ជំពូកទីដប់ពីរ
អ្នកអាចឈ្នះលើបញ្ហាដែលធ្វើឲ្យអន្តរាយដល់គ្រួសារ
១. តើក្នុងគ្រួសារខ្លះៗមានបង្កប់ទៅដោយបញ្ហាអ្វី?
រថយន្តចាស់មួយទើបតែបានលាងហើយនិងបានខាត់យ៉ាងរលោង។ រថយន្តនេះទំនងដូចជាភ្លឺរលោង ហើយមើលទៅសឹងតែដូចថ្មីតែម្ដងចំពោះអ្នកដើរកាត់ពីមុខនោះ។ ក៏ប៉ុន្តែ នៅខាងក្រោមរថយន្តនេះមានច្រែះកំពុងតែស៊ីបំផ្លាញ។ នេះក៏ស្រដៀងគ្នានឹងក្រុមគ្រួសារខ្លះដែរ។ ទោះជាខាងក្រៅមើលទៅទំនងដូចជាល្អទាំងអស់ ដោយព្រោះសមាជិកគ្រួសារមានទឹកមុខរីករាយក៏ដោយ តែខាងក្នុងពោរពេញទៅដោយការខ្លាចនិងការឈឺចាប់។ នៅខាងក្នុងវិញ មនុស្សឯទៀតមិនអាចឃើញមានអ្វីដែលកំពុងតែបំផ្លាញសេចក្ដីសុខក្នុងគ្រួសារបានឡើយ។ បញ្ហាពីរដែលអាចធ្វើឲ្យរឿងនេះកើតមានបាន គឺដោយសាររោគញៀនស្រានិងអំពើឃោរឃៅ។
ភាពអន្តរាយដែលបណ្ដាលមកពីរោគញៀនស្រា
២. (ក) តើអ្វីជាទស្សនៈរបស់ព្រះគម្ពីរស្តីអំពីការពិសាស្រា? (ខ) តើអ្វីទៅជារោគញៀនស្រា?
២ ព្រះគម្ពីរឥតផ្ដន្ទាទោសការពិសាស្រាបន្ដិចបន្តួចទេ តែផ្ដន្ទាទោសការស្រវឹងស្រាវិញ។ (សុភាសិត ២៣:២០, ២១; កូរិនថូសទី១ ៦:៩, ១០; ធីម៉ូថេទី១ ៥:២៣; ទីតុស ២:២, ៣) ប៉ុន្តែ រោគញៀនស្រាគឺខ្លាំងជាងការស្រវឹងទៅទៀត។ នេះជាការញៀនយ៉ាងងប់នឹងស្រា ដោយឥតចេះទប់ចិត្តក្នុងការពិសានោះ។ មនុស្សញៀនស្រាធម្មតាជាមនុស្សចាស់។ តែគួរឲ្យស្ដាយមែន ដែលក្មេងៗក៏ជាមនុស្សញៀនស្រាដែរ។
៣, ៤. សូមរៀបរាប់នូវលទ្ធផលដែលបណ្ដាលមកពីរោគញៀនស្រា ដែលមានទៅលើគូរបស់ខ្លួននិងលើកូន។
៣ ជាយូរយារមកហើយ ព្រះគម្ពីរបានបញ្ជាក់ថាការពិសាស្រាតាមរបៀបខុស អាចរំខានដល់សេចក្ដីសុខក្នុងគ្រួសារ។ (ចោទិយកថា ២១:១៨-២១) ឥទ្ធិពលដ៏អន្តរាយពីរោគញៀនស្រា គឺមានអានុភាពលើគ្រួសារទាំងមូល។ ស្វាមីឬភរិយាប្រហែលជាខំ ប្រឹងដើម្បីបញ្ឈប់អ្នកញៀនស្រានោះ ឬក៏ខំអត់ទ្រាំនឹងការប្រព្រឹត្តរបស់អ្នកញៀនស្រាដែលយើងមិនដឹងជាមុនថានឹងកើតឡើង។ a ភរិយាខំលាក់ស្រា ចាក់វាចោល លាក់លុយរបស់ស្វាមី និងអង្វរឲ្យគាត់ស្រឡាញ់គ្រួសារ ជីវិត ព្រមទាំងព្រះដែរ ប៉ុន្តែអ្នកញៀនស្រានៅតែពិសាស្រាដដែល។ ភរិយានេះមានចិត្តក្ដៅក្រហាយនិងមានអារម្មណ៍ថាខ្លួនខ្វះសមត្ថភាព ព្រោះការខំប្រឹងជាញឹកញយរបស់នាងដើម្បីបញ្ឈប់ស្វាមីពីការពិសាស្រា ជួបតែការបរាជ័យទៅវិញ។ នាងអាចចាប់ផ្ដើមមានអារម្មណ៍ខ្លាច ខឹង មានកំហុស ភ័យជ្រួលច្រាលក្នុងចិត្ត ធុញថប់ និងគ្មានទំនុកចិត្តលើខ្លួនឯង។
៤ កូនៗមិនអាចគេចផុតពីឥទ្ធិពលនៃរោគញៀនស្រារបស់មាតាបិតាបាននោះទេ។ កូនខ្លះបានទទួលការវាយដំទៅលើរាងកាយ។ កូនឯទៀតបានត្រូវរំលោភលើរាងកាយ។ ពួកគេអាចរហូតដល់បន្ទោសខ្លួន ដែលមានមាតាបិតាជាអ្នកញៀនស្រានោះ។ ជាញឹកញយ ទំនុកចិត្តលើអ្នកដទៃ គឺបានបាត់បង់អស់រលីង ដោយការប្រព្រឹត្តដែលចេះតែផ្លាស់ប្ដូររបស់មនុស្សញៀនស្រានោះ។ ដោយសារកូនពិបាកនឹងនិយាយពីអ្វីដែលកំពុងតែកើតឡើងក្នុងគ្រួសារ នោះកូនប្រហែលជាទប់អារម្មណ៍របស់ខ្លួន ដែលជាញឹកញាប់នាំឲ្យមានឥទ្ធិពលដ៏គ្រោះថ្នាក់។ (សុភាសិត ១៧:២២) កូនបែបនេះអាចលែងមានទំនុកចិត្តលើខ្លួនឯង ឬលែងមានសេចក្ដីពេញចិត្តនឹងខ្លួនរហូតដល់អាយុពេញវ័យ។
តើក្រុមគ្រួសារអាចធ្វើអ្វីខ្លះ?
