លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩

‹ព្រះ​គ្រីស្ទ​ជា​ព្រះ​ចេស្តា​របស់​ព្រះ›

‹ព្រះ​គ្រីស្ទ​ជា​ព្រះ​ចេស្តា​របស់​ព្រះ›

១​-​៣​. (ក) នៅ​លើ​ផ្ទៃ​សមុទ្រ​កាលីឡេ តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​មាន​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​អ្វី? តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី? (ខ) ហេតុ​ដូច​ម្ដេច​បាន​ជា​សម​ត្រឹម​ត្រូវ​ដែល​ព្រះ​យេស៊ូ​ត្រូវ​ហៅ​ថា‹ព្រះ​ចេស្តា​របស់​ព្រះ›?

ពួក​សិស្ស​ព្រះ​យេស៊ូ​កំពុង​តែ​បើក​ទូក​ក្ដោង​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​ជា​ខ្លាំង។ ខណៈ​នោះ​ពួក​សិស្ស​ទ្រង់​ភ័យ​ខ្លាច​ឥត​ឧបមា។ ពួក​គេ​ទំនង​ជា​ធ្លាប់​ជិះ​កាត់​ខ្យល់​ព្យុះ​លើ​ផ្ទៃ​បឹង​បារាយណ៍​នេះ​ពី​មុន​មក​ហើយ ដោយ​សារ​ពួក​គេ​ខ្លះ​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍​ច្រើន។ * (ម៉ាថាយ ៤:១៨, ១៩) ប៉ុន្ដែ លើក​នេះ​មាន‹ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង› ដែល​បាន​ធ្វើ​ឲ្យ​ទឹក​បឹង​ឡើង​ជា​រលក​ធំៗ​កញ្ជ្រោល​បក់​បោក​ស្ទើរតែ​លិច​ទូក។ សិស្ស​ព្រះ​យេស៊ូ​បាន​ខំ​ចែវ​និង​ទប់​ចង្កូត​ទូក​ទាំង​ត្រ​ដាប​ត្រ​ដួស ប៉ុន្ដែ​ខ្យល់​ព្យុះ​កាន់​តែ​បក់​បោក​ខ្លាំង​ឡើងៗ។ ទឹក​រលក​បាន«បោក​ចូល​ក្នុង​ទូក»ឡើង​ពេញ។ ថ្វី​ដ្បិត​មាន​សូរ​សន្ធឹក​ខ្យល់​ព្យុះ និង​សម្លេង​ពួក​សិស្ស​ស្លន់​ស្លោ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ផ្ទំ​លក់​លើ​កន្សៃ​ទូក​ដដែល ព្រោះ​ព្រះ​យេស៊ូ​អស់​ព្រះ​កាយ​ពល​ជា​ខ្លាំង ក្រោយ​ពី​បាន​បង្រៀន​ហ្វូង​មនុស្ស​ពេញ​មួយ​ថ្ងៃ​មក។ សិស្ស​របស់​ទ្រង់​បាន​ខ្លាច​ដោយ​គិត​ថា​ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន ហេតុ​នោះ​ហើយ​ក៏​នាំ​គ្នា​ទៅ​តើន​ទ្រង់​ទាំង​ទូល​អង្វរ​ថា៖ «ព្រះ​អម្ចាស់​អើយ! សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ!»។—ម៉ាកុស ៤:៣៥​-​៣៨; ម៉ាថាយ ៨:២៣​-​២៥

ព្រះ​យេស៊ូ​មិន​បាន​ខ្លាច​ឡើយ។ ដោយ​មាន​ជំនឿ​មុត​មាំ​ទ្រង់​បាន​បង្គាប់​ខ្យល់​ព្យុះ​និង​សមុទ្រ​ថា៖ «ចូរ​ស្ងៀម​ទៅ!»។ ភ្លាម​នោះ ខ្យល់​និង​រលក​សមុទ្រ​ក៏​ស្ងប់​តាម​បញ្ជា​ទ្រង់​មែន។ គឺ​ខ្យល់​ព្យុះ​បាន​បាត់​ទៅ និង​ទឹក​រលក​បាន​ស្ងប់​ទៅ​វិញ​លែង​មាន​ទៀត​ធ្វើ​ឲ្យ​សភាព​នៃ​បឹង​បារាយណ៍​នោះ​បាន​ផ្លាស់​ប្រែ​ជា«ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ»។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​នឹក​ស្ញប់​ស្ញែង​ក្រៃ​លែង។ ពួក​គេ​ខ្សឹប​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្វី?»។ ការ​ឆ្ងល់​របស់​ពួក​គេ​ពិត​ជា​សមរម្យ​ណាស់​ដែល​ថា តើ​ទ្រង់​ជា​មនុស្ស​បែប​ណា​ទៅ ដែល​អាច​បង្គាប់​ខ្យល់​និង​រលក​សមុទ្រ​បាន ដូច​ជា​មនុស្ស​ម្នាក់​បង្គាប់​ក្មេង​រពឹស​ឲ្យ​នៅ​ស្ងៀម​នោះ?—ម៉ាកុស ៤:៣៩​-​៤១; ម៉ាថាយ ៨:២៦, ២៧

