លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែប្រែ​ជីវិត

តើ​បុរស​ម្នាក់​ដែល​មក​ពី​ប្រទេស​ស្កុតលែន​បាន​រក​ឃើញ​អ្វី​ដែល​មាន​តម្លៃ​ជាង​ជោគជ័យ​ក្នុង​មុខ​ជំនួញ? តើ​អ្វី​ដែល​បាន​ជួយ​បុរស​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​ឲ្យ​លះ​ចោល​របៀប​រស់​នៅ​ដែល​ប្រាសចាក​សីលធម៌​និង​ការ​ប្រើ​គ្រឿង​ញៀន? តើ​តាម​របៀប​ណា​ដែល​បុរស​ម្នាក់​នៅ​ប្រទេស​ស្លូវេនី​អាច​បោះបង់​ចោល​ទម្លាប់​ផឹក​ស្រា​ដូច​ផឹក​ទឹក? សូម​អាន​ពាក្យ​សម្ដី​របស់​ពួក​គាត់។

«​ជីវិត​ខ្ញុំ​មើល​ទៅ​គ្មាន​អ្វី​ពិបាក​ទេ​»។ ឈ្មោះ: ចន រីឃិត

ឆ្នាំ​កំណើត: ១៩៥៨

ទី​កន្លែង​កំណើត: ប្រទេស​ស្កុតលែន

ធ្លាប់​ជា: ពាណិជ្ជករ​ដែល​ទទួល​ជោគជ័យ

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​ធូរ​ធារ។ ឪពុក​របស់​ខ្ញុំ​ជា​មន្ត្រី​យោធា​នៅ​ប្រទេស​អង់គ្លេស ដូច្នេះ​ក្រុម​គ្រួសារ​ខ្ញុំ​តែង​តែ​រើ​ផ្ទះ​ទៅ​នៅ​កន្លែង​ផ្សេង​ៗ។ ក្រៅ​ពី​ប្រទេស​ស្កុតលែន យើង​ក៏​បាន​ទៅ​រស់​នៅ​ប្រទេស​អង់គ្លេស អាឡឺម៉ង់ កេនយ៉ា ម៉ាឡេស៊ី អៀឡង់ និង​កោះស៊ីប។ ចាប់​ពី​អាយុ​៨​ឆ្នាំ ខ្ញុំ​បាន​ទៅ​រៀន​និង​រស់​នៅ​ក្នុង​សាលា​នៃ​ប្រទេស​ស្កុតលែន។ នៅ​ទី​បំផុត ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ខេមប៊្រីជ។

ពេល​ខ្ញុំ​មាន​អាយុ​២០​ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​មុខ​ជំនួញ​ខាង​ប្រេង​អស់​៨​ឆ្នាំ។ មុន​ដំបូង ខ្ញុំ​បាន​ធ្វើ​ជំនួញ​នេះ​នៅ​ប្រទេស​អាម៉េរិក​ខាង​ត្បូង បន្ទាប់​មក​ប្រទេស​អាហ្វ្រិក ហើយ​ចុង​ក្រោយ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​អូស្ដ្រាលី។ ក្រោយ​ពី​រើ​ចេញ​ពី​ប្រទេស​អូស្ដ្រាលី ខ្ញុំ​បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ​មួយ ដែល​ខ្ញុំ​បាន​លក់​នៅ​ពេល​ក្រោយ​មក។