៥. តើអាចធ្វើយ៉ាងណាចំពោះរោគញៀនស្រា? ហើយហេតុអ្វីក៏រឿងនេះពិបាកម្ល៉េះ?
៥ ទោះជាប្រភពពត៌មានជាច្រើននិយាយថា មិនអាចព្យាបាលរោគញៀនស្រាក៏ដោយ ប្រភពពត៌មានភាគច្រើនឯកភាពថា អាចធ្វើឲ្យគ្រាន់បើមួយកំរិតបាន ដោយប្រើវិធីតមទាំងស្រុង។ (ប្រៀបមើល ម៉ាថាយ ៥:២៩) ក៏ប៉ុន្តែ ដើម្បីឲ្យមនុស្សញៀនស្រាទទួលជំនួយ គឺពិបាកណាស់ ដោយព្រោះគាត់តែងតែបដិសេធថាគាត់មិនមានបញ្ហានោះទេ។ យ៉ាងណាក៏ដោយ នៅពេលដែលសមាជិកគ្រួសារខំប្រឹងរកដំណោះស្រាយនូវបញ្ហាដែលគេកំពុងពិសោធដោយព្រោះរោគញៀនស្រា នោះអ្នកញៀនស្រាប្រហែលជាយល់ព្រមទទួលស្គាល់ថា គាត់មានបញ្ហានេះមែន។ វេជ្ជបណ្ឌិតម្នាក់ដែលធ្លាប់មានការពិសោធន៍ក្នុងការជួយមនុស្សញៀនស្រានិងគ្រួសាររបស់គេ បានមាន ប្រសាសន៍ថា៖ «ខ្ញុំគិតថា អ្វីដ៏សំខាន់បំផុតគឺឲ្យគ្រួសារប្រកបជីវិតតាមធម្មតាដែលមានប្រយោជន៍ច្រើនបំផុតដែលគេអាចធ្វើទៅបាន។ ដោយធ្វើបែបនេះ មនុស្សញៀនស្រាច្បាស់ជានឹងទទួលស្គាល់នូវភាពខុសគ្នារវាងគាត់និងគ្រួសារទាំងមូលរបស់គាត់ជាក់ជាពុំខាន»។
៦. តើអ្វីជាប្រភពដ៏ប្រសើរបំផុតស្តីអំពីឱវាទសំរាប់គ្រួសារ ដែលមានសមាជិកម្នាក់ជាអ្នកញៀនស្រានោះ?
៦ ប្រសិនបើមានអ្នកញៀនស្រាក្នុងគ្រួសាររបស់អ្នក នោះឱវាទនៃព្រះគម្ពីរ ដែលព្រះបានបណ្ដាលឲ្យតែង អាចជួយអ្នកឲ្យរស់នៅតាមរបៀបដែលនាំឲ្យអ្នកមានសុខភាពដ៏ប្រសើរបំផុត។ (អេសាយ ៤៨:១៧; ធីម៉ូថេទី២ ៣:១៦, ១៧) សូមពិនិត្យមើលនូវគោលការណ៍ខ្លះៗ ដែលបានជួយក្រុមគ្រួសារឲ្យយកឈ្នះទៅលើរោគញៀនស្រា។
៧. ប្រសិនបើសមាជិកម្នាក់គឺជាអ្នកញៀនស្រា តើអ្នកណាជាអ្នកទទួលខុសត្រូវ?
