លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទីបញ្ចប់នៃពិភពលោក ខ្លះភ័យខ្លាច ខ្លះចាប់អារម្មណ៍ ខ្លះតានតឹងចិត្ដ

ទីបញ្ចប់នៃពិភពលោក ខ្លះភ័យខ្លាច ខ្លះចាប់អារម្មណ៍ ខ្លះតានតឹងចិត្ដ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី: តើ​យើង​គួរ​ភ័យ​ខ្លាច​ទី​បញ្ចប់​នៃ​ពិភព​លោក​ទេ?

ទី​បញ្ចប់​នៃ​ពិភព​លោក ខ្លះ​ភ័យ​ខ្លាច ខ្លះ​ចាប់​អារម្មណ៍ ខ្លះ​តាន​តឹង​ចិត្ត

យោង​តាម​ប្រតិទិន​សម័យ​បុរាណ​របស់​ជន​ជាតិ​ម៉ាយ៉ា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២ មនុស្ស​ជា​ច្រើន​និយាយ​ថា នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ពិភព​លោក​ទាំង​មូល។ តើ​លោក​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នោះ? អាស្រ័យ​ទៅ​លើ​អ្វី​ដែល​លោក​អ្នក​ទន្ទឹង​ចាំ លោក​អ្នក​ប្រហែល​ជា​ធូរ​ស្រាល​ក្នុង​ចិត្ត ខក​ចិត្ត ឬ​លែង​ចាប់​អារម្មណ៍​ទៀត។ តើ​នេះ​គ្រាន់តែ​ជា​ការ​ទាយ​ខុស​មួយ​ទៀត​ស្តី​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​ឬ?

ចុះ​យ៉ាង​ណា​វិញ​អំពី​«​អវសានកាល​នៃ​ពិភព​លោក​»​ដែល​បាន​រៀប​រាប់​ក្នុង​គម្ពីរ? (​ម៉ាថាយ ២៤:៣; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) អ្នក​ខ្លះ​ភ័យ​ខ្លាច​ថា ផែនដី​នឹង​ត្រូវ​ភ្លើង​ឆេះ ឯ​អ្នក​ខ្លះ​ទៀត​រំភើប​ចិត្ត​ចង់​ឃើញ​អ្វី​ដែល​នឹង​អាច​កើត​ឡើង​នៅ​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ។ មនុស្ស​ជា​ច្រើន​លែង​ចាប់​អារម្មណ៍​អំពី​រឿង​នោះ​ទៀត ដោយ​សារ​ពួក​គេ​បាន​រង់​ចាំ​យូរ​ហើយ តែ​ទី​បញ្ចប់​មិន​ទាន់​មក​ដល់។ ប៉ុន្តែ តើ​ពួក​គេ​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ប្រឌិត​ជា​ជាង​រឿង​ពិត​ឬ​ទេ?

លោក​អ្នក​ប្រហែលជា​ភ្ញាក់​ផ្អើល​ពេល​រៀន​អ្វី​ដែល​គម្ពីរ​ពិត​ជា​បាន​រៀប​រាប់​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក។ គម្ពីរ​មិន​គ្រាន់តែ​ប្រាប់​មូលហេតុ​ដែល​យើង​គួរ​ចង់​ឲ្យ​ទី​បញ្ចប់​ឆាប់​មក​ដល់​ប៉ុណ្ណោះ​ទេ តែ​ក៏​ពន្យល់​ដែរ​ថា​មនុស្ស​ខ្លះ​អាច​គិត​ថា ទី​បញ្ចប់​ក្រម​ក ហើយ​ពួក​គេ​លែង​ចង់​រង់​ចាំ​ទៀត។ ស្តី​អំពី​រឿង​នោះ យើង​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិចារណា​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ខ្លះ​ៗ​ដែល​មនុស្ស​ច្រើន​ឆ្ងល់។

តើ​ផែនដី​នឹង​ត្រូវ​បំផ្លាញ ដោយ​ភ្លើង​ឬ?

