គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ទីបំផុតខ្ញុំរកឃើញ សេរីភាពពិត»
រៀបរាប់ដោយ ប្រាយអឺន ហ៊្យូវីត
ឆ្នាំកំណើត: ១៩៨១
ប្រទេសកំណើត: សហរដ្ឋអាម៉េរិក
ប្រវត្ដិ: កូនបង្ហិនទ្រព្យ
អតីតកាលរបស់ខ្ញុំ: ខ្ញុំបានកើតនៅម៉ោនវីលជាទីក្រុងដ៏ស្ងាត់ជ្រងំមួយនៅតាមដងទន្លេអូហៃយ៉ូភាគខាងជើងនៃរដ្ឋវ៉េសវៀហ្សីនី សហរដ្ឋអាម៉េរិក។ ខ្ញុំជាកូនទី២ក្នុងចំណោមកូនបួននាក់ បីនាក់ជាកូនប្រុស ដូច្នេះផ្ទះរបស់យើងតែងតែអ៊ូអរ។ ឪពុកម្ដាយខ្ញុំជាមនុស្សឧស្សាហ៍ ទៀងត្រង់និងស្រឡាញ់អ្នកឯទៀត។ យើងមិនដែលមានលុយច្រើនទេ តែយើងមានអ្វីដែលយើងត្រូវការចាំបាច់ជានិច្ច។ ឪពុកម្ដាយរបស់ខ្ញុំជាសាក្សីព្រះយេហូវ៉ា ហើយពួកគាត់ខំធ្វើអស់ពីសមត្ថភាពដើម្បីឲ្យគោលការណ៍គម្ពីរជ្រាបចូលក្នុងចិត្តរបស់យើងតាំងពីយើងនៅក្មេងខ្ចីម្ល៉េះ។
ទោះយ៉ាងណាក៏ដោយ ពេលដែលខ្ញុំពេញជំទង់ ចិត្តរបស់ខ្ញុំចាប់ផ្ដើមបំបែរខ្ញុំចេញពីអ្វីដែលខ្ញុំបានរៀន។ ខ្ញុំឆ្ងល់ថា តើជីវិតដែលបានដឹកនាំដោយគោលការណ៍គម្ពីរអាចនាំឲ្យមានន័យខ្លឹមសារឬស្កប់ចិត្តទេ? ខ្ញុំគិតថាបើខ្ញុំអាចធ្វើអ្វីៗទាំងអស់បានតាមចិត្តចង់ នោះគឺជាវិធីតែមួយគត់ដែលនាំឲ្យខ្ញុំមានសុភមង្គលពិត។ មិនយូរប៉ុន្មាន ខ្ញុំក៏ឈប់ចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក។ បងប្រុសម្នាក់និងប្អូនស្រីម្នាក់របស់ខ្ញុំបានដើរតាមផ្លូវខុសដូចខ្ញុំដែរ។ ឪពុកម្ដាយយើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកយើង តែពួកយើងបានបដិសេធការព្យាយាមរបស់ពួកគាត់។
នៅដើមដំបូងខ្ញុំមិនបានដឹងថាអ្វីដែលខ្ញុំចាត់ទុកថាសេរីភាព នឹងនាំខ្ញុំឲ្យទៅជាអ្នកញៀន ដែលប្រៀបដូចជាមនុស្សជាប់ច្រវាក់។ ថ្ងៃមួយ ពេលដែលខ្ញុំកំពុងដើរពីសាលារៀនមកផ្ទះវិញ មិត្តភក្ដិម្នាក់បានហុចបារីមួយដើមឲ្យខ្ញុំ។ ខ្ញុំព្រមយក។ ចាប់តាំងពីថ្ងៃនោះ ខ្ញុំធ្វើអបាយមុខផ្សេងៗទៀត ដែលបង្ខូចទាំងកាយទាំងចិត្តគំនិតរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានប្រើគ្រឿងញៀន ប្រមឹកស្រា និងមានរបៀបរស់នៅដែលប្រាសចាកសីលធម៌។ ក្នុងរយៈពេលពីរបីឆ្នាំក្រោយ ខ្ញុំសាកប្រើគ្រឿងញៀនខ្លាំងៗកាន់តែច្រើន ហើយជាលទ្ធផលខ្ញុំចាប់ផ្ដើមញៀនរហូតដល់ខ្ញុំក្លាយទៅជាខ្ញុំបម្រើនៃគ្រឿងញៀនជាច្រើនមុខ។ ការដែលខ្ញុំញៀនកាន់តែខ្លាំង នោះខ្ញុំក៏បានចាប់ផ្ដើមលក់គ្រឿងញៀនដើម្បីមានលុយផ្គត់ផ្គង់អបាយមុខរបស់ខ្ញុំ។