៧ កុំទទួលទោសទាំងអស់។ ព្រះគម្ពីរចែងថា៖ «ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»។ ហើយ«យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។ (កាឡាទី ៦:៥; រ៉ូម ១៤:១២) អ្នកញៀនស្រានេះប្រហែលជាចង់បង្ហើបថា សមាជិកគ្រួសាររបស់គាត់ជាអ្នកទទួលខុសត្រូវទេ។ ជាក់ស្តែង គាត់ប្រហែលនិយាយថា៖ «បើអូនបានប្រព្រឹត្តល្អនឹងបង នោះបងនឹងមិនពិសាស្រាទេ»។ បើសមាជិកឯទៀតទំនងដូចជាឯកភាពនឹងគាត់ នោះពួកគេលើកទឹកចិត្តគាត់ឲ្យបន្តពិសាស្រាទៀតហើយ។ ក៏ប៉ុន្តែទោះជាយើងជាអ្នករងគ្រោះដោយសារកាលៈទេសៈ ឬដោយមនុស្សឯទៀតក៏ដោយ យើងគ្រប់គ្នា រួមបញ្ចូលទាំងអ្នកញៀនស្រាក៏ត្រូវទទួលខុសត្រូវចំពោះអ្វីៗដែលខ្លួនបានប្រព្រឹត្តផងដែរ។—ប្រៀបមើលភីលីព ២:១២
៨. តើមានវិធីណាខ្លះដែលអាចជួយឲ្យអ្នកញៀនស្រាប្រឈមមុខនឹងលទ្ធផលនៃបញ្ហារបស់គាត់នោះ?
៨ កុំឲ្យគិតថា អ្នកត្រូវតែបិទបាំងកំហុសឲ្យអ្នកញៀនស្រានេះ ពីលទ្ធផលដែលមកពីគាត់ពិសាស្រាឲ្យសោះ។ សុភាសិតក្នុងព្រះគម្ពីរចែងអំពីមនុស្សដែលមានកំហឹង តែក៏អាចយកគោលការណ៍នេះមកអនុវត្តនឹងមនុស្សញៀនស្រាដែរ ដែលថា៖ «បើឯងជួយវាឲ្យរួច នោះនឹងត្រូវជួយតទៅទៀត»។ (សុភាសិត ១៩:១៩) ចូរឲ្យអ្នកញៀនស្រានេះទទួលនូវលទ្ធផលសំណំនឹងការពិសាស្រារបស់គាត់។ ទុកឲ្យគាត់សំអាតដោយខ្លួន គាត់ចុះ ឬពេលព្រឹកក្រោយពីគាត់បានពិសាជ្រុលហើយ ឲ្យគាត់ទូរស័ព្ទសារភាពប្រាប់ប្រធានដោយខ្លួនឯងទៅ។
៩, ១០. ហេតុអ្វីបានជាគ្រួសារអ្នកញៀនស្រាគួរទទួលជំនួយ? ហើយតើជំនួយរបស់អ្នកណា ដែលគេគួរស្វែងរកនោះ?
៩ យល់ព្រមទទួលជំនួយពីអ្នកដទៃ។ សុភាសិត ១៧:១៧ ចែងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ នៅពេលដែលមានអ្នកញៀនស្រាម្នាក់ក្នុងក្រុមគ្រួសាររបស់អ្នក នោះពិតជាធ្វើឲ្យមានទុក្ខព្រួយមែន។ ដូច្នេះ អ្នកត្រូវការជំនួយ។ សូមកុំស្ទាក់ស្ទើរក្នុងការពឹង‹មិត្តសំឡាញ់ពិត›ឲ្យគាំទ្រ។ (សុភាសិត ១៨:២៤) ការនិយាយជាមួយអ្នកដទៃដែលយល់អំពីបញ្ហានេះ ឬបានជួបប្រទះស្ថានការណ៍ស្រដៀងនេះដែរ អាចផ្ដល់ឲ្យអ្នកនូវយោបល់ដែលមានប្រយោជន៍ ចំពោះអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ។ ប៉ុន្តែចូរឲ្យមានតុល្យភាព។ ចូរនិយាយជាមួយអ្នកដែលអាចទុកចិត្តបាន គឺអ្នកដែលអាច«រក្សារឿងសំងាត់»របស់អ្នក។—សុភាសិត ១១:១៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១០ រៀនទុកចិត្តលើពួកអ្នកចាស់ទុំគ្រីស្ទាន។ ពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំអាចជាប្រភពដ៏សំខាន់នៃជំនួយ។ ពួកបុរសទាំងនេះមានគំនិតចាស់ទុំហើយបានអប់រំតាមបន្ទូលរបស់ព្រះ និងមានបទពិសោធន៍ក្នុងការអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ ពួកគាត់«ដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេសាយ ៣២:២) ពួកអ្នកចាស់ទុំគ្រីស្ទានមិនគ្រាន់តែការពារក្រុមជំនុំ ពីអានុភាពដែលមានគ្រោះថ្នាក់ទេ ក៏ប៉ុន្តែពួកគាត់ផ្ដល់នូវការសម្រាលទុក្ខ ផ្ដល់ឲ្យកម្លាំងចិត្ត ហើយយកចិត្តទុកដាក់នឹងយើងក្នុងកាលដែលមានបញ្ហា។ ចូរឆ្លៀតយកប្រយោជន៍ពីជំនួយរបស់ពួកគាត់។
១១, ១២. តើអ្នកណាដែលផ្ដល់នូវជំនួយច្រើនជាងគេសំរាប់គ្រួសារដែលមានសមាជិកជាអ្នកញៀនស្រា? ហើយតើជំនួយនោះត្រូវផ្ដល់មកតាមរបៀបណា?
