ជំពូកទីដប់ប្រាំមួយ
ចូរធ្វើឲ្យក្រុមគ្រួសាររបស់អ្នកមានអនាគតជារៀងដរាបតទៅ
១. តើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ាចំពោះរបៀបរៀបចំជាក្រុមគ្រួសារ?
នៅពេលដែលព្រះយេហូវ៉ាបានផ្សំផ្គុំអ័ដាមនិងនាងអេវ៉ាដោយរៀបអាពាហ៍ពិពាហ៍ឲ្យពួកគាត់ នោះអ័ដាមបានបង្ហាញនូវអំណររបស់គាត់ ដោយវាចាជាកំណាព្យជាភាសាហេព្រើរដែលបានកត់ទុកមកមុនគេបង្អស់។ (លោកុប្បត្តិ ២:២២, ២៣) ក៏ប៉ុន្តែ ព្រះអាទិទេពបានមានបំណងច្រើនទៀត មិនមែនគ្រាន់តែនាំឲ្យមានការពេញចិត្តដល់មនុស្សជាតិដែលជាបុត្រាបុត្រីរបស់ទ្រង់នោះឡើយ។ ព្រះទ្រង់ចង់ឲ្យស្វាមីភរិយានិងក្រុមគ្រួសាររបស់ពួកគេធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់បានមានបន្ទូលប្រាប់មនុស្សមួយគូដំបូងនេះថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ! ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោកុប្បត្តិ ១:២៨) នេះជាកិច្ចការដ៏សម្បើមនិងជាទីពេញចិត្តយ៉ាងណាទៅហ្ន៎! បើអ័ដាមនិងនាងអេវ៉ាបានធ្វើតាមបំណងរបស់ព្រះយេហូវ៉ា ដោយស្ដាប់បង្គាប់ទ្រង់ទាំងស្រុងនោះ ពួកគាត់និងកូនរបស់ពួកគាត់ដែលនឹងកើតនៅថ្ងៃអនាគតច្បាស់ជាសប្បាយយ៉ាងណាទៅហ្ន៎!
២, ៣. តើតាមរបៀបណាដែលក្រុមគ្រួសារអាចទទួលបានសុភមង្គលច្រើនបំផុតនៅសព្វថ្ងៃនេះ?
២ សព្វថ្ងៃនេះ ក្រុមគ្រួសារគឺមានចិត្តសប្បាយជាទីបំផុត ពេលដែលពួកគេរួមដៃគ្នាធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ សាវ័កប៉ុលបានសរសេរថា៖ «សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង»។ (ធីម៉ូថេទី១ ៤:៨) ក្រុមគ្រួសារដែលរស់នៅដោយគោរពប្រតិបត្ដិចំពោះព្រះ ថែមទាំងធ្វើតាមសេចក្ដីណែនាំរបស់ព្រះយេហូវ៉ាដូចដែលមានក្នុងព្រះគម្ពីរ នឹងទទួលបានសុភមង្គលសំរាប់«ជីវិតនៅជាន់ឥឡូវ»នេះ។ (ទំនុកដំកើង ១:១-៣; ១១៩:១០៥; ធីម៉ូថេទី២ ៣:១៦) ទោះជាមានសមាជិក តែម្នាក់គត់ក្នុងគ្រួសារអនុវត្តតាមគោលការណ៍ព្រះគម្ពីរក៏ដោយ នោះនឹងមានសភាពប្រសើរជាងគ្រួសារដែលគ្មានអ្នកណាធ្វើតាមសោះ។
៣ សៀវភៅនេះបានពិគ្រោះគោលការណ៍ជាច្រើនក្នុងព្រះគម្ពីរ ដែលនាំឲ្យមានសុភមង្គលក្នុងគ្រួសារ។ លោកអ្នកប្រហែលជាបានកត់សម្គាល់ថា គោលការណ៍ខ្លះបានលេចឡើងជាញឹកញយក្នុងសៀវភៅនេះ។ តើហេតុអ្វី? ពីព្រោះគោលការណ៍ទាំងនេះតំណាងសេចក្ដីពិត ដែលមានប្រសិទ្ធិភាពបំផុតសំរាប់ជាប្រយោជន៍ដល់សមាជិកទាំងអស់ ក្នុងគ្រប់ទិដ្ឋភាពផ្សេងៗនៃជីវភាពគ្រួសារ។ ក្រុមគ្រួសារមួយដែលខំប្រឹងអនុវត្តតាមគោលការណ៍ទាំងនេះក្នុងព្រះគម្ពីរនឹងឃើញថា ការគោរពប្រតិបត្ដិចំពោះព្រះ ពិតជា‹មានសេចក្ដីសន្យាចំពោះជីវិតឥឡូវនេះ›។ សូមឲ្យយើងមើលម្ដងទៀតនូវគោលការណ៍ដ៏សំខាន់ទាំងបួននោះ។
សារៈសំខាន់នៃការចេះទប់ចិត្ត
៤. ហេតុអ្វីក៏ការចេះទប់ចិត្តគឺសំខាន់ម្ល៉េះក្នុងអាពាហ៍ពិពាហ៍?
