តើអ្នកទទួលប្រយោជន៍ពីការកម្សាន្ដរបស់អ្នកឬទេ?
តើអ្នកទទួលប្រយោជន៍ពីការកម្សាន្តរបស់អ្នកឬទេ?
«ចូរពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ត»។—អេភ. ៥:១០
១, ២. (ក) តើបណ្ដាំរបស់ព្រះបង្ហាញយ៉ាងដូចម្ដេចថាលោកចង់ឲ្យយើងមានជីវិតដែលសប្បាយរីករាយ? (ខ) តើការចាត់ទុកការកម្សាន្តជា«អំណោយទាននៃព្រះ»នឹងជួយយើងឲ្យធ្វើអ្វី?
គម្ពីរបរិសុទ្ធបានបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាមិនគ្រាន់តែចង់ឲ្យយើងមានជីវិតរស់នៅប៉ុណ្ណោះទេ តែលោកក៏ចង់ឲ្យយើងសប្បាយក្នុងជីវិតផងដែរ។ ជាឧទាហរណ៍ នៅទំនុកតម្កើង ១០៤:១៤, ១៥ បញ្ជាក់ថាព្រះយេហូវ៉ាបានធ្វើឲ្យមាន«អាហារពីផែនដីមក ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ នឹងប្រេងសំរាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស»។ ត្រូវហើយ ព្រះយេហូវ៉ាបានធ្វើឲ្យមានផលដំណាំផ្សេងៗដូចជា ស្រូវ ប្រេង និងស្រាទំពាំងបាយជូរដើម្បីជាចំណីអាហារដល់យើង។ ប៉ុន្តែ ទោះជាស្រាមិនមែនជាអ្វីដែលយើងត្រូវការដើម្បីមានជីវិតរស់នៅក៏ដោយ តែព្រះផ្ដល់វាឲ្យយើងដើម្បី‹នាំឲ្យចិត្តយើងរីករាយ›។ (សាស្ដ. ៩:៧; ១០:១៩) ពិតមែនហើយ ព្រះយេហូវ៉ាចង់ឲ្យយើងមានអំណរ ហើយឲ្យចិត្តរបស់យើងពោរពេញទៅដោយ«ក្ដីរីករាយ»។—សកម្ម. ១៤:១៦, ១៧
២ ដូច្នេះ គ្មានមូលហេតុណាដែលនាំឲ្យយើងមានអារម្មណ៍ថាខុសនោះទេ បើយើងរៀបចំពេលវេលាម្ដងម្កាលដើម្បី«សង្កេតមើលសត្វស្លាបនៅលើមេឃ»និង«ផ្កានៅឯវាល» ឬដើម្បីសប្បាយក្នុងការកម្សាន្តនានាដែលធ្វើឲ្យអារម្មណ៍របស់យើងស្រស់ថ្លា និងធ្វើឲ្យជីវិតរបស់យើងមានន័យខ្លឹមសារច្រើនជាង។ (ម៉ាថ. ៦:២៦, ២៨; ទំនុក. ៨:៣, ៤) ជីវិតដែលសប្បាយរីករាយជា«អំណោយទាននៃព្រះ»។ (សាស្ដ. ៣:១២, ១៣) ការចាត់ទុកការសម្រាកលំហែកាយថាជាផ្នែកមួយនៃអំណោយទាននេះ នឹងជួយយើងឲ្យប្រើវាតាមរបៀបដែលនាំឲ្យព្រះដែលជាអ្នកផ្ដល់ឲ្យយើងពេញចិត្ត។ *
ភាពខុសៗពីគ្នានិងកម្រិតនៃការកម្សាន្ត
៣. ហេតុអ្វីជាការសមហេតុផលដែលយើងអាចជ្រើសរើសការកម្សាន្តខុសៗពីគ្នា?