១១ អ្វីដែលសំខាន់បំផុតនោះ គឺត្រូវទទួលយកកម្លាំងពីព្រះយេហូវ៉ា។ ព្រះគម្ពីរធានារ៉ាប់រងយើងយ៉ាងកក់ក្ដៅថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប»។ (ទំនុកដំកើង ៣៤:១៨) ប្រសិនបើអ្នកមានចិត្តសោកសង្រេងឬមានចិត្តខ្ទេចខ្ទាំ ដោយព្រោះមានការគាបសង្កត់ខ្លាំងពេកក្នុងជីវភាពគ្រួសារដែលមានសមាជិកជាអ្នកញៀនស្រា សូមឲ្យដឹងថា «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយ»នឹងអ្នក។ ទ្រង់ជ្រាបនូវភាពពិបាកនៃស្ថានភាពក្នុងគ្រួសាររបស់អ្នក។—ពេត្រុសទី១ ៥:៦, ៧
១២ ការជឿលើអ្វីដែលព្រះយេហូវ៉ាមានបន្ទូលមកក្នុងព្រះបន្ទូលរបស់ទ្រង់ អាចជួយអ្នកដើម្បីឲ្យប្រឈមមុខដោះស្រាយនឹងការថប់បារម្ភ។ (ទំនុកដំកើង ១៣០:៣, ៤; ម៉ាថាយ ៦:២៥-៣៤; យ៉ូហានទី១ ៣:១៩, ២០) ការសិក្សាបន្ទូលរបស់ព្រះ និងការអនុវត្តតាមគោលការណ៍ទាំងនោះ គឺបើកផ្លូវឲ្យអ្នកទទួលជំនួយពីវិញ្ញាណបរិសុទ្ធរបស់ព្រះ ដែលអាចឲ្យអ្នកមាន«ឥទ្ធិឫទ្ធិដ៏លើសលប់»របស់ព្រះ ដើម្បីឲ្យអ្នកអាចស៊ូទ្រាំចំពោះថ្ងៃនិមួយៗ។—កូរិនថូសទី២ ៤:៧ b
១៣. តើអ្វីទៅជាបញ្ហាទីពីរដែលធ្វើឲ្យបែកបាក់គ្រួសារជាច្រើន?
១៣ ការពិសាស្រាហួសហេតុ អាចនាំឲ្យមានបញ្ហាមួយទៀតដែលធ្វើឲ្យអន្តរាយដល់គ្រួសារជាច្រើន នោះគឺជាអំពើហិង្សាក្នុងគ្រួសារ។
ការអន្តរាយដែលបានបណ្ដាលមកពីអំពើហិង្សាក្នុងគ្រួសារ
១៤. តើអំពើហិង្សាក្នុងគ្រួសារដំបូងបានចាប់ផ្ដើមនៅពេលណា? ហើយតើអ្វីទៅជាស្ថានការណ៍នៅសព្វថ្ងៃនេះ?
១៤ អំពើសាហាវឃោរឃៅដំបូងក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស គឺជាអំពើហិង្សាក្នុងគ្រួសារ ដែលជាព្រឹត្ដិការណ៍ជាប់ទាក់ទងនឹងបងប្អូនពីរនាក់ គឺកាអ៊ីននិងអេបិល។ (លោកុប្បត្តិ ៤:៨) តាំងតែពីពេលនោះមក មានអំពើហិង្សាគ្រប់បែបបទបានញាំញីទៅលើក្រុមគ្រួសារមនុស្សជាតិ។ គឺមានស្វាមីវាយធ្វើបាបភរិយា ភរិយាធ្វើបាបស្វាមី មាតាបិតាវាយតប់កូនចៅយ៉ាងសាហាវព្រៃផ្សៃ ថែមទាំងមានកូនពេញវ័យធ្វើបាបមាតាបិតាចាស់ជរារបស់ខ្លួនទៀតផង។
១៥. តើអំពើហិង្សាក្នុងគ្រួសារអាចមានឥទ្ធិពលយ៉ាងណា ទៅលើផ្លូវចិត្តរបស់សមាជិកគ្រួសារនោះ?
១៥ ភាពអន្តរាយដែលបានបណ្ដាលមកពីអំពើហិង្សាក្នុងគ្រួសារ គឺមានលើសពីធ្វើឲ្យមានស្នាមរបួសទៅទៀត។ ភរិយាម្នាក់ដែលបានត្រូវស្វាមីវាយធ្វើបាបនោះ បានពោលថា៖ «ខ្ញុំត្រូវតែស៊ូទ្រាំនឹងការមានអារម្មណ៍ថាខ្លួនតែងតែធ្វើខុសរហូតនិងការអាម៉ាស់មុខ។ រៀងរាល់ព្រឹក ខ្ញុំមិនចង់ក្រោកពីគ្រែទេ ដោយសង្ឃឹមថា អារម្មណ៍នេះគ្រាន់តែជាការយល់សប្ដិដ៏អាក្រក់តែប៉ុណ្ណោះ»។ កូនក្មេងដែលបានមើលឃើញ ឬពិសោធនឹងអំពើហិង្សាក្នុងគ្រួសារ ក៏អាចទៅជាមានចិត្តកាចសាហាវដែរ ពេលគេធំឡើង ហើយគេមានក្រុមគ្រួសាររបស់ខ្លួនផ្ទាល់នោះ។
១៦, ១៧. តើការធ្វើបាបខាងផ្លូវចិត្តជាអ្វី? និងតើអាចមានអានុភាពយ៉ាងណាលើសមាជិកគ្រួសារ?