៤ ស្តេចសាឡូម៉ូនបានមានបន្ទូលថា៖ «បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង»។ (សុភាសិត ២៥:២៨; ២៩:១១) ចំពោះអស់អ្នកដែលចង់បានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល គឺសំខាន់ណាស់ដែលអស់អ្នកទាំងនោះចេះ ‹គ្រប់គ្រងលើចិត្តខ្លួន› ពោលគឺចេះទប់ចិត្ត។ ការធ្វើតាមអារម្មណ៍អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ដូចជាកំហឹងនិងការត្រេកត្រអាលខាងកាមដ៏អសីលធម៌ តែងនាំឲ្យមានអន្តរាយហើយធម្មតាត្រូវការជាច្រើនឆ្នាំដើម្បីផ្សះផ្សា ឬក៏ជួនកាលមិនអាចផ្សះផ្សាឡើងវិញបានឡើយ។
៥. តើមនុស្សឥតគ្រប់ល័ក្ខណ៍អាចបណ្ដុះបណ្ដាលឲ្យមានការចេះទប់ចិត្តយ៉ាងណា? ហើយតើនឹងទទួលប្រយោជន៍អ្វី?
៥ ប្រាកដហើយ គ្មានកូនចៅណាម្នាក់របស់អ័ដាម ដែលជាមនុស្សឥតគ្រប់ល័ក្ខណ៍ អាចទប់ចិត្តរបស់ខ្លួនទាំងស្រុងឡើយ។ (រ៉ូម ៧:២១, ២២) ក៏ប៉ុន្តែ ការចេះទប់ចិត្តគឺជាផលផ្លែនៃព្រះវិញ្ញាណ។ (កាឡាទី ៥:២២, ២៣) ដូច្នេះហើយ វិញ្ញាណរបស់ព្រះនឹងបង្កើតឲ្យយើងមានការចេះទប់ចិត្ត ប្រសិនបើយើងអធិស្ឋានសុំនូវគុណសម្បត្ដិនេះ ហើយអនុវត្តតាមឱវាទត្រឹមត្រូវដែលមានក្នុងព្រះគម្ពីរ។ ហើយយើងសេពគប់ជាមួយអស់អ្នកដែលសម្ដែងគុណសម្បត្ដិនេះ ថែមទាំងជៀសវាងពីការសេពគប់ជាមួយអ្នកដែលមិនសម្ដែងគុណសម្បត្ដិនេះ។ (ទំនុកដំកើង ១១៩:១០០, ១០១, ១៣០; សុភាសិត ១៣:២០; ពេត្រុសទី១ ៤:៧) ការប្រព្រឹត្តបែបនេះនឹងជួយយើងឲ្យ«រត់ពីការសហាយស្មន់ចេញ» ទោះជានៅពេលដែលយើងបានត្រូវល្បួងក៏ដោយ។ (កូរិនថូសទី១ ៦:១៨) យើងនឹងបដិសេធចោលអំពើឃោរឃៅ ព្រមទាំងជៀសវាងឬយកឈ្នះលើរោគញៀនស្រា។ ហើយពេលមានរឿងឈ្លោះប្រកែកគ្នានិងមានស្ថានការណ៍ដ៏ពិបាកអ្វីមួយ យើងនឹងប្រឈមមុខដោះស្រាយដោយចិត្តស្ងប់បាន។ សូមឲ្យយើងទាំងអស់គ្នាដែលរួមបញ្ចូលកូនក្មេងផងដែរ ចូររៀនឲ្យចេះបណ្ដុះបណ្ដាលនូវគុណសម្បត្ដិដ៏សំខាន់ទាំងនេះនៃផលផ្លែរបស់ព្រះវិញ្ញាណ។—ទំនុកដំកើង ១១៩:១, ២
ទស្សនៈដ៏ត្រឹមត្រូវចំពោះប្រមុខភាព
៦. (ក) តើអ្វីជារបៀបរៀបរយដ៏ត្រឹមត្រូវរបស់ព្រះស្តីអំពីប្រមុខភាព? (ខ) តើបុរសម្នាក់ត្រូវតែចងចាំអ្វី បើគាត់ចង់ឲ្យប្រមុខភាពរបស់គាត់ផ្ដល់មកនូវសុភមង្គលចំពោះគ្រួសាររបស់គាត់នោះ?
