លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលសួនច្បារអេដែនសំខាន់ចំលោកអ្នក

មូលហេតុដែលសួនច្បារអេដែនសំខាន់ចំលោកអ្នក

មូលហេតុ​ដែល​សួន​ច្បារ​អេដែន​សំខាន់​ចំពោះ​លោក​អ្នក​

ក្នុង​ការ​ប្រឆាំង​នឹង​កំណត់​ហេតុ​អំពី​សួន​ច្បារ​អេដែន ពួក​អ្នក​ប្រាជ្ញ​បាន​លើក​ឡើង​ចំណុច​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ថា​គ្មាន​បទ​គម្ពីរ​ឯ​ទៀត​ដែល​គាំទ្រ​រឿង​នេះ​ទេ។ ជា​ឧទាហរណ៍ សាស្ដ្រាចារ្យ​ម្នាក់​ខាង​សាសនា​ឈ្មោះ​ប៉ូល ម៉ូរីស​បាន​សរសេរ​ថា​៖ ​«​គ្មាន​បទ​គម្ពីរ​ណា​សោះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោយ​មក ដែល​ទាក់​ទង​យ៉ាង​ចំ​ៗ​នឹង​រឿង​សួន​ច្បារ​អេដែន​ឡើយ​»។ ​«​អ្នក​ប្រាជ្ញ​»​ឯ​ទៀត​ប្រហែលជា​ឯកភាព​នឹង​ការ​សន្និដ្ឋាន​របស់​គាត់ តែ​នេះ​គឺ​ខុស​ស្រឡះ​ពី​ហេតុ​ការណ៍​ពិត​តែ​ម្ដង។

តាម​ពិត មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​សួន​ច្បារ​អេដែន អាដាម អេវ៉ា និង​សត្វ​ពស់។ * ប៉ុន្តែ​កំហុស​របស់​ពួក​អ្នក​ប្រាជ្ញ​គឺ​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​កំហុស​ដ៏​ធំ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​និង​ពួក​អ្នក​ដែល​ទិតៀន​គម្ពីរ។ ពួក​គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​ជឿ​ទៅ​លើ​កំណត់​ហេតុ​អំពី​សួន​ច្បារ​អេដែន ហើយ​ដោយ​ធ្វើ​ដូច្នេះ តាម​ពិត​ពួក​គេ​ក៏​ធ្វើ​ឲ្យ​មនុស្ស​មិន​ជឿ​ទៅ​លើ​គម្ពីរ​ទាំង​មូល​ដែរ។ តើ​ដោយ​របៀប​ណា?

ការ​យល់​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សួន​ច្បារ​អេដែន​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​យល់​ដឹង​ព័ត៌មាន​ឯ​ទៀត​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​សរសេរ​ដើម្បី​ជួយ​យើង​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​បំផុត​ដែល​មនុស្ស​ធ្លាប់​ឆ្ងល់។ ម្ដង​ហើយ​ម្ដង​ទៀត ចម្លើយ​ដែល​មាន​ក្នុង​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នោះ​សុទ្ធតែ​ទាក់​ទិន​នឹង​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​នៅ​សួន​ច្បារ​អេដែន។ សូម​ពិចារណា​នូវ​ចំណុច​ខ្លះ​ៗ។

ហេតុ​អ្វី​យើង​ចាស់​និង​ស្លាប់? អាដាម​និង​អេវ៉ា​នឹង​ត្រូវ​រស់​ជា​រៀង​រហូត បើ​ពួក​គេ​នៅ​តែ​បន្ត​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា។ មាន​តែ​ការ​បះបោរ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់។ តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បះបោរ​ប្រឆាំង​ព្រះ នៅ​ថ្ងៃ​នោះ​ពួក​គេ​ចាប់​ផ្ដើម​ស្លាប់។ (​លោកុប្បត្តិ ២:១៦, ១៧; ៣:១៩​) ពួក​គេ​លែង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទៀត ហើយ​អ្វី​ដែល​ពួក​គេ​អាច​ឲ្យ​ដល់​កូន​ចៅ​មាន​តែ​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​តែ​ប៉ុណ្ណោះ។ ហេតុ​នេះ គម្ពីរ​ពន្យល់​ថា​៖ ​«​ដូច​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។—រ៉ូម ៥:១២

ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​ទុច្ចរិត? ក្នុង​សួន​ច្បារ​អេដែន សាថាន​បាន​ចោទ​ថា​ព្រះ​ជា​អ្នក​កុហក​ដែល​លាក់​អ្វី​ដ៏​ល្អ​ពី​មនុស្ស​ជាតិ។ (​លោកុប្បត្តិ ៣:៣​-​៥​) យ៉ាង​នេះ វា​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ អាដាម និង​អេវ៉ា​សម្រេច​ចិត្ត​ស្ដាប់​តាម​សាថាន ហើយ​បាន​បដិសេធ​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ដោយ​ពួក​គេ​ធ្វើ​យ៉ាង​នេះ នោះ​ហាក់​ដូច​ជា​ពួក​គេ​អះអាង​ថា មនុស្ស​អាច​ជ្រើស​រើស​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់​ដោយ​ខ្លួន​ឯង។ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា និង​យុត្ដិធម៌​ដែល​ល្អ​ឥត​ខ្ចោះ លោក​ជ្រាប​ថា​មាន​វិធី​តែ​មួយ​គត់​ដើម្បី​ឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ពោល​គឺ​ទុក​ពេល​ឲ្យ​មនុស្ស​មាន​ឱកាស​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​តាម​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ អំពើ​ទុច្ចរិត​ដែល​បណ្ដាល​មក​ពី​ការ​គ្រប់​គ្រង​របស់​មនុស្ស ដែល​មួយ​ផ្នែក​មក​ពី​សាថាន បាន​បញ្ជាក់​បន្ដិច​ម្ដង​ៗ​នូវ​ការ​ពិត​មួយ ដែល​ថា​មនុស្ស​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​បាន​ឡើយ។—យេរេមា ១០:២៣

តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី? ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សួន​ច្បារ​អេដែន​ល្អ​ស្រស់បំព្រង។ លោក​បង្គាប់​អាដាម និង​អេវ៉ា​ឲ្យ​បង្កើត​កូន​ឲ្យ​មាន​ពេញ​ផែនដី ហើយ​«​បង្ក្រាប​»​ឬ​ថែ​រក្សា​ផែន​ដី​ទាំង​មូល​ដើម្បី​ឲ្យ​មាន​សោភណភាព​ដូច​សួន​ច្បារ​អេដែន។ (​លោកុប្បត្តិ ១:២៨​) ដូច្នេះ គោល​បំណង​របស់​ព្រះ​គឺ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​មួយ​សម្រាប់​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ជា​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា។ ព័ត៌មាន​ភាគ​ច្រើន​ក្នុង​គម្ពីរ​គឺ​រៀប​រាប់​អំពី​វិធី​ដែល​ព្រះ​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​ដើម​របស់​លោក។

ហេតុ​អ្វី​លោក​យេស៊ូ​គ្រិស្ត​កើត​មក​ជា​មនុស្ស​នៅ​ផែន​ដី? ការ​បះបោរ​ប្រឆាំង​នៅ​ក្នុង​សួន​ច្បារ​អេដែន​នាំ​ឲ្យ​អាដាម អេវ៉ា និង​កូន​ចៅ​របស់​ពួក​គេ​ទទួល​ការ​កាត់​ទោស​ដល់​ស្លាប់ ប៉ុន្តែ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ជាតិ​វិញ។ លោក​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែនដី​ដើម្បី​ផ្ដល់​នូវ​អ្វី​មួយ​ដែល​គម្ពីរ​ហៅ​ថា ថ្លៃ​លោះ។ (​ម៉ាថាយ ២០:២៨​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? គម្ពីរ​ហៅ​លោក​យេស៊ូ​ជា​«​អាដាម​ចុង​ក្រោយ​»​ដែល​លោក​បាន​សម្រេច​នូវ​អ្វី​ដែល​អាដាម​មិន​បាន​ធ្វើ។ លោក​យេស៊ូ​បាន​រក្សា​ភាព​ល្អ​ឥត​ខ្ចោះ​របស់​លោក​ដោយ​នៅ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ក្រោយ​មក លោក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ជីវិត​របស់​លោក​ជា​គ្រឿង​បូជា ឬ​ថ្លៃ​លោះ។ ដោយ​ធ្វើ​ដូច្នេះ លោក​ផ្ដល់​នូវ​វិធី​មួយ​ដែល​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់​អាច​ទទួល​ការ​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង ហើយ​នៅ​ទី​បំផុត​ទទួល​ជីវិត​ដែល​អាដាម​និង​អេវ៉ា​មាន​មុន​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស។ (​កូរិនថូសទី១ ១៥:​២២, ៤៥; យ៉ូហាន ៣:១៦​) យ៉ាង​នេះ លោក​យេស៊ូ​បាន​ធានា​ថា​គោល​បំណង​របស់​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដូច​សួន​អេដែន នឹង​បាន​សម្រេច​ពិត​ប្រាកដ​មែន។ *

