បង្រៀនកូនរបស់អ្នកឲ្យចេះគោរពអ្នកឯទៀត
បង្រៀនកូនរបស់អ្នកឲ្យចេះគោរពអ្នកឯទៀត
សុភាសិតខ្មែរមួយបានពោលថា៖ «ជឿជនសុភាព ឫករាបទាបពាក្យពីរោះ តែងមានសោមគ្រោះ មានកេរ្ដិ៍ឈ្មោះក្រអូបសាយ»។ យោងទៅតាមពាក្យក្នុងសុភាសិតនេះ មនុស្សតែងជឿទុកចិត្តពួកអ្នកដែលសុភាពឬមានសុជីវធម៌ និងពួកអ្នកដែលប្រើពាក្យពីរោះ។ ដូច្នេះ ពួកអ្នកដែលមានសុជីវធម៌បែបនេះនឹងទទួលបាននូវកេរ្ដិ៍ឈ្មោះល្អ។
ពេលក្មេងៗចេះសុជីវធម៌ នោះធ្វើឲ្យយើងសប្បាយចិត្តណាស់! នៅប្រទេសហុងឌុយរ៉ាស អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ដែលទៅផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយដែលមានអាយុខុសៗគ្នា បានកត់សម្គាល់ថា៖ «ខ្ញុំច្រើនតែឃើញថាអាកប្បកិរិយារបស់ក្មេងៗដែលបានបង្ហាត់បង្រៀនយ៉ាងល្អហើយចេះបង្ហាញសុជីវធម៌ នោះមានឥទ្ធិពលខ្លាំងទៅលើម្ចាស់ផ្ទះច្រើនជាងពាក្យសម្ដីរបស់ខ្ញុំទៅទៀត»។
សព្វថ្ងៃនេះ ពេលដែលមនុស្សទូទៅខ្វះការគោរព នោះការចេះប្រព្រឹត្តទៅលើអ្នកឯទៀតយ៉ាងត្រឹមត្រូវគឺមានតម្លៃនិងមានប្រយោជន៍មែន។ បន្ថែមទៅទៀត បទគម្ពីរដាស់តឿនយើងឲ្យ«ប្រព្រឹត្តឲ្យសមនឹងដំណឹងល្អអំពីគ្រិស្ត»។ (ភី. ១:២៧; ២ធី. ៣:១-៥) ជាការសំខាន់ណាស់ដែលយើងបង្រៀនកូនរបស់យើងឲ្យចេះគោរពអ្នកឯទៀត។ តើយើងអាចបង្រៀនកូនតាមរបៀបណាឲ្យចេះបង្ហាញការគោរពយ៉ាងស្មោះដែលចេញពីចិត្ត មិនគ្រាន់តែពីសម្បកក្រៅតែប៉ុណ្ណោះ? *
បង្រៀនសុជីវធម៌ដោយគំរូ
កូនក្មេងចេះអ្វីមួយដោយយកតម្រាប់តាមអ្វីដែលពួកគេឃើញ។ ដូច្នេះ វិធីដែលសំខាន់បំផុតដែលឪពុកម្ដាយអាចជួយកូនឲ្យមានសុជីវធម៌ គឺដោយពួកគាត់ផ្ទាល់ក៏មានសុជីវធម៌ដែរ។ (ចោ. ៦:៦, ៧) ការវែកញែកហេតុផលជាមួយនឹងកូនរបស់អ្នកអំពីការចេះគួរសមគឺសំខាន់មែន ប៉ុន្តែដោយគ្រាន់តែនិយាយអំពីការចេះគួរសមតែប៉ុណ្ណោះនោះមិនគ្រប់គ្រាន់ទេ។ បន្ថែមទៅលើការវែកញែកជាមួយកូន គំរូដ៏ល្អគឺជាអ្វីដែលសំខាន់ចាំបាច់ណាស់។