ប្រាក់​ចំណូល​របស់​ខ្ញុំ​អាច​ជួយ​ខ្ញុំ​ឲ្យ​ចូល​និវត្តន៍​នៅ​អាយុ​៤០​ឆ្នាំ​បាន។ ដូច្នេះ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ​កម្សាន្ត។ ខ្ញុំ​បើក​ម៉ូតូ​ជុំ​វិញ​ប្រទេស​អូស្ដ្រាលី​ចំនួន​ពីរ​លើក ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ដែរ។ ជីវិត​របស់​ខ្ញុំ​មើល​ទៅ​គ្មាន​ការ​ពិបាក​សោះ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: សូម្បី​តែ​មុន​ពេល​ដែល​ខ្ញុំ​ចូល​និវត្តន៍ ខ្ញុំ​ចង់​រក​វិធី​ដើម្បី​អរគុណ​ព្រះ​ដែល​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដ៏​ល្អ។ ខ្ញុំ​ចាប់​ផ្ដើម​ទៅ​វិហារ​អង់គ្លីកង់ ជា​វិហារ​ដែល​ខ្ញុំ​ធ្លាប់​ចូល​រួម​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ។ ប៉ុន្តែ​នៅ​វិហារ​នោះ​មិន​សូវ​ផ្ដល់​ការ​ណែនាំ​ដែល​មក​ពី​គម្ពីរ​ទេ។ ក្រោយ​មក ខ្ញុំ​បាន​សិក្សា​គម្ពីរ​ជា​មួយ​អ្នក​កាន់​សាសនា​គ្រិស្ត​បរិស័ទ​ថ្ងៃ​ចុង​ក្រោយ ប៉ុន្តែ​ខ្ញុំ​លែង​មាន​ចំណាប់​អារម្មណ៍​ទៀត​ដោយ​សារ​ពួក​គេ​មិន​យក​គម្ពីរ​ធ្វើ​ជា​មូលដ្ឋាន។

នៅ​ថ្ងៃ​មួយ សាក្សី​ព្រះ​យេហូវ៉ា​បាន​គោះ​ទ្វារ​ផ្ទះ​របស់​ខ្ញុំ។ ភ្លាម​ៗ​នោះ ខ្ញុំ​អាច​សម្គាល់​ឃើញ​ថា​ការ​បង្រៀន​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទាំង​ស្រុង។ ពួក​គេ​បាន​បង្ហាញ​បទ​គម្ពីរ​មួយ​ដល់​ខ្ញុំ​គឺ​នៅ​សៀវភៅ​ធីម៉ូថេទី១ ២:៣, ៤។ បទ​គម្ពីរ​ទាំង​នោះ​រៀប​រាប់​ថា ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ ខ្ញុំ​មាន​ចិត្ត​កោត​ស្ងើច​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​លើក​បញ្ជាក់​មិន​គ្រាន់តែ​អំពី​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​អំពី​ចំណេះ​ត្រឹម​ត្រូវ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។

ការ​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចំណេះ​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ ខ្ញុំ​បាន​រៀន​ដឹង​ថា​ព្រះ​និង​លោក​យេស៊ូ​មិន​មែន​ជា​ផ្នែក​នៃ​ព្រះ​បី​អង្គ​រួម​គ្នា​ជា​ព្រះ​តែ​មួយ​ដែល​ជា​សេចក្ដី​បង្រៀន​ដ៏​អាថ៌​កំបាំង​និង​ពិបាក​យល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​និង​លោក​យេស៊ូ​ជា​បុគ្គល​ពីរ​ផ្សេង​គ្នា។ (​យ៉ូហាន ១៤:២៨; កូរិនថូសទី១ ១១:៣​) ខ្ញុំ​មាន​ចិត្ត​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​រៀន​អំពី​សេចក្ដី​ពិត​ដែល​ស្រួល​យល់​នេះ។ ខ្ញុំ​ក៏​ខឹង​នឹង​ខ្លួន​ឯង​ដែរ! ដែល​ពី​មុន​ខ្ញុំ​បាន​ខ្ជះខ្ជាយ​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​ខំ​យល់​អំពី​សេចក្ដី​បង្រៀន​ដែល​ខុស​និង​មិន​អាច​យល់​បាន។

មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​មាន​ការ​ស្ងើចសរសើរ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​គ្រប់​គ្នា​នៅ​ទី​នោះ​មាន​ខ្នាត​តម្រា​សីលធម៌​ខ្ពង់​ខ្ពស់ ពោល​គឺ​ពួក​គេ​ហាក់​ដូច​ជា​មនុស្ស​បរិសុទ្ធ។ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​បាន​រក​ឃើញ​សាសនា​ពិត។—យ៉ូហាន ១៣:៣៥