ខ្ញុំខំប្រឹងយ៉ាងខ្លាំងមិនអើពើនឹងសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំ តែសមត្ថភាពវិនិច្ឆ័យក៏ចេះតែរំលឹកខ្ញុំថា ខ្ញុំកំពុងដើរផ្លូវខុស។ ប៉ុន្តែ ខ្ញុំបានគិតថាជ្រុលខ្លួនហើយ បកក្រោយមិនបានទេ។ ទោះជាក្នុងពិធីជប់លៀង ឬពិធីប្រគំតន្ត្រីមានមនុស្សជាច្រើនក្ដី ក៏ខ្ញុំនៅតែមានអារម្មណ៍កណ្ដោចកណ្ដែង និងធ្លាក់ទឹកចិត្តដែរ។ ជួនកាល ខ្ញុំគិតអំពីឪពុកម្ដាយខ្ញុំដែលជាមនុស្សត្រឹមត្រូវនិងគួរឲ្យគោរព ក្រោយមកខ្ញុំឆ្ងល់ពីមូលហេតុដែលខ្ញុំទៅជាមនុស្សខុសពីពួកគាត់ឆ្ងាយម្ល៉េះ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: ទោះជាខ្ញុំអស់សង្ឃឹមថាខ្ញុំនឹង
អាចកែខ្លួនបានក៏ដោយ តែអ្នកឯទៀតនៅតែមានសង្ឃឹម។ នៅឆ្នាំ២០០០ ឪពុកម្ដាយរបស់ខ្ញុំបានអញ្ជើញខ្ញុំឲ្យចូលរួមមហាសន្និបាតប្រចាំតំបន់របស់សាក្សីព្រះយេហូវ៉ា។ ខ្ញុំបានទៅទាំងទើសទាល់។ ខ្ញុំភ្ញាក់ផ្អើលពេលឃើញបងប្រុសនិងប្អូនស្រីខ្ញុំដែលបានដើរផ្លូវខុសដូចខ្ញុំនោះក៏បានចូលរួមមហាសន្និបាតដែរ។ពេលនៅមហាសន្និបាតនោះ ខ្ញុំនឹកឃើញថា នេះជាកន្លែងដែលខ្ញុំធ្លាប់បានចូលរួមមហោស្រពតន្ត្រីកាលពីឆ្នាំមុន។ ពេលដែលខ្ញុំប្រៀបធៀបមើលអ្វីដែលខ្ញុំបានឃើញនៅមហោស្រពតន្ត្រីនិងនៅមហាសន្និបាត នោះបានមានឥទ្ធិពលយ៉ាងខ្លាំងមកលើចិត្តរបស់ខ្ញុំ។ នៅមហោស្រពតន្ត្រី អាគារមានសុទ្ធតែសំរាម និងពេញដោយកន្ទុយបារី។ អ្នកទៅមើលតន្ត្រីស្ទើរតែទាំងអស់ជាមនុស្សមិនរាក់ទាក់ ហើយពាក្យដែលគេច្រៀងធ្វើឲ្យធ្លាក់ទឹកចិត្ត។ តែនៅឯមហាសន្និបាតវិញ អ្នកដែលនៅជុំវិញខ្ញុំសុទ្ធតែជាមនុស្សដែលមានសុភមង្គលពិត ពោលគឺជាអ្នកដែលបានទទួលខ្ញុំយ៉ាងរាក់ទាក់និងកក់ក្ដៅ សូម្បីតែខ្ញុំមិនបានជួបពួកគាត់យូរឆ្នាំហើយក្ដី។ អាគារនៃមហាសន្និបាតមានភាពស្អាតបាត ហើយពាក្យដែលគេថ្លែងក្នុងសុន្ទរកថាជាពាក្យដែលធ្វើឲ្យមានសេចក្ដីសង្ឃឹមពិតចំពោះអនាគត។ ការគិតអំពីឥទ្ធិពលដ៏ល្អនៃសេចក្ដីពិតក្នុងគម្ពីរ បានធ្វើឲ្យខ្ញុំឆ្ងល់ពីមូលហេតុដែលខ្ញុំបដិសេធសេចក្ដីពិតនោះ!—អេសាយ ៤៨:១៧, ១៨
បន្ទាប់ពីចប់មហាសន្និបាតភ្លាម ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងត្រឡប់ទៅក្រុមជំនុំគ្រិស្តសាសនិកវិញ។ បងប្រុសនិងប្អូនស្រីខ្ញុំក៏បានត្រឡប់មកក្រុមជំនុំគ្រិស្តសាសនិកវិញដែរ ក្រោយពីពួកគេបានស្ដាប់និងមើលអ្វីដែលមាននៅមហាសន្និបាត។ ដូច្នេះ យើងទាំងបីនាក់ព្រមរៀនគម្ពីរ។
បទគម្ពីរមួយដែលជំរុញចិត្តខ្ញុំខ្លាំងជាងគេ គឺយ៉ាកុប ៤:៨ ដែលរៀបរាប់ថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ ខ្ញុំទទួលស្គាល់ថា បើខ្ញុំចង់ចូលទៅជិតព្រះ នោះខ្ញុំត្រូវសម្អាតជីវិតខ្ញុំជាមុនសិន។ អ្វីខ្លះដែលខ្ញុំត្រូវកែប្រែគឺ ខ្ញុំត្រូវឈប់ជក់បារី ឈប់ប្រើគ្រឿងញៀន និងឈប់ប្រមឹកស្រា។—កូរិនថូសទី២ ៧:១