ចម្លើយ​ពី​គម្ពីរ: ​«​[​ព្រះ​]​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់​កល្ប​»។ទំនុកតម្កើង ១០៤:៥

ផែនដី​នឹង​មិន​ត្រូវ​បំផ្លាញ​ដោយ​ភ្លើង ឬ​ដោយ​វិធី​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បង្រៀន​ថា​ផែនដី​គឺជា​ទី​លំនៅ​របស់​មនុស្ស​ជាតិ​ជា​រៀង​រហូត។ បទ​គម្ពីរ​នៅ​ទំនុកតម្កើង ៣៧:២៩​ចែង​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជាម​រដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។—ទំនុកតម្កើង ១១៥:១៦; អេសាយ ៤៥:១៨

ក្រោយ​ពេល​ដែល​ព្រះ​បាន​បង្កើត​ផែនដី​ហើយ លោក​មាន​ប្រសាសន៍​ថា ផែនដី​«​ល្អ​ប្រពៃ​»​ ហើយ​លោក​ក៏​មិន​ដែល​ផ្លាស់​ប្ដូរ​គំនិត​ដែរ។ (​លោកុប្បត្តិ ១:៣១​) លោក​មិន​ដែល​គិត​ថា​នឹង​បំផ្លាញ​ផែនដី​ទេ តែ​លោក​សន្យា​ថា​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»​ ដើម្បី​ការពារ​កុំ​ឲ្យ​មនុស្ស​បង្ខូច​ផែនដី​ជា​រៀង​រហូត។—ការ​បើក​បង្ហាញ ១១:១៨

ជួនកាល​លោក​អ្នក​ប្រហែលជា​ឆ្ងល់​អំពី​បទ​គម្ពីរ​នៅ​ពេត្រុសទី២ ៣:៧​ដែល​ចែង​ថា​៖ ​«​មេឃ​និង​ផែនដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ​»។ តើ​នេះ​មិន​បង្ហាញ​ថា​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ដោយ​ភ្លើង​ទេ​ឬ? តាម​ពិត ពេល​ខ្លះ​គម្ពីរ​ប្រើ​ពាក្យ​«​មេឃ​»​ ​«​ផែនដី​»​និង​«​ភ្លើង​»​ជា​និមិត្តរូប។ ជា​ឧទាហរណ៍ នៅ​បទ​គម្ពីរ​លោកុប្បត្តិ ១១:១​ចែង​ថា​៖ ‹ផែនដី​ទាំង​មូល នោះ​មាន​ភាសា​តែ​១​ទេ›។ ពាក្យ​«​ផែនដី​»​ក្នុង​បទ​គម្ពីរ​នេះ​សំដៅ​ទៅ​លើ​សង្គម​មនុស្ស។

បរិបទ​នៃ​ពេត្រុសទី២ ៣:៧​បង្ហាញ​ថា​ពាក្យ​មេឃ ផែនដី និង​ភ្លើង ក៏​ជា​ន័យ​ធៀប​ដែរ។ ខ​៥ និង​៦​រៀប​រាប់​ថា នោះ​គឺ​ស្រដៀង​ទឹក​ជំនន់​នៅ​សម័យ​ណូអេ។ នៅ​គ្រា​នោះ​ពិភព​លោក​នៅ​សម័យ​បុរាណ​បាន​ត្រូវ​បំផ្លាញ​ចោល ប៉ុន្តែ​ផែនដី​មិន​បាន​ត្រូវ​បំផ្លាញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​«​ផែនដី​»​ដែល​ទឹក​ជន់​លិច​បំផ្លាញ​អស់​សំដៅ​ទៅ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ឃោរឃៅ​ទាំង​អស់​ដែល​រស់​នៅ​សម័យ​នោះ។ ​«​មេឃ​»​ដែល​បាន​ត្រូវ​បំផ្លាញ​សំដៅ​ទៅ​អ្នក​គ្រប់​គ្រង​មនុស្ស​ទាំង​អស់​នោះ។ (​លោកុប្បត្តិ ៦:១១​) ស្រដៀង​គ្នា​ដែរ ពេត្រុសទី២ ៣:៧​បាន​ប្រាប់​ទុក​ជា​មុន​ថា មនុស្ស​អាក្រក់​និង​ការ​គ្រប់​គ្រង​ដ៏​ខូច​អាក្រក់​របស់​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត​ហាក់​ដូច​ជា​ត្រូវ​ភ្លើង​ឆេះ​សុស។

តើ​អ្វី​នឹង​កើត​ឡើង​នៅ​ទី​បញ្ចប់ នៃ​ពិភព​លោក?