ប៉ុន្ដែ ព្រះ​យេស៊ូ​មិន​មែន​ជា​បុរស​ធម្មតា​ទេ។ ព្រះ​យេហូវ៉ា​បញ្ចេញ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ព្រះ​យេស៊ូ​និង​តាម​រយៈ​ព្រះ​យេស៊ូ​ដែរ។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​ត្រូវ​បណ្ដាល​ឲ្យ​ពណ៌នា​យ៉ាង​សមរម្យ​ថា‹ព្រះ​គ្រីស្ទ​ជា​ព្រះ​ចេស្តា​របស់​ព្រះ›។ (កូរិនថូសទី១ ១:២៤) តើ​តេជានុភាព​របស់​ព្រះ​ត្រូវ​សម្ដែង​យ៉ាង​ដូច​ម្ដេច​តាម​រយៈ​ព្រះ​យេស៊ូ? តើ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​តេជានុភាព​អាច​មាន​អានុភាព​យ៉ាង​ណា​ខ្លះ​មក​លើ​ជីវិត​របស់​យើង?

តេជានុភាព​របស់​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ

៤, ៥​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​តេជានុភាព​និង​អំណាច​អ្វី​ដល់​រាជបុត្រា​តែ​មួយ​ដែល​ទ្រង់​បង្កើត​ដោយ​ផ្ទាល់​នោះ? (ខ) តើ​រាជបុត្រា​នេះ​មាន​សមត្ថភាព​បំពេញ​គោល​បំណង​ខាង​ការ​បង្កើត​របស់​ព្រះ​វរបិតា​ទ្រង់​យ៉ាង​ដូច​ម្ដេច?

សូម​ពិចារណា​នូវ​តេជានុភាព​ដែល​ព្រះ​យេស៊ូ​ធ្លាប់​មាន​មុន​ទ្រង់​យាង​មក​ផែន​ដី។ ព្រះ​យេហូវ៉ា​បាន​សម្ដែង«ព្រះ​ចេស្តា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»របស់​ទ្រង់ ពេល​ទ្រង់​បង្កើត​ដោយ​ផ្ទាល់​នូវ​រាជបុត្រា​របស់​ទ្រង់ ដែល​ក្រោយ​មក​មាន​ព្រះ​នាម​ហៅ​ថា​ព្រះ​យេស៊ូ​គ្រីស្ទ។ (រ៉ូម ១:២០; កូល៉ុស ១:១៥) បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រទាន​តេជានុភាព​ដ៏​មហិមា​ដល់​រាជបុត្រា​ទ្រង់ និង​បាន​ប្រគល់​កិច្ច​ការ​ឲ្យ​រាជបុត្រា​ធ្វើ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​ក្នុង​ការ​បង្កើត។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រាជបុត្រា​នោះ​ដោយ​ថា៖ «គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ទ្រង់ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ»។—យ៉ូហាន ១:៣

យើង​មិន​អាច​យល់​សព្វ​គ្រប់​អំពី​ទំហំ​នៃ​កិច្ច​ការ​នោះ​បាន​ឡើយ។ សូម​គិត​ក្នុង​ចិត្ដ​អំពី​តេជានុភាព​ដែល​ទ្រង់​ត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​មាន​ទេវតា​រាប់​លាន​រូប​និង​ធ្វើ​សកលលោក​ទាំង​មូល​ព្រម​ទាំង​រាប់​សិប​ពាន់​លាន​កាឡាក់ស៊ី និង​ផែន​ដី​ដែល​សំបូរ​ទៅ​ដោយ​ជីវិត​សព្វ​បែប​យ៉ាង។ ដើម្បី​ធ្វើ​កិច្ច​ការ​នេះ រាជបុត្រា​តែ​មួយ​របស់​ព្រះ​អាច​ប្រើ​ថាមពល​ដ៏​ខ្លាំង​បំផុត​ក្នុង​សកលលោក ពោល​ជា វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ រាជបុត្រា​របស់​ព្រះ​មាន​ព្រះ​ទ័យ​សោមនស្ស​រីក​រាយ​ជា​ខ្លាំង​ដោយ​កាន់​មុខ​ងារ​ជា​មេ​ជាង​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ក្នុង​ការ​បង្កើត​របស់​សព្វសារពើ។—សុភាសិត ៨:២២​-​៣១

៦​. ក្រោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​លើ​ផែន​ដី​និង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​ទ្រង់​បាន​ទទួល​អំណាច​និង​សិទ្ធិ​អ្វី​ទៅ?