១៦ អំពើហិង្សាក្នុងគ្រួសារ គឺមិនគ្រាន់តែជាការធ្វើបាបលើរាងកាយប៉ុណ្ណោះទេ។ ជារឿយៗ ការធ្វើបាបនេះក៏រួមបញ្ចូលការប្រើពាក្យសំដីផងដែរ។ សុភាសិត ១២:១៨ ចែងថា៖ «មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ»។ ‹ការចាក់›ទាំងនេះដែលសម្គាល់ដោយអំពើឃោរឃៅក្នុងគ្រួសារ រួមបញ្ចូលការជេរស្តីនិងការស្រែកជំទាល ព្រមទាំងការរិះគន់មិនចេះឈប់មិនចេះឈរ ការធ្វើឲ្យអាម៉ាស់មុខ និងការគំរាមកំហែងចង់វាយធ្វើបាបទៀតផង។ ស្លាកស្នាមក្នុងចិត្តដោយសារអំពើហិង្សា គឺអាចមើលមិនឃើញ និងជារឿយៗអ្នកដទៃទៀតក៏ឥតចាប់ភ្លឹកដែរ។
១៧ អ្វីដែលគួរឲ្យសោកស្ដាយជាងគេ គឺជាការធ្វើបាបផ្លូវចិត្តរបស់កូន ការរិះគន់មិនចេះឈប់មិនចេះឈរ ថែមទាំងការនិយាយមើលងាយនឹងសមត្ថភាព ប្រាជ្ញា ឬតម្លៃរបស់កូន។ ការធ្វើបាបដោយប្រើពាក្យសំដីបែបនេះ អាចបំផ្លាញទឹកចិត្តរបស់កូន បាន។ ពិតមែនហើយ កូនទាំងអស់ត្រូវការការប្រដៅទូន្មាន។ ក៏ប៉ុន្តែ ព្រះគម្ពីរបង្គាប់បិតាទាំងឡាយថា៖ «ឱឪពុករាល់គ្នាអើយ! កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ»។—កូល៉ុស ៣:២១
របៀបជៀសវាងអំពើហិង្សាក្នុងគ្រួសារ
១៨. តើអំពើហិង្សាក្នុងគ្រួសារកើតចេញមកពីកន្លែងណា? តើព្រះគម្ពីរបង្ហាញយ៉ាងណាថាមានវិធីដើម្បីបញ្ឈប់បញ្ហានេះ?
១៨ អំពើហិង្សាក្នុងគ្រួសារគឺកើតចេញមកពីចិត្តគំនិត។ របៀបដែលយើងប្រព្រឹត្ត គឺកើតចេញមកពីរបៀបដែលយើងគិត។ (យ៉ាកុប ១:១៤, ១៥) ដើម្បីនឹងបញ្ឈប់អំពើហិង្សានេះ នោះអ្នកដែលធ្វើបាបគេត្រូវតែកែប្រែជាមុនសិននូវរបៀបដែលគាត់គិត។ (រ៉ូម ១២:២) តើនេះអាចធ្វើទៅបានឬទេ? ពិតជាអាចធ្វើបាន! ដោយព្រោះបន្ទូលរបស់ព្រះមានអំណាចដើម្បីកែប្រែមនុស្ស។ ព្រះបន្ទូលនេះក៏អាចដកចោលនូវឫសនៃទស្សនៈមិនល្អ‹ដែលកប់យ៉ាងជ្រៅ›ក្នុងចិត្តដែរ។ (កូរិនថូសទី២ ១០:៤; ហេព្រើរ ៤:១២) ចំណេះត្រឹមត្រូវក្នុងព្រះគម្ពីរ អាចជួយឲ្យមនុស្សកែប្រែខ្លួនទាំងស្រុងបាន ដែលធ្វើឲ្យគេអាចនិយាយបានថា ខ្លួនបានបំពាក់ដោយបុគ្គលិកលក្ខណៈថ្មី។—អេភេសូរ ៤:២២-២៤; កូល៉ុស ៣:៨-១០
១៩. តើគ្រីស្ទានម្នាក់គួរមានទស្សនៈ និងការប្រព្រឹត្តយ៉ាងណាទៅលើគូអាពាហ៍ពិពាហ៍របស់ខ្លួននោះ?
