មនុស្សជាតិខំតស៊ូយកឈ្នះសេចក្ដីស្លាប់
អត្ថបទអំពីក្របទស្សនាវដ្ដី | តើសេចក្ដីស្លាប់ជាទីបញ្ចប់នៃអ្វីៗទាំងអស់ឬ?
មនុស្សជាតិខំតស៊ូយកឈ្នះសេចក្ដីស្លាប់
សេចក្ដីស្លាប់ជាសត្រូវដ៏គួរឲ្យភ័យខ្លាច ហើយយើងខំតស៊ូដើម្បីយកឈ្នះសេចក្ដីស្លាប់នោះ។ តែទោះជាយ៉ាងនោះក៏ដោយ ពេលមនុស្សជាទីស្រឡាញ់របស់យើងស្លាប់ យើងពិបាកទទួលស្គាល់ណាស់។ ណាមួយទៀត ពេលយើងស្ថិតក្នុងភាពយុវវ័យដែលពោរពេញទៅដោយកម្លាំងនិងភាពរីករាយ យើងប្រហែលជាមិនខ្លាចស្លាប់និងមិនគិតថាសេចក្ដីស្លាប់អាចមានមកលើយើងទេ។ នេះគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ យើងចង់ឲ្យការស្រមៃនេះមានរហូត។
ស្តេចផ្សេងៗនៅស្រុកអេស៊ីបបានគិតច្រើនជាងមនុស្សឯទៀតអំពីរបៀបបានជីវិតអមតៈ។ ស្តេចទាំងនោះបានចំណាយពេលវេលាស្ទើរតែពេញមួយជីវិតរបស់ពួកគេ រួមទាំងជីវិតរបស់អ្នកបម្រើរាប់ពាន់នាក់ ដើម្បីយកឈ្នះសេចក្ដីស្លាប់។ ពីរ៉ាមីតដែលពួកគេសង់បង្ហាញពីការស្វែងរកវិធីផ្សេងៗដើម្បីយកឈ្នះសេចក្ដីស្លាប់ ហើយក៏បង្ហាញថាពួកគេមិនបានសម្រេចដូចបំណងដែរ។
ពួកអធិរាជចិនក៏មានការស្រមើស្រមៃស្រដៀងគ្នាដែរអំពីការមានជីវិតអមតៈ។ តែតាមរបៀបផ្សេងវិញ គឺពួកគេខំធ្វើតាមរឿងព្រេងដែលរៀបរាប់អំពីទឹកជីវិត។ អធិរាជគីន ស៊ីហួង បានបង្គាប់អ្នកប្រាជ្ញរបស់លោកឲ្យស្រាវជ្រាវបង្កើតទឹកវេទមន្តមួយប្រភេទដែលការពារជីវិតកុំឲ្យស្លាប់។ ប៉ុន្តែ ធាតុផ្សំជាច្រើនដែលពួកគេលាយមានធាតុបារតដែលមានជាតិពុល ហើយទឹកម្យ៉ាងដែលពួកគេបានលាយទំនងជាធ្វើឲ្យអធិរាជនោះស្លាប់។
នៅសតវត្សរ៍ទី១៦ គ.ស. អ្នករុករកជាតិអេស្ប៉ាញម្នាក់ឈ្មោះខ្វាន់ ប៉ូនសេដេឡេអន បានជិះទូកទៅសមុទ្រការីបដើម្បីស្វែងរកអណ្ដូងទឹកដែលធ្វើឲ្យនៅក្មេងរហូត។ ក្នុងការធ្វើដំណើរនោះ គាត់បានរកឃើញរដ្ឋហ្ល័ររីដា នៅសហរដ្ឋអាម៉េរិក។ តែប៉ុន្មានឆ្នាំក្រោយមកគាត់បានស្លាប់ក្រោយពីប្រយុទ្ធគ្នាជាមួយជនជាតិដើមអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ គេមិនបានរកឃើញអណ្ដូងទឹកដែលធ្វើឲ្យនៅក្មេងរហូតទេ។
ស្តេចអេស៊ីប អធិរាជចិន និងអ្នករុករកផ្សេងៗ ពួកគេបានស្វែងរកវិធីគ្រប់យ៉ាងដើម្បីយកឈ្នះសេចក្ដីស្លាប់។ ទោះជាយើងមិនចូលចិត្តវិធីរបស់ពួកគេក្ដី តែគ្មានយើងណាម្នាក់ហ៊ានមើលងាយគោលដៅរបស់ពួកគេទេ មែនទេ? ព្រោះក្នុងចិត្ត យើងស្ទើរតែទាំងអស់ចង់រស់ជារៀងរហូត។
តើមនុស្សអាចយកឈ្នះសេចក្ដីស្លាប់បានទេ?
