លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមនុស្សក្រតោកយ៉ាកមានជីវិតបែបណា?

តើមនុស្សក្រតោកយ៉ាកមានជីវិតបែបណា?

តើ​មនុស្ស​ក្រ​តោកយ៉ាក​មាន​ជីវិត​បែប​ណា?

ក្រ​តោកយ៉ាក​គឺជា​ស្ថានភាព​មួយ​ដែល​បណ្ដាល​ឲ្យ​ស្លាប់។ មនុស្ស​ក្រ​តោកយ៉ាក​ខ្វះ​អាហារ ទឹក អុស ទី​ជម្រក ការ​ព្យាបាល និង​ការ​អប់រំ។ បញ្ហា​នេះ​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​ដែល​ស្មើ​នឹង​ចំនួន​ប្រជាជន​ក្នុង​ទ្វីប​អាម៉េរិក​ទាំង​មូល។ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​នៅ​ប្រទេស​ផ្សេង​ៗ​ដូច​ជា​អឺរ៉ុប​ខាង​លិច​និង​អាម៉េរិក​ខាង​ជើង​មិន​ដែល​ស្គាល់​មនុស្ស​ណា​ម្នាក់​ដែល​មាន​ជីវិត​ក្រ​តោកយ៉ាក​ទេ។ ដូច្នេះ យើង​សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពួក​គេ​ខ្លះ​ៗ។

អឹមបារូហ្ស៊ីម៉ាណា គាត់​រស់​នៅ​ប្រទេស​រ្វ៉ាន់ដា​ក្នុង​ទ្វីប​អាហ្វ្រិក​ជា​មួយ​ប្រពន្ធ​និង​កូន​ប្រាំ​នាក់។ កូន​ទី​៦​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់។ គាត់​បាន​និយាយ​ថា​៖ ​«​ឪពុក​ខ្ញុំ​ត្រូវ​ចែក​ដី​របស់​គាត់​ឲ្យ​កូន​ៗ​៦​នាក់។ ដី​ដែល​ជា​ចំណែក​របស់​ខ្ញុំ​តូច​ពេក​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន ដូច្នេះ​ខ្ញុំ​និង​ក្រុម​គ្រួសារ​ត្រូវ​តែ​រើ​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង។ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​ធ្វើ​ជា​កម្មករ​លី​សែង។ ផ្ទះ​របស់​យើង​គ្មាន​បង្អួច​ទេ។ យើង​ទៅ​យក​ទឹក​ពី​អណ្ដូង​ដែល​មាន​នៅ​ឯ​ស្ថានីយ​ប៉ូលិស។ ធម្មតា​យើង​មាន​ម្ហូប​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ពេល​យើង​គ្មាន​ការងារ​ធ្វើ យើង​គ្មាន​ម្ហូប​សោះ​តែ​ម្ដង។ ពេល​នេះ​កើត​ឡើង​ម្ដង​ៗ ខ្ញុំ​ដើរ​ចេញ​ពី​ផ្ទះ​ព្រោះ​ខ្ញុំ​មិន​អាច​ទ្រាំ​ស្ដាប់​ការ​ស្រេក​ឃ្លាន​របស់​កូន​ៗ​បាន​ទេ​»។