ចម្លើយ​ពី​គម្ពីរ: ​«​ពិភព​លោក​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ​»។យ៉ូហានទី១ ២:១៧

​«​ពិភព​លោក​»​ដែល​កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ មិន​សំដៅ​ទៅ​ផែនដី​ទេ តែ​សំដៅ​ទៅ​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក​ដែល​រស់​នៅ​មិន​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ដូច​ជា​គ្រូ​ពេទ្យ​ដែល​ត្រូវ​វះ​កាត់​យក​ដុំ​សាច់​មហារីក​ចេញ​ពី​ខ្លួន​អ្នក​ជំងឺ​ដើម្បី​សង្គ្រោះ​ជីវិត​គាត់។ ស្រដៀង​គ្នា​ដែរ ព្រះ​នឹង​«​កាត់​ចេញ​»​មនុស្ស​អាក្រក់ ដើម្បី​ឲ្យ​មនុស្ស​ល្អ​អាច​មាន​ជីវិត​រីករាយ​ពិត​ប្រាកដ​នៅ​ផែនដី។ (​ទំនុកតម្កើង ៣៧:៩​) ក្នុង​ន័យ​នេះ​«​អវសានកាល​នៃ​ពិភព​លោក​»​គឺជា​អ្វី​ដែល​ល្អ។

សេចក្ដី​បក​ប្រែ​ខ្លះ​នៃ​គម្ពីរ​បង្ហើប​ឲ្យ​ដឹង​ថា​«​អវសានកាល​នៃ​ពិភព​លោក​»​គឺជា​អ្វី​ដែល​ល្អ ដោយ​បក​ប្រែ​ពាក្យ​នេះ​ថា​ជា​«​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ (​ម៉ាថាយ ២៤:៣​) ដោយ​សារ​មនុស្ស​ជាតិ​និង​ផែនដី​នឹង​នៅ​មាន​បន្ទាប់​ពី​ទី​បញ្ចប់​នៃ​មនុស្ស​អាក្រក់ នោះ​គឺ​សម​ហេតុ​សម​ផល​ដែល​យើង​សន្និដ្ឋាន​ថា​គ្រា​នោះ​ជា​ទី​ចាប់​ផ្ដើម​នៃ​សម័យ​ឬ​របៀប​របប​ថ្មី មែន​ទេ? ពិត​ជា​ដូច្នេះ​មែន ពីព្រោះ​គម្ពីរ​រៀប​រាប់​អំពី​«​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់​»។—លូកា ១៨:៣០

លោក​យេស៊ូ​បាន​ហៅ​គ្រា​នៅ​អនាគត​នោះ​ថា ​«​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ​»។ នៅ​ពេល​នោះ លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​មាន​ស្ថានភាព​ដូច​គោល​បំណង​ដើម​របស់​ព្រះ។ (​ម៉ាថាយ ១៩:​២៨, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​) នៅ​ពេល​នោះ​យើង​នឹង​មាន​ចិត្ត​រីករាយ​ដោយ​សារ

◼ មនុស្ស​ទាំង​អស់​នឹង​មាន​សេចក្ដី​សុខសាន្ត​និង​ភាព​ចម្រុង​ចម្រើន​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។—អេសាយ ៣៥:១; មីកា ៤:៤

◼ ការងារ​ដែល​មាន​ន័យ​ខ្លឹម​សារ​និង​ពេញ​ចិត្ត។—អេសាយ ៦៥:២១​-​២៣

◼ ជំងឺ​ទាំង​អស់​នឹង​ជា​សះ​ស្បើយ។—អេសាយ ៣៣:២៤

◼ ចាស់​នឹង​ទៅ​ជា​ក្មេង​វិញ។—យ៉ូប ៣៣:២៥

◼ មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩

បើ​យើង​ធ្វើ​តាម​«​បំណង​ប្រាថ្នា​របស់​ព្រះ​»​ គឺ​ធ្វើ​តាម​អ្វី​ដែល​លោក​សុំ​ឲ្យ​យើង​ធ្វើ នោះ​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ចំពោះ​ទី​បញ្ចប់​នៃ​ពិភព​លោក​ទេ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទន្ទឹង​ចាំ​ទី​បញ្ចប់​ដោយ​ចិត្ត​រំភើប។

តើ​ទី​បញ្ចប់​នៃ​ពិភព​លោក ពិត​ជា​ជិត​មក​ដល់​ឬ?

