ការព្យាយាមដើម្បីលុបបំបាត់ភាពក្រីក្រ
ការព្យាយាមដើម្បីលុបបំបាត់ភាពក្រីក្រ
អ្នកមានស្តុកស្តម្ភបានបំបាត់ភាពក្រីក្ររួចទៅហើយ ប៉ុន្តែចំពោះខ្លួនគេតែប៉ុណ្ណោះ។ ការព្យាយាមដើម្បីសង្គ្រោះមនុស្សទាំងអស់ពីភាពក្រីក្រតែងតែទទួលបរាជ័យ។ ហេតុអ្វី? ពីព្រោះអ្នកមានស្តុកស្តម្ភមិនចង់ឲ្យអ្នកឯទៀតឬអ្វីមកធ្វើឲ្យគាត់បាត់បង់ភាពមានបាននោះទេ។ ស្តេចសាឡូម៉ូនជាស្តេចអ៊ីស្រាអែលពីសម័យបុរាណបានសរសេរថា៖ «[ខ្ញុំ]ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច»។—សាស្ដា ៤:១
តើមនុស្សដែលមានអំណាចនិងមានឥទ្ធិពល អាចធ្វើឲ្យសង្គមលែងមានភាពក្រីក្របានឬទេ? សាឡូម៉ូនបានសរសេរក្រោមការដឹកនាំរបស់ព្រះថា៖ «មើល! ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន»។ (សាស្ដា ១:១៤, ១៥) ការពិនិត្យមើលអំពីការព្យាយាមដើម្បីបំបាត់ភាពក្រីក្រនៅសព្វថ្ងៃនេះបានបញ្ជាក់ហេតុការណ៍ពិតនៃពាក្យនេះមែន។
ទ្រឹស្តីដែលថាមនុស្សទាំងអស់នឹងមានភាពចម្រុងចម្រើន
នៅសតវត្សរ៍ទី១៩ ប្រជាជាតិខ្លះបានប្រមូលទ្រព្យសម្បត្ដិហូរហៀរពីជំនួញនិងឧស្សាហកម្ម។ ដូច្នេះ មនុស្សខ្លះដែលមានទឹកមាត់ប្រៃបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានៃភាពក្រីក្រ។ តើមនុស្សអាចបែងចែកធនធានរបស់ផែនដីឲ្យបានស្មើភាពគ្នាឬទេ?
មនុស្សខ្លះគិតថារបបសង្គមនិយម ឬរបបកុម្មុយនីស្ត អាចនាំឲ្យគ្មានវណ្ណៈនៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្ដិត្រូវបានបែងចែកស្មើគ្នា។ ពិតមែន មនុស្សស្តុកស្តម្ភព្រួយបារម្ភអំពីគំនិតទាំងនេះ។ ប៉ុន្តែ មនុស្សជាច្រើនចូលចិត្តពាក្យស្លោកមួយដែលពោលថា«មនុស្សម្នាក់ៗត្រូវផ្ដល់ឲ្យសង្គមដោយអស់ពីសមត្ថភាព ហើយយកពីសង្គមនូវអ្វីៗដែលគាត់ត្រូវការវិញ»។ មនុស្សជាច្រើនសង្ឃឹមថាប្រជាជាតិទាំងឡាយនឹងធ្វើតាមរបបសង្គមនិយមដើម្បីឲ្យពិភពលោកក្លាយទៅជាសង្គមមួយដែលល្អឥតខ្ចោះសម្រាប់មនុស្សរស់នៅ។ ប្រទេសខ្លះដែលមានស្តុកស្តម្ភយកផ្នែកផ្សេងៗនៃរបបសង្គមនិយមមកអនុវត្តតាម ដើម្បីថែរក្សាប្រជាជនទាំងឡាយ«ចាប់តាំងពីថ្ងៃកើតដល់ថ្ងៃស្លាប់»។ ពួកគេក៏បានអះអាងដែរថា ពួកគេបានលុបបំបាត់ភាពក្រីក្រដែលបណ្ដាលឲ្យស្លាប់ក្នុងចំណោមប្រជាពលរដ្ឋរបស់ពួកគេហើយ។
ប៉ុន្តែ របបសង្គមនិយមមិនដែលសម្រេចគោលបំណងនៃរបបនេះទេ ពោលគឺការមានសង្គមមួយដែលមានភាពស្មើគ្នា។ គោលដៅដែលថាឲ្យប្រជាពលរដ្ឋធ្វើការដើម្បីប្រយោជន៍សហគមន៍ជាជាងប្រយោជន៍របស់សាស្ដា ៧:២០, ២៩