៦ គោលការណ៍ដ៏សំខាន់ទីពីរ គឺការទទួលស្គាល់នូវប្រមុខភាព។ ប៉ុលបានរៀបរាប់អំពីរបៀបរៀបរយដ៏ត្រឹមត្រូវ ពេលដែលគាត់បាននិយាយថា៖ «តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ»។ (កូរិនថូសទី១ ១១:៣) នេះបានសេចក្ដីថា បុរសជាអ្នកនាំមុខក្នុងក្រុមគ្រួសារ រីឯប្រពន្ធរបស់គាត់ត្រូវគាំទ្រគាត់យ៉ាងស្មោះត្រង់ និងចំណែកកូនៗវិញត្រូវចេះស្ដាប់បង្គាប់មាតាបិតារបស់ខ្លួន។ (អេភេសូរ ៥:២២-២៥, ២៨-៣៣; ៦:១-៤) ប៉ុន្តែ ចូរកត់សម្គាល់ថា ប្រមុខភាពនេះអាចនឹងនាំឲ្យមានសុភមង្គល លុះត្រាតែធ្វើឡើងតាមវិធីដ៏ត្រឹមត្រូវប៉ុណ្ណោះ។ ស្វាមីដែលមានការគោរពប្រតិបត្ដិចំពោះព្រះដឹងថាប្រមុខភាព មិនមែនជាអំណាចផ្ដាច់ការទេ។ ស្វាមីយកតម្រាប់តាមព្រះយេស៊ូ ជាមេដឹកនាំរបស់ខ្លួន។ ទោះជាព្រះយេស៊ូនឹងទៅជា«សិរសាលើគ្រប់ទាំងអស់» តែទ្រង់បានយាងមក«មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ»។ (អេភេសូរ ១:២២; ម៉ាថាយ ២០:២៨) តាមរបៀបស្រដៀងគ្នានេះ បុរសគ្រីស្ទានប្រើឋានៈជាមេគ្រួសារ មិនមែនដើម្បីជាប្រយោជន៍ដល់ខ្លួន តែដើម្បីមើលថែរក្សាប្រយោជន៍របស់ភរិយានិងកូនរបស់គាត់វិញ។—កូរិនថូសទី១ ១៣:៤, ៥
៧. តើគោលការណ៍អ្វីក្នុងព្រះគម្ពីរ ដែលនឹងជួយភរិយាឲ្យបំពេញតាមមុខនាទីរបស់ខ្លួន ដែលព្រះបានតែងតាំងឡើងក្នុងក្រុមគ្រួសារនោះ?