តើ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​នឹង​ទទួល​អំណាច​និង​តេជានុភាព​ថែម​ទៀត​ឬ​ទេ? ក្រោយ​ពី​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នៅ​លើ​ផែន​ដី​និង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែន​ដី​ផង»។ (ម៉ាថាយ ២៨:១៨) ពិត​ណាស់ ព្រះ​យេស៊ូ​បាន​ទទួល​សមត្ថភាព​និង​សិទ្ធិ​ប្រើ​អំណាច​ទូ​ទាំង​សកលលោក​ទាំង​មូល។ ដោយ​កាន់​ឋានៈ​ជា‹ស្ដេច​លើ​អស់​ទាំង​ស្ដេច និង​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់› ទ្រង់​បាន​ទទួល​សិទ្ធិ«ទំ​លាក់​អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិ​ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ»ទាំង​លើ​ផែន​ដី​និង​ក្នុង​ពិភព​វិញ្ញាណ​ដែល​ប្រឆាំង​ព្រះ​វរបិតា​របស់​ទ្រង់។ (វិវរណៈ ១៩:១៦; កូរិនថូសទី១ ១៥:២៤​-​២៦) គ្រប់​អ្វីៗ​ទាំង​អស់​ព្រះ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​យេស៊ូ«គ្មាន​អ្វី​ដែល​មិន​ត្រូវ​ចុះ​ចូល​នោះ​ឡើយ» ដោយ​មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នោះ។—ហេព្រើរ ២:៨; កូរិនថូសទី១ ១៥:២៧

៧​. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេស៊ូ​នឹង​មិន​ដែល​ប្រើ​តេជានុភាព​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ចំពោះ​ទ្រង់​ក្នុង​ផ្លូវ​ខុស​នោះ?

តើ​យើង​ខ្លាច​ថា​ព្រះ​យេស៊ូ​នឹង​ប្រើ​អំណាច​របស់​ទ្រង់​ក្នុង​ផ្លូវ​ខុស​ឬ? ទ្រង់​ប្រាកដ​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! ព្រះ​យេស៊ូ​ស្រឡាញ់​វរបិតា​របស់​ទ្រង់​ណាស់ ហើយ​ទ្រង់​នឹង​មិន​ដែល​ធ្វើ​អ្វី​ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ទ្រង់​ឡើយ។ (យ៉ូហាន ៨:២៩; ១៤:៣១) ព្រះ​យេស៊ូ​ជ្រាប​ច្បាស់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​ប្រើ​តេជានុភាព​របស់​ទ្រង់​ក្នុង​ផ្លូវ​ខុស​នោះ​ឡើយ។ ព្រះ​យេស៊ូ​ធ្លាប់​ទត​ឃើញ​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ថា ព្រះ​យេហូវ៉ា​ស្វែង​រក​ឱកាស«សំ​ដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់»។ (របាក្សត្រទី២ ១៦:៩) ពិត​ណាស់ ព្រះ​យេស៊ូ​ស្រឡាញ់​មនុស្ស​ជាតិ​ដូច​ដែល​ព្រះ​វរបិតា​ទ្រង់​ស្រឡាញ់​មនុស្ស​ដែរ ដូច្នេះ​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេស៊ូ​នឹង​ប្រើ​តេជានុភាព​របស់​ទ្រង់​សំរាប់​គោល​បំណង​ល្អ​ជា​និច្ច។ (យ៉ូហាន ១៣:១) ទម្លាប់​នៃ​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេស៊ូ​គឺ​ល្អ​ឥត​ខ្ចោះ​ក្នុង​រឿង​នេះ។ យើង​សូម​ពិចារណា​មើល​នូវ​តេជានុភាព​ដែល​ទ្រង់​ធ្លាប់​មាន​ពេល​ទ្រង់​គង់​នៅ​លើ​ផែន​ដី និង​វិធី​ដែល​ព្រះ​ទ័យ​ទ្រង់​ជំរុញ​ឲ្យ​ទ្រង់​ប្រើ​នោះ។

‹ទ្រង់​មាន​ឫទ្ធានុភាព​ក្នុង . . . គ្រប់​ពាក្យ​សំ​ដី​ដែល​ទ្រង់​ថ្លែង›

៨​. ក្រោយ​ពី​ព្រះ​យេស៊ូ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ តើ​ទ្រង់​បាន​ទទួល​តេជានុភាព​ឲ្យ​ធ្វើ​អ្វី? តើ​ទ្រង់​បាន​ប្រើ​តេជានុភាព​នោះ​យ៉ាង​ដូច​ម្ដេច?