៣ ពួកអ្នកដែលមានគំនិតសមហេតុសមផលស្តីអំពីការកម្សាន្តយល់ថាពួកគេអាចជ្រើសរើសការកម្សាន្តខុសៗពីគ្នា ប៉ុន្តែពួកគេក៏ត្រូវដាក់កម្រិតទៅលើវាដែរ។ ហេតុអ្វី? ដើម្បីឆ្លើយសំណួរនេះ សូមឲ្យយើងប្រៀបធៀបការកម្សាន្តទៅនឹងម្ហូបដែលយើងបរិភោគ។ ប្រទេសនីមួយៗមានម្ហូបល្បីប្រចាំប្រទេសរបស់ខ្លួន។ តាមពិត ម្ហូបដែលមនុស្សនៅតំបន់មួយចូលចិត្ត ប្រហែលជាមនុស្សនៅតំបន់ផ្សេងមិនចូលចិត្តទៅវិញ។ ស្រដៀងគ្នាដែរ អ្វីៗដែលគ្រិស្តសាសនិកនៅតំបន់មួយចាត់ទុកជាការកម្សាន្តល្អ ប្រហែលជាធ្វើឲ្យគ្រិស្តសាសនិកនៅកន្លែងផ្សេងទៀតមិនពេញចិត្តឡើយ។ ទោះជាក្នុងចំណោមគ្រិស្តសាសនិកដែលរស់នៅតំបន់ដូចគ្នាក៏ដោយ ក៏បងប្អូនខ្លះប្រហែលគិតថាការសម្រាកអានសៀវភៅអាចធ្វើឲ្យធូរអារម្មណ៍ ប៉ុន្តែបងប្អូនឯទៀតគិតថាការធ្វើដូច្នេះនាំឲ្យអផ្សុកទៅវិញ។ ឬក៏បងប្អូនខ្លះប្រហែលជាគិតថាការជិះកង់ដើរលេងអាចធ្វើឲ្យពួកគេល្ហើយខួរក្បាល ប៉ុន្តែបងប្អូនខ្លះទៀតប្រហែលជាគិតថានាំឲ្យអស់កម្លាំងទៅវិញ។ ទោះជាយ៉ាងនោះក៏ដោយ យើងទទួលស្គាល់ថាក្នុងករណីម្ហូបនិងការកម្សាន្ត យើងអាចជ្រើសរើសការកម្សាន្តខុសៗពីគ្នា ហើយស្របតាមចំណង់ចំណូលចិត្តរបស់យើង។—រ៉ូម ១៤:២-៤
៤. ហេតុអ្វីយើងត្រូវដាក់កម្រិតទៅលើប្រភេទនៃការកម្សាន្តដែលយើងជ្រើសរើស? សូមលើកឧទាហរណ៍។
៤ ក៏ប៉ុន្តែ យើងក៏ទទួលស្គាល់ដែរថាការជ្រើសរើសការកម្សាន្តដែលខុសៗពីគ្នាមិនមានន័យថាយើងគួរធ្វើអ្វីតាមចិត្តចង់នោះទេ។ ដើម្បីយល់អំពីរឿងនេះ សូមពិចារណាអំពីម្ហូបម្ដងទៀត។ ទោះជាយើងអាចបរិភោគម្ហូបផ្សេងៗក៏ដោយ យើងនឹងមិនចង់បរិភោគម្ហូបដែលជូរផ្អូមទេ ពីព្រោះនោះអាចបង្ខូចសុខភាពរបស់យើង។ ស្រដៀងគ្នាដែរ អេភ. ៥:១០) តើយើងអាចធ្វើដូច្នេះតាមរបៀបណា?
ទោះជាយើងអាចមានជម្រើសជាច្រើនក្នុងការកម្សាន្តក៏ដោយ យើងនឹងមិនជ្រើសយកការកម្សាន្តដែលឃោរឃៅ នាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ឬបង្ខូចគោលការណ៍សីលធម៌នោះទេ។ ការចូលរួមក្នុងការកម្សាន្តបែបនេះប្រឆាំងនឹងគោលការណ៍ក្នុងគម្ពីរ ហើយនឹងអាចមានគ្រោះថ្នាក់ដល់សុខភាព ថែមទាំងអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដែរ។ ដូច្នេះ យើងត្រូវដាក់កម្រិតទៅលើការកម្សាន្តដែលយើងជ្រើសរើស។ យើងត្រូវតែគិតឲ្យបានហ្មត់ចត់អំពីអ្វីដែលយើងចង់ធ្វើ ហើយក្រោយមកជ្រើសរើសយកការកម្សាន្តដែលផ្ដល់ប្រយោជន៍ដល់យើង។ (៥. ដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្តស្តីអំពីការកម្សាន្តដែលសមស្របតាមខ្នាតតម្រារបស់ព្រះ តើយើងអាចធ្វើអ្វី?
