តើអាចមានអនាគតដ៏ភ្លឺស្វាងតាមរបៀបណា?
តើអាចមានអនាគតដ៏ភ្លឺស្វាងតាមរបៀបណា?
តើលោកអ្នកអាចមានជោគជ័យដ៏ពិតប្រាកដតាមរបៀបណា? វិធីមួយ ប្រើសមត្ថភាពដ៏អស្ចារ្យដែលលោកអ្នកមាន ពោលគឺសមត្ថភាពពិចារណាអំពីលទ្ធផលដ៏យូរអង្វែងដែលមកពីការសម្រេចចិត្តរបស់លោកអ្នកនៅឥឡូវនេះ។
ជាការពិត លោកអ្នកប្រហែលជាពិបាកធ្វើការសម្រេចចិត្តដែលនាំឲ្យលោកអ្នកទទួលប្រយោជន៍ពេញមួយជីវិត។ ហេតុអ្វី? ពីព្រោះមនុស្សជាច្រើននៅសព្វថ្ងៃនេះមានគំនិតថា ពួកគេចង់បានអ្វីភ្លាមៗនៅឥឡូវនេះ។ ជាឧទាហរណ៍ លោកអ្នកប្រហែលជាដឹងថា ការធ្វើតាមគោលការណ៍ក្នុងគម្ពីរអាចជួយឲ្យទំនាក់ទំនងក្នុងក្រុមគ្រួសាររបស់លោកអ្នកកាន់តែរឹងមាំ។ (អេភេសូរ ៥:២២–៦:៤) ក៏ប៉ុន្តែ ដើម្បីធ្វើដូច្នេះ លោកអ្នកត្រូវតែចំណាយពេលជាទៀងទាត់ជាមួយក្រុមគ្រួសារ ព្រមទាំងមិនបណ្ដោយខ្លួនតាមការអូសទាញដែលឲ្យវក់តែនឹងការងារ ឬការលេងកម្សាន្ត។ ដូចក្នុងរឿងជាច្រើនឯទៀតក្នុងជីវិត លោកអ្នកត្រូវជ្រើសរើសថា តើលោកអ្នកចង់បំពេញចិត្តខ្លួនតែមួយរយៈពេលខ្លី ឬក៏ចង់បានលទ្ធផលល្អដែលស្ថិតស្ថេរយូរអង្វែងវិញ? តើលោកអ្នកអាចទទួលកម្លាំងដែលលោកអ្នកត្រូវការដើម្បីជ្រើសរើសផ្លូវដ៏ត្រឹមត្រូវយ៉ាងដូចម្ដេច? សូមធ្វើតាមវិធីបួនយ៉ាងខាងក្រោមនេះ:
១. ស្រមៃគិតអំពីលទ្ធផលដែលនឹងកើតឡើង
មុនធ្វើការសម្រេចចិត្ត សូមស្រមៃគិតអំពីលទ្ធផលពិតប្រាកដដែលនឹងកើតឡើង។ គម្ពីរបានជូនឱវាទថា៖«មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ»។ (សុភាសិត ២២:៣) បើលោកអ្នកទទួលស្គាល់ការពិតអំពីលទ្ធផលដែលអាចកើតឡើង នោះទំនងជានឹងជំរុញលោកអ្នកឲ្យជៀសចេញពីការសម្រេចចិត្តដែលអាចនាំឲ្យមានផលវិបាក មែនទេ? ម្យ៉ាងទៀត បើលោកអ្នកស្រមៃគិតអំពីប្រយោជន៍ដ៏យូរអង្វែងដែលមកពីការសម្រេចចិត្តដ៏ឈ្លាសវៃ នោះអាចពង្រឹងកម្លាំងចិត្តលោកអ្នកឲ្យធ្វើតាមការសម្រេចចិត្តនោះ។