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ក្រោយ​ពី​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ខ្ញុំ​បាន​ជួប​នឹង​នារី​ដ៏​ល្អ​ម្នាក់​ឈ្មោះ​ដាយអេន។ នាង​បាន​ធំ​ឡើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​នាង​មាន​គុណ​សម្បត្ដិ​ល្អ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ចាប់​ចិត្ត​ស្រឡាញ់។ ក្រោយ​មក​យើង​បាន​រៀប​ការ។ ដាយអេន​ជា​មិត្ត​ល្អ​របស់​ខ្ញុំ ហើយ​នាង​តែង​តែ​ជួយ​ខ្ញុំ​ជា​និច្ច នោះ​ពិត​ជា​ពរ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​មែន។

ដាយអេន​និង​ខ្ញុំ​មាន​បំណង​ចង់​រើ​ទៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គម្ពីរ​ច្រើន​ជាង។ ក្នុង​ឆ្នាំ​២០១០ យើង​បាន​រើ​ទៅ​ប្រទេស​ប៊ីលីស​ក្នុង​ទ្វីប​អាម៉េរិក​កណ្ដាល។ នៅ​ទី​នោះ​យើង​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ហើយ​ពួក​គេ​ចង់​រៀន​ច្រើន​ថែម​ទៀត​អំពី​លោក។

នៅ​ទី​បំផុត នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​ដោយ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​និង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ក្នុង​នាម​ជា​អ្នក​បម្រើ​ពេញ​ពេល ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​បាន​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ជា​ច្រើន។ គ្មាន​អ្វី​ដែល​ល្អ​ជាង​ការ​ឃើញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​មាន​ជីវិត​ដ៏​ប្រសើរ​នោះ​ទេ ពោល​គឺ​ដូច​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ខ្ញុំ​បាន​រក​ឃើញ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​អរគុណ​ព្រះ​ដែល​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដ៏​ល្អ។

«​ពួក​គេ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ​»។ ឈ្មោះ: ម៉ារេស្យូ អារូហ៊្សូ

ឆ្នាំ​កំណើត: ១៩៦៧

ទី​កន្លែង​កំណើត: ប្រទេស​ប្រេស៊ីល

ធ្លាប់​ជា: អ្នក​ដែល​មាន​របៀប​រស់​នៅ​ប្រាសចាក​សីលធម៌

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​បាន​ធំ​ឡើង​នៅ​អា​វ៉ា​រេ​ដែល​ជា​ទី​ក្រុង​តូច​មួយ​នៅ​រដ្ឋ​សៅប៉ូឡូ។ មនុស្ស​រស់​នៅ​ទី​នោះ​ភាគ​ច្រើន​ជា​កម្មករ។

ឪពុក​ខ្ញុំ​បាន​ស្លាប់​ពេល​ដែល​ម្ដាយ​ពរ​ពោះ​ខ្ញុំ។ ជា​ក្មេង​ប្រុស​ម្នាក់ ខ្ញុំ​បាន​ស្លៀក​សម្លៀក​បំពាក់​របស់​ម្ដាយ​ខ្ញុំ​ពេល​ដែល​គាត់​មិន​នៅ​ផ្ទះ។ ខ្ញុំ​ខំ​ធ្វើ​ឫកពា​ដូច​ជា​មនុស្ស​ស្រី ដូច្នេះ​មនុស្ស​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​ជា​ខ្ទើយ។ ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​រួម​ភេទ​ជា​មួយ​ក្មេង​ប្រុស និង​បុរស​ឯ​ទៀត។