សូមពិចារណាអំពីកាលៈទេសៈរបស់ប៉ូឡា *ដែលបានធំឡើងក្នុងគ្រួសារជាគ្រិស្តសាសនិក ដោយមានតែម្ដាយប៉ុណ្ណោះ។ ការបង្ហាញការគោរពដល់មនុស្សទាំងអស់បានក្លាយទៅជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់គាត់។ ហេតុអ្វី? គាត់ឆ្លើយថា៖ «ម្ដាយរបស់ខ្ញុំបានទុកគំរូដល់ខ្ញុំ ដូច្នេះការចេះគោរពអ្នកឯទៀតបានក្លាយទៅជាទម្លាប់ធម្មតាសម្រាប់យើងដែលជាកូនៗ»។ គ្រិស្តសាសនិកម្នាក់ ឈ្មោះវ៉លធើ បានបង្រៀនកូនប្រុសរបស់គាត់ឲ្យចេះគោរពម្ដាយដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ គាត់និយាយថា៖ «ខ្ញុំខំបង្រៀនកូនៗឲ្យ គោរពម្ដាយរបស់ពួកគេដោយប្រើគំរូរបស់ខ្ញុំតែម្ដង គឺខ្ញុំមិនដែលនិយាយដោយប្រើពាក្យអាក្រក់ដាក់ប្រពន្ធរបស់ខ្ញុំនោះទេ»។ វ៉លធើបន្តបង្ហាត់បង្រៀនកូនៗរបស់គាត់ពីបណ្ដាំរបស់ព្រះ ហើយគាត់ក៏បានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដែរ។ សព្វថ្ងៃ កូនប្រុសម្នាក់របស់គាត់កំពុងបម្រើនៅការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ា ហើយកូនប្រុសម្នាក់ទៀតជាអ្នកត្រួសត្រាយពេញពេល។ កូនប្រុសទាំងពីរនាក់របស់គាត់ស្រឡាញ់និងគោរពទាំងឪពុកទាំងម្ដាយរបស់ពួកគេ។
គម្ពីរបានចែងថា៖ «ព្រះមិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត»។ (១កូ. ១៤:៣៣) អ្វីដែលព្រះយេហូវ៉ាធ្វើតែងតែមានសណ្ដាប់ធ្នាប់។ គ្រិស្តសាសនិកគួរតែខំព្យាយាមយកតម្រាប់តាមគុណសម្បត្ដិមួយនេះរបស់ព្រះ ហើយរៀបចំរបស់របរក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់ដែរ។ ឪពុកម្ដាយខ្លះបានបង្ហាត់បង្រៀនកូនៗឲ្យចេះបត់ភួយបត់មុងមុនពួកគេទៅសាលារៀន ឲ្យចេះទុកដាក់ខោអាវនៅកន្លែងត្រឹមត្រូវ ហើយឲ្យចេះជួយធ្វើកិច្ចការក្នុងផ្ទះដែរ។ បើកូនៗសង្កេតឃើញក្នុងផ្ទះមានរបៀបរៀបរយ និងស្អាតបាត នោះពួកគេទំនងជាចង់រៀបចំបន្ទប់និងរបស់របររបស់ពួកគេឲ្យបានស្អាតបាតដែរ។