៥ ដើម្បីឲ្យការកម្សាន្តរបស់យើងជាអ្វីដែលនាំឲ្យយើងទទួលប្រយោជន៍ និងទទួលការពេញចិត្តពីព្រះយេហូវ៉ា ការកម្សាន្តនេះត្រូវតែបំពេញលក្ខណៈដែលបានកំណត់ឲ្យដោយខ្នាតតម្រាដែលមានក្នុងបណ្ដាំរបស់ព្រះ។ (ទំនុក. ៨៦:១១) យើងអាចធ្វើការសម្រេចចិត្តថា ការកម្សាន្តណាគឺសមស្របនឹងខ្នាតតម្រារបស់ព្រះដោយប្រើបញ្ជីដ៏ស្រួលយល់មួយ។ បញ្ជីនោះមានសំណួរបីយ៉ាងដែលយើងអាចសួរខ្លួន ពោលគឺ តើការកម្សាន្តនោះរួមបញ្ចូលអ្វីខ្លះ? តើខ្ញុំលេងកម្សាន្តនៅពេលណា? ហើយតើខ្ញុំលេងកម្សាន្តជាមួយអ្នកណា? សូមឲ្យយើងពិចារណាអំពីចំណុចនេះម្ដងមួយៗ។
តើការកម្សាន្តនោះរួមបញ្ចូលអ្វីខ្លះ?
៦. តើការកម្សាន្តបែបណាដែលយើងត្រូវជៀសវាង? ហើយហេតុអ្វី?
៦ មុននឹងជ្រើសរើសការលេងកម្សាន្តណាមួយ នោះយើងត្រូវសួរខ្លួននូវសំណួរនេះជាមុនសិន ពោលគឺ‹តើការកម្សាន្តនោះរួមបញ្ចូលអ្វីខ្លះ?›។ កាលដែលអ្នកខំស្វែងរកចម្លើយ ជាការល្អឲ្យអ្នកចងចាំថាយ៉ាងហោចណាស់មានការកម្សាន្តពីរប្រភេទ។ ការកម្សាន្តប្រភេទទី១រួមបញ្ចូលអ្វីដែលយើងមិនត្រូវធ្វើ ហើយប្រភេទទី២ជាអ្វីដែលយើងអាចសម្រេចចិត្តធ្វើ។ តើការកម្សាន្តប្រភេទទី១ជាអ្វីទៅ? ក្នុងពិភពលោកដ៏អាក្រក់នេះ ការកម្សាន្តភាគច្រើនរួមមានសកម្មភាពដែលប្រឆាំងនឹងគោលការណ៍គម្ពីរ ឬបំពានច្បាប់របស់ព្រះតែម្ដង។ (១យ៉ូន. ៥:១៩) ពួកគ្រិស្តសាសនិកពិតមិនជ្រើសរើសយកការកម្សាន្តបែបនោះជាដាច់ខាត។ នេះរួមបញ្ចូលការកម្សាន្តដែលទាក់ទងនឹងពួកវិញ្ញាណកំណាច ការរួមដំណេកជាមួយមនុស្សដែលមានភេទដូចគ្នា ការមើលរូបអាសអាភាស ឬអំពើហិង្សា ឬក៏លើកតម្កើងអ្វីដែលថោកទាប ពោលគឺការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (១កូ. ៦:៩, ១០; សូមអាន ការបើកបង្ហាញ ២១:៨) ដូច្នេះ ទោះជាយើងនៅម្នាក់ឯងឬជាមួយអ្នកឯទៀតក៏ដោយ យើងចង់បង្ហាញដល់ព្រះយេហូវ៉ាថា យើង«ស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត»ដោយមិនព្រមជ្រើសយកការកម្សាន្តបែបនេះឡើយ។—រ៉ូម ១២:៩; ១យ៉ូន. ១:៥, ៦
៧, ៨. តើយើងអាចដឹងអំពីគុណភាពនៃការកម្សាន្តរបស់យើងយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