គោល​បំណង​របស់​ព្រះ​មិន​ពិបាក​យល់​ឬ​ជា​សេចក្ដី​បង្រៀន​ដែល​ស្រពិច​ស្រពិល​ឡើយ តែ​ជា​គោល​បំណង​ដែល​មាន​ពិត​ប្រាកដ​មែន។ សួន​ច្បារ​អេដែន​ធ្លាប់​មាន​នៅ​ផែនដី​ពិត​មែន ហើយ​ក៏​ធ្លាប់​មាន​សត្វ​និង​មនុស្ស​រស់​នៅ​ក្នុង​នោះ​ដែរ។ ដូច​គ្នា​ដែរ​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​អនាគត​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ តើ​លោក​អ្នក​អាច​រួម​ចំណែក​ក្នុង​អនាគត​នេះ​ឬ​ទេ? នេះ​អាស្រ័យ​ទៅ​លើ​លោក​អ្នក។ ព្រះ​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​មាន​អនាគត​នោះ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​ប្រព្រឹត្ត​ស្រប​តាម​គោល​បំណង​លោក​ក៏​ដោយ។—ធីម៉ូថេទី១ ២:៣, ៤

កាល​ដែល​លោក​យេស៊ូ​ហៀបនឹង​ស្លាប់ លោក​បាន​និយាយ​ជា​មួយ​បុរស​ម្នាក់​ដែល​មិន​បាន​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ។ បុរស​នោះ​ជា​ឧក្រិដ្ឋ​ជន ហើយ​គាត់​ដឹង​ថា​គាត់​សម​នឹង​ទទួល​ការ​ប្រហារ​ជីវិត។ ប៉ុន្តែ​គាត់​បាន​រក​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ពី​លោក​យេស៊ូ។ តើ​លោក​បាន​តប​ឆ្លើយ​យ៉ាង​ណា? លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។ (​លូកា ២៣:៤៣​) លោក​យេស៊ូ​ចង់​ឲ្យ​បុរស​ដែល​ជា​អតីត​ឧក្រិដ្ឋជន​នេះ ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ឱកាស​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​ដូច​សួន​ច្បារ​អេដែន​ដែរ។ ចុះ​លោក​អ្នក​វិញ តើ​លោក​យេស៊ូ​ចង់​ឲ្យ​លោក​អ្នក​មាន​អនាគត​ដូច្នេះ​ដែរ​ឬ​ទេ? លោក​ប្រាកដជា​ចង់​មែន! បិតា​របស់​លោក​ក៏​ចង់​ដែរ! បើ​លោក​អ្នក​ចង់​មាន​អនាគត​នេះ សូម​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​រៀន​អំពី​ព្រះ​ដែល​បាន​បង្កើត​សួន​ច្បារ​អេដែន​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 8 ដើម្បី​រៀន​ថែម​ទៀត​អំពី​ថ្លៃ​លោះ​ដែល​ជា​គ្រឿង​បូជា​របស់​គ្រិស្ត សូម​មើល​ជំពូក​ទី​៥​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១០]