តើកូនៗរបស់អ្នកមានទស្សនៈយ៉ាងណាចំពោះអ្វីដែលពួកគេរៀននៅឯសាលា? តើពួកគេចេះអរគុណដល់គ្រូរបស់ពួកគេឬទេ? ក្នុងនាមជាឪពុកម្ដាយ តើអ្នកចេះសម្ដែងអំណរគុណចំពោះគ្រូបង្រៀនរបស់កូនតាមរយៈពាក្យសម្ដីរបស់អ្នកឬទេ? ជាធម្មតា កូនៗរបស់អ្នកនឹងបង្ហាញចិត្តគំនិតដូចអ្នកចំពោះកិច្ចការសាលានិងចំពោះគ្រូបង្រៀន។ ជាការល្អ បើអ្នកលើកទឹកចិត្តកូនៗរបស់អ្នកឲ្យមានទម្លាប់និយាយពាក្យអរគុណចំពោះគ្រូរបស់ពួកគេ។ ការពោលពាក្យអរគុណចំពោះអ្វីដែលអ្នកឯទៀតបានធ្វើ គឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញការគោរព មិនថាដល់គ្រូបង្រៀន គ្រូពេទ្យ អ្នកលក់ដូរ ឬអ្នកឯទៀតក្ដី។ (លូក. ១៧:១៥, ១៦) គ្រិស្តសាសនិកវ័យក្មេងដែលលេចធ្លោជាងមិត្តរួមថ្នាក់ដោយសារការប្រព្រឹត្តល្អនិងការចេះសុជីវធម៌របស់ពួកគេ នោះសមនឹងទទួលការសរសើរមែន។
សមាជិកក្នុងក្រុមជំនុំគ្រិស្តសាសនិកគួរទុកគំរូល្អស្តីអំពីការមានសុជីវធម៌។ ពេលឃើញប្អូនៗវ័យក្មេងក្នុងក្រុមជំនុំបង្ហាញសុជីវធម៌ដោយនិយាយពាក្យ«សូម»និង«អរគុណ» នោះពិតជាល្អមែន! ពេលមនុស្សពេញវ័យបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដោយប្រុងស្ដាប់ការណែនាំដែលមានក្នុងកិច្ចប្រជុំ នោះក៏ជំរុញឲ្យក្មេងៗយកតម្រាប់តាមពួកគេដែរ។ កូនក្មេងអាចរៀនឲ្យចេះបង្ហាញការគោរពដល់អ្នកឯទៀត ដោយសារពួកគេឃើញបងប្អូនរួមជំនឿមានសុជីវធម៌នៅឯសាលប្រជុំ។ ជាឧទាហរណ៍ សូម្បីតែប្អូនប្រុសអេនទ្រូមានអាយុតែបួនឆ្នាំក៏ចេះនិយាយរួចទៅហើយនូវពាក្យ«សុំអត់ទោស»ពេលដែលគាត់ដើរកាត់មុខមនុស្សធំ។
តើឪពុកម្ដាយអាចធ្វើអ្វីទៀតដើម្បីជួយកូនឲ្យដឹងអំពីរបៀបដែលពួកគេគួរប្រព្រឹត្តយ៉ាងត្រឹមត្រូវ? ឪពុកម្ដាយអាច ហើយក៏គួរចំណាយពេលបង្រៀនកូនៗរបស់ពួកគេអំពីមេរៀននៃគំរូជាច្រើនដែលមានក្នុងបណ្ដាំរបស់ព្រះ។—រ៉ូម ១៥:៤
បង្រៀនកូនដោយប្រើគំរូ ដែលមានក្នុងគម្ពីរ
ពេលដែលយ៉ាកុបនិងក្រុមគ្រួសាររបស់គាត់ធ្វើដំណើរត្រឡប់មកស្រុកកាណានវិញ ហើយត្រូវជួបនឹងអេសាវ នោះយ៉ាកុបទំនងជាបានរៀបចំចាត់ចែងឲ្យកូនៗរបស់គាត់ឱនគោរពដល់អេសាវ។ (លោ. ៣៣:៣, ៦, ៧) ដូចគ្នាដែរ តើអ្នកអាចបង្ហាត់កូនតូចៗរបស់អ្នកឲ្យចេះនិយាយគំនាប់ដូចជា«អរុណសួស្តី» «ជម្រាបសួរ» ឬពាក្យគំនាប់តាមទំនៀមទម្លាប់នៃទីកន្លែងដែលអ្នករស់នៅឬទេ? កូនក្មេងដែលមានសុជីវធម៌ល្អនាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ា ហើយក៏នាំឲ្យឪពុកម្ដាយមានមោទនភាពដែរ។