ខ្លួនគឺមិនបានសម្រេចឡើយ។ នេះគឺដោយសារមនុស្សខ្លះមិនពេញចិត្តផ្គត់ផ្គង់មនុស្សក្រីក្រទេ ហើយពួកគេក៏បានកត់សម្គាល់ឃើញថាមនុស្សក្រលែងចង់ធ្វើការ ដោយសារខ្លួនគេបានទទួលអ្វីៗយ៉ាងច្រើនរួចទៅហើយ។ ពាក្យក្នុងគម្ពីរបានបង្ហាញអំពីការពិតនេះថា៖ «គ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ . . . ព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ»។—គេមានសេចក្ដីសង្ឃឹមមួយទៀតគឺសុបិនរបស់ជនជាតិអាម៉េរិក នេះមានន័យថាជាកន្លែងមួយដែលមនុស្សអាចក្លាយទៅជាអ្នកមានស្តុកស្តម្ភទាំងអស់គ្នាឲ្យតែគេសុខចិត្តធ្វើការនឿយហត់។ នៅទូទាំងពិភពលោក ប្រទេសជាច្រើនបានយកនយោបាយនេះដែលធ្វើឲ្យប្រទេសអាម៉េរិកទៅជាប្រទេសជឿនលឿនមកប្រើក្នុងប្រទេសខ្លួន ដូចជារបបប្រជាធិបតេយ្យ សេរីភាពខាងសហគ្រាស និងខាងជំនួញ។ ប៉ុន្តែ មិនមែនប្រទេសទាំងអស់ទទួលលទ្ធផលល្អដូចប្រទេសអាម៉េរិកទេ ពីព្រោះទ្រព្យសម្បត្ដិរបស់ប្រទេសអាម៉េរិកក៏មិនមែនមានដោយសារប្រព័ន្ធនយោបាយតែប៉ុណ្ណោះដែរ។ អ្វីមួយដែលបានជួយឲ្យប្រទេសអាម៉េរិកក្លាយទៅជាប្រទេសដែលមានស្តុកស្តម្ភគឺធនធានធម្មជាតិដ៏ច្រើនលើសលប់ និងជាប្រទេសដែលស្ថិតនៅលើផ្លូវដឹកជញ្ជូនអន្តរជាតិ។ មូលហេតុមួយទៀតដែលប្រទេសទាំងនោះមិនបានជឿនលឿនគឺដោយសារការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ពិភពលោកនេះ ដែលមានអ្នកឈ្នះនិងអ្នកចាញ់ ហើយអ្នកឈ្នះបានចម្រុងចម្រើន តែអ្នកចាញ់ត្រូវវេទនាវិញ។ តើប្រទេសដែលឈ្នះអាចជួយប្រទេសដែលចាញ់បានឬទេ?
តើគម្រោងរបស់លោករដ្ឋមន្ត្រីម្នាក់នៃក្រសួងការបរទេស អាចបំបាត់ចោលភាពក្រីក្របានឬទេ?
ក្រោយពីសង្គ្រាមលោកលើកទី២ ទ្វីបអឺរ៉ុបបានត្រូវបំផ្លិចបំផ្លាញ ហើយប្រជាជនព្រួយបារម្ភពីការជិតដាច់ពោះស្លាប់។ រដ្ឋាភិបាលអាម៉េរិកបានព្រួយបារម្ភអំពីរបបសង្គមនិយមនៅទ្វីបអឺរ៉ុបដែលកាន់តែពេញនិយមឡើងៗ។ ដូច្នេះ អស់បួនឆ្នាំរដ្ឋាភិបាលនេះបានផ្ដល់ជំនួយជាថវិកាដើម្បីស្ថាបនាឡើងវិញនូវវិស័យឧស្សាហកម្ម និងកសិកម្មក្នុងប្រទេសនៅទ្វីបអឺរ៉ុបដែលព្រមទទួលយកនយោបាយរបស់អាម៉េរិក។ ជំនួយនេះត្រូវបានហៅថាកម្មវិធីស្ថាបនាទ្វីបអឺរ៉ុបឡើងវិញ ឬគម្រោងរបស់លោកម៉ាហ្សាល ដែលជាអតីតរដ្ឋមន្ត្រីនៃក្រសួងការបរទេសអាម៉េរិក។ គេបានចាត់ទុកគម្រោងនេះថាជាគម្រោងដែលទទួលជោគជ័យ។ ប្រទេសអាម៉េរិកមានឥទ្ធិពលកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបប៉ែកខាងលិច ហើយនៅទីនោះកម្រមានភាពក្រីក្រដែលបណ្ដាលឲ្យស្លាប់ណាស់។ តើនេះជាវិធីដើម្បីបំបាត់ភាពក្រីក្រនៅទូទាំងពិភពលោកឬ?