ខ្ញុំលែងទាក់ទងនឹងមិត្តភក្ដិពីមុនទៀត ហើយចាប់ផ្ដើមសេពគប់មិត្តភក្ដិថ្មីដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ អ្នកចាស់ទុំជាគ្រិស្តសាសនិកម្នាក់ដែលបានបង្រៀនគម្ពីរដល់ខ្ញុំបានជួយខ្ញុំច្រើនណាស់។ គាត់តែងតែទូរស័ព្ទខ្ញុំ និងឆៀងមកលេងដើម្បីសួរសុខទុក្ខខ្ញុំ។ រហូតមកដល់ថ្ងៃនេះ គាត់គឺជាមិត្តជិតស្និទ្ធម្នាក់របស់ខ្ញុំ។
ក្នុងឆ្នាំ២០០១ នានិទាឃរដូវ ខ្ញុំនិងបងប្រុសហើយប្អូនស្រីរបស់ខ្ញុំបានប្រគល់ខ្លួនជូនព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក។ សូមលោកអ្នកស្រមៃគិត អំពីទឹកមុខដ៏រីករាយរបស់ឪពុកម្ដាយនិងប្អូនប្រុសដ៏ស្មោះត្រង់របស់ខ្ញុំ ដោយសារនៅទីបំផុតក្រុមគ្រួសាររបស់យើងរួបរួមគ្នាក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
ផលប្រយោជន៍ដែលខ្ញុំទទួល: ខ្ញុំធ្លាប់គិតថា គោលការណ៍ក្នុងគម្ពីរគឺតឹងរ៉ឹងពេក តែឥឡូវខ្ញុំចាត់ទុកគោលការណ៍ទាំងនោះដូចជាការការពារដ៏រឹងមាំវិញ។ គម្ពីរបានជួយខ្ញុំឲ្យឈប់ប្រើនិងលក់គ្រឿងញៀនទៀត ហើយខ្ញុំបានក្លាយទៅជាមនុស្សដែលមានប្រយោជន៍ចំពោះសង្គម។
ខ្ញុំមានឯកសិទ្ធិដែលបានរួមចំណែកជាមួយបងប្អូនរួមជំនឿដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដែលមាននៅទូទាំងពិភពលោក។ ពួកគាត់ជាមនុស្សដែលមានសេចក្ដីស្រឡាញ់ពិតចំពោះគ្នាទៅវិញទៅមក ហើយពួកគាត់កំពុងបម្រើព្រះយេហូវ៉ាដោយមានសាមគ្គីភាព។ (យ៉ូហាន ១៣:៣៤, ៣៥) ពរដ៏វិសេសមួយទៀតដែលមកពីចំណោមបងប្អូនរួមជំនឿ គឺអេឌ្រីអានដែលជាប្រពន្ធរបស់ខ្ញុំ ដែលខ្ញុំស្រឡាញ់ខ្លាំងណាស់។ ការរួបរួមគ្នាបម្រើព្រះដែលជាអ្នកបង្កើតយើង នោះនាំឲ្យមានអំណរក្រៃលែង។
ជាជាងរស់នៅដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឥឡូវខ្ញុំបានបម្រើជាអ្នកត្រួសត្រាយពេញពេល ហើយក៏បង្រៀនមនុស្សអំពីរបៀបដែលពួកគេអាចទទួលប្រយោជន៍ពីបណ្ដាំរបស់ព្រះដែរ។ គ្មានកិច្ចការណាដែលនាំឲ្យខ្ញុំមានសុភមង្គលខ្លាំងបំផុតដូចកិច្ចបម្រើនេះទេ។ ខ្ញុំអាចនិយាយដោយជឿជាក់យ៉ាងខ្លាំងថា គម្ពីរបានកែប្រែជីវិតខ្ញុំ។ ទីបំផុត ខ្ញុំបានរកឃើញសេរីភាពពិត។
[រូបភាពនៅទំព័រ១០]
[រូបភាពនៅទំព័រ១០]
[ឃ្លាអក្សរធំនៅទំព័រ១១]
«គម្ពីរបានជួយខ្ញុំឲ្យឈប់ប្រើនិងលក់ គ្រឿងញៀនទៀត ហើយខ្ញុំបានក្លាយទៅជា មនុស្សដែលមានប្រយោជន៍ចំពោះសង្គម»
[រូបភាពនៅទំព័រ១១]