តាម​មើល​ទៅ ព្រះ​យេស៊ូ​មិន​បាន​ធ្វើ​អព្ភូតហេតុ​ពេល​ទ្រង់​កំពុង​តែ​ធំ​ឡើង​នៅ​ភូមិ​ណាសារ៉ែត​ទេ។ ប៉ុន្ដែ ក្រោយ​ពី​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩​ស.យ. ពេល​ទ្រង់​មាន​ព្រះ​ជន្មាយុ​៣០​ឆ្នាំ ទ្រង់​ក៏​ចាប់​ផ្ដើម​ធ្វើ​អព្ភូតហេតុ។ (លូកា ៣:២១​-​២៣) ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​បាន​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ​ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​[ព្រះ​យេស៊ូ] ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​បាន​ជា​ផង»។ (កិច្ច​ការ ១០:៣៨) ពាក្យ​ថា«ធ្វើ​ល្អ»បញ្ជាក់​ថា ព្រះ​យេស៊ូ​ប្រើ​តេជានុភាព​ទ្រង់​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ មែន​ទេ? ក្រោយ​ពី​ព្រះ​យេស៊ូ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​បាន​ក្លាយ​ជា«ព្យាការី​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល​[ទ្រង់]​បាន​ធ្វើ​និង គ្រប់​ពាក្យ​សំ​ដី​ដែល[ទ្រង់]បាន​ថ្លែង»។—លូកា ២៤:១៩, ខ.ស.

៩​-​១១​. (ក) តើ​ព្រះ​យេស៊ូ​ច្រើន​តែ​បង្រៀន​មនុស្ស​នៅ​កន្លែង​ណា? តើ​កាលៈទេសៈ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ការ​បង្រៀន​ជា​ការ​ពិបាក? (ខ) ហេតុ​អ្វី​បាន​ជា​ហ្វូង​មនុស្ស​នឹក​ប្លែក​ចំពោះ​របៀប​ព្រះ​យេស៊ូ​បង្រៀន?

តើ​ព្រះ​យេស៊ូ​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​ពាក្យ​សំ​ដី​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូ​ច្រើន​តែ​បង្រៀន​មនុស្ស​នៅ​កណ្ដាល​វាល គឺ​នៅ​តាម​ឆ្នេរ នៅ​ជំ​រាល​ភ្នំ ព្រម​ទាំង​នៅ​តាម​ផ្លូវ​និង​នៅ​ឯ​ផ្សារ​ផង​ដែរ។ (ម៉ាកុស ៦:៥៣​-​៥៦; លូកា ៥:១​-​៣; ១៣:២៦) បើ​បន្ទូល​របស់​ទ្រង់​មិន​ទាក់​ទាញ​អារម្មណ៍​របស់​ពួក​គេ​ អ្នក​ស្តាប់​អាច​ដើរ​ចេញ​បាន។ នៅ​សម័យ​នោះ​គ្មាន​សៀវភៅ​ពុម្ព​ទេ ដូច្នេះ​មនុស្ស​កតញ្ញូ​ដែល​បាន​ស្តាប់​ទ្រង់ ត្រូវ​ចាំ​បន្ទូល​របស់​ទ្រង់​ជាប់​ក្នុង​ចិត្ដ​គំនិត។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក៏​ត្រូវ​ច្បាស់ ក្បោះ​ក្បាយ និង​ស្រួល​ចាំ​ទៀត​ផង។ ប៉ុន្ដែ រឿង​នេះ​មិន​ពិបាក​ចំពោះ​ព្រះ​យេស៊ូ​ឡើយ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ។

១០ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ នៅ​ឆ្នាំ​៣១​ស.យ. មាន​ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជម្រាល​ភ្នំ​ជិត​សមុទ្រ​កាលីឡេ។ ជន​ខ្លះ​បាន​មក​ពី​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម ប្រមាណ​ចម្ងាយ​១០០​ដល់​១១០​គីឡូម៉ែត្រ​ពី​សមុទ្រ​កាលីឡេ។ អ្នក​ឯ​ទៀត​បាន​មក​ពី​តំបន់​ឆ្នេរ​នៅ​ក្រុង​ស៊ីដូន​ឬ​ក្រុង​ទីរ៉ុស​នៅ​ទិស​ខាង​ជើង។ មនុស្ស​ឈឺ​ជា​ច្រើន​នាក់​បាន​ចូល​ជិត​ព្រះ​យេស៊ូ​ដើម្បី​ប៉ះ​ទ្រង់ ហើយ​ទ្រង់​បាន​ប្រោស​ពួក​គេ​រាល់​គ្នា​ឲ្យ​ជា។ ពេល​អត់​មាន​មនុស្ស​ណា​ម្នាក់​ដែល​ឈឺ​ធ្ងន់​ក្នុង​ចំណោម​ហ្វូង​មនុស្ស​នេះ​ហើយ នោះ​ទ្រង់​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ (លូកា ៦:១៧​-​១៩) ក្រោយ​មក ពេល​ព្រះ​យេស៊ូ​បង្រៀន​ចប់​ហើយ ហ្វូង​មនុស្ស​នឹក​អស្ចារ្យ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ឮ។ តើ​ហេតុ​អ្វី​ទៅ?