៧ ការកម្សាន្តប្រភេទទី២រួមបញ្ចូលការកម្សាន្តណាដែលមិនមានមូលដ្ឋានទៅលើអ្វីដែលគម្ពីរផ្ដន្ទាទោសយ៉ាងចំៗនោះទេ។ ក្នុងករណីបែបនេះ មុនយើងជ្រើសរើសការកម្សាន្ត យើងគួរប្រៀបធៀបការកម្សាន្តនោះជាមួយនឹងទស្សនៈរបស់ព្រះយេហូវ៉ា ស្តីអំពីអ្វីដែលត្រឹមត្រូវដូចមានក្នុងគោលការណ៍គម្ពីរ។ (សុភ. ៤:១០, ១១) បន្ទាប់មក យើងត្រូវតែធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដែលនាំឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ (កាឡ. ៦:៥; ១ធី. ១:១៩) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេចបាន? ធម្មតា មុនយើងបរិភោគម្ហូបប្លែក ដំបូងយើងចង់ដឹងអំពីគ្រឿងផ្សំសំខាន់ៗរបស់មុខម្ហូបនោះសិន មែនទេ? ស្រដៀងគ្នាដែរ មុនយើងសម្រេចចិត្តលេងកម្សាន្តអ្វីមួយ យើងត្រូវដឹងអំពីលក្ខណៈសំខាន់នៃការកម្សាន្តនោះ។—អេភ. ៥:១៧
៨ ជាឧទាហរណ៍ អ្នកប្រហែលជាចូលចិត្តកីឡា។ មនុស្សជាច្រើនលេងកីឡាពីព្រោះនេះធ្វើឲ្យពួកគេរំភើបចិត្តនិងបានសប្បាយ។ ចុះយ៉ាងណាបើអ្នកចូលចិត្តកីឡាខ្លះដែលមានការប្រកួតប្រជែងគ្នាដោយកំហឹង មានការអបអរដែលនាំឲ្យមានអំពើហិង្សា ងាយប្រថុយជីវិត អាចរងរបួសធ្ងន់ លើកតម្កើងជាតិសាសន៍របស់ខ្លួន ឬអ្វីៗដែលមានលក្ខណៈស្រដៀងនឹងការទាំងនេះ? ក្រោយពីបានពិចារណាអ្វីៗទាំងនេះហើយ អ្នកទំនងជាសម្រេចចិត្តថា ការលេងកម្សាន្តបែបនោះពិតជាមិនសមស្របនឹងគំនិតរបស់ព្រះយេហូវ៉ា និងដំណឹងដែលអ្នកផ្សព្វផ្សាយស្តីអំពីសេចក្ដីសុខសាន្តនិងសេចក្ដីស្រឡាញ់នោះទេ។ (អេ. ៦១:១; កាឡ. ៥:១៩-២១) ផ្ទុយទៅវិញ បើអ្នកប្រាកដថាព្រះយេហូវ៉ាពេញចិត្តចំពោះការកម្សាន្តណាមួយនោះ អ្នកប្រហែលជាអាចទទួលប្រយោជន៍ និងទទួលកម្លាំងចិត្តឡើងវិញមែន។—កាឡ. ៥:២២, ២៣; សូមអាន ភីលីព ៤:៨
តើខ្ញុំលេងកម្សាន្តនៅពេលណា?
៩. តើចម្លើយរបស់យើងចំពោះសំណួរដែលថា‹តើខ្ញុំនឹងលេងកម្សាន្តនៅពេលណា?›បង្ហាញឲ្យឃើញអំពីអ្វី?
៩ សំណួរទី២ដែលយើងអាចសួរខ្លួនគឺ‹តើខ្ញុំនឹងលេងកម្សាន្តនៅពេលណា? តើខ្ញុំនឹងចំណាយពេលប៉ុន្មានក្នុងការកម្សាន្តនោះ?› ចម្លើយចំពោះសំណួរដែលថា‹តើការកម្សាន្តនោះរួមបញ្ចូលអ្វីខ្លះ?›បង្ហាញឲ្យយើងដឹងអំពីចំណង់ចំណូលចិត្តរបស់យើង ពោលគឺអ្វីដែលយើងចាត់ទុកថាត្រឹមត្រូវ និងអ្វីដែលយើងចាត់ទុកថាមិនត្រឹមត្រូវ។ ក៏ប៉ុន្តែ ចម្លើយចំពោះសំណួរដែលថា‹តើខ្ញុំលេងកម្សាន្តនៅពេលណា?›សឲ្យឃើញនូវអ្វីដែលយើងចាត់ទុកជាអាទិភាព ពោលគឺអ្វីដែលយើងចាត់ទុកថាសំខាន់ និងអ្វីដែលយើងចាត់ទុកថាមិនសូវសំខាន់។ ដូច្នេះ យើងគួរពិចារណាថាសារៈសំខាន់ដែលយើងផ្ដល់ឲ្យចំពោះការកម្សាន្តជាអ្វីដែលត្រឹមត្រូវឬយ៉ាងណា។ ប៉ុន្តែ តើយើងអាចដឹងអំពីរឿងនេះយ៉ាងដូចម្ដេចបាន?
