ទំនាយទី២ ការអត់ឃ្លាន
ទំនាយទី២ ការអត់ឃ្លាន
«នឹង . . . មានការអត់ឃ្លាន»។—ម៉ាកុស ១៣:៨
● បុរសម្នាក់ខំដើរស្វែងរកជំនួយនៅភូមិក្វារ៉ាថាជីក្នុងប្រទេសនីស៊េ។ បងប្អូនជីដូនមួយ បងប្អូនប្រុសស្រីរបស់គាត់ក៏បានធ្វើដំណើរពីតំបន់ឆ្ងាយមួយក្នុងប្រទេសមករស់នៅក្នុងភូមិនោះដើម្បីកុំឲ្យដាច់ពោះស្លាប់។ ប៉ុន្តែ បុរសនោះកំពុងដេកនៅលើកន្ទេលម្នាក់ឯង។ ហេតុអ្វីគាត់នៅតែម្នាក់ឯងដូច្នេះ? ស៊ីឌីដែលជាមេភូមិនោះពន្យល់ថា៖ «គឺដោយសារគាត់មិនអាចផ្ដល់ម្ហូបអាហារ[ដល់ក្រុមគ្រួសាររបស់គាត់]បាន។ ដូច្នេះ គាត់មិនអាចទ្រាំមើលពួកគេដាច់ពោះស្លាប់បានទេ»។
តើហេតុការណ៍ពិតបង្ហាញអំពីអ្វីខ្លះ? នៅទូទាំងពិភពលោក មនុស្សជិតមួយនាក់ក្នុងចំណោម៧នាក់មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់រាល់ថ្ងៃទេ។ នៅតំបន់ខាងត្បូងវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក រឹតតែយ៉ាប់ជាងនេះទៅទៀត គឺមួយនាក់ក្នុងចំណោមបីនាក់គ្មានអ្វីសម្រាប់បរិភោគជាយូរថ្ងៃ។ ដើម្បីងាយយល់អំពីរឿងនេះ សូមស្រមៃគិតថាក្នុងក្រុមគ្រួសារមួយដែលមានឪពុក ម្ដាយ និងកូន។ បើមានម្ហូបអាហារគ្រប់គ្រាន់សម្រាប់តែពីរនាក់ តើអ្នកណានឹងត្រូវអត់ញ៉ាំ? តើជាឪពុក ជាម្ដាយ ឬក៏ជាកូន? នេះជាអ្វីដែលក្រុមគ្រួសារជាច្រើនត្រូវសម្រេចចិត្តជារៀងរាល់ថ្ងៃ។
តើគេចូលចិត្តប្រកែកយ៉ាងណា? ផែនដីមានម្ហូបអាហារលើសពីគ្រប់សម្រាប់មនុស្សទាំងអស់គ្នា ប៉ុន្តែគ្រាន់តែយើងត្រូវចេះចាត់ចែងធនធានធម្មជាតិនៅផែនដីឲ្យបានប្រសើរជាងតែប៉ុណ្ណោះ។
តើការប្រកែកនេះសមហេតុសមផលឬទេ? ពិតមែន កសិករអាចបង្កើតទិន្នផលនិងបញ្ជូនទិន្នផលនោះចេញច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្ដិសាស្ត្រ។ បើដូច្នេះ រដ្ឋាភិបាលរបស់មនុស្សគួរតែចេះចាត់ចែងម្ហូបអាហារនោះដើម្បីបំបាត់បញ្ហានៃការអត់ឃ្លាន។ ប៉ុន្តែ ទោះជាពួកគេខំប្រឹងធ្វើដូច្នេះជាច្រើនទសវត្សរ៍មកហើយក្ដី ពួកគេនៅតែមិនអាចដោះស្រាយបញ្ហានោះបានទេ។
តើលោកអ្នកគិតយ៉ាងណា? តើទំនាយនៅម៉ាកុស ១៣:៨កំពុងសម្រេចឬទេ? ទោះជាមានភាពរីកចម្រើនខាងបច្ចេកវិជ្ជាយ៉ាងណាក្ដី តើការអត់ឃ្លានកំពុងញាំញីមនុស្សនៅទូទាំងពិភពលោកនេះឬទេ?
ការរញ្ជួយដីនិងការអត់ឃ្លានច្រើនតែកើតឡើងមុនបញ្ហាមួយទៀតដែលជាសញ្ញាសម្គាល់នៃគ្រាចុងក្រោយបង្អស់។
[រូបភាពនៅទំព័រ៥]
«ច្រើនជាងមួយភាគបីនៃចំនួនកុមារដែលស្លាប់ដោយសារជំងឺរលាកសួត អាសន្នរោគ និងជំងឺឯទៀតអាចមានលទ្ធភាពរួចរស់ជីវិតបាន បើពួកគេមានអាហារបរិភោគគ្រប់គ្រាន់»។—អេន វេណាមិន អតីតនាយកប្រតិបត្ដិនៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ
[រូបភាពនៅទំព័រ៥]
© Paul Lowe/Panos Pictures