ជាការល្អដែលយើងប្រើកំណត់ហេតុក្នុងគម្ពីរដើម្បីបញ្ជាក់អំពីភាពខុសគ្នារវាងការចេះគោរពនិងការមិនចេះគោរពអ្នកឯទៀត។ ២ព. ១:៩, ១០
ជាឧទាហរណ៍ នៅប្រទេសអ៊ីស្រាអែល ពេលដែលស្តេចអ័ហាស៊ីយ៉ា ជាស្តេចដែលមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ចង់ជួបអេលីយ៉ាដែលជាអ្នកប្រកាសទំនាយ នោះគាត់បានចាត់‹មេទ័ពម្នាក់ នឹងពួកទាហាន៥០នាក់របស់គាត់› ឲ្យទៅនាំលោកមកជួប។ មេទ័ពនោះទាមទារឲ្យអ្នកប្រកាសទំនាយទៅជាមួយគាត់។ នេះមិនមែនជារបៀបសមរម្យដើម្បីនិយាយជាមួយតំណាងរបស់ព្រះនោះទេ។ តើលោកអេលីយ៉ាបានតបឆ្លើយយ៉ាងណា? គាត់បាននិយាយថា៖ «បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង នឹងពួក៥០នាក់របស់ឯងទៅ»។ ការនោះបានកើតឡើងមែន គឺ«មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ នឹងពួក៥០នាក់របស់គាត់»។—ស្តេចក៏ចាត់មេទ័ពទី២និងពួក៥០នាក់របស់គាត់ឲ្យទៅរកលោកទៀត។ មេទ័ពនោះក៏បង្គាប់លោកឲ្យទៅជាមួយនឹងគាត់ដែរ។ ម្ដងនេះទៀត ក៏មានភ្លើងធ្លាក់ពីលើមេឃមកសម្លាប់ពួកគេដែរ។ ប៉ុន្តែ ក្រោយមកមេទ័ពទី៣និងពួក៥០នាក់របស់គាត់មកជួបអេលីយ៉ា។ មេទ័ពនេះបានបង្ហាញការគោរព។ ជាជាងគាត់បង្គាប់អេលីយ៉ាឲ្យទៅជាមួយគាត់ នោះគាត់លុតជង្គង់ក្រាបនៅមុខអេលីយ៉ាអង្វរថា៖ «ឱអ្នកសំណប់របស់ព្រះអើយ សូមអាណិតមេត្ដាឲ្យជីវិតរបស់ខ្ញុំប្របាទ នឹងជីវិតរបស់៥០នាក់នេះ បានមានតម្លៃនៅភ្នែកលោកចុះ។ មើល! មានភ្លើងធ្លាក់ចុះពីលើមេឃមកបញ្ឆេះមេទ័ពទាំង២នាក់ នឹងពួក៥០នាក់របស់គេ ដែលមកមុននោះទៅហើយ តែឥឡូវនេះ សូមឲ្យជីវិតខ្ញុំប្របាទ មានតម្លៃនៅភ្នែកលោកវិញ»។ តើអ្នកប្រកាសទំនាយរបស់ព្រះនឹងឲ្យភ្លើងធ្លាក់ពីលើមេឃមកសម្លាប់អ្នកដែលភ័យខ្លាច តែបាននិយាយដោយគោរពបែបនេះឬទេ? ប្រាកដជាមិនដូច្នេះទេ ព្រោះទេវតានៃព្រះយេហូវ៉ាប្រាប់អេលីយ៉ាឲ្យទៅជាមួយនឹងមេទ័ពនេះ! (២ព. ១:១១-១៥) នេះបញ្ជាក់ថាការបង្ហាញការគោរពពិតជាមានតម្លៃណាស់ មែនទេ?