សូមសួរខ្លួនថា ‹តើការសម្រេចចិត្តរបស់ខ្ញុំនឹងទទួលលទ្ធផលយ៉ាងណាក្នុងរយៈពេល១ឆ្នាំ ឬ១០ទៅ២០ឆ្នាំក្រោយ? តើនោះនឹងជះឥទ្ធិពលយ៉ាងណាទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំ? តើការសម្រេចចិត្តរបស់ខ្ញុំនឹងជះឥទ្ធិពលយ៉ាងណាទៅលើក្រុមគ្រួសាររបស់ខ្ញុំ និងមនុស្សជាទីស្រឡាញ់របស់ខ្ញុំ?›។ សំណួរដ៏សំខាន់បំផុតគឺ ‹តើព្រះពេញចិត្តនឹងការសម្រេចចិត្តរបស់ខ្ញុំឬទេ? តើនេះនឹងជះឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពដែលខ្ញុំមានជាមួយនឹងលោក?›។ ដោយសារគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ នោះគម្ពីរអាចប្រាប់លោកអ្នកឲ្យដឹងអំពីការប្រព្រឹត្តដែលធ្វើឲ្យព្រះពេញចិត្ត និងប្រាប់អំពីផលវិបាកដែលលោកអ្នកមិនធ្លាប់គិតដល់។—សុភាសិត ១៤:១២; ធីម៉ូថេទី២ ៣:១៦
២. ពិចារណាអំពីជម្រើសរបស់លោកអ្នក
មនុស្សជាច្រើនចូលចិត្តធ្វើអ្វីដែលពេញនិយម។ ប៉ុន្តែ ការពេញនិយមនេះមិនមែនជាកត្ដាដែលនាំឲ្យទទួលជោគជ័យក្នុងជីវិតទេ។ សូមពិចារណាអំពីជម្រើសផ្សេងៗរបស់លោកអ្នក។ ជាឧទាហរណ៍ សូមគិតអំពីស្ត្រីម្នាក់ឈ្មោះណាតាលី។ * នាងបានពន្យល់ថា៖ «ខ្ញុំចង់រៀបការជាមួយបុរសដ៏ល្អម្នាក់។ ប៉ុន្តែខ្ញុំដឹងថា របៀបរស់នៅពីមុន មិនអាចធ្វើឲ្យខ្ញុំរៀបការជាមួយបុរសដ៏ល្អម្នាក់បានទេ។ នៅសកលវិទ្យាល័យ មិត្តរបស់ខ្ញុំទាំងអស់សុទ្ធតែជាយុវជនឆ្នើម។ ប៉ុន្តែ ស្តីអំពីរឿងផ្ទាល់ខ្លួន ពួកគេចេះតែធ្វើការសម្រេចចិត្តមិនល្អ។ ពួកគេតែងតែផ្លាស់ប្ដូរសង្សារ។ ខ្ញុំក៏ធ្លាប់មានសង្សារច្រើនដូចពួកគេដែរ។ តែរបៀបរស់នៅបែបនេះ បានធ្វើឲ្យខ្ញុំឈឺចិត្តខ្លាំង»។
ណាតាលីចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ នាងបានរៀបរាប់ថា៖ «ក្នុងចំណោមសាក្សីព្រះយេហូវ៉ា ខ្ញុំឃើញយុវជនដែលមានចិត្តសប្បាយនិងមនុស្សដែលមានចំណងអាពាហ៍ពិពាហ៍រឹងមាំ។ ទោះជាពិបាកក៏ដោយ បន្ដិចម្ដងៗ ខ្ញុំបានផ្លាស់ប្ដូរទស្សនៈនិងរបៀបរស់នៅរបស់ខ្ញុំ»។ តើនាងបានទទួល
លទ្ធផលយ៉ាងណា? ណាតាលីបានពោលថា៖ «ខ្ញុំតែងតែចង់រៀបការជាមួយបុរសម្នាក់ដែលខ្ញុំគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ។ ក្រោយមក ខ្ញុំបានរៀបការជាមួយបុរសម្នាក់ដែលមានជំនឿដូចខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ព្រះបានឲ្យខ្ញុំនូវក្រុមគ្រួសារមួយដែលល្អហួសពីការនឹកស្មានរបស់ខ្ញុំ»។៣. គិតឲ្យបានវែងឆ្ងាយ