ពេល​ដែល​ខ្ញុំ​មាន​អាយុ​ជិត​១០​ឆ្នាំ ខ្ញុំ​តែង​តែ​ស្វែងរក​ដៃ​គូ​ដើម្បី​រួម​ភេទ (​ទាំង​ភេទ​ប្រុស​និង​ភេទ​ស្រី​) ឲ្យ​តែ​កន្លែង​ណា​ដែល​ខ្ញុំ​ជួប​ពួក​គេ មិន​ថា​ក្នុង​បារ ក្លិប​កម្សាន្ត ឬ​សូម្បី​តែ​ក្នុង​វិហារ​ក៏​ដោយ។ នៅ​ពេល​មាន​ពិធី​បុណ្យ​ធំ​ដែល​មាន​ការ​រាំ​រែក មាន​ក្បួន​ហែ​គគ្រឹកគគ្រេង​តាម​ដង​មហា​វិថី នោះ​ខ្ញុំ​បាន​ស្លៀក​ពាក់​ដូច​ជា​ស្រី ហើយ​រាំ​សាំ​បា​ដែល​ជា​របាំ​តាម​បែប​ជន​ជាតិ​ប្រេស៊ីល។ ខ្ញុំ​ពិត​ជា​ល្បីល្បាញ​ណាស់។

ក្នុង​ចំណោម​មិត្ត​ភក្ដិ​របស់​ខ្ញុំ​មាន ខ្ទើយ ស្រី​ពេស្យា និង​អ្នក​ញៀន​ថ្នាំ។ ពួក​គេ​ខ្លះ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ប្រើ​គ្រឿង​ញៀន មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ញៀន​ថ្នាំ។ ពេញ​មួយ​យប់​យើង​បាន​ជក់​គ្រឿង​ញៀន។ នៅ​ពេល​ខ្លះ​ទៀត ខ្ញុំ​បាន​សំងំ​ខ្លួន​តែ​ម្នាក់​ឯង​ដើម្បី​ជក់​ថ្នាំ​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង។ ក្រោយ​មក​ខ្ញុំ​បាន​ស្រក​គីឡូ​យ៉ាង​ច្រើន ដូច្នេះ​ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ខ្ញុំ​នេះ​មាន​ជំងឺ​អេដស៍។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: នៅ​ពេល​ដំណាល​គ្នា​នោះ ខ្ញុំ​ក៏​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ។ ពួក​គេ​បាន​អាន​បទ​គម្ពីរ​មួយ​នៅ​សៀវភៅ​រ៉ូម ១០:​១៣ ចែង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ​»។ ពាក្យ​ទាំង​នោះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ការ​ប្រើ​នាម​ព្រះ​យេហូវ៉ា​គឺជា​ការ​សំខាន់​ចាំ​បាច់។ ជា​ច្រើន​លើក​បន្ទាប់​ពី​ខ្ញុំ​បាន​ជក់​គ្រឿង​ញៀន​ពេញ​មួយ​យប់​ហើយ ខ្ញុំ​ក៏​បើក​បង្អួច សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ស្រក់​ទឹក​ភ្នែក អង្វរ​សុំ​លោក​ឲ្យ​ជួយ​ខ្ញុំ។

ខ្ញុំ​គិត​អំពី​ការ​ឈឺ​ចាប់​របស់​ម្ដាយ​ខ្ញុំ តើ​គាត់​នឹង​ពិបាក​ចិត្ត​ខ្លាំង​យ៉ាង​ណា​បើ​គាត់​មើល​ឃើញ​ខ្ញុំ​កំពុង​បំផ្លាញ​ជីវិត​ខ្លួន​ដោយ​គ្រឿង​ញៀន​ដូច្នេះ? ខ្ញុំ​បាន​តាំង​ចិត្ត​ថា​ឈប់​ប្រើ​គ្រឿង​ញៀន​ទៀត។ មិន​យូរ​ក្រោយ​មក ខ្ញុំ​ក៏​យល់​ព្រម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​អះអាង​ថា ការ​សិក្សា​គម្ពីរ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ផ្ដាច់​គ្រឿង​ញៀន​បាន ហើយ​នេះ​ពិត​មែន!