៧ ចំពោះមុខនាទីភរិយាវិញ នោះភរិយាដែលមានការគោរពប្រតិបត្ដិចំពោះព្រះ នឹងមិនប្រជែងឬខំគ្រប់គ្រងទៅលើស្វាមីរបស់នាងឡើយ។ ភរិយាគាប់ចិត្តក្នុងការគាំទ្រ ស្វាមី និងរួមកម្លាំងជាមួយស្វាមីរបស់នាង។ ជួនកាលព្រះគម្ពីរចែងអំពីភរិយាជា‹របស់ផង›ស្វាមី ដែលធ្វើឲ្យយើងយល់ច្បាស់ថា ស្វាមីជាមេដឹកនាំភរិយា។ (លោកុប្បត្តិ ២០:៣) តាមរយៈអាពាហ៍ពិពាហ៍ ប្រពន្ធនៅក្រោម«ច្បាប់របស់ប្ដី»។ (រ៉ូម ៧:២) នៅក្នុងពេលជាមួយគ្នានោះ ព្រះគម្ពីរក៏ហៅភរិយាជា‹អ្នកជំនួយ›និងជា‹គូបង្គ្រប់›។ (លោកុប្បត្តិ ២:២០) ភរិយាផ្ដល់ឲ្យនូវគុណសម្បត្ដិនិងសមត្ថភាពដែលស្វាមីរបស់នាងខ្វះ និងភរិយាគាំទ្រស្វាមីនៅពេលដែលត្រូវការ។ (សុភាសិត ៣១:១០-៣១) ព្រះគម្ពីរក៏ចែងថា ភរិយាជា«គូ»ម្នាក់ ហើយធ្វើកិច្ចការជាមួយស្វាមីរបស់នាង។ (ម៉ាឡាគី ២:១៤) គោលការណ៍ទាំងនេះក្នុងបទគម្ពីរ ជួយស្វាមីភរិយាឲ្យទទួលស្គាល់ចំពោះមុខនាទីរបស់គេរៀងៗខ្លួន រួមទាំងការប្រព្រឹត្តចំពោះគ្នានឹងគ្នាដោយសេចក្ដីគោរពនិងសេចក្ដីថ្លៃថ្នូរ។
«ចូរ. . .ឆាប់នឹងស្ដាប់»
៨, ៩. សូមពន្យល់នូវគោលការណ៍ខ្លះៗ ដែលនឹងជួយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារ ឲ្យមានការប៉ិនប្រសប់ខាងការប្រស្រ័យទាក់ទងគ្នាបានប្រសើរជាង។
៨ នៅក្នុងសៀវភៅនេះ បានលើកបញ្ជាក់ជាញឹកញាប់អំពីសេចក្ដីត្រូវការឲ្យមានការប្រស្រ័យទាក់ទង។ តើហេតុអ្វី? ពីព្រោះពេលណាមនុស្សនិយាយនិងស្ដាប់គ្នាទៅវិញទៅមក គឺស្រួលជាងក្នុងការដោះស្រាយបញ្ហា។ គឺបានបញ្ជាក់ជាញឹកញាប់ថា ការប្រស្រ័យទាក់ទងគឺជាការនិយាយឆ្លើយឆ្លង។ យ៉ាកុបដែលជាសិស្សម្នាក់បាននិយាយថា៖ «ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ»។—យ៉ាកុប ១:១៩
៩ គឺជាការសំខាន់ដែរក្នុងការប្រយ័ត្នអំពីរបៀបដែលយើងនិយាយ។ ពាក្យសំដីឥតគិតមុខគិតក្រោយ ចូលចិត្តឈ្លោះប្រកែក ឬការរិះគន់យ៉ាងខ្លាំង មិនធ្វើឲ្យមានការប្រស្រ័យទាក់ទងបានប្រសើរជាងឡើយ។ (សុភាសិត ១៥:១; ២១:៩; ២៩:១១, ២០) ទោះជាយើងនិយាយអ្វីដ៏ត្រឹមត្រូវហើយក៏ដោយ តែបើយើងបាននិយាយយ៉ាងទ្រគោះបោះបោក មានះ ឬតាមរបៀបដ៏ឥតចេះយល់ចិត្តគេ នោះប្រហែលជាធ្វើឲ្យមានគ្រោះថ្នាក់ច្រើនឡើងបាន។ ពាក្យសំដីរបស់យើងគួរថ្លៃថ្នូរ ដូចជាមានរសជាតិ«ទាំងបង់អំបិលផង»។ (កូល៉ុស ៤:៦) ពាក្យរបស់យើងគួរដូចជា«ផ្លែសារីមាសឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់»។ (សុភាសិត ២៥:១១) ក្រុមគ្រួសារដែលរៀនចេះប្រស្រ័យទាក់ទងគ្នាបានល្អ បានឈានទៅរកសុភមង្គល។
សេចក្ដីស្រឡាញ់មានមុខនាទីដ៏សំខាន់
១០. តើសេចក្ដីស្រឡាញ់បែបណា ដែលមានសារៈសំខាន់ចំពោះអាពាហ៍ពិពាហ៍នោះ?