១១ រាប់​ឆ្នាំ​ក្រោយ​មក មនុស្ស​ម្នាក់​ដែល​ស្តាប់​ធម្មទាន​នោះ​បាន​សរសេរ​ថា៖ «បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក ​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពីព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច»។ (ម៉ាថាយ ៧:២៨, ២៩) បន្ទូល​ព្រះ​យេស៊ូ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ស្តាប់​ជា​ខ្លាំង។ ទ្រង់​មាន​បន្ទូល​តាង​នាម​ព្រះ​និង​ក៏​គាំ​ទ្រ​ការ​បង្រៀន​របស់​ទ្រង់​ដោយ​អំណាច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ។ (យ៉ូហាន ៧:១៦) អ្វី​ព្រះ​យេស៊ូ​មាន​បន្ទូល​គឺ​ជាក់​ច្បាស់ ការ​ដាស់​តឿន​របស់​ទ្រង់​នាំ​ឲ្យ​គេ​ជឿ​តាម ហើយ​ការ​វែក​ញែក​របស់​ទ្រង់​មិន​អាច​ត្រូវ​បង្ហាញ​ថា​ខុស​ឡើយ។ បន្ទូល​របស់​ទ្រង់​បាន​សំដៅ​ចំ​ចំណុច​សំខាន់ៗ ហើយ​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ចិត្ដ​អ្នក​ស្តាប់។ ទ្រង់​បាន​បង្រៀន​ពួក​គេ​អំពី​របៀប​រក​សុភមង្គល​ឃើញ របៀប​អធិស្ឋាន របៀប​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​របៀប​កសាង​អនាគត​ខ្លួន​ឲ្យ​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ។ (ម៉ាថាយ ៥:៣–៧:២៧) បន្ទូល​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នក​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត​ភ្ញាក់​រឭក។ អ្នក​ទាំង​នេះ​សុខ​ចិត្ដ«លះ​កាត់​ចិត្ដ»ខ្លួន​និង​លះ​បង់​អ្វី​ទាំង​អស់​ដើម្បី​កាន់​តាម​ទ្រង់។ (ម៉ាថាយ ១៦:២៤; លូកា ៥:១០, ១១) នេះ​បញ្ជាក់​ឲ្យ​ឃើញ​អំណាច​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​យ៉ាង​ច្បាស់​ណាស់!

‹មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ទ្រង់​ធ្វើ›

១២, ១៣​. តើ​ព្រះ​យេស៊ូ​បាន‹មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ទ្រង់​ធ្វើ›យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​ខុសៗ​គ្នា​យ៉ាង​ណា​ខ្លះ?

១២ ព្រះ​យេស៊ូ​ក៏«មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ច​ការ​ដែល[ទ្រង់]បាន​ធ្វើ»ដែរ។ (លូកា ២៤:១៩, ខ.ស.) សៀវភៅ​ដំណឹង​ល្អ​ចែង​អំពី​អព្ភូតហេតុ​ជាង​៣០​ផ្សេងៗ​គ្នា ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នោះ​សុទ្ធ​សឹង​តែ​ពឹង​លើ ‹ព្រះ​ចេស្តា​នៃ​ព្រះ​យេហូវ៉ា›ទាំង​អស់។ * (លូកា ៥:១៧) អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​បាន​មាន​អានុភាព​លើ​ជីវិត​របស់​មនុស្ស​រាប់​ពាន់​នាក់។ បើ​គិត​អំពី​អព្ភូតហេតុ​តែ​ពីរ​ប៉ុណ្ណោះ មាន​មនុស្ស​ប្រមាណ​២០.០០០​នាក់​បាន​ទទួល​ប្រយោជន៍​ពី​អព្ភូតហេតុ​របស់​ទ្រង់​នោះ គឺ​ពេល​ទ្រង់​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​ម្ហូប​អាហារ​ដើម្បី​ចំអែ​ត​ដល់​បុរស​៥.០០០​នាក់ និង​នៅ​គ្រា​មួយ​ផ្សេង​ទៀត​ទ្រង់​ប្រទាន​អាហារ​ដល់​បុរស​៤.០០០​នាក់​ដោយ​មិន​រាប់«ពួក​ស្រីៗ​នឹង​កូន​ក្មេង​ទេ»។—ម៉ាថាយ ១៤:១៣​-​២១; ១៥:៣២​-​៣៨