កាល​ដែល​ខ្ញុំ​បន្ត​សិក្សា​គម្ពីរ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​កែប្រែ​របៀប​រស់​នៅ​របស់​ខ្លួន។ ប៉ុន្តែ​វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ជា​ពិសេស​ការ​ឈប់​រួម​ភេទ​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា ដោយ​សារ​ខ្ញុំ​ធ្លាប់​ធ្វើ​ដូច​នេះ​យូរ​ហើយ។ អ្វី​មួយ​ដែល​អាច​ជួយ​ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​ផ្ដាច់​ចោល​ទំនាក់​ទំនង​ដែល​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​ឈប់​ទាក់​ទង​ជា​មួយ​មិត្ត​ភក្ដិ​ដែល​ធ្លាប់​សេពគប់​ពី​មុន ឈប់​ចូល​បារ និង​ក្លិប​រាត្រី​កម្សាន្ត​ផ្សេង​ៗ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ធ្វើ​ដូច្នេះ​មិន​សូវ​ស្រួល​ទេ តែ​ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ហើយ​ថា​លោក​យល់​អំពី​ការ​ពិបាក​របស់​ខ្ញុំ។ (​យ៉ូហានទី១ ៣:១៩, ២០​) ក្នុង​ឆ្នាំ​២០០២ ខ្ញុំ​បាន​ផ្ដាច់​ចោល​ទាំង​ស្រុង​នូវ​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​ខ្ញុំ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ម្ដាយ​របស់​ខ្ញុំ​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​ការ​កែប្រែ​របស់​ខ្ញុំ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ដែរ។ តែ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ម្ដាយ​ខ្ញុំ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​បន្ត​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា និង​សេចក្ដី​ពិត​ដែល​មាន​ក្នុង​គម្ពីរ​បរិសុទ្ធ។

អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល ដោយ​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​ការ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ ខ្ញុំ​សារភាព​ថា ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន។ ប៉ុន្តែ ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា ការ​មិន​ព្រម​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ ខ្ញុំ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

ការ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា និង​ការ​មាន​របៀប​រស់​នៅ​ដែល​លោក​ពេញ​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាត់​ទុក​ជីវិត​ថា​មាន​តម្លៃ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​ជា​បុរស​ដែល​មាន​ចិត្ត​រីករាយ។

«​ខ្ញុំ​ជា​ធុង​ស្រា​ដែល​គ្មាន​បាត​»។ ឈ្មោះ: លូកា ស៊្ស៊ត

ឆ្នាំ​កំណើត: ១៩៧៥

ទី​កន្លែង​កំណើត: ប្រទេស​ស្លូវេនី

ធ្លាប់​ជា: អ្នក​ផឹក​ស្រា​ដូច​ផឹក​ទឹក

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​កើត​នៅ​ល្យូប្យ៉ាណា​ដែល​ជា​ទី​ក្រុង​នៃ​ប្រទេស​ស្លូវេនី។ ខ្ញុំ​មាន​ជីវិត​រីករាយ​ណាស់​រហូត​ដល់​អាយុ​បួន​ឆ្នាំ។ តែ​ក្រោយ​មក​ឪពុក​ខ្ញុំ​បាន​ធ្វើ​អត្តឃាត។ បន្ទាប់​ពី​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ ម្ដាយ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់ គឺ​ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ។

ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​រើ​ផ្ទះ​ហើយ​ទៅ​រស់​នៅ​ជា​មួយ​យាយ​ខាង​ម្ដាយ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​រស់​នៅ​ជា​មួយ​យាយ ដោយ​សារ​មិត្ត​ភក្ដិ​ជា​ច្រើន​នាក់​របស់​ខ្ញុំ​ជា​អ្នក​ជិត​ខាង​របស់​យាយ​ខ្ញុំ។ ខ្ញុំ​មាន​សេរីភាព​ច្រើន​ជាង​កាល​ដែល​ខ្ញុំ​រស់​នៅ​ជា​មួយ​ម្ដាយ​ខ្ញុំ។ ពេល​អាយុ​១៦​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​សេពគប់​ជា​មួយ​អ្នក​ដែល​ចូល​ចិត្ត​ផឹក​ស្រា ហើយ​យើង​តែង​តែ​ទៅ​ផឹក​ស្រា​ជា​មួយ​គ្នា​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ។ ខ្ញុំ​បាន​ទុក​សក់​វែង ស្លៀក​ពាក់​ដូច​ជន​ក្រៅ​សង្គម ហើយ​ក្រោយ​មក​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ញៀន​បារី​ដែរ។