ចម្លើយ​ពី​គម្ពីរ: ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។លូកា ២១:៣១

ក្នុង​សៀវភៅ​របស់​បណ្ឌិត​រីឆឺដ ឃីល បាន​សរសេរ​ថា​៖ ​«​ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ និង​ការ​ជ្រួល​ច្របល់​គ្រប់​ទី​កន្លែង​ក្នុង​សង្គម នោះ​អាច​នាំ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​»។ (​The Last Days Are Here Again​) ជា​ពិសេស​ពេល​ពិបាក​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​និង​ភាព​ច្របូកច្របល់។

ក៏​ប៉ុន្តែ អ្នក​ប្រកាស​ទំនាយ​មិន​បាន​សម្រេច​ចិត្ត​សរសេរ​អំពី​ទី​បញ្ចប់ ក្នុង​គោល​បំណង​ពន្យល់​ប្រាប់​មូលហេតុ​ដែល​អំពើ​អាក្រក់​កំពុង​កើត​ឡើង​ជុំ​វិញ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដើម្បី​រៀប​រាប់​អំពី​ស្ថានភាព​ដែល​បញ្ជាក់​ពី​ទី​បញ្ចប់​នៃ​ពិភព​លោក​កាន់​តែ​ជិត​ដល់​ហើយ។ សូម​ពិចារណា​អំពី​ទំនាយ​ខ្លះ​ៗ ហើយ​សូម​សម្រេច​ចិត្ត​ដោយ​ខ្លួន​លោក​អ្នក​ថា តើ​ទំនាយ​ទាំង​នោះ​កំពុង​សម្រេច​នៅ​សម័យ​យើង​ឬ​អត់?

◼ សង្គ្រាម ការ​អត់​ឃ្លាន រញ្ជួយ​ដី និង​រោគ​រាតត្បាត​ដែល​បណ្ដាល​ឲ្យ​ស្លាប់។—ម៉ាថាយ ២៤:៧; លូកា ២១:១១

◼ ឧក្រិដ្ឋកម្ម​មាន​កាន់​តែ​ច្រើន​ឡើង។—ម៉ាថាយ ២៤:១២

◼ មនុស្ស​ជាតិ​កំពុង​បង្ខូច​ផែនដី។—ការ​បើក​បង្ហាញ ១១:១៨

◼ មនុស្ស​ដែល​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ និង​ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ព្រះ។—ធីម៉ូថេទី២ ៣:២,

◼ ក្រុម​គ្រួសារ​បែកបាក់​គ្នា។—ធីម៉ូថេទី២ ៣:២, ៣

◼ ភាព​ព្រងើយ​កន្តើយ​ចំពោះ​ទី​សម្អាង​ស្តី​អំពី​ទី​បញ្ចប់​ដែល​ជិត​មក​ដល់។—ម៉ាថាយ ២៤:៣៧​-​៣៩

◼ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ទូ​ទាំង​ពិភព​លោក។—ម៉ាថាយ ២៤:១៤

ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ ការ​ឃើញ​«​ការ​ទាំង​អស់​នេះ​»​ យើង​ដឹង​ថា ទី​បញ្ចប់​នៃ​ពិភព​លោក​កាន់​តែ​ជិត​ដល់​ហើយ។ (​ម៉ាថាយ ២៤:៣៣​) សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ទី​សម្អាង​ទាំង​នោះ​គួរ​ឲ្យ​ជឿ​ជាក់ ហើយ​ពួក​គេ​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន​ដល់​មនុស្ស​ឯ​ទៀត តាម​រយៈ​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​ជាង​២៣៦​ប្រទេស។

តើ​ការ​យល់​ខុស​អំពី​ទី​បញ្ចប់​មាន​ន័យ​ថា នឹង​មិន​មក​ដល់​ទេ​ឬ?

ចម្លើយ​ពី​គម្ពីរ: ​«​នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា​៖ ‹មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!› នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ដែល​ហៀបនឹង​សម្រាល​កូន។ ពួក​គេ​នឹង​គេច​មិន​ផុត​ឡើយ​»។ថែស្សាឡូនិច​ទី​១ ៥:៣