១០, ១១. តើពាក្យរបស់លោកយេស៊ូដែលកត់ទុកនៅម៉ាថាយ ៦:៣៣ ជួយយើងឲ្យសម្រេចចិត្តយ៉ាងណាស្តីអំពីចំនួនពេលដែលយើងចំណាយក្នុងការកម្សាន្ត?
១០ លោកយេស៊ូគ្រិស្តបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ»។ (ម៉ាក. ១២:៣០) ហេតុនេះហើយ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាគួរជាអ្វីដែលសំខាន់បំផុតក្នុងជីវិតយើង។ យើងបង្ហាញថាយើងធ្វើដូច្នេះ ដោយធ្វើតាមការដាស់តឿនរបស់លោកយេស៊ូដែលថា៖ «ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់ របស់ទាំងនេះឲ្យអ្នក»។ (ម៉ាថ. ៦:៣៣) ជាការល្អឲ្យយើងពិចារណាថា តើយើងត្រូវចំណាយពេលប៉ុន្មានទៅលើការកម្សាន្តនោះ? ហើយតើយើងត្រូវឲ្យសារៈសំខាន់ប៉ុណ្ណាចំពោះវា? ស្តីអំពីរឿងនេះ តើម៉ាថាយ ៦:៣៣ អាចជួយយើងឲ្យសម្រេចចិត្តត្រឹមត្រូវយ៉ាងដូចម្ដេច?
១១ សូមកត់សម្គាល់ថាលោកយេស៊ូបានដាស់តឿនយើងឲ្យ‹បន្តស្វែងរករាជាណាចក្រព្រះជាមុន›។ លោកមិនបានប្រាប់យើងឲ្យ‹បន្តស្វែងរករាជាណាចក្រព្រះតែប៉ុណ្ណោះ›នោះទេ។ លោកជ្រាបថាក្រៅពីរាជាណាចក្រព្រះ យើងត្រូវស្វែងរកអ្វីៗជាច្រើនទៀតក្នុងជីវិតរបស់យើង។ យើងត្រូវការទីជម្រក អាហារ សម្លៀកបំពាក់ ការអប់រំ ការងារ ការកម្សាន្ត ព្រមទាំងរបស់របរផ្សេងទៀតដែរ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងចំណោមអ្វីៗទាំងអស់ដែលយើងស្វែងរក មានតែកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះប៉ុណ្ណោះទេដែលយើងចាត់ទុកជាអ្វីដែលសំខាន់បំផុត។ (១កូ. ៧:២៩-៣១) ការពិតដ៏សំខាន់នេះគួរជំរុញយើងឲ្យចាត់ទុកអ្វីៗឯទៀត រួមទាំងការកម្សាន្ត ជាអ្វីដែលបន្ទាប់បន្សំ។ ការធ្វើដូច្នេះនឹងជួយយើងឲ្យបំពេញកិច្ចការដែលសំខាន់បំផុត ពោលគឺកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះ។ ការមានចិត្តគំនិតបែបនេះអាចធ្វើឲ្យយើងទទួលប្រយោជន៍ពីការកម្សាន្ត។
១២. ស្តីអំពីការកម្សាន្ត តើយើងអាចប្រើគោលការណ៍នៅលូកា ១៤:២៨យ៉ាងដូចម្ដេច?