១០ ពាក្យ«ស្រឡាញ់» មានជាច្រើនដងក្នុងសៀវភៅនេះ។ តើអ្នកចាំនូវសេចក្ដីស្រឡាញ់បែបម្យ៉ាង ដែលជាសេចក្ដីស្រឡាញ់ដ៏សំខាន់បំផុតនោះទេ? គឺជាការពិតដែលសេចក្ដីស្រឡាញ់ផ្នែកខាងស្នេហា (អេរ៉ុសជាភាសាក្រិក) មានមុខនាទីដ៏សំខាន់ក្នុងអាពាហ៍ពិពាហ៍ តែក្នុងអាពាហ៍ពិពាហ៍ដ៏ជោគជ័យ នោះសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលមានរវាងមិត្តដ៏ជិតស្និទ្ធ (ហ្វីលលាជាភាសាក្រិក) នឹងរីកធំឡើងរវាងស្វាមីភរិយា។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺជាសេចក្ដីស្រឡាញ់ដែលបានតំណាងដោយពាក្យអាហ្កាប៉េ ជាភាសាក្រិកនោះ។ នេះជាសេចក្ដីស្រឡាញ់បែបម្យ៉ាងដែលបណ្ដុះបណ្ដាលចំពោះព្រះយេហូវ៉ា ចំពោះព្រះយេស៊ូនិងអ្នកជិតខាងយើង។ (ម៉ាថាយ ២២:៣៧-៣៩) នេះជាសេចក្ដីស្រឡាញ់ ដែលព្រះយេហូវ៉ាសម្ដែងចំពោះមនុស្សលោកដែរ។ (យ៉ូហាន ៣:១៦) ជាការគួរឲ្យអស្ចារ្យមែន! ដែលយើងអាចសម្ដែងសេចក្ដីស្រឡាញ់បែបនេះចំពោះគូអាពាហ៍ពិពាហ៍និងកូនៗរបស់យើងនោះ។—យ៉ូហានទី១ ៤:១៩
១១. តើសេចក្ដីស្រឡាញ់អាចជាប្រយោជន៍សំរាប់អាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?
១១ នៅក្នុងអាពាហ៍ពិពាហ៍ សេចក្ដីស្រឡាញ់ដ៏ប្រសើរនេះ គឺ«ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»មែន។ (កូល៉ុស ៣:១៤) នេះគឺចងភ្ជាប់គូស្វាមីភរិយាឲ្យនៅជាមួយគ្នា និងធ្វើឲ្យគូស្វាមីភរិយាចង់ធ្វើអ្វីដែលមានប្រយោជន៍ចំពោះគ្នាទៅវិញទៅមក និងចំពោះកូនៗរបស់ខ្លួនដែរ។ នៅពេលដែលក្រុមគ្រួសារជួបប្រទះនឹងស្ថានការណ៍ដ៏ពិបាក នោះសេចក្ដីស្រឡាញ់នឹងជួយក្រុមគ្រួសារឲ្យដោះស្រាយបញ្ហាដោយសាមគ្គីភាព។ កាលដែលគូស្វាមីភរិយាចាស់ទៅៗ នោះសេចក្ដីស្រឡាញ់នឹងជួយពួកគាត់ឲ្យគាំទ្រនិងមានការអបអរចំពោះគ្នាជានិច្ច។ «សេចក្ដីស្រឡាញ់ . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន។ . . . ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ . . . សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។—កូរិនថូសទី១ ១៣:៤-៨
១២. ហេតុអ្វីបានជាស្វាមីភរិយាមានសេចក្ដីស្រឡាញ់ចំពោះព្រះ អាចជួយពង្រឹងអាពាហ៍ពិពាហ៍របស់ពួកគេនោះ?