ពេលដែលទាហានរ៉ូមចាប់សាវ័កប៉ូលដាក់ក្នុងមន្ទីរឃុំឃាំងក្នុងវិហារ នោះគាត់មិនប្រាកដថាខ្លួនមានសិទ្ធិដើម្បីនិយាយទេ។ ដូច្នេះ គាត់បានសួរដោយគោរពទៅមេបញ្ជាការថា៖ «តើខ្ញុំអាចនិយាយជាមួយនឹងលោកបន្ដិចបានទេ?»។ ជាលទ្ធផល គាត់មានឱកាសដើម្បីនិយាយការពារខ្លួនពីការជាប់ចោទ។—សកម្ម. ២១:៣៧-៤០
ពេលគេកំពុងវិនិច្ឆ័យលោកយេស៊ូ នោះគេបានទះកំផ្លៀងលោក។ ប៉ុន្តែ លោកចេះតវ៉ាតាមរបៀបត្រឹមត្រូវ ដោយប្រាប់ថា៖ «ប្រសិនបើខ្ញុំបាននិយាយខុស ចូរបញ្ជាក់ថាខ្ញុំបាននិយាយខុសកន្លែងណា ប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រូវ ហេតុអ្វីអ្នកវាយខ្ញុំ?»។ គ្មាននរណាអាចចាប់កំហុសអំពីរបៀបដែលលោកនិយាយនោះទេ។—យ៉ូន. ១៨:២២, ២៣
បណ្ដាំរបស់ព្រះក៏មានគំរូអំពីរបៀបដែលយើងអាចប្រព្រឹត្តពេលទទួលការកែតម្រង់ និងអំពីរបៀបទទួលស្គាល់ដោយការគោរពនូវកំហុសដែលយើងបានធ្វើខុសពីមុន។ (លោ. ៤១:៩-១៣; សកម្ម. ៨:២០-២៤) ជាឧទាហរណ៍ អ័ប៊ីកែលបានសុំអភ័យទោសដោយចិត្តរាបទាបចំពោះភាពព្រហើនរបស់ណាបាលដែលជាប្ដីនាងបានប្រព្រឹត្តចំពោះដាវីឌ។ បន្ថែមពីនេះ ដើម្បីជាការសុំទោស នោះគាត់បានជូនអំណោយដែលជាម្ហូបយ៉ាងច្រើនដល់ដាវីឌ។ ដាវីឌកោតស្ងើចយ៉ាងខ្លាំងចំពោះអ្វីដែលអ័ប៊ីកែលធ្វើ រហូតដល់គាត់ជ្រើសរើសនាងធ្វើជាភរិយារបស់គាត់ក្រោយពីណាបាលបានស្លាប់។—១សាំ. ២៥:២៣-៤១
ដូច្នេះ សូមបង្រៀនកូនរបស់អ្នកឲ្យចេះគោរពអ្នកឯទៀត សូម្បីតែកូនត្រូវបង្ហាញការគោរពក្នុងកាលៈទេសៈពិបាក ឬអ្នកគ្រាន់តែចង់ឲ្យកូនមានសុជីវធម៌ក្នុងជីវិតប្រចាំថ្ងៃក្ដី។ ការធ្វើ‹ឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់យើង›តាមរបៀបនេះ នោះនឹងនាំឲ្យគេ‹សរសើរបិតារបស់យើងដែលនៅស្ថានសួគ៌›។—ម៉ាថ. ៥:១៦
[កំណត់សម្គាល់]
^ វគ្គ 4 ពិតមែន ឪពុកម្ដាយត្រូវតែជួយកូនឲ្យយល់អំពីភាពខុសគ្នារវាងការគោរពមនុស្សពេញវ័យនិងការគោរពនរណាម្នាក់ដែលប្រហែលជាមានបំណងធ្វើបាបកូន។ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ ទំព័រ៩-១១។
^ វគ្គ 7 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។