១២ ដូច្នេះ ស្តីអំពីការចំណាយពេលដើម្បីលេងកម្សាន្ត យកល្អឲ្យយើងគិតគូរជាមុនសិន។ (លូក. ១៤:២៨) យើងត្រូវដឹងថា ការកម្សាន្តនោះតម្រូវឲ្យយើងចំណាយពេលប៉ុន្មាន។ បន្ទាប់មក យើងត្រូវសម្រេចចិត្តថា តើការកម្សាន្តនោះសមឲ្យយើងចំណាយពេលប៉ុននោះឬទេ? បើការកម្សាន្តណាមួយនាំឲ្យយើងខកខានក្នុងកិច្ចការដែលសំខាន់ជាង ដូចជាការសិក្សាគម្ពីរដោយខ្លួនឯង ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ការទៅកិច្ចប្រជុំ ឬកិច្ចការផ្សព្វផ្សាយដំណឹងល្អ នោះគឺមិនសមនឹងតម្លៃនៃពេលវេលាដែលយើងចំណាយនោះទេ។ (ម៉ាក. ៨:៣៦) ផ្ទុយទៅវិញ បើយូរៗម្ដងយើងចូលរួមក្នុងការកម្សាន្តណាដែលអាចធ្វើឲ្យយើងល្ហើយខួរក្បាល ដើម្បីជួយយើងឲ្យបំពេញកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះ យើងប្រហែលជាអាចចាត់ទុកពេលវេលាដែលយើងប្រើទៅលើការកម្សាន្តនោះជាអ្វីដែលមានប្រយោជន៍មែន។
តើខ្ញុំលេងកម្សាន្តជាមួយអ្នកណា?
១៣. ហេតុអ្វីយើងត្រូវពិចារណាឲ្យបានដិតដល់អំពីមនុស្សដែលលេងកម្សាន្តជាមួយយើង?
១៣ សំណួរទី៣ដែលយើងត្រូវសួរខ្លួនគឺ‹តើខ្ញុំលេងកម្សាន្តជាមួយអ្នកណា?›។ ជាការសំខាន់ណាស់ឲ្យយើងពិចារណាអំពីលក្ខណៈនៃការកម្សាន្តរបស់យើង។ ហេតុអ្វី? ពីព្រោះគុណភាពនៃការកម្សាន្តទទួលឥទ្ធិពលយ៉ាងខ្លាំងពីអ្នកដែលចូលរួម។ នេះប្រៀបដូចជាការបរិភោគអាហារជាមួយនឹងមិត្តភក្ដិ។ ពេលយើងបរិភោគអាហារជាមួយមិត្តភក្ដិល្អ ធ្វើឲ្យអាហារនោះកាន់តែឆ្ងាញ់។ ដូចគ្នាដែរ ពេលយើងលេងកម្សាន្តជាមួយមិត្តភក្ដិល្អ ក៏នាំឲ្យយើងកាន់តែសប្បាយរីករាយដែរ។ ហេតុនេះ មិនជាការចម្លែកទេដែលបងប្អូនជាច្រើន ជាពិសេសប្អូនៗវ័យក្មេង ចូលចិត្តលេងកម្សាន្តជាមួយនឹងអ្នកឯទៀត។ ក៏ប៉ុន្តែ ដើម្បីដឹងឲ្យប្រាកដថាការកម្សាន្តណាមួយនាំឲ្យយើងទទួលប្រយោជន៍ឬអត់ ជាការល្អឲ្យយើងពិចារណាទុកជាមុនថា មនុស្សប្រភេទណាដែលយើងគួរជ្រើសរើសឲ្យចូលរួមលេងកម្សាន្តជាមួយយើង ហើយមនុស្សប្រភេទណាដែលយើង២រប. ១៩:២; សូមអាន សុភាសិត ១៣:២០; យ៉ា. ៤:៤
គួរជៀសវាង។—១៤, ១៥. (ក) ស្តីអំពីការជ្រើសរើសមិត្តភក្ដិល្អ តើលោកយេស៊ូបានទុកគំរូអ្វី? (ខ) ស្តីអំពីអ្នកដែលចូលរួមលេងកម្សាន្តជាមួយយើង តើយើងគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