១២ ចំណងអាពាហ៍ពិពាហ៍នឹងកាន់តែរឹងមាំថែមទៀត ពេលបានពង្រឹងដោយសេចក្ដីស្រឡាញ់ជាចំបងចំពោះព្រះយេហូវ៉ា មិនមែនគ្រាន់តែមានសេចក្ដីស្រឡាញ់រវាងគូអាពាហ៍ពិពាហ៍នោះទេ។ (សាស្ដា ៤:៩-១២) តើហេតុអ្វី? សាវ័កយ៉ូហានបានសរសេរ ថា៖ «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។ (យ៉ូហានទី១ ៥:៣) ដូច្នេះហើយ គូស្វាមីភរិយាគួរតែអប់រំកូនៗឲ្យមានការគោរពប្រតិបត្ដិចំពោះព្រះ មិនមែនដោយសារគូស្វាមីភរិយាស្រឡាញ់កូនរបស់ខ្លួនយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ តែពីព្រោះនេះជាសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ា។ (ចោទិយកថា ៦:៦, ៧) គូស្វាមីភរិយាគួរជៀសវាងអំពើអសីលធម៌ មិនមែនគ្រាន់តែស្រឡាញ់គ្នាទេ ប៉ុន្តែអ្វីសំខាន់បំផុតនោះ គឺពីព្រោះពួកគេទាំងពីរស្រឡាញ់ព្រះយេហូវ៉ា ហើយទ្រង់«នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ (ហេព្រើរ ១៣:៤) ទោះជាបុគ្គលម្នាក់នាំឲ្យមានបញ្ហាយ៉ាងខ្លាំងក្នុងអាពាហ៍ពិពាហ៍ក៏ដោយ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នឹងជំរុញគូរបស់ខ្លួនឲ្យបន្តធ្វើតាមគោលការណ៍ព្រះគម្ពីរ។ ប្រាកដហើយ ក្រុមគ្រួសារទាំងអស់ណាមានសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នា ដែលបានត្រូវពង្រឹងដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នោះនឹងមានសុភមង្គលមែន!
ក្រុមគ្រួសារដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ
១៣. តើតាមរបៀបណាដែលការប្ដេជ្ញាចិត្តដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ នឹងជួយមនុស្សឲ្យរក្សាទុកនូវអ្វីដែលពិតជាសំខាន់បំផុតនោះ?
១៣ ជីវិតទាំងមូលរបស់គ្រីស្ទានម្នាក់ គឺផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ (ទំនុកដំកើង ១៤៣:១០) ការគោរពប្រតិបត្ដិចំពោះព្រះគឺពិត ជាមានន័យដូច្នេះមែន។ ការធ្វើតាមបំណងតាមព្រះហឫទ័យរបស់ព្រះ ជួយក្រុមគ្រួសារឲ្យប្រុងស្មារតីទៅលើអ្វីដែលពិតជាសំខាន់បំផុត។ (ភីលីព ១:៩, ១០) តួយ៉ាងដូចជា ព្រះយេស៊ូបានព្រមានថា៖ «ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្ដាយ ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង»។ (ម៉ាថាយ ១០:៣៥, ៣៦) ស្របតាមការព្រមានរបស់ព្រះយេស៊ូ នោះពួកអ្នកកាន់តាមជាច្រើននាក់របស់ទ្រង់ បានត្រូវបៀតបៀនដោយសមាជិកក្នុងក្រុមគ្រួសារ។ នេះជាស្ថានការណ៍ដ៏គួរឲ្យសោកស្ដាយហើយឈឺចាប់មែន! យ៉ាងណាក៏ដោយ ចំណងក្រុមគ្រួសារមិនគួរទៅជាសំខាន់ជាងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទឡើយ។ (ម៉ាថាយ ១០:៣៧-៣៩) ប្រសិនបើបុគ្គលម្នាក់ស៊ូទ្រាំទោះជាមានការបៀតបៀនពីគ្រួសារក៏ដោយ នោះអ្នកប្រឆាំងអាចផ្លាស់ប្ដូរចិត្ត ពេលដែលពួកគាត់ឃើញលទ្ធផលដ៏ល្អពីការគោរពប្រតិបត្ដិចំពោះព្រះ។ (កូរិនថូសទី១ ៧:១២-១៦; ពេត្រុសទី១ ៣:១, ២) ទោះជានេះមិនបានកើតឡើងក៏ដោយ គឺគ្មានប្រយោជន៍សោះឡើយ បើយើងឈប់បំរើព្រះពីព្រោះមានការប្រឆាំងនោះ។
១៤. តើសេចក្ដីប្រាថ្នាចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជួយមាតាបិតាឲ្យប្រព្រឹត្តយ៉ាងដូចម្ដេច ដើម្បីជាប្រយោជន៍ល្អបំផុតសំរាប់កូនៗ?