‹ពួក​គេ​ឃើញ​ព្រះ​យេស៊ូ​យាង​លើ​ផ្ទៃ​សមុទ្រ›

១៣ អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​មាន​ច្រើន​យ៉ាង​ខុសៗ​គ្នា​ទាំង​អស់។ ទ្រង់​មាន​អំណាច​លើ​ពួក​ព្រាយ​បិសាច​និង​បាន​បណ្ដេញ​ពួក​វា​ចេញ​ពី​មនុស្ស​បាន​យ៉ាង​ងាយ​ស្រួល។ (លូកា ៩:៣៧​-​៤៣) ទ្រង់​មាន​អំណាច​លើ​រូប​ធាតុ ជាក់​ស្ដែង​ដូច​ពេល​ទ្រង់​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ជា​ស្រា។ (យ៉ូហាន ២:១​-​១១) ពួក​សិស្ស​របស់​ទ្រង់​បាន​នឹក​ស្ញប់​ស្ញែង​ពេល​ទ្រង់​ដើរ​លើ​ទឹក​សមុទ្រ​កាលីឡេ​ដែល​កំពុង​តែ​កញ្ជ្រោល​បក់​បោក។ (យ៉ូហាន ៦:១៨, ១៩) ទ្រង់​មាន​អំណាច​លើ​ជំងឺ និង​បាន​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ពិការ​ភាព ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត។ (ម៉ាកុស ៣:១​-​៥; យ៉ូហាន ៤:៤៦​-​៥៤) ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ទាំង​នេះ​តាម​វិធី​ផ្សេងៗ។ មនុស្ស​ខ្លះ​ទ្រង់​បាន​ប្រោស​ពី​ចម្ងាយ រីឯ​អ្នក​ខ្លះ​ទៀត​ទ្រង់​បាន​ពាល់​ដោយ​ផ្ទាល់។ (ម៉ាថាយ ៨:២, ៣, ៥​-​១៣) អ្នក​ឯ​ទៀត​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​ភ្លាមៗ ឯ​ចំណែក​បុគ្គល​ផ្សេង​ទៀត ពួក​គេ​បាន​ត្រូវ​ប្រោស​បន្ដិច​ម្ដងៗ។—ម៉ាកុស ៨:២២​-​២៥; លូកា ៨:៤៣, ៤៤

១៤​. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ទ្រង់​មាន​តេជានុភាព​ក្នុង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​កាលៈទេសៈ​អ្វី​ខ្លះ?

១៤ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ព្រះ​យេស៊ូ​មាន​សមត្ថភាព​រំដោះ​មនុស្ស​ពី​សេចក្ដី​ស្លាប់​ទៀត​ផង។ នៅ​បី​គ្រា​ផ្សេង​គ្នា ទ្រង់​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ពេល​មួយ ទ្រង់​ប្រោស​ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​វិញ។ នៅ​ពេល​មួយ​ទៀត ទ្រង់​ប្រោស​កូន​ប្រុស​ទោល​របស់​ស្ដ្រី​មេ​ម៉ាយ​មួយ​រូប ហើយ​នៅ​គ្រា​មួយ​ផ្សេង​ទៀត​ទ្រង់​ប្រោស​បុរស​ម្នាក់​ដែល​ជា​ប្អូន​សំណប់​របស់​ស្ដ្រី​ពីរ​នាក់។ (លូកា ៧:១១​-​១៥; ៨:៤៩​-​៥៦; យ៉ូហាន ១១:៣៨​-​៤៤) គ្មាន​កាលៈទេសៈ​ណា​ដែល​ពិបាក​ហួស​ពី​សមត្ថភាព​របស់​ព្រះ​យេស៊ូ​ឡើយ។ ទ្រង់​បាន​ប្រោស​ក្មេង​ស្រី​ដែល​មាន​អាយុ​១២​ឆ្នាំ​នោះ​ឲ្យ​ជា​មិន​យូរ​ក្រោយ​ពី​នាង​បាន​ស្លាប់​នៅ​លើ​គ្រែ ហើយ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​របស់​ស្ដ្រី​មេ​ម៉ាយ​ពី​ក្ដារ​មឈូស​ដែល​ទំនង​ជា​ថ្ងៃ​នោះ​គាត់​បាន​ស្លាប់។ រួច​មក ទ្រង់​ប្រោស​ឡា​សារ​ពី​ផ្នូរ ក្រោយ​គាត់​បាន​ស្លាប់​អស់​បួន​ថ្ងៃ។

ទ្រង់​ប្រើ​តេជានុភាព​ដោយ​គិត​ដល់​អារម្មណ៍​អ្នក​ដទៃ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ និង​ដោយ​គ្មាន​អត្ដទត្ថភាព

១៥, ១៦​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេស៊ូ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដោយ​គ្មាន​អត្ដទត្ថភាព?