១៤ ការធ្វើតាមគំរូរបស់លោកយេស៊ូក្នុងការជ្រើសរើសមិត្តភក្ដិនឹងជួយយើងយ៉ាងច្រើនមែន។ លោកយេស៊ូតែងតែស្រឡាញ់មនុស្សជាតិជានិច្ច។ (សុភ. ៨:៣១) ពេលដែលលោករស់នៅលើផែនដី លោកបានបង្ហាញការយកចិត្តទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់ប្រភេទ។ (ម៉ាថ. ១៥:២៩-៣៧) ក៏ប៉ុន្តែ លោកយេស៊ូបានបែងចែកយ៉ាងដាច់រវាងមនុស្សដែលលោករាក់ទាក់ និងមិត្តភក្ដិជិតស្និទ្ធ។ លោកបានរាក់ទាក់ចំពោះមនុស្សទូទៅ តែលោកបានក្លាយទៅជាមិត្តភក្ដិជិតស្និទ្ធចំពោះអ្នកដែលធ្វើតាមតម្រូវការដ៏ជាក់លាក់មួយ។ លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកសាវ័កដ៏ស្មោះត្រង់របស់លោកទាំង១១នាក់ថា៖ «អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបង្គាប់របស់ខ្ញុំ»។ (យ៉ូន. ១៥:១៤; សូមមើល យ៉ូហាន ១៣:២៧, ៣០) ពួកអ្នកដែលលោកយេស៊ូជ្រើសរើសជាមិត្តសម្លាញ់គឺជាអ្នកដែលធ្វើតាមលោក និងបម្រើព្រះយេហូវ៉ា។
១៥ អាស្រ័យហេតុនេះ ពេលអ្នកពិចារណាថាអ្នកគួរជ្រើសរើសបុគ្គលណាម្នាក់ឲ្យធ្វើជាមិត្តភក្ដិជិតស្និទ្ធឬអត់ នោះជាការដែលប្រកបដោយប្រាជ្ញាឲ្យយើងចងចាំពាក្យរបស់លោកយេស៊ូជានិច្ច។ សូមសួរខ្លួននូវសំណួរដូចជា: ‹តើពាក្យសម្ដីនិងការប្រព្រឹត្តរបស់បុគ្គលនោះបង្ហាញឲ្យឃើញថា គាត់ជាអ្នកដែលធ្វើតាមច្បាប់របស់ព្រះយេហូវ៉ានិងលោកយេស៊ូឬទេ? តើគាត់មានគោលការណ៍សីលធម៌ដែលផ្អែកលើគម្ពីរដូចខ្ញុំឬទេ? តើការសេពគប់ជាមួយគាត់ លើកទឹកចិត្តខ្ញុំឲ្យចាត់ទុករាជាណាចក្ររបស់ព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតខ្ញុំ ហើយឲ្យក្លាយជាអ្នកបម្រើស្មោះត្រង់ចំពោះព្រះយេហូវ៉ាឬទេ?›។ បើអ្នកប្រាកដថាចម្លើយរបស់អ្នកចំពោះសំណួរនោះគឺមែន នោះអ្នកបានរកឃើញមិត្តភក្ដិល្អម្នាក់ដែលអ្នកអាចលេងកម្សាន្តជាមួយគ្នាដោយសប្បាយរីករាយហើយ។—សូមអាន ទំនុកតម្កើង ១១៩:៦៣; ២កូ. ៦:១៤; ២ធី. ២:២២
តើការកម្សាន្តរបស់យើងបំពេញលក្ខណៈទាំងបីនេះឬទេ?
១៦. ស្តីអំពីការលេងកម្សាន្តរបស់យើង តើយើងត្រូវពិចារណាអំពីអ្វី?
