សំណួរនិងចម្លើយពីគម្ពីរ
សំណួរនិងចម្លើយពីគម្ពីរ
ហេតុអ្វីលោកយេស៊ូបានត្រូវហៅថាបុត្ររបស់ព្រះ?
ព្រះមានកូនមិនមែនដោយសារលោកមានប្រពន្ធទេ ប៉ុន្តែលោកជាអ្នកបង្កើតអ្វីៗទាំងអស់។ ព្រះបានបង្កើតមនុស្សតាមរបៀបដែលពួកគេអាចធ្វើតាមគុណសម្បត្ដិរបស់លោក។ ហេតុនេះហើយ បុរសដំបូងគឺអាដាមដែលព្រះបានបង្កើតបានត្រូវហៅជា«កូនព្រះ»។ ស្រដៀងគ្នាដែរ លោកយេស៊ូបានត្រូវហៅថា«បុត្ររបស់ព្រះ» ដោយសារលោកបានត្រូវបង្កើតមកដោយមានគុណសម្បត្ដិដូចបិតាលោក។—សូមអាន លូកា ៣:៣៨; យ៉ូហាន ១:១៤, ៤៩
តើលោកយេស៊ូបានត្រូវបង្កើតនៅពេលណា?
ព្រះបានបង្កើតលោកយេស៊ូមុនអាដាម។ តាមពិតព្រះបានបង្កើតលោកយេស៊ូ បន្ទាប់មកព្រះបានបង្កើតអ្វីៗឯទៀតតាមរយៈលោកយេស៊ូ។ នេះរួមបញ្ចូលពួកទេវតាដែរ។ នេះជាមូលហេតុដែលគម្ពីរចែងអំពីលោកយេស៊ូថា «ជាបុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»។—សូមអាន កូឡុស ១:១៥, ១៦
មុនលោកយេស៊ូមកកើតនៅក្រុងបេថ្លេហិម លោកជាទេវតាមួយរូបនៅស្ថានសួគ៌។ ដល់ពេលកំណត់ ព្រះបានផ្ទេរជីវិតលោកយេស៊ូពីស្ថានសួគ៌មកក្នុងផ្ទៃនាងម៉ារៀ។ ដូច្នេះ លោកអាចកើតជាមនុស្សជាតិម្នាក់បាន។—សូមអាន លូកា ១:៣០-៣២; យ៉ូហាន ៦:៣៨; ៨:២៣
ហេតុអ្វីព្រះបានឲ្យលោកយេស៊ូកើតជាមនុស្សនៅផែនដី? តើលោកយេស៊ូបានបំពេញតួនាទីពិសេសអ្វី? លោកអ្នកអាចរកចម្លើយចំពោះសំណួរទាំងនោះក្នុងគម្ពីរ ហើយចម្លើយទាំងនោះនឹងធ្វើឲ្យលោកអ្នកមានការយល់ដឹងកាន់តែច្រើន ព្រមទាំងមានចិត្តដឹងគុណព្រះនិងលោកយេស៊ូចំពោះអ្វីដែលលោកបានធ្វើសម្រាប់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូកទី៤ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១៦]
មុនលោកយេស៊ូមកកើតនៅក្រុងបេថ្លេហិម លោកជាទេវតាមួយរូបនៅស្ថានសួគ៌