គម្ពីរ​ប្រដូច​ការ​បំផ្លាញ​ពិភព​លោក​នេះ​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ឈឺ​ចាប់​របស់​ស្ត្រី​ដែល​នឹង​សម្រាល​កូន ពីព្រោះ​ម្ដាយ​មិន​អាច​គេច​ផុត​ពី​ការ​ឈឺ​ចាប់​ទេ ហើយ​ការ​ឈឺ​ចាប់​នោះ​នឹង​មក​ភ្លាម​ៗ។ ឯ​ពេល​វេលា​ដែល​នាំ​ទៅ​ដល់​ទី​បញ្ចប់​ប្រៀប​ដូច​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែរ ព្រោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដឹង​សញ្ញា​សម្គាល់​កាន់​តែ​ច្រើន​ដែល​បញ្ជាក់​ថា​ជិត​ដល់​ថ្ងៃ​សម្រាល​កូន។ គ្រូ​ពេទ្យ​ដែល​ពិនិត្យ​មើល​ម្ដាយ​ប្រហែលជា​ប្រមាណ​អំពី​ពេល​វេលា​ដែល​កូន​នឹង​កើត។ ប៉ុន្តែ ទោះ​ជា​កូន​នោះ​កើត​មក​យឺត​បន្ដិច​ក៏​ដោយ ក៏​ម្ដាយ​នៅ​តែ​ជឿ​ជាក់​ថា​កូន​នឹង​កើត​ក្នុង​ពេល​ឆាប់​ៗ។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​ទី​បញ្ចប់​មិន​បាន​មក​ដល់​ដូច​ដែល​មនុស្ស​ទន្ទឹង​ចាំ​ក៏​ដោយ តែ​នោះ​មិន​បាន​ផ្លាស់​ប្ដូរ​ហេតុ​ការណ៍​ពិត​ដែល​ជា​ទី​សម្អាង​បញ្ជាក់​ថា​នេះ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ទេ។—ធីម៉ូថេទី២ ៣:១

លោក​អ្នក​ប្រហែលជា​សួរ​ថា ‹បើ​សញ្ញា​សម្គាល់​បញ្ជាក់​អំពី​ទី​បញ្ចប់​ជិត​មក​ដល់​ច្បាស់​ដល់​ម្ល៉េះ ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​ព្រម​ទទួល​ស្គាល់?›។ គម្ពីរ​បញ្ជាក់​ថា​ពេល​ទី​បញ្ចប់​ជិត​មក​ដល់ នោះ​មនុស្ស​ជា​ច្រើន​នឹង​មើល​ស្រាល​ទី​សម្អាង​ទាំង​នោះ។ ពួក​គេ​មិន​ជឿ​ថា​ស្ថានភាព​ក្នុង​ពិភព​លោក​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ និង​ថា​ពួក​គេ​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​គ្នា​សើច​ចំអក​ដល់​ពួក​អ្នក​ដែល​ជឿ​ហើយ​និយាយ​ថា​៖ ​«​ចាប់​ពី​ថ្ងៃ​ដែល​ពួក​បុព្វបុរស​របស់​យើង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ អ្វី​ៗ​ទាំង​អស់​នៅ​ដដែល តាំង​ពី​ពេល​ចាប់​ផ្ដើម​បង្កើត​ពិភព​លោក​មក​»។ (​ពេត្រុសទី២ ៣:៣, ៤​) បើ​និយាយ​ឲ្យ​ចំ​ទៅ សញ្ញា​សម្គាល់​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​គឺ​ច្បាស់​ក្រឡែត តែ​មនុស្ស​ជា​ច្រើន​មិន​អើពើ​នឹង​ទី​សម្គាល់​នោះ​ទេ។—ម៉ាថាយ ២៤:៣៨, ៣៩

អត្ថបទ​នេះ​គ្រាន់តែ​បាន​រៀប​រាប់​ខ្លះ​ៗ​ប៉ុណ្ណោះ​នូវ​ទី​សម្អាង​ក្នុង​គម្ពីរ​ស្តី​អំពី​ទី​បញ្ចប់​ជិត​មក​ដល់។ * តើ​លោក​អ្នក​ចង់​បាន​ព័ត៌មាន​បន្ថែម​ទៀត​ទេ? បើ​ចង់​មែន សូម​អញ្ជើញ​ទាក់​ទង​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ ការ​សិក្សា​គម្ពីរ​អាច​ធ្វើ​នៅ​ផ្ទះ​របស់​លោក​អ្នក ឬ​នៅ​កន្លែង​ណា​ដែល​ងាយ​ស្រួល​សម្រាប់​លោក​អ្នក ឬ​សិក្សា​តាម​ទូរស័ព្ទ​ក៏​បាន។ លោក​អ្នក​គ្រាន់តែ​ចំណាយ​ពេល​វេលា​ខ្លះ​ៗ​ប៉ុណ្ណោះ ហើយ​លោក​អ្នក​នឹង​ទទួល​ប្រយោជន៍​ដែល​កាត់​ថ្លៃ​មិន​បាន។

[​កំណត់​សម្គាល់​]

^ វគ្គ 39 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ជំពូក​ទី​៩ ​«​តើ​យើង​កំពុង​តែ​រស់​នៅ​‹ជាន់​ក្រោយ​បង្អស់›​ឬ?​»​ បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ប្រអប់​នៅ​ទំព័រ​៨​]

តើ​សាក្សី​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រាប់​ខុស​អំពី​ពេល​ទី​បញ្ចប់​នឹង​មក​ដល់​ឬ​ទេ?