ដើម្បីជួយលោកអ្នកឲ្យធ្វើការសម្រេចចិត្តដែលទទួលប្រយោជន៍ដ៏យូរអង្វែង លោកអ្នកក៏ត្រូវដឹងឲ្យច្បាស់ថា លោកអ្នកចង់បានអនាគតបែបណាដែរ ហើយត្រូវរៀបចំគម្រោងដើម្បីបានអនាគតបែបនោះ។ (សុភាសិត ២១:៥) សូមកុំគិតអំពីអនាគតដែលមានរយៈពេលតែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះឡើយ។ ផ្ទុយទៅវិញ សូមស្រមៃឃើញខ្លួនលោកអ្នកកំពុងរស់នៅដោយសប្បាយរីករាយជារៀងរហូតដូចបានចែងក្នុងគម្ពីរ។
គម្ពីរពន្យល់ថា តាមរយៈថ្លៃលោះរបស់លោកយេស៊ូ ព្រះបានរៀបចំវិធានការដើម្បីឲ្យមនុស្សអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ (ម៉ាថាយ ២០:២៨; រ៉ូម ៦:២៣) ព្រះសន្យាថា បន្ដិចទៀតគោលបំណងដើមរបស់លោកសម្រាប់មនុស្សជាតិ និងសម្រាប់ផែនដីនឹងត្រូវសម្រេច។ ពួកអ្នកដែលស្រឡាញ់ព្រះនឹងមានឱកាសរស់នៅជារៀងរហូតនៅផែនដីដែលបានត្រូវរៀបចំឲ្យស្អាតឡើងវិញ។ (ទំនុកតម្កើង ៣៧:១១; ការបើកបង្ហាញ ២១:៣-៥) លោកអ្នកអាចមានអនាគតបែបនេះ បើលោកអ្នកគិតពិចារណាឲ្យបានវែងឆ្ងាយ។
៤. ព្យាយាមសម្រេចគោលដៅរបស់លោកអ្នក
តើលោកអ្នកអាចធ្វើយ៉ាងណាដើម្បីមានអនាគតដែលព្រះសន្យា? មុនដំបូង លោកអ្នកត្រូវទទួលចំណេះអំពីព្រះ។ (យ៉ូហាន ១៧:៣) ចំណេះដ៏ត្រឹមត្រូវដែលមានក្នុងគម្ពីរ នឹងជួយលោកអ្នកឲ្យមានទំនុកចិត្តថាសេចក្ដីសន្យារបស់ព្រះស្តីអំពីអនាគតនឹងក្លាយជាការពិត។ ជំនឿបែបនេះអាចជួយលោកអ្នកឲ្យមានកម្លាំងចិត្តក្នុងការកែប្រែអ្វីដែលចាំបាច់ដើម្បីធ្វើឲ្យព្រះពេញចិត្ត។
សូមពិចារណាអំពីបទពិសោធន៍របស់មៃឃើល។ គាត់បានរៀបរាប់ថា៖ «ពេលខ្ញុំអាយុ១២ឆ្នាំ ខ្ញុំចាប់ផ្ដើមផឹកស្រាស្រវឹង និងប្រើគ្រឿងញៀន។ ខ្ញុំជាសមាជិកក្នុងក្រុមបងធំ ហើយខ្ញុំគិតថាខ្ញុំនឹងស្លាប់មុនអាយុ៣០ឆ្នាំ។ ការមួម៉ៅនិងការតានតឹងចិត្តធ្វើឲ្យខ្ញុំចង់សម្លាប់ខ្លួន។ ខ្ញុំធ្លាប់សង្ឃឹមថាជីវិតមិនមានតែប៉ុណ្ណឹងទេ តែខ្ញុំរកវាមិនឃើញសោះ»។ ពេលមៃឃើលរៀននៅវិទ្យាល័យ សមាជិកក្រុមបងធំម្នាក់បានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ មៃឃើលក៏យល់ព្រមរៀនគម្ពីរដែរ។