១៩ ទស្សនៈចំពោះគូអាពាហ៍ពិពាហ៍។ បន្ទូលរបស់ព្រះចែងថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ»។ (អេភេសូរ ៥:២៨) ព្រះគម្ពីរក៏ចែងដែរថា ស្វាមីត្រូវផ្ដល់ឲ្យភរិយារបស់ខ្លួន«នូវកិត្ដិយសប្រៀបដូចគ្រឿងភាជនៈដ៏ទន់ខ្សោយ គឺជាមនុស្សស្រី»។ (ពេត្រុសទី១ ៣:៧, ព.ថ.) ភរិយាបានត្រូវដាស់តឿនឲ្យ«ស្រឡាញ់ប្ដី» និង‹គោរពគាត់យ៉ាងជ្រាលជ្រៅ›។ (ទីតុស ២:៤; អេភេសូរ ៥:៣៣) យ៉ាងប្រាកដហើយ គ្មានស្វាមីណាដែលកោតខ្លាចព្រះអាចនិយាយយ៉ាងត្រឹមត្រូវថា គាត់ពិតជាឲ្យកិត្ដិយសដល់ភរិយាទេ បើគាត់ចេះតែវាយធ្វើបាបដល់រាងកាយនាង ឬនិយាយពាក្យសំដីអាក្រក់ៗដាក់នាងនោះ។ ហើយក៏គ្មានភរិយាណាដែលអាចនិយាយថាខ្លួនពិតជាស្រឡាញ់និងគោរពស្វាមីរបស់នាងដែរ បើនាងបែរជាស្រែកគំហកដាក់ស្វាមី និងនិយាយមើលងាយចំពោះគាត់ ឬស្តីបន្ទោសគាត់ឥតឈប់ឈរនោះ។
២០. តើមាតាបិតាទទួលខុសត្រូវចំពោះអ្នកណាស្តីអំពីកូនរបស់ខ្លួន? ហើយហេតុអ្វីបានជាមាតាបិតា មិនគួរមានសង្ឃឹមដ៏ឥតសមហេតុផលពីកូនរបស់ខ្លួន?
២០ ទស្សនៈដ៏ត្រឹមត្រូវចំពោះកូន។ ត្រូវហើយ កូនសមនឹងទទួលសេចក្ដីស្រឡាញ់ថែមទាំងត្រូវការសេចក្ដីស្រឡាញ់នេះ ដែលរួមបញ្ចូលទាំងការយកចិត្តទុកដាក់ពីមាតាបិតារបស់ពួកគេ។ បន្ទូលរបស់ព្រះហៅកូន«ជាមរដកមកពីព្រះយេហូវ៉ា» និងជា«រង្វាន់»។ (ទំនុកដំកើង ១២៧:៣) មាតាបិតាគឺទទួលខុសត្រូវចំពោះព្រះយេហូវ៉ា ក្នុងការបីបាច់ថែរក្សាមរតកនោះ។ ព្រះគម្ពីរចែងអំពី«ការរបស់កូនក្មេង» និងអំពី«សេចក្ដីចំកួត»ពេលនៅជាកុមារភាព។ (កូរិនថូសទី១ ១៣:១១; សុភាសិត ២២:១៥) មាតាបិតាមិនគួរមានចិត្តភ្ញាក់ផ្អើលទេ ប្រសិនបើគាត់ឃើញនូវសេចក្ដីចំកួតដែលមានក្នុងចិត្តនៃកូនរបស់ខ្លួន។ កូនក្មេងមិនមែនជាមនុស្សពេញវ័យទេ។ មាតាបិតាមិនគួរទាមទារឲ្យកុមារធ្វើអ្វីដែលលើសពីវ័យរបស់គេឡើយ ទាំងខាងការចិញ្ចឹមអប់រំទាំងខាងសមត្ថភាពផងដែរ។—សូមមើល លោកុប្បត្តិ ៣៣:១២-១៤
២១. ចំពោះការមានទស្សនៈទៅលើមាតាបិតាចាស់ជរានិងការប្រព្រឹត្តទៅលើគាត់នោះ តើមាគ៌ារបស់ព្រះប្រាប់យ៉ាងណា?
២១ ទស្សនៈចំពោះមាតាបិតាចាស់ជរា។ លេវីវិន័យ ១៩:៣២ ចែងថា៖ «ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន»។ (លេវីវិន័យ ១៩:៣២) ដូច្នេះ ក្រិត្យវិន័យរបស់ព្រះបានជំរុញឲ្យបង្កើនសេចក្ដីគោរពដ៏ជ្រាលជ្រៅចំពោះមនុស្សចាស់ជរា។ នេះអាចជាអ្វីដ៏ពិបាក ពេលដែលមាតាបិតាចាស់ជរាហាក់ដូចជាទាមទារច្រើនហួសហេតុពេក ឬឈឺ ហើយប្រហែលជាមិនអាចកំរើកបាន ឬក៏មិនអាចគិតបានយ៉ាងលឿននោះទេ។ ប៉ុន្តែ កូនបានត្រូវរំឭកឲ្យបន្ត«សងគុណឪពុកម្ដាយ»។ (ធីម៉ូថេទី១ ៥:៤) នេះបានសេចក្ដីថា ត្រូវប្រព្រឹត្តចំពោះគាត់ដោយសេចក្ដីថ្លៃថ្នូរនិងសេចក្ដីគោរព ប្រហែលជាត្រូវផ្គត់ផ្គង់លុយកាក់ដល់គាត់ផងដែរ។ ការធ្វើបាបមាតាបិតាពេលមានវ័យចំណាស់ នោះច្បាស់ជាផ្ទុយស្រឡះពីរបៀបដែលព្រះគម្ពីរប្រាប់ឲ្យយើងប្រព្រឹត្តនោះហើយ។
២២. តើអ្វីជាគុណសម្បត្ដិដ៏សំខាន់ដើម្បីឲ្យឈ្នះលើអំពើហិង្សាក្នុងគ្រួសារ? ហើយតើអាចសម្ដែងគុណសម្បត្ដិនេះដោយដូចម្ដេច?
