សូម​អាន កូឡុស ២:៨

១៨​. បើ​យើង​គិត​អំពី​ដើម​កំណើត​នៃ​សកលលោក​និង​មនុស្ស​ជាតិ ហើយ​មិន​បាន​ជឿ​ថា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​ឈ្លាស​វៃ​ម្នាក់​នោះ​ទេ ហេតុ​អ្វី​នេះ​គឺជា​គំនិត​មិន​ត្រឹម​ត្រូវ?

១៨ បើ​យើង​ពិនិត្យ​មើល​ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​នូវ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ នោះ​ប្រាកដជា​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​គម្ពីរ​និង​ព្រះ​ផ្ទាល់។ ពេល​មនុស្ស​ជា​ច្រើន​គិត​អំពី​ដើម​កំណើត​នៃ​សកលលោក​និង​មនុស្ស​ជាតិ ពួក​គេ​គិត​ថា បើ​ពួក​វិទ្យាសាស្ត្រ​មិន​បាន​រក​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​មាន​ថាមពល​ណា​មួយ​ដែល​បង្កើត​សកលលោក​ទេ គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ​ឲ្យ​ពួក​គេ​ជឿ​ទៅ​លើ​ថាមពល​នោះ។ ប៉ុន្តែ បើ​យើង​មាន​ទស្សនៈ​ដូច្នេះ គឺ​យើង​មាន​ចិត្ត​លំ​អៀង​រួច​ហើយ ក្នុង​ការ​ពិចារណា​អំពី​ទី​សំ​អាង​ទាំង​អស់។ ម្យ៉ាង​ទៀត យើង​នឹង​មិន​អើពើ​ទេ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក​ជា​ច្រើន​«​ឥត​គណនា​»​ ដែល​អ្វី​ៗ​ទាំង​នោះ​កំពុង​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ថា ព្រះ​បាន​បង្កើត​របស់​ទាំង​នោះ​ដោយ​មាន​បំណង និង​មាន​របៀប​រៀប​រយ។ (​យ៉ូប ៩:១០; ទំនុក. ១០៤:​២៥​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ដឹង​ប្រាកដ​ថា​ថាមពល​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ គឺជា​សកម្មពល​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ព្រះ​យេហូវ៉ា។

សកម្មពល​បរិសុទ្ធ​និង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ

១៩​. ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ តើ​មាន​ភ័ស្តុតាង​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​ពិត​ជា​មាន​ព្រះ និង​មាន​សកម្មពល​បរិសុទ្ធ​របស់​លោក​មែន?

១៩ ស្តី​អំពី​ការ​បង្កើត យើង​មិន​ចាំ​បាច់​ដឹង​អ្វី​ៗ​ទាំង​អស់​ដើម្បី​យើង​អាច​មាន​ជំនឿ សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​លើ​ព្រះ​នោះ​ទេ។ ដូច​ចំណង​មិត្តភាព​រវាង​មនុស្ស ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ត្រូវ​ផ្អែក​លើ​អ្វី​ច្រើន​ជាង​ហេតុ​ការណ៍​ពិត។ ពេល​មិត្ត​ភក្ដិ​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ នោះ​ពួក​គេ​ក៏​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​ដែរ។ យ៉ាង​ណា​មិញ ពេល​ដែល​យើង​រៀន​អំពី​លោក​កាន់​តែ​ច្រើន នោះ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​ក៏​កាន់​តែ​រឹង​មាំ​ឡើង​ដែរ។ យើង​នឹង​ដឹង​ថា​ពិត​ជា​មាន​ព្រះ​មែន ពេល​ដែល​លោក​ធ្វើ​តាម​សំណូម​ពរ​ដែល​យើង​សុំ​ក្នុង​ការ​អធិដ្ឋាន ថែម​ទាំង​ពេល​ដែល​យើង​ឃើញ​អំពី​លទ្ធផល​ដ៏​ល្អ​ដែល​មក​ពី​ការ​អនុវត្ត​តាម​គោលការណ៍​របស់​លោក​ក្នុង​ជីវិត​របស់​យើង។ យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​ឃើញ​ភ័ស្តុតាង​កាន់​តែ​ច្រើន​ថា​លោក​កំពុង​តែ​ណែនាំ​យើង រក្សា​ការពារ​យើង ឲ្យ​ពរ​ដល់​យើង​ក្នុង​កិច្ច​បម្រើ​លោក និង​ផ្ដល់​ឲ្យ​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ជា​ដើម។ អ្វី​ៗ​ទាំង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ដែល​មិន​អាច​ប្រកែក​បាន​ថា​ពិត​ជា​មាន​ព្រះ និង​មាន​សកម្មពល​បរិសុទ្ធ​របស់​លោក​មែន។

២០​. (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​បង្កើត​សកលលោក​និង​មនុស្ស​ជាតិ? (​ខ​)​ បើ​យើង​បន្ត​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង តើ​នឹង​មាន​លទ្ធផល​អ្វី?

២០ គម្ពីរ​គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើស​កម្ម​ពល​របស់​លោក ដោយ​សារ​អ្នក​សរសេរ​គម្ពីរ​«​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។ (​២ពេ. ១:​២១​) ការ​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​ថា​លោក​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​បប. ៤:១១​) ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​លោក។ (​១យ៉ូន. ៤:៨​) ដូច្នេះ សូម​ឲ្យ​យើង​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ជា​ទី​ស្រឡាញ់​របស់​យើង​នៅ​ស្ថាន​សួគ៌​និង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​យើង​ដែរ។ ចំពោះ​យើង​វិញ បើ​យើង​បន្ត​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង យើង​នឹង​មាន​ឯកសិទ្ធិ​រៀន​អំពី​លោក​ជា​រៀង​រហូត។ (​កាឡ. ៥:១៦, ២៥​) សូម​ឲ្យ​យើង​ម្នាក់​ៗ​នៅ​តែ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​លោក​ជា​និច្ច ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​អស់​ដែល​លោក​បាន​បង្ហាញ​ពេល​លោក​ប្រើស​កម្ម​ពល​បរិសុទ្ធ​នោះ​ដើម្បី​បង្កើត​មេឃ ផែនដី និង​មនុស្ស​ជាតិ។

តើ​អ្នក​អាច​ពន្យល់​ឬ​ទេ?

• តើ​មេឃ​និង​ផែនដី​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះ​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក?

• តើ​ការ​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក​បាន​ផ្ដល់​ឱកាស​អ្វី​ដល់​យើង?

• ហេតុ​អ្វី​យើង​ត្រូវ​តែ​ពិនិត្យ​មើល​នូវ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​មាន​អ្នក​បង្កើត?

• តើ​យើង​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​ជិត​ស្និទ្ធ​តាម​វិធី​ណាខ្លះ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៣​]

សកលលោក​មាន​របៀប​រៀប​រយ តើ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​ស្តី​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​មក?

[អ្នក​ផ្ដល់​សិទ្ធិ]

Stars: Anglo-Australian Observatory/David Malin Images

[​រូបភាព​នៅ​ទំព័រ​១៥​]

ក្នុង​អ្វី​ៗ​ទាំង​អស់​នេះ តើ​ឌីអេនអេ​មាន​មុខ​ងារ​អ្វី?

[​រូបភាព​នៅ​ទំព័រ​១៦​]

តើ​អ្នក​បាន​ត្រៀម​ខ្លួន​ដើម្បី​និយាយ​ការពារ​ជំនឿ​របស់​អ្នក​ឬ​ទេ?