សាក្សី​ព្រះ​យេហូវ៉ា​ធ្លាប់​យល់​ខុស​អំពី​ពេល​ដែល​ទី​បញ្ចប់​នឹង​មក​ដល់។ ដូច​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១​ដែរ ជួនកាល​យើង​រង់​ចាំ​ការ​សម្រេច​នៃ​ទំនាយ​មុន​ពេល​កំណត់​របស់​ព្រះ។ (​លូកា ១៩:១១; សកម្មភាព ១:៦; ថែស្សាឡូនិច​ទី​២ ២:១, ២​) យើង​យល់​ស្រប​នឹង​អារម្មណ៍​របស់​បង​ប្រុស​អេ អេឆ ម៉ាក់មីល្លិន ជា​សាក្សី​យូរ​ឆ្នាំ​ដែល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ថា​យើង​គួរ​ទទួល​ស្គាល់​អំពី​កំហុស​របស់​យើង ហើយ​បន្ត​ស្រាវជ្រាវ​ដើម្បី​យល់​បណ្ដាំ​របស់​ព្រះ​កាន់​តែ​ប្រសើរ​ឡើង​»។

បើ​ដូច្នេះ ហេតុ​អ្វី​យើង​នៅ​តែ​បន្ត​ប្រកាស​ថា​ទី​បញ្ចប់​ជិត​មក​ដល់? ពីព្រោះ យើង​យល់​អំពី​សារ:សំខាន់​នៃ​ការ​ស្ដាប់​តាម​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន​»។ បើ​មិន​ដូច្នោះ​ទេ លោក​យេស៊ូ​នឹង​ឃើញ​យើង​«​ដេក​លក់​»​ ហើយ​លោក​នឹង​មិន​ពេញ​ចិត្ត​យើង។ (​ម៉ាកុស ១៣:៣៣, ៣៦​) ហេតុ​អ្វី?

សូម​ពិចារណា​ឧទាហរណ៍​នេះ: ពេល​មាន​ការ​រញ្ជួយ​ដី ភ្នាក់ងារ​នៅ​ប្រទេស​ខ្លះ​ប្រកាស​អាសន្ន​ព្រមាន​បណ្ដា​ជន​ថា អាច​កើត​មាន​រលក​យក្ស​ស៊ូណាមី។ ជួនកាល​មិន​មាន​ស៊ូណាមី​កើត​ឡើង​ដូច​ភ្នាក់ងារ​បាន​គិត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​ចេះ​ប្រុង​ប្រយ័ត្ន នោះ​អាច​សង្គ្រោះ​ជីវិត​បណ្ដា​ជន​បាន។

ដូច​គ្នា​ដែរ ស្តី​អំពី​ទី​បញ្ចប់ យើង​ធ្លាប់​យល់​ខុស​ខ្លះ។ ក៏​ប៉ុន្តែ ជា​ជាង​ខ្លាច​គេ​រិះ​គន់ យើង​ព្យាយាម​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ​និង​សង្គ្រោះ​ជីវិត​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បង្គាប់​យើង​ឲ្យ​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»​ នោះ​តម្រូវ​ឲ្យ​យើង​ព្រមាន​អ្នក​ដទៃ​អំពី​ទី​បញ្ចប់។—សកម្មភាព ១០:៤២

ចំពោះ​យើង ការ​ជឿ​ជាក់​ថា​ទី​បញ្ចប់​នឹង​មក​ដល់ ហើយ​ការ​ប្រព្រឹត្ត​សម​ស្រប​តាម​ជំនឿ​នោះ គឺ​សំខាន់​ជាង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពេល​វេលា​ដែល​ទី​បញ្ចប់​នឹង​មក​ដល់។ យើង​ក៏​ជឿ​ជាក់​ដែរ​ទៅ​លើ​ពាក្យ​របស់​ហាបាគុក ២:៣​ដែល​ថា​៖ ​«​បើ​សិន​ជា​[​ទី​បញ្ចប់​]​បង្អង់​យូរ​[​តាម​គំនិត​របស់​យើង​] ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ​»។

[រូបភាព​នៅ​ទំព័រ​៤]

[រូបភាព​នៅ​ទំព័រ​៦]

[រូបភាព​នៅ​ទំព័រ​៨]