ជោគជ័យដែលមកពីគម្រោងរបស់លោកម៉ាហ្សាលបាននាំឲ្យរដ្ឋាភិបាលអាម៉េរិកផ្ដល់ជំនួយដល់ប្រទេសក្រីក្រនៅទូទាំងពិភពលោក ក្នុងការជួយឲ្យរីកចម្រើនក្នុងវិស័យកសិកម្ម សុខាភិបាល ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសអាម៉េរិកបានសារភាពដោយឥតលាក់លៀមថា បំណងចិត្តរបស់ពួកគេក្នុងការផ្ដល់ជំនួយបែបនេះគឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រទេសឯទៀតក៏បានព្យាយាមពង្រីកអំណាចរបស់ពួកគេដោយផ្ដល់ជំនួយដល់ប្រទេសផ្សេងៗដែរ។ ប៉ុន្តែ ៦០ឆ្នាំក្រោយមក ប្រទេសទាំងនោះបានផ្ដល់ជំនួយច្រើនលើសលប់ ជាចំនួនច្រើនជាងជំនួយដែលបានកំណត់ក្នុងគម្រោងរបស់លោកម៉ាហ្សាល ហើយពួកគេមិនបានទទួលផលតបស្នងតាមអ្វីដែលគេគិតនោះទេ។ ពិតមែន ប្រទេសក្រីក្រខ្លះបានជឿនលឿនយ៉ាងអស្ចារ្យ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ទោះជានៅប្រទេសទាំងនោះបានទទួលផលប្រយោជន៍ពីជំនួយនោះ ដែលជួយកាត់បន្ថយចំនួនស្លាប់របស់កុមារ និងកុមារជាច្រើនអាចទទួលការអប់រំក៏ដោយ ក៏ប្រទេសជាច្រើនទៀតនៅតែមានភាពក្រីក្រតោកយ៉ាកដដែល។
មូលហេតុដែលជំនួយពីបរទេស មិនអាចលុបបំបាត់ភាពក្រីក្រ
ការជួយប្រទេសក្រីក្រឲ្យរួចចាកផុតពីភាពក្រីក្រ នោះពិបាកជួយជាងប្រទេសអ្នកមានឲ្យងើបពីសង្គ្រាមឡើងវិញទៅទៀត។ ទ្វីបអឺរ៉ុបមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរួចទៅហើយ ដូច្នេះគេគ្រាន់តែជួយក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ក្នុងប្រទេសក្រីក្រ ទោះជាជំនួយពីបរទេសបានជួយសាងសង់ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យក៏ដោយ ក៏មនុស្សនៅតែរងទុក្ខវេទនាដោយសារភាពក្រីក្រតោកយ៉ាកដែរ ពីព្រោះប្រទេសទាំងនោះខ្វះវិស័យពាណិជ្ជកម្ម ធនធានធម្មជាតិ និងប្រព័ន្ធដឹកជញ្ជូនទៅទីផ្សារអន្តរជាតិ។
បញ្ហាដែលបណ្ដាលឲ្យមានភាពក្រីក្រនិងបញ្ហាដែលមកពីភាពក្រីក្រគឺ