១៥ បើ​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស​ជាតិ​មិន​គ្រប់​ល័ក្ខណ៍​មាន​តេជានុភាព​ដូច​ព្រះ​យេស៊ូ គាត់​ពិត​ជា​អាច​ប្រើ​ក្នុង​ផ្លូវ​អាក្រក់​ក្រៃ​លែង! ប៉ុន្ដែ ព្រះ​យេស៊ូ​គ្មាន​បាប​ឡើយ។ (ពេត្រុសទី១ ២:២២) ទ្រង់​មិន​ព្រម​ទទួល​អានុភាព​ពី​អត្ដទត្ថភាព ឬ​មហិច្ឆតា ដែល​ជំរុញ​ចិត្ដ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ឲ្យ​ធ្វើ​បាប​មនុស្ស​ឯ​ទៀត​ឡើយ។

១៦ ព្រះ​យេស៊ូ​បាន​ប្រើ​តេជានុភាព​របស់​ទ្រង់​ដោយ​គ្មាន​អត្ដទត្ថភាព​ឡើយ ដ្បិត​ទ្រង់​មិន​ដែល​ប្រើ​សំរាប់​ប្រយោជន៍​ទ្រង់​នោះ​ទេ។ ពេល​ទ្រង់​ស្រេក​ឃ្លាន ទ្រង់​មិន​ព្រម​ធ្វើ​ឲ្យ​ថ្ម​ក្លាយ​ជា​នំ​ប៉័ង​ឡើយ។ (ម៉ាថាយ ៤:១​-​៤) ហេតុ​ថា​ទ្រង់​មាន​ទ្រព្យ​សម្បត្ដិ​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ បង្ហាញ​ឲ្យ​ដឹង​ថា​ទ្រង់​មិន​ទទួល​ប្រយោជន៍​ខាង​ទ្រព្យ​សម្បត្ដិ​ពី​តេជានុភាព​របស់​ទ្រង់​ឡើយ។ (ម៉ាថាយ ៨:២០) មាន​ភស្ដុ​តាង​ឯ​ទៀត​ដែល​បង្ហាញ​ថា ការ​សម្ដែង​តេជានុភាព​របស់​ទ្រង់​ផុស​ចេញ​ពី​គោល​បំណង​ដ៏​គ្មាន​អត្ដទត្ថភាព ពីព្រោះ​ពេល​ទ្រង់​ធ្វើ​អព្ភូតហេតុ នោះ​ទ្រង់​ត្រូវ​ធ្វើ​ពលិកម្ម​ខ្លះៗ​ដែរ។ ពេល​ទ្រង់​ប្រោស​មនុស្ស​ឈឺ​ឲ្យ​បាន​ជា តេជានុភាព​ចេញ​ពី​អង្គ​ទ្រង់។ ទ្រង់​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​មាន​តេជានុភាព​ចេញ​ពី​ទ្រង់ សូម្បី​តែ​ពេល​ទ្រង់​ប្រោស​មនុស្ស​តែ​ម្នាក់​ក៏​ដោយ។ (ម៉ាកុស ៥:២៥​-​៣៤) ប៉ុន្ដែ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ហ្វូង​មនុស្ស ប៉ះ​ទ្រង់ ហើយ​ពួក​គេ​បាន​ជា​ឡើង​វិញ​ទាំង​អស់។ (លូកា ៦:១៩) នេះ​ជា​ការ​សម្ដែង​ស្មារតី​មិន​គិត​ដល់​ប្រយោជន៍​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​ណាស់!