២២ បណ្ដុះឲ្យមានការទប់ចិត្ត។ សុភាសិត ២៩:១១ ចែងថា៖ «ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ ចេញវិញ»។ តើអ្នកអាចទប់ចិត្តរបស់ខ្លួនបានយ៉ាងដូចម្ដេច? ជាជាងឲ្យចិត្តអន្ទះអន្ទែងមានកាន់តែខ្លាំងឡើង ចូរដោះស្រាយបញ្ហាណាដែលកើតមានឡើងឲ្យបានឆាប់បំផុត។ (អេភេសូរ ៤:២៦, ២៧) សូមដកខ្លួនចេញពីទីនោះទៅ ប្រសិនបើអ្នកគិតថាអ្នកមិនអាចទប់ចិត្តបានទេ។ អធិស្ឋានសុំវិញ្ញាណបរិសុទ្ធរបស់ព្រះបង្កើតគុណសម្បត្ដិមួយគឺជាការចេះទប់ចិត្ត។ (កាឡាទី ៥:២២, ២៣) ការទៅដើរលេង ឬហាត់ប្រាណ អាចជួយឲ្យអ្នកទប់អារម្មណ៍របស់អ្នកបានដែរ។ (សុភាសិត ១៧:១៤, ២៧) ចូរខំប្រឹងកុំឲ្យ«ឆាប់ខឹង»។—សុភាសិត ១៤:២៩
តើគួររស់នៅដាច់ឡែកពីគ្នាឬក៏បន្តរស់ជាមួយគ្នា?
២៣. តើអ្វីដែលអាចកើតឡើងបើសមាជិកក្នុងក្រុមជំនុំគ្រីស្ទាន មានកំហឹងឃោរឃៅជាញឹកញយ ប្រហែលរួមបញ្ចូលការធ្វើបាបដល់ក្រុមគ្រួសារនិងដោយឥតប្រែចិត្តនោះ?
២៣ ព្រះគម្ពីរក៏បានរួមបញ្ចូលការប្រព្រឹត្តដែលព្រះផ្ដន្ទាទោសដែរ ដូចជា«សំអប់គ្នា ឈ្លោះប្រកែក . . . កំហឹង» ហើយក៏បន្តចែងទៀតថា «អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ»។ (កាឡាទី ៥:១៩-២១) ដូច្នេះហើយ អ្នកណាម្នាក់ដែលអះអាងថាជាគ្រីស្ទាន តែមានកំហឹងឃោរឃៅជាញឹកញយនិងឥតប្រែចិត្តនោះ ប្រហែលជារួមបញ្ចូលការវាយធ្វើបាបប្រពន្ធកូន ក៏អាចត្រូវបណ្ដេញចេញពីក្រុមជំនុំគ្រីស្ទានផងដែរ។ (ប្រៀបមើល យ៉ូហានទី២ ៩, ១០) តាមរបៀបនេះ ក្រុមជំនុំនឹងត្រូវបានរក្សាឲ្យនៅស្អាតស្អំពីបុគ្គលដែលធ្វើបាបគេ។—កូរិនថូសទី១ ៥:៦, ៧; កាឡាទី ៥:៩
២៤. (ក) តើបុគ្គលដែលត្រូវគូរបស់គាត់ធ្វើបាបអាចសម្រេចចិត្តធ្វើអ្វី? (ខ) តើមិត្តដែលចេះយកអាសាគ្នានិងពួកអ្នកចាស់ទុំអាចជួយគាំទ្របុគ្គលដែលត្រូវគូរបស់គាត់ធ្វើបាបនោះយ៉ាងណា? តែតើពួកគាត់មិនគួរធ្វើអ្វី?