ស្មុគស្មាញណាស់។ ជាឧទាហរណ៍ ជំងឺធ្វើឲ្យមានភាពក្រីក្រ ហើយភាពក្រីក្រនាំឲ្យមានជំងឺ។ ក្មេងៗដែលខ្វះជីវជាតិអាចខ្សោយខាងរាងកាយនិងខួរក្បាលដល់ម្ល៉េះ ពេលពួកគេធំឡើង ពួកគេមិនអាចថែទាំកូនរបស់ពួកគេបានឡើយ។ ម្យ៉ាងទៀត ពេលប្រទេសអ្នកមានផ្ដល់ជំនួយជាស្បៀងអាហារដែលសេសសល់ឲ្យប្រទេសក្រីក្រ នោះកសិករនិងក្រុមហ៊ុននៅប្រទេសក្រីក្របាត់បង់ប្រាក់ចំណូល ដែលនេះអាចនាំឲ្យមានភាពក្រីក្រនៅប្រទេសនោះថែមទៀត។ ការផ្ដល់ថវិកាឲ្យរដ្ឋាភិបាលនៃប្រទេសក្រីក្រក៏អាចចាប់ផ្ដើមបង្កើតឲ្យមានបញ្ហាធំមួយទៀតដែរ គឺគេអាចលួចថវិកាទាំងនោះបានយ៉ាងងាយ ដែលអាចធ្វើឲ្យមានអំពើពុករលួយ ហើយអំពើពុករលួយនេះអាចនាំឲ្យមានភាពក្រីក្រ។ បើនិយាយឲ្យចំទៅ ជំនួយពីបរទេសមិនបានបំបាត់ចោលភាពក្រីក្រទេ ពីព្រោះជំនួយទាំងនោះមិនអាចលុបបំបាត់ដើមហេតុនៃភាពក្រីក្របានឡើយ។ដើមហេតុនៃភាពក្រីក្រ
ភាពក្រីក្រតោកយ៉ាកកើតមានឡើងពេលដែលរដ្ឋាភិបាល ប្រទេស និងមនុស្សខំប្រឹងលើកស្ទួយនិងការពារផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ ជាឧទាហរណ៍ រដ្ឋាភិបាលនៃប្រទេសជឿនលឿនមិនចាត់ទុកការបំបាត់ចោលភាពក្រីក្រនៅទូទាំងពិភពលោកជារឿងសំខាន់នោះទេ ពីព្រោះពួកគាត់ត្រូវធ្វើឲ្យប្រជាជនដែលជាម្ចាស់សន្លឹកឆ្នោតពេញចិត្ត។ យ៉ាងនេះ ពួកគាត់បានដាក់បម្រាមលើការនាំចូលផលិតផលកសិកម្មពីប្រទេសក្រីក្រ ដើម្បីការពារកសិករក្នុងស្រុកកុំឲ្យបាត់បង់ប្រាក់ចំណូល។ បន្ថែមទៅទៀត ពួកអ្នកគ្រប់គ្រងនៅប្រទេសជឿនលឿនមិនយកពន្ធច្រើនពីកសិករក្នុងស្រុកឡើយ ដើម្បីជួយពួកគេឲ្យលក់ផលិតផលបានច្រើនជាងកសិករពីប្រទេសក្រីក្រ។
ច្បាស់ហើយ មនុស្សនិងរដ្ឋាភិបាលមានទំនោរចិត្តចង់ការពារផលប្រយោជន៍របស់ខ្លួន ហេតុនេះហើយ ដើមហេតុនៃភាពក្រីក្រកើតឡើងដោយសារមនុស្សខ្លួនឯង។ សាឡូម៉ូនបានសរសេរក្នុងគម្ពីរអំពីរឿងនេះថា៖ «មនុស្សម្នាក់មានអំណាចលើម្នាក់ទៀតឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩
ដូច្នេះ តើមានសេចក្ដីសង្ឃឹមក្នុងការលុបបំបាត់ភាពក្រីក្រឬទេ? តើមានរដ្ឋាភិបាលណាមួយអាចកែប្រែទំនោរចិត្តរបស់មនុស្សបានឬទេ?