អ្វីដែលមៃឃើលរៀនពីគម្ពីរបានកែប្រែទស្សនៈរបស់គាត់ស្តីអំពីអនាគត។ គាត់បានរៀបរាប់ថា៖ ‹ខ្ញុំបានរៀនដឹងថា នៅពេលអនាគតផែនដីនឹងត្រូវកែប្រែឡើងវិញក្លាយជាសួនឧទ្យាន ហើយថាមនុស្សនឹងរស់នៅដោយមានសន្ដិភាព ដោយគ្មានទុក្ខកង្វល់។ ខ្ញុំចាប់ផ្ដើមចាត់ទុកនេះជាអនាគតរបស់ខ្ញុំ។ ខ្ញុំមានគោលដៅចង់មានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ ប៉ុន្តែពេលខ្លះខ្ញុំនៅតែភ្លាត់ធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ ជាឧទាហរណ៍ ទោះជាខ្ញុំបានចាប់ផ្ដើមរៀនគម្ពីរក៏ដោយ ខ្ញុំបានផឹកស្រាស្រវឹងពីរបីដង ហើយខ្ញុំក៏បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ម្ដងជាមួយស្ត្រីម្នាក់ដែរ›។
តើមៃឃើលអាចយកឈ្នះឧបសគ្គទាំងនេះ ហើយកែប្រែរបៀបរស់នៅរបស់គាត់យ៉ាងដូចម្ដេច? គាត់ប្រាប់ថា៖ «អ្នកបង្រៀនគម្ពីរបានលើកទឹកចិត្តខ្ញុំឲ្យអានគម្ពីររាល់ថ្ងៃ ហើយចូលរួមជាមួយអ្នកដែលចង់ធ្វើឲ្យព្រះពេញចិត្ត។ ខ្ញុំទទួលស្គាល់ថា ការសេពគប់ជាមួយមិត្តភក្ដិក្នុងក្រុមបងធំនៅតែមានឥទ្ធិពលមកលើខ្ញុំ។ ដូច្នេះ ខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយពួកគេ ទោះជាពួកគេប្រៀបដូចជាក្រុមគ្រួសាររបស់ខ្ញុំក៏ដោយ»។
មៃឃើលបានតាំងគោលដៅមួយចំនួនដែលគាត់ចង់សម្រេចក្នុងរយៈពេលខ្លី ដែលអាចជួយគាត់ឲ្យសម្រេចគោលដៅធំជាង ពោលគឺរស់នៅស្របតាមខ្នាតតម្រារបស់ព្រះ។ លោកអ្នកក៏អាចធ្វើដូចគាត់ដែរ។ សូមសរសេរអំពីគោលដៅដែលលោកអ្នកចង់សម្រេចនៅពេលអនាគត និងជំហានផ្សេងៗដែលនឹងជួយលោកអ្នកឲ្យអាចសម្រេចគោលដៅនោះ។ សូមប្រាប់គោលដៅនេះដល់អ្នកដែលនឹងគាំទ្រលោកអ្នក ហើយសុំពួកគេជួយលោកអ្នកឲ្យរីកចម្រើន។
សូមចាប់ផ្ដើមរៀនអំពីព្រះភ្លាមៗ ហើយសូមធ្វើតាមការណែនាំរបស់លោកក្នុងជីវិត។ សូមចាត់វិធានការនៅឥឡូវនេះ ដើម្បីបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះ និងគម្ពីរដែលជាបណ្ដាំរបស់លោក។ បណ្ដាំរបស់ព្រះចែងអំពីអ្នកដែលធ្វើតាមគោលការណ៍ក្នុងគម្ពីរថា៖ «ការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។—ទំនុកតម្កើង ១:១-៣
[កំណត់សម្គាល់]
^ វគ្គ 8 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។