១៤ ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ជួយមាតាបិតាឲ្យធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ។ ជាក់ស្តែងដូចជា ក្នុងសហគមន៍ខ្លះមាតាបិតាច្រើនតែចាត់ទុកកូនៗដូចជាវិនិយោគទុនមួយ ហើយពួកគាត់ពឹងលើកូនៗឲ្យមើលថែរក្សាគាត់ នៅពេលដែលគាត់ចាស់ទៅ។ ថ្វីបើជាការត្រឹមត្រូវឲ្យកូនពេញវ័យមើលថែទាំមាតាបិតាចាស់ជរារបស់ខ្លួនក៏ដោយ តែគំនិតបែបនេះ មិនគួរឲ្យមាតាបិតាបង្គាប់កូនឲ្យប្រកបមុខរបរដែលគិតតែខាងវត្ថុទ្រព្យនោះឡើយ។ មាតាបិតាមិនធ្វើឲ្យកូនទទួលប្រយោជន៍ទេ បើគាត់ចិញ្ចឹមកូនៗឲ្យគិតតែអំពីវត្ថុទ្រព្យថាវាសំខាន់ជាងទ្រព្យខាងវិញ្ញាណនោះ។—ធីម៉ូថេទី១ ៦:៩
១៥. តើដូចម្ដេចដែលអ៊ើនីសជាមាតារបស់ធីម៉ូថេ បានទុកគំរូដ៏ល្អប្រសើរជាមាតាដែលបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ?
១៥ គំរូដ៏ល្អស្តីអំពីរឿងនេះគឺអ៊ើនីស ជាមាតារបស់ធីម៉ូថេ ហើយធីម៉ូថេក៏ជាមិត្តភក្ដិរបស់ប៉ុល។ (ធីម៉ូថេទី២ ១:៥) ទោះជាអ៊ើនីសបានរៀបការនឹងអ្នកឥតជឿព្រះក៏ដោយ តែអ៊ើនីសនិងជីដូនរបស់ធីម៉ូថេឈ្មោះឡូអ៊ីស បានចិញ្ចឹមអប់រំធីម៉ូថេបានយ៉ាងល្អ ឲ្យស្វះស្វែងរកការគោរពប្រតិបត្ដិចំពោះព្រះ។ (ធីម៉ូថេទី២ ៣:១៤, ១៥) នៅពេលដែលធីម៉ូថេមានអាយុល្មមគ្រប់គ្រាន់ នោះអ៊ើនីសអនុញ្ញាតឲ្យធីម៉ូថេបែកផ្ទះ និងចាប់ផ្ដើម កិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រ ហើយធ្វើជាសហការីសាសនទូតរបស់ប៉ុល។ (កិច្ចការ ១៦:១-៥) គាត់ច្បាស់ជារំភើបចិត្តយ៉ាងណាទៅហ្ន៎! ពេលដែលកូនរបស់គាត់បានទៅជាសាសនទូតដ៏ចំណានម្នាក់នោះ។ ការគោរពប្រតិបត្ដិចំពោះព្រះនៅពេលជាមនុស្សពេញវ័យ បានសឲ្យឃើញយ៉ាងល្អតាមរយៈការអប់រំតាំងពីក្មេងមក។ យ៉ាងប្រាកដហើយ អ៊ើនីសមានការស្កប់ចិត្តនិងមានអំណរយ៉ាងខ្លាំង ដោយបានឮនូវរបាយការណ៍អំពីកិច្ចបំរើដ៏ស្មោះរបស់ធីម៉ូថេ ទោះជាគាត់ប្រហែលជានឹកកូនដែលមិនបានស្នាក់នៅជាមួយគាត់នោះក៏ដោយ។—ភីលីព ២:១៩, ២០
ក្រុមគ្រួសារនិងអនាគតរបស់អ្នក
១៦. ជាបុត្រមួយអង្គ តើព្រះយេស៊ូបានខ្វល់ខ្វាយអំពីអ្វីខ្លះ? ប៉ុន្តែតើអ្វីជាគោលបំណងចំបងរបស់ទ្រង់?