[ប្រអប់នៅទំព័រ៦]
ច្បាប់ដែលជួយកុំឲ្យមានភាពក្រីក្រ
ព្រះយេហូវ៉ាបានតាំងច្បាប់មួយចំនួនសម្រាប់ប្រជាជាតិអ៊ីស្រាអែលពីសម័យបុរាណ ហើយបើពួកគេប្រព្រឹត្តតាម នោះនឹងជួយកុំឲ្យមានភាពក្រីក្របានមួយកម្រិត។ ក្រោមច្បាប់របស់ព្រះ នោះក្រុមគ្រួសារនីមួយៗលើកលែងតែកុលសម្ព័ន្ធលេវី ទទួលដីជាមត៌ក។ ដីដែលជាមត៌ករបស់ក្រុមគ្រួសារនោះជារបស់ផងក្រុមគ្រួសារជានិច្ច។ ដីនោះមិនអាចលក់ពីម្ចាស់មួយទៅម្ចាស់មួយរហូតបានទេ ព្រោះរាល់៥០ឆ្នាំ ដីទាំងអស់ត្រូវប្រគល់ឲ្យម្ចាស់ដើមឬក្រុមគ្រួសាររបស់ម្ចាស់ដើមវិញ។ (លេវីវិន័យ ២៥:១០, ២៣) បើពួកគេត្រូវលក់ដីដោយសារមានជំងឺ មហន្តរាយ ឬការខ្ជិលច្រអូស ដីនោះត្រូវប្រគល់ឲ្យម្ចាស់ដើមវិញដោយឥតគិតថ្លៃក្នុងឆ្នាំសោមនស្ស។ គ្មានក្រុមគ្រួសារណាមួយនឹងត្រូវធ្លាក់ខ្លួនក្រគ្រប់ជំនាន់នោះទេ។
វិធានការដែលបង្ហាញពីសេចក្ដីមេត្ដាករុណាមួយទៀតនៃច្បាប់របស់ព្រះ គឺអនុញ្ញាតឲ្យបុរសម្នាក់ដែលរងទុក្ខលំបាកលក់ខ្លួនធ្វើជាខ្ញុំបម្រើ។ គាត់អាចទទួលតម្លៃនៃការលក់ខ្លួនជាមុនដើម្បីដោះបំណុល។ នៅឆ្នាំទី៧ បើគាត់មិនអាចលោះខ្លួនបាន នោះម្ចាស់គាត់ត្រូវដោះលែងគាត់ឲ្យមានសេរីភាព ថែមទាំងផ្ដល់ឲ្យពូជស្រូវនិងសត្វពាហនៈខ្លះដល់គាត់ដើម្បីគាត់អាចចាប់ផ្ដើមធ្វើស្រែចម្ការ។ បន្ថែមទៅទៀត បើអ្នកក្រខ្ចីលុយពីអ្នកឯទៀត ច្បាប់របស់ព្រះហាមជនរួមជាតិអ៊ីស្រាអែលមិនឲ្យយកការគាត់ឡើយ។ ច្បាប់ក៏បង្គាប់មនុស្សមិនឲ្យច្រូតដល់កៀនដីរបស់ខ្លួនដែរ ដើម្បីអ្នកក្រីក្រអាចរើសសន្សំផលដំណាំបាន។ យ៉ាងនេះ គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់ត្រូវធ្លាក់ខ្លួនសុំទានទេ។—ចោទិយកថា ១៥:១-១៤; លេវីវិន័យ ២៣:២២
ក៏ប៉ុន្តែ ប្រវត្ដិសាស្ត្របានបង្ហាញថាជនជាតិអ៊ីស្រាអែលខ្លះបានធ្លាក់ខ្លួនក្រ។ តើមកពីមូលហេតុអ្វី? ពីព្រោះជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមច្បាប់របស់ព្រះយេហូវ៉ាទេ។ ជាលទ្ធផល ដូចបានកើតឡើងនៅប្រទេសឯទៀត មនុស្សខ្លះក្លាយទៅជាអ្នកមានស្តុកស្តម្ភដែលមានដីច្រើនកន្លែង ហើយអ្នកឯទៀតក្រដែលគ្មានដីធ្លីសោះ។ បណ្ដាជនអ៊ីស្រាអែលមានភាពក្រីក្រដោយសារមនុស្សខ្លះមិនអើពើនឹងច្បាប់របស់ព្រះ ហើយគិតតែពីប្រយោជន៍ខ្លួនជាជាងប្រយោជន៍អ្នកឯទៀត។—ម៉ាថាយ ២២:៣៧-៤០