២៤ ចុះយ៉ាងណាវិញ ចំពោះគ្រីស្ទានដែលជាអ្នករងគ្រោះដោយសារគូរបស់ខ្លួនវាយធ្វើបាបដោយឥតមានចិត្តកែប្រែសោះនោះ? ដោយព្រោះមានមូលហេតុផ្សេងៗ អ្នកខ្លះបានសម្រេចចិត្តបន្តរស់នៅជាមួយគូដែលធ្វើបាបខ្លួនដដែល។ ចំណែកអ្នកឯទៀតបានសម្រេចចិត្តចាកចេញ ដោយគិតថាអាចមានគ្រោះថ្នាក់ដល់សុខភាពខាងរាងកាយ ខាងគំនិត និងខាងវិញ្ញាណ ព្រមទាំងដល់ជីវិតគេផ្ទាល់ទៀតផង។ អ្វីដែលអ្នករងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារនឹងសម្រេចចិត្តធ្វើក្នុងកាលៈទេសៈទាំងនេះ គឺជាការសម្រេចផ្ទាល់ខ្លួនចំពោះព្រះយេហូវ៉ា។ (កូរិនថូសទី១ ៧:១០, ១១) មិត្តដែលមានចិត្តស្មោះ ញាតិសន្ដាន ឬពួកអ្នកចាស់ទុំគ្រីស្ទានប្រហែលជាផ្ដល់ជំនួយ និងផ្ដល់ឲ្យឱវាទ ប៉ុន្តែពួកគាត់មិនគួរបង្ខំឲ្យអ្នករងគ្រោះសម្រេចធ្វើអ្វីមួយនោះទេ។ ការសម្រេចចិត្តនោះគឺស្រេចលើអ្នករងគ្រោះផ្ទាល់ខ្លួនប៉ុណ្ណោះ។—រ៉ូម ១៤:៤; កាឡាទី ៦:៥
ទីបញ្ចប់នៃបញ្ហាដែលធ្វើឲ្យអន្តរាយ
២៥. តើអ្វីទៅជាគោលបំណងរបស់ព្រះយេហូវ៉ាចំពោះគ្រួសារ?
២៥ នៅពេលដែលព្រះយេហូវ៉ាបានផ្សំផ្គុំអ័ដាមនិងអេវ៉ាឲ្យក្លាយជាគូស្វាមីភរិយា ទ្រង់មិនដែលមានបំណងចង់ឲ្យគ្រួសារត្រូវអន្តរាយដោយសារបញ្ហាដែលធ្វើឲ្យបែក បាក់ក្នុងគ្រួសារ ដូចជារោគញៀនស្រាឬអំពើហិង្សានោះឡើយ។ (អេភេសូរ ៣:១៤, ១៥) គ្រួសារត្រូវមានបរិយាកាសដ៏ល្អ មានសេចក្ដីស្រឡាញ់និងសេចក្ដីសុខ ហើយសមាជិកនិមួយៗនឹងទទួលនូវការបីបាច់ថែរក្សាខាងគំនិត ផ្លូវចិត្តនិងសេចក្ដីត្រូវការខាងវិញ្ញាណ។ ប៉ុន្តែ ពេលដែលអំពើបាបមានជាលើកដំបូង នោះជីវភាពគ្រួសារបានត្រូវអន្តរាយភ្លាម។—សូមប្រៀបមើល សាស្ដា ៨:៩
២៦. តើអស់អ្នកដែលខំប្រឹងរស់នៅឲ្យសមស្របតាមសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ា នឹងមានអនាគតបែបណា?
២៦ គួរឲ្យសប្បាយមែន ដែលព្រះយេហូវ៉ាមិនបានបោះបង់ចោលនូវគោលបំណងរបស់ទ្រង់ដែលមានចំពោះគ្រួសារនោះឡើយ។ ទ្រង់សន្យាថានឹងនាំឲ្យមានពិភពលោកថ្មីដ៏សុខសាន្ត ដែលមនុស្សនឹងរស់«នៅដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ»។ (អេសេគាល ៣៤:២៨) នៅពេលនោះ រោគញៀនស្រា អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាទាំងអស់ឯទៀតដែលធ្វើឲ្យបែកបាក់ដល់គ្រួសារសព្វថ្ងៃនេះ នឹងជាអ្វីដែលត្រូវកន្លងហួសទៅ។ មនុស្សនឹងញញឹម មិនមែនបង្កប់ដោយការភិតភ័យនិងការឈឺចាប់ទៀតទេ តែពីព្រោះគេមាន«ចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:១១
a ទោះជាយើងសំដៅទៅមនុស្សញៀនស្រាជាប្រុសក៏ដោយ គោលការណ៍ដែលមាននៅទីនេះ គឺប្រើបានដូចគ្នាចំពោះមនុស្សញៀនស្រាជាស្រីដែរ។
b នៅក្នុងប្រទេសខ្លះ គឺមានមណ្ឌលព្យាបាល មន្ទីរពេទ្យ និងមានកម្មវិធីដែលផ្ដល់នូវជំនួយដល់អ្នកញៀនស្រានិងគ្រួសាររបស់គេ។ ទោះជាចង់រកជំនួយបែបនេះឬក៏មិនចង់ នោះជាការសម្រេចចិត្តផ្ទាល់ខ្លួន។ សមាគមប៉មយាមមិនឲ្យការសំរេចថា យើងគួរតែទៅមណ្ឌលព្យាបាលមួយណានោះឡើយ។ ក៏ប៉ុន្តែ ត្រូវតែប្រយ័ត្នឲ្យមែនទែន ក្នុងការស្វែងរកជំនួយដែលធ្វើឲ្យយើងចូលប្រឡូកនឹងសកម្មភាព ដែលប្រឆាំងនឹងគោលការណ៍ព្រះគម្ពីរ។