១៦ ព្រះយេស៊ូបានត្រូវធំឡើងក្នុងក្រុមគ្រួសារដែលកោតខ្លាចព្រះ លុះដល់ពេលធំពេញវ័យ ទ្រង់ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមាតារបស់ទ្រង់ដែរ។ (លូកា ២:៥១, ៥២; យ៉ូហាន ១៩:២៦) ក៏ប៉ុន្តែ គោលបំណងចំបងរបស់ព្រះយេស៊ូ គឺដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះ ហើយចំពោះទ្រង់ នេះបានរួមបញ្ចូលការបើកផ្លូវឲ្យមនុស្សជាតិមានជីវិតជារៀងរហូត។ ទ្រង់បានធ្វើដូច្នេះមែន ពេលដែលទ្រង់ថ្វាយព្រះជន្មដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ ជាតម្លៃលោះសំរាប់មនុស្សជាតិដ៏មានបាប។—ម៉ាកុស ១០:៤៥; យ៉ូហាន ៥:២៨, ២៩
១៧. តើការប្រព្រឹត្តដ៏ស្មោះត្រង់របស់ព្រះយេស៊ូ ធ្វើឲ្យមានសេចក្ដីសង្ឃឹមដ៏ត្រចះត្រចង់យ៉ាងណា ដល់អស់អ្នកដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ?
១៧ ក្រោយពីព្រះយេស៊ូសោយទិវង្គតទៅ ព្រះយេហូវ៉ាបានប្រោសទ្រង់ឲ្យមានជីវិតនៅស្ថានសួគ៌ ហើយបានប្រទានឲ្យទ្រង់នូវអំណាចដ៏ឧត្តម។ នៅទីបំផុត ព្រះបានតាំងព្រះយេស៊ូជាស្តេចនៅក្នុងព្រះរាជាណាចក្រស្ថានសួគ៌។ (ម៉ាថាយ ២៨:១៨; រ៉ូម ១៤:៩; វិវរណៈ ១១:១៥) យញ្ញបូជារបស់ព្រះយេស៊ូផ្ដល់លទ្ធភាពឲ្យអាចជ្រើសរើសមនុស្សខ្លះ ដើម្បីគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌។ នេះក៏បានបើកផ្លូវសំរាប់មនុស្សជាតិដែលមានចិត្តទៀងត្រង់ ដើម្បីឲ្យទទួលបានជីវិតគ្រប់ល័ក្ខណ៍លើផែនដី ដែលបានស្ដារឲ្យទៅជាសួនមនោរម្យ។ (វិវរណៈ ៥:៩, ១០; ១៤:១, ៤; ២១:៣-៥; ២២:១-៤) ឯកសិទ្ធិដ៏ធំជាងគេដែលយើងមាននៅសព្វថ្ងៃនេះ គឺដើម្បីប្រាប់ដំណឹងល្អដ៏ត្រចះត្រចង់នេះដល់អ្នកជិតខាងរបស់យើង។—ម៉ាថាយ ២៤:១៤
១៨. តើការរំឭកនិងការលើកទឹកចិត្តអ្វី ដែលបានផ្ដល់មកចំពោះក្រុមគ្រួសារនិងបុគ្គលម្នាក់ៗនោះ?
១៨ ដូចជាសាវ័កប៉ុលបានបង្ហាញ មនុស្សដែលប្រកបជីវភាពរស់នៅដោយការគោរពប្រតិបត្ដិចំពោះព្រះ នោះមនុស្សទាំងនោះអាចទទួលបានពរក្នុងជីវិត‹ដែលនឹងមាននៅខាងមុខ›។ យ៉ាងប្រាកដហើយ នេះជាផ្លូវដ៏ប្រសើរបំផុតដើម្បីរកសុភមង្គល! សូមចាំថា «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៧) ដូច្នេះហើយ ទោះជាអ្នកជាកូនម្នាក់ឬជាមាតាបិតា ជាស្វាមីឬភរិយា ឬមនុស្សដែលគ្មានគូតែមានកូនរស់នៅជាមួយ ឬឥតមានកូនក៏ដោយ ចូរខំប្រឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះចុះ។ ទោះជានៅពេលដែលអ្នកមានការបង្ខិតបង្ខំ ឬប្រឈមមុខនឹងភាពពិបាកដ៏ខ្លាំងក៏ដោយ ចូរកុំឲ្យភ្លេចថាអ្នកជាអ្នកបំរើនៃព្រះដ៏មានព្រះជន្មរស់នៅ។ ដូច្នេះ សូមឲ្យការប្រព្រឹត្តរបស់អ្នកនាំឲ្យព្រះយេហូវ៉ាមានអំណរវិញ។ (សុភាសិត ២៧:១១) ហើយសូមឲ្យចរិយារបស់អ្នកនាំឲ្យអ្នកមានសុភមង្គល និងបានជីវិតជារៀងរហូតនៅក្នុងពិភពលោកថ្មីនាពេលខាងមុខនេះ!