ទោះ​ជា​ខ្ញុំ​បាន​សាក​ប្រើ​គ្រឿង​ញៀន​ផ្សេង​ៗ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​អាច​ផ្ដាច់​ស្រា​បាន​ទេ ដោយ​សារ​ខ្ញុំ​គិត​ថា​ការ​ផឹក​ស្រា​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បំផុត។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ចាប់​ផ្ដើម​ផឹក​ស្រា​ទាំង​ដប​ទាំង​ដប​តែ​ម្ដង មិន​មែន​ផឹក​តែ​ពីរ​ឬ​បី​កែវ​ដូច​ពី​មុន​ទៀត​ទេ។ ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​ដែល​ពូកែ​លាក់​ខ្លាំង​មែនទែន ដូច្នេះ គ្មាន​អ្នក​ណា​ដឹង​ថា​ខ្ញុំ​នេះ​ផឹក​ស្រា​ច្រើន​ប៉ុណ្ណា​ទេ។ ជា​រឿយ​ៗ គ្រាន់តែ​ពេល​ដែល​ខ្ញុំ​ដក​ដង្ហើម​ប៉ុណ្ណោះ ទើប​គេ​អាច​ដឹង​ថា​ខ្ញុំ​នេះ​ផឹក​ស្រា​ដោយ​សារ​មាន​ក្លិន​ស្រា។ ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​ដឹង​ថា​ខ្ញុំ​ផឹក​ស្រា​ឬ​ស្រា​បៀរ​ដែល​លាយ​ជា​មួយ​វ៉ុតកា​អស់​ប្រហែល​ពី​៤​ទៅ​៥​លី​ត្រ​ទេ!

ក្រោយ​ពេល​ចេញ​ពី​បារ​រាត្រី ទោះ​បី​ប្រហែលជា​ខ្ញុំ​ដែល​ផឹក​ស្រា​ច្រើន​ជាង​ពួក​គេ​ពីរ​ដង​ក្ដី តែ​ជា​ច្រើន​លើក​ច្រើន​សា​គឺ​ខ្ញុំ​ដែល​ជា​អ្នក​គ្រា​មិត្ត​ភក្ដិ​ត្រឡប់​មក​វិញ។ នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ឮ​មិត្ត​ភក្ដិ​ម្នាក់​និយាយ​ពី​ខ្ញុំ​ថា ខ្ញុំ​ជា​ធុង​ស្រា​ដែល​គ្មាន​បាត។ សម្រាប់​ភាសា​ស្លូវេនី​នេះ​ជា​ពាក្យ​មើល​ងាយ​ចំពោះ​អ្នក​ដែល​អាច​ផឹក​ស្រា​ច្រើន​ជាង​អ្នក​ឯ​ទៀត។ ពាក្យ​នោះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់!

ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ​សោះ មើល​ទៅ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​គ្មាន​ន័យ​ខ្លឹម​សារ​ទេ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: នៅ​ដំណាល​គ្នា​នោះ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ម្នាក់​មាន​ការ​កែប្រែ គឺ​អាកប្បកិរិយា​របស់​គាត់​ដូច​ជា​ស្លូត​ជាង​មុន។ ដោយ​ចង់​ដឹង​អំពី​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​កែប្រែ ខ្ញុំ​ក៏​បាន​អញ្ជើញ​គាត់​ទៅ​ញាំ​កាហ្វេ​ជា​មួយ​គ្នា។ ក្នុង​ពេល​ដែល​យើង​និយាយ​គ្នា​នោះ គាត់​បាន​ប្រាប់​ថា គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​ប្រាប់​ខ្លះ​ៗ​អំពី​អ្វី​ដែល​គាត់​បាន​រៀន ហើយ​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ប្រាប់ នោះ​ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ពី​មុន​ទាល់​តែ​សោះ ពីព្រោះ​តាំង​ពី​តូច​រហូត​ដល់​ធំ​ដឹង​ក្ដី​គ្មាន​អ្នក​ណា​អប់រំ​គាត់​អំពី​រឿង​សាសនា​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​សិក្សា​គម្ពីរ​ជា​មួយ​ពួក​គេ។