ហេតុអ្វីយើងខំតស៊ូយកឈ្នះសេចក្ដីស្លាប់? គម្ពីរពន្យល់អំពីមូលហេតុនោះ។ គម្ពីរចែងអំពីព្រះយេហូវ៉ា *ជាអ្នកបង្កើតយើងថា៖ «ទ្រង់បានបង្កើត របស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេ[មនុស្សជាតិ]សង្ឃឹមដល់អស់កល្បទៅមុខ»។ (សាស្ដា ៣:១១) យើងចង់រីករាយនឹងធម្មជាតិដ៏ស្រស់ស្អាតនៅផែនដី មិនគ្រាន់តែ៨០ឆ្នាំប៉ុណ្ណោះទេ តែជារៀងរហូត។ (ទំនុកតម្កើង ៩០:១០) ព្រោះនោះជាបំណងចិត្តរបស់យើង។
ហេតុអ្វីព្រះឲ្យយើងមានចិត្តសង្ឃឹម«អស់កល្ប»ឬជារៀងរហូត? តើគ្រាន់តែដើម្បីឲ្យយើងខកចិត្តប៉ុណ្ណោះឬ? គឺមិនអាចទៅរួចទេដែលព្រះធ្វើដូច្នោះ។ ផ្ទុយទៅវិញ ព្រះសន្យាចំពោះយើងថា លោកនឹងយកឈ្នះសេចក្ដីស្លាប់។ គម្ពីរប្រាប់ម្ដងហើយម្ដងទៀតថា ព្រះនឹងបំផ្លាញចោលសេចក្ដីស្លាប់ ហើយលោកសន្យាថានឹងឲ្យយើងមានជីវិតដែលគ្មានទីបញ្ចប់ (សូមមើលប្រអប់ដែលមានចំណងជើងថា៖ «ជ័យជម្នះលើសេចក្ដីស្លាប់»)។
លោកយេស៊ូគ្រិស្តបានប្រាប់យ៉ាងចំៗថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ដូច្នេះការយកឈ្នះសេចក្ដីស្លាប់គឺមិនមែនគ្មានសង្ឃឹមទេ។ ប៉ុន្តែ លោកយេស៊ូបានបញ្ជាក់ថាគឺមានតែព្រះប៉ុណ្ណោះដែលអាចយកឈ្នះសេចក្ដីស្លាប់ជំនួសយើង។
[កំណត់សម្គាល់]
^ វគ្គ 9 យេហូវ៉ាគឺជានាមរបស់ព្រះដែលមានក្នុងគម្ពីរ។
[ប្រអប់នៅទំព័រ៥]
ជ័យជម្នះលើសេចក្ដីស្លាប់
«ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។—អេសាយ ២៥:៨
«នេះជាបំណងប្រាថ្នារបស់បិតាខ្ញុំ ពោលគឺ អស់អ្នកណាដែលឃើញបុត្ររបស់លោក ហើយអនុវត្តជំនឿលើបុត្រលោក អ្នកទាំងនោះត្រូវមានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៦:៤០
«សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៦
«[យើងមាន]សេចក្ដីសង្ឃឹមឲ្យបានជីវិតគ្មានទីបញ្ចប់ ជាអ្វីដែលព្រះដែលមិនអាចកុហក បានសន្យាតាំងពីយូរយារណាស់មកហើយ»។—ទីតុស ១:២
«លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត»។—ការបើកបង្ហាញ ២១:៤
[រូបភាពនៅទំព័រ៤]
ផារ៉ូខូហ្វូ
[អ្នកផ្ដល់សិទ្ធិ]
Egyptian mural: © Erich Lessing/Art Resource, NY
[រូបភាពនៅទំព័រ៤, ៥]
អធិរាជគីន ស៊ីហួង
អ្នករុករកខ្វាន់ ប៉ូនសេដេឡេអន