វិចទ័រ និង​ខាមឹន ជា​អ្នក​ដេរ​ស្បែក​ជើង។ ពួក​គេ​រស់​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​នៅ​ប្រទេស​បូលីវី​ជា​មួយ​នឹង​កូន​ៗ​ប្រាំ​នាក់​របស់​ពួក​គេ។ ពួក​គេ​ជួល​បន្ទប់​មួយ​ក្នុង​អគារ​ទ្រុឌ​ទ្រោម​ដែល​មាន​ដំបូល​ស័ង្កសី​លិច​ទឹក និង​គ្មាន​អគ្គិសនី​ទេ។ សាលា​រៀន​មាន​សិស្ស​ច្រើន​ពេក​ដែល​គ្មាន​កន្លែង​សម្រាប់​អង្គុយ ដូច្នេះ​វិច​ទ័រ​ត្រូវ​ធ្វើ​តុ​និង​កៅអី​សម្រាប់​កូន​ស្រី​របស់​គាត់​ដើម្បី​នាង​អាច​ចូល​រៀន​បាន។ ពួក​គេ​ត្រូវ​ដើរ​អស់​១០​គីឡូម៉ែត្រ​ដើម្បី​រក​អុស​មក​ចម្អិន​អាហារ និង​ដាំ​ទឹក​ផឹក។ ខា​មឹន​បាន​និយាយ​ថា​៖ ​«​យើង​គ្មាន​បង្គន់​ត្រឹម​ត្រូវ​ទេ ដូច្នេះ​យើង​ត្រូវ​ទៅ​បត់​ជើង​នៅ​ក្បែរ​មាត់​ស្ទឹង ដែល​គេ​តែង​ងូត​ទឹក និង​ចោល​សំរាម​នៅ​ទី​នោះ។ កូន​យើង​អាសា​ឈឺ​ណាស់​»។

ហ្វ្រាន់ស៊ីស្កូ និង​អ៊ីលីឌីយ៉ា រស់​នៅ​ទី​ជនបទ​ក្នុង​ប្រទេស​ម៉ូសាំប៊ិច។ កូន​ៗ​បួន​នាក់​របស់​ពួក​គេ​នៅ​រស់​នៅ​ឡើយ ប៉ុន្តែ​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ពេល​មន្ទីរ​ពេទ្យ​មិន​ព្រម​ព្យាបាល​វា។ ពួក​គេ​ដាំ​ស្រូវ​និង​ដំឡូង​ជ្វា​ក្នុង​ដី​មួយ​ក្បាល​តូច​របស់​ពួក​គេ ដែល​អាច​ផ្គត់​ផ្គង់​ម្ហូប​អាហារ​សម្រាប់​បី​ខែ​បាន។ ហ្វ្រាន់​ស៊ី​ស្កូ​បាន​ពោល​ថា​៖ ​«​ជួនកាល អត់​មាន​ភ្លៀង​គ្រប់​គ្រាន់​ឬ​ក៏​មាន​ចោរ​មក​លួច​ផល​ដំណាំ​របស់​យើង។ ដូច្នេះ​ខ្ញុំ​ទៅ​ព្រៃ​កាប់​ឫស្សី​និង​លក់​វា​ដើម្បី​ទទួល​កម្រៃ​បន្ដិច​បន្តួច​ថែម​ទៀត។ យើង​ក៏​ដើរ​អស់​ពីរ​ម៉ោង​ដើម្បី​កាប់​អុស​ក្នុង​ព្រៃ​ដែរ។ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​លី​អុស​ម្នាក់​មួយ​បាច់ មួយ​បាច់​យើង​ប្រើ​ដើម្បី​ចម្អិន​អាហារ​ក្នុង​មួយ​សប្ដាហ៍ និង​មួយ​បាច់​ទៀត​យើង​លក់​វា​»។

ទូ​ទាំង​ពិភព​លោក​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៧​នាក់​មាន​ជីវិត​រស់​នៅ​ដូច​អឹមបារូហ្ស៊ីម៉ាណា វិចទ័រ និង​ហ្វ្រាន់ស៊ីស្កូ។ ហេតុ​នេះ​ហើយ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​នេះ​ជា​អ្វី​ដែល​ខុស​និង​អយុត្ដិធម៌ ព្រោះ​នៅ​ដំណាល​គ្នា​មនុស្ស​រាប់​ពាន់​លាន​នាក់​មាន​ភាព​ចម្រុងចម្រើន​ដែល​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​ទេ។ មនុស្ស​ខ្លះ​បាន​ខំ​ដោះ​ស្រាយ​បញ្ហា​នេះ។ អត្ថបទ​បន្ទាប់​នេះ​ពិចារណា​អំពី​ការ​ព្យាយាម និង​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។

[​រូបភាព​នៅ​ទំព័រ​២, ៣​]

ខា​មឹន​កំពុង​ដង​ទឹក​ពី​ក្នុង​ស្ទឹង ជា​មួយ​នឹង​កូន​ពីរ​នាក់​របស់​នាង