«មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»
ចូរចូលទៅជិតព្រះ
«មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»
តើអ្នកចង់ឲ្យខ្លួនអ្នកនិងក្រុមគ្រួសារអ្នកមានសុខភាពល្អនិងអាយុយឺនយូរឬទេ? តើអ្នកចង់រស់នៅក្នុងពិភពលោកមួយដែលគ្មានការឈឺចាប់ ទុក្ខវេទនា និងសេចក្ដីស្លាប់ឬទេ? រឿងនេះមិនមែនជាការស្រមើស្រមៃទេ។ ផ្ទុយទៅវិញ មិនយូរទៀតពិតជានឹងមានពិភពលោកថ្មីដ៏សុចរិត ពីព្រោះនេះជាគោលបំណងរបស់ព្រះយេហូវ៉ា។ សូមកត់សម្គាល់របៀបដែលព្រះនឹងសម្រេចគោលបំណងរបស់លោក ដូចបានរៀបរាប់នៅសៀវភៅការបើកបង្ហាញ ២១:៣-៥។—សូមអាន
«[ព្រះ]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ»។ (ការបើកបង្ហាញ ២១:៤) តើលោកនឹងជូតទឹកភ្នែកបែបណា? មិនមែនជាទឹកភ្នែកដែលបណ្ដាលមកពីអំណរ ឬទឹកភ្នែកដែលការពារភ្នែកយើងនោះទេ។ ផ្ទុយទៅវិញ សេចក្ដីសន្យារបស់ព្រះគឺសំដៅទៅលើទឹកភ្នែកដែលបណ្ដាលមកពីទុក្ខវេទនាឬទុក្ខព្រួយ។ ព្រះមិនគ្រាន់តែជូតទឹកភ្នែកដូចនោះទេ តែលោកនឹងបំបាត់ចោលទាំងស្រុងនូវដើមហេតុអាក្រក់ដែលធ្វើឲ្យយើងស្រក់ទឹកភ្នែក ពោលគឺទុក្ខវេទនានិងទុក្ខព្រួយ។
«សេចក្ដីស្លាប់នឹងលែងមានទៀត»។ (ការបើកបង្ហាញ ២១:៤) សេចក្ដីស្លាប់ជាហេតុធ្វើឲ្យមនុស្សច្រើនបំផុតយំកើតទុក្ខ។ ព្រះយេហូវ៉ានឹងរំដោះមនុស្សដែលស្ដាប់បង្គាប់ឲ្យរួចពីសេចក្ដីស្លាប់។ តើតាមរបៀបណា? ដោយបំបាត់ចោលដើមហេតុនៃសេចក្ដីស្លាប់គឺ ភាពខុសឆ្គងដែលយើងបានទទួលជាមត៌កពីអាដាម។ (រ៉ូម ៥:១២) ព្រះយេហូវ៉ានឹងឲ្យមនុស្សដែលស្ដាប់បង្គាប់មានភាពល្អឥតខ្ចោះដោយផ្អែកលើគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូ។ * បន្ទាប់មក សត្រូវចុងក្រោយដែលជាសេចក្ដីស្លាប់នឹងត្រូវ«បំផ្លាញឲ្យសាបសូន្យ»។ (កូរិនថូសទី១ ១៥:២៦) មនុស្សស្មោះត្រង់នឹងមានជីវិតដូចគោលបំណងដើមរបស់ព្រះ ពោលគឺរស់ជារៀងរហូតដោយមានសុខភាពល្អឥតខ្ចោះ។
«ការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។ (ការបើកបង្ហាញ ២១:៤) តើការឈឺចាប់បែបណានឹងលែងមានទៀត? គឺការឈឺចាប់ទាំងអស់ ពោលគឺខាងផ្លូវកាយនិងខាងផ្លូវចិត្តដែលមកពីភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ ហើយដែលបានធ្វើឲ្យមនុស្សរាប់លាននាក់រងទុក្ខវេទនា។ ការឈឺចាប់ទាំងនោះនឹងលែងមានទៀត។
មិនយូរទៀត ជីវិតដែលគ្មានទឹកភ្នែក ការឈឺចាប់ ហើយសេចក្ដីស្លាប់ នឹងកើតឡើងពិតមែន។ ប៉ុន្តែ អ្នកប្រហែលជាសួរថា ‹តើនៅកន្លែងណា? តើសេចក្ដីសន្យារបស់ព្រះរៀបរាប់អំពីជីវិតនៅស្ថានសួគ៌ឬ?›។ មិនមែនទេ។ សូមពិចារណាអំពីមូលហេតុដែលយើងដឹងដូច្នេះ។ ទី១ ពាក្យដំបូងនៃសេចក្ដីសន្យានោះថា៖ «ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ» ហើយមនុស្សជាតិរស់នៅផែនដី។ (ការបើកបង្ហាញ ២១:៣) ទី២ សេចក្ដីសន្យានោះរៀបរាប់អំពីពិភពលោកមួយដែលធ្លាប់មានសេចក្ដីស្លាប់ តែក្រោយមក«សេចក្ដីស្លាប់នឹងលែងមានទៀត»។ នៅស្ថានសួគ៌មិនធ្លាប់មានសេចក្ដីស្លាប់ទេ ប៉ុន្តែនៅផែនដីធ្លាប់មានសេចក្ដីស្លាប់តាំងពីយូរមកហើយ។ ប្រាកដណាស់ សេចក្ដីសន្យារបស់ព្រះអំពីជីវិតដែលប្រសើរជាងនឹងត្រូវកើតឡើងនៅផែនដីយើងនេះ។
ព្រះយេហូវ៉ាចង់ឲ្យយើងជឿទៅលើសេចក្ដីសន្យារបស់លោកស្តីអំពីពិភពលោកថ្មីដ៏សុចរិត។ ភ្លាមៗក្រោយពីរៀបរាប់អំពីពរដែលយើងនឹងទទួល លោកបានផ្ដល់ការធានាទៅលើសេចក្ដីសន្យារបស់លោកដោយមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ រួចមក លោកបានបន្ថែមទៀតថា៖ «ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់»។ (ការបើកបង្ហាញ ២១:៥) សូមរៀនថែមទៀតអំពីរបៀបដែលអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកអាចមានសុភមង្គលដោយនៅក្នុងចំណោមអ្នកគោរពប្រណិប័តន៍ព្រះ ដែលនឹងឃើញសេចក្ដីសន្យារបស់លោកក្លាយជាការពិត។
លោកអ្នកអាចអាន:
ពេត្រុសទី១ ១-៥; ពេត្រុសទី២ ១-៣; យ៉ូហានទី១ ១-៥; យ៉ូហានទី២ ១-១៣; យ៉ូហានទី៣ ១-១៤; យូដាស ១-២៥–ការបើកបង្ហាញ ១-២២
[កំណត់សម្គាល់]
^ វគ្គ 5 ដើម្បីដឹងព័ត៌មានថែមទៀតអំពីគ្រឿងបូជាដែលជាថ្លៃលោះរបស់គ្រិស្ត សូមមើលជំពូកទី៥នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ១១]
ព្រះនឹងជូតទឹកភ្នែកទាំងអស់របស់មនុស្សជាតិ ជាទឹកភ្នែកដែលមកពីទុក្ខព្រួយនិងទុក្ខវេទនា