១៦ យើងបានពិចារណាជាសង្ខេបអំពីលក្ខណៈបីយ៉ាងនៃការកម្សាន្ត ពោលគឺគុណភាព ចំនួន និងអ្នកដែលចូលរួម។ ដើម្បីទទួលប្រយោជន៍ លក្ខណៈនីមួយៗនៃការកម្សាន្តរបស់យើងត្រូវតែសមស្របតាមខ្នាតតម្រាក្នុងគម្ពីរ។ អាស្រ័យហេតុនេះ មុនយើងចូលរួមលេងកម្សាន្តអ្វីមួយ យើងត្រូវពិចារណាជាមុនសិន។ ពេលដែលយើងគិតអំពីគុណភាពនៃការកម្សាន្តរបស់យើង យើងចង់ដឹងថា: ‹តើនេះរួមបញ្ចូលអ្វីខ្លះ? តើការកម្សាន្តនេះមានលក្ខណៈថ្លៃថ្នូរឬថោកទាប?›។ (សុភ. ៤:២០-២៧) ស្តីអំពីចំនួនដែលយើងលេងកម្សាន្ត យើងចង់ដឹងថា: ‹តើខ្ញុំនឹងចំណាយពេលប៉ុន្មានទៅលើការលេងកម្សាន្តនោះ? តើការកម្សាន្តនោះសមឲ្យខ្ញុំចំណាយពេលប៉ុននោះឬទេ?›។ (១ធី. ៤:៨) ម្យ៉ាងទៀត បើគិតអំពីអ្នកដែលចូលរួមវិញ យើងត្រូវពិចារណាថា: ‹តើខ្ញុំលេងកម្សាន្តជាមួយអ្នកណា? តើបុគ្គលដែលចូលរួមនោះជាមិត្តភក្ដិល្អឬអាក្រក់?›។—សាស្ដ. ៩:១៨; ១កូ. ១៥:៣៣
១៧, ១៨. (ក) តើយើងអាចពិចារណាថាការកម្សាន្តរបស់យើងសមស្របតាមខ្នាតតម្រាដែលមានក្នុងគម្ពីរយ៉ាងដូចម្ដេច? (ខ) ពេលដែលអ្នកត្រូវជ្រើសរើសការកម្សាន្ត តើអ្នកផ្ទាល់តាំងចិត្តធ្វើអ្វី?
១៧ បើការកម្សាន្តណាមួយមិនបានបំពេញតាមខ្នាតតម្រាក្នុងគម្ពីរស្តីអំពីលក្ខណៈទាំងបីនោះទេ ការកម្សាន្តនោះមិនសមត្រឹមត្រូវសម្រាប់គ្រិស្តសាសនិកឡើយ។ ផ្ទុយទៅវិញ បើយើងប្រាកដថាការកម្សាន្តរបស់យើងបំពេញលក្ខណៈទាំងបីនេះសមស្របតាមខ្នាតតម្រាដែលមានក្នុងគម្ពីរ នោះការកម្សាន្តរបស់យើងនឹងលើកតម្កើងព្រះយេហូវ៉ា ហើយក៏នាំឲ្យយើងទទួលប្រយោជន៍ផងដែរ។—ទំនុក. ១១៩:៣៣-៣៥
១៨ ដូច្នេះ ពេលដែលលេងកម្សាន្ត សូមឲ្យយើងខំប្រឹងធ្វើអ្វីដែលត្រឹមត្រូវ នៅពេលដែលត្រឹមត្រូវ ហើយក៏ជាមួយនឹងមនុស្សដែលត្រឹមត្រូវដែរ។ ពិតមែនហើយ សូមឲ្យយើងម្នាក់ៗមានចិត្តចង់ធ្វើតាមឱវាទក្នុងគម្ពីរដែលថា៖ «ទោះជាអ្នកផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—១កូ. ១០:៣១
[កំណត់សម្គាល់]
^ វគ្គ 2 ក្នុងអត្ថបទនេះ ពាក្យ«ការកម្សាន្ត»និង«ការលំហែកាយ»បានត្រូវប្រើសម្រាប់សំដៅទៅលើការលៃទុកពេលដើម្បីសម្រាកលំហែកាយក្នុងសកម្មភាពណាមួយដែលនាំឲ្យយើងមានភាពសប្បាយរីករាយ។
តើអ្នកអាចពន្យល់បានឬទេ?
ស្តីអំពីការលេងកម្សាន្ត តើតាមរបៀបណាដែលអ្នកអាចអនុវត្តតាមគោលការណ៍ដែលមាននៅ . . .
• ភីលីព ៤:៨?
• ម៉ាថាយ ៦:៣៣?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបនៅទំព័រ១១]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
✔រួមបញ្ចូលអ្វីខ្លះ?
[រូបនៅទំព័រ១២]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
✔នៅពេលណា?
[រូបនៅទំព័រ១៤]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
✔ជាមួយអ្នកណា?
[រូបភាពនៅទំព័រ១២]
តើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូក្នុងការជ្រើសរើសមិត្តភក្ដិនិងការកម្សាន្តរបស់យើងយ៉ាងដូចម្ដេច?