ទំនាយ​មួយ​ដែល​ទាក់​ទង​នឹង​គម្ពីរ​ទាំង​មូល

​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង[​សត្វ​ពស់​] ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។—លោកុប្បត្តិ ៣:១៥

ទំនាយ​ខាង​លើ​នេះ​ជា​ទំនាយ​ដំបូង​ក្នុង​គម្ពីរ​ដែល​ព្រះ​បាន​ទាយ​នៅ​សួន​ច្បារ​អេដែន។ តើ​ស្ត្រី ពូជ​របស់​ស្ត្រី សត្វ​ពស់ និង​ពូជ​របស់​សត្វ​ពស់ ជា​នរណា? តើ​តួ​អង្គ​ទាំង​បួន​នេះ​មាន​«​សេចក្ដី​ខ្មាំង​»​នឹង​គ្នា​យ៉ាង​ដូច​ម្ដេច?

សត្វ​ពស់

មេកំណាច​សាថាន។—ការ​បើក​បង្ហាញ ១២:៩

ស្ត្រី

អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​ដែល​មាន​សុទ្ធតែ​បុគ្គល​វិញ្ញាណ។ (​កាឡាទី ៤:២៦, ២៧​) អេសាយ​បាន​រៀប​រាប់​អំពី​«​ស្ត្រី​»​នេះ ដោយ​ទាយ​ថា​នាង​នឹង​បង្កើត​ប្រជាជាតិ​មួយ​នៅ​ថ្ងៃ​អនាគត​ដែល​មាន​ក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌។—អេសាយ ៥៤:១; ៦៦:៨

ពូជ​របស់​សត្វ​ពស់

ពួក​អ្នក​ដែល​សម្រេច​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​សាថាន។—យ៉ូហាន ៨:៤៤

ពូជ​របស់​ស្ត្រី

ផ្នែក​សំខាន់​នៃ​ពូជ​នេះ​គឺជា​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​កើត​ចេញ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ ​«​ពូជ​»​នេះ​ក៏​រួម​បញ្ចូល​បង​ប្អូន​រួម​ជំនឿ​របស់​គ្រិស្ត​ដែល​គ្រប់​គ្រង​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌។ ពួក​គ្រិស្ត​សាសនិក​ទាំង​នោះ​ដែល​ព្រះ​បាន​រើស​តាំង រួម​គ្នា​ប្រៀប​ដូច​ជា​ប្រជាជាតិ​មួយ ពោល​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។—កាឡាទី ៣:១៦, ២៩; ៦:១៦; លោកុប្បត្តិ ២២:១៨

ការ​ចឹក​កែង​ជើង

មេស្ស៊ី​បាន​រង​របួស​យ៉ាង​ឈឺ​ចាប់ តែ​មិន​មែន​រហូត​ទេ។ សាថាន​មាន​ជោគជ័យ​ក្នុង​ការ​នាំ​ឲ្យ​គេ​សម្លាប់​លោក​យេស៊ូ​នៅ​ផែនដី តែ​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ការ​កិន​ក្បាល

ការ​វាយ​សាថាន​ឲ្យ​ស្លាប់។ លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​សាថាន​លែង​មាន​ជា​រៀង​រហូត។ មុន​លោក​ធ្វើ​ដូច្នេះ លោក​នឹង​បំបាត់​ចោល​នូវ​អំពើ​អាក្រក់​ដែល​សាថាន​បណ្ដាល​ឲ្យ​មាន​ចាប់​តាំង​ពី​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​សួន​ច្បារ​អេដែន​មក​នោះ។—យ៉ូហានទី១ ៣:៨; ការ​បើក​បង្ហាញ ២០:១០

ដើម្បី​ដឹង​ប្រធានបទ​សំខាន់​ចម្បង​ក្នុង​គម្ពីរ សូម​មើល​សៀវភៅ​ស្តើង គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។​

[​រូបភាព​នៅ​ទំព័រ​១១​]

អាដាម​និង​អេវ៉ា​បាន​ទទួល​រង​នូវ​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​