ការ​សិក្សា​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​សេចក្ដី​ពិត​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ចិត្ត​របស់​ខ្ញុំ។ ជា​ឧទាហរណ៍ ខ្ញុំ​បាន​រៀន​ដឹង​ថា យើង​កំពុង​រស់​នៅ​ថ្ងៃ​ដែល​គម្ពីរ​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា មិន​យូរ​ទៀត​ព្រះ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ចេញ​ពី​ផែនដី ហើយ​មនុស្ស​ល្អ​ច្រើន​រាប់​មិន​អស់​នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ (​ទំនុក​តម្កើង ៣៧:២៩​) ខ្ញុំ​តាំង​ចិត្ត​កែប្រែ​របៀប​រស់​នៅ​របស់​ខ្ញុំ​ឲ្យ​ប្រសើរ​ឡើង ដើម្បី​ខ្ញុំ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ល្អ​ទាំង​នោះ។

ខ្ញុំ​ចាប់​ផ្ដើម​ប្រាប់​មិត្ត​ភក្ដិ​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ពេល​ដែល​ខ្ញុំ​និយាយ​ប្រាប់ ពួក​គេ​ជា​ច្រើន​សើច​ចំអក​ដាក់​ខ្ញុំ ប៉ុន្តែ​ប្រតិកម្ម​របស់​ពួក​គេ​បែរ​ជា​ជួយ​ខ្ញុំ​ទៅ​វិញ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ពួក​គេ​មិន​មែន​ជា​មិត្ត​ភក្ដិ​ល្អ​ទេ។ តាម​ពិត​ខ្ញុំ​ដឹង​ខ្លួន​ថា អ្វី​ដែល​នាំ​ឲ្យ​ពួក​គេ​សេពគប់​ជា​មួយ​ខ្ញុំ​ដោយ​សារ​តែ​រឿង​ផឹក​ស្រា​ប៉ុណ្ណោះ។ ជា​រៀង​រាល់​សប្ដាហ៍ ពួក​គេ​ទន្ទឹង​រង់​ចាំ​ឲ្យ​ដល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ដើម្បី​ពួក​គេ​អាច​ជួប​ជុំ​គ្នា​ផឹក​ស្រា​ម្ដង​ទៀត។

ខ្ញុំ​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ហើយ​មក​សេពគប់​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​វិញ។ ការ​សេពគប់​ជា​មួយ​ពួក​គេ​គឺ​ពិត​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពួក​គេ​ជា​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ព្រះ ហើយ​ជា​អ្នក​ដែល​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​របស់​លោក។ នៅ​ទី​បំផុត ខ្ញុំ​អាច​បោះបង់​ចោល​បាន​នូវ​ទម្លាប់​ផឹក​ស្រា​ដូច​ផឹក​ទឹក។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ខ្ញុំ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​មាន​ជីវិត​សប្បាយ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ស្រា​ទេ។ ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា បើ​ខ្ញុំ​នៅ​តែ​បន្ត​ប្រើ​ជីវិត​ដូច​ពី​មុន? ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​មាន​ជីវិត​ប្រសើរ​ជាង​មុន។

អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​ឯកសិទ្ធិ​បម្រើ​នៅ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ប្រទេស​ស្លូវេនី។ ការ​ស្គាល់​ព្រះ​យេហូវ៉ា និង​ការ​បម្រើ​លោក​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។