១៧​. តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​ថា​ទ្រង់​ប្រើ​តេជានុភាព​របស់​ទ្រង់​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេស៊ូ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ។ ទ្រង់​មិន​ដែល​ធ្វើ​អព្ភូតហេតុ​ដើម្បី​សំញែង​គេ​ឡើយ។ (ម៉ាថាយ ៤:៥​-​៧) ទ្រង់​មិន​ព្រម​ធ្វើ​អព្ភូតហេតុ​ដើម្បី​បំរើ​សេចក្ដី​ចង់​ដឹង​ចង់​ឮ​ដ៏​មិន​សមរម្យ​របស់​ស្ដេច​ហេរ៉ូឌ។ (លូកា ២៣:៨, ៩) ជា​ជាង​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ទូទៅ​អំពី​តេជានុភាព​របស់​ទ្រង់ ព្រះ​យេស៊ូ​បង្គាប់​អ្នក​ដែល​ទ្រង់​ប្រោស​ឲ្យ​ជា​ថា​កុំ​ប្រាប់​អ្នក​ឯ​ទៀត។ (ម៉ាកុស ៥:៤៣; ៧:៣៦) ទ្រង់​មិន​ចង់​ឲ្យ​មនុស្ស​ធ្វើ​ការ​សន្មត​ដោយ​ផ្អែក​លើ​ការ​រាយ​ការណ៍​ដែល​ពន្លើស​ពី​ការ​ពិត​នោះ​ទេ។—ម៉ាថាយ ១២:១៥​-​១៩

១៨​-​២០​. (ក) តើ​អ្វី​បាន​មាន​អានុភាព​លើ​របៀប​ព្រះ​យេស៊ូ​ប្រើ​តេជានុភាព​របស់​ទ្រង់? (ខ) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​របៀប​ព្រះ​យេស៊ូ​បាន​ប្រោស​បុរស​ថ្លង់​នោះ?

១៨ ព្រះ​យេស៊ូ បុរស​ដ៏​ខ្លាំង​ក្លា​នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​អ្នក​គ្រប់​គ្រង​ដែល​កាន់​អំណាច​គ្មាន​មេត្ដា មិន​ព្រម​គិត​ដល់​សេចក្ដី​ត្រូវ​ការ​ឬ​ការ​ឈឺ​ចាប់​របស់​អ្នក​ឯ​ទៀត​ឡើយ។ តែ​ព្រះ​យេស៊ូ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត។ បើ​ទ្រង់​គ្រាន់​តែ​ទត​ឃើញ​អ្នក​ណា​ម្នាក់​ឈឺ​ចាប់ ទ្រង់​រំជួល​ព្រះ​ទ័យ​ខ្លាំង​ដល់​ម៉្លេះ​រហូត​ដល់​ទ្រង់​ជួយ​បំបាត់​ទុក្ខ​របស់​គេ​ភ្លាមៗ។ (ម៉ាថាយ ១៤:១៤) ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​និង​អារម្មណ៍​របស់​ពួក​អ្នក​ឯ​ទៀត ហើយ​ព្រះ​ទ័យ​ដ៏​ទន់​សន្ដោស​នេះ​បាន​មាន​អានុភាព​ទៅ​លើ​របៀប​ទ្រង់​ប្រើ​តេជានុភាព​ដែរ។ នៅ​ម៉ាកុស ៧:៣១​-​៣៧ គឺ​មាន​ឧទាហរណ៍​មួយ។

១៩ នៅ​គ្រា​នោះ ហ្វូង​មនុស្ស​បាន​មក​ឯ​ព្រះ​យេស៊ូ​ទាំង​នាំ​មនុស្ស​ឈឺ​ជា​ច្រើន ហើយ​ទ្រង់​ប្រោស​ពួក​គេ​ឲ្យ​ជា​ទាំង​អស់។ (ម៉ាថាយ ១៥:២៩, ៣០) ប៉ុន្ដែ ព្រះ​យេស៊ូ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ពិសេស​ទៅ​លើ​បុរស​ម្នាក់។ បុរស​នោះ​ថ្លង់​និង​មិន​សូវ​ចេះ​និយាយ​ទេ។ ព្រះ​យេស៊ូ​ប្រហែល​ជា​ជ្រាប​ថា បុរស​នេះ​ភ័យ​ឬ​ក៏​ខ្មាស​គេ ហើយ​ដោយ​គិត​ពី​អារម្មណ៍​របស់​បុរស​នេះ ទ្រង់​បាន​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​យក​ទៅ​កន្លែង​ស្ងាត់​ដោយ​ឡែក។ រួច​មក​ព្រះ​យេស៊ូ​ប្រើ​កាយ​វិការ​ដើម្បី​បញ្ជាក់​ឲ្យ​បុរស​នេះ​យល់​ពី​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ។ ទ្រង់«យក​អង្គុលី​ព្រះ​ហស្ដ​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្ដោះ​ទឹក​ព្រះ​ឱស្ឋ ហើយ​ពាល់​អណ្ដាត​គាត់»។ * (ម៉ាកុស ៧:៣៣) ក្រោយ​មក ព្រះ​យេស៊ូ​ងើប​ព្រះ​ភក្ត្រ​ទត​ទៅ​លើ​មេឃ និង​ដក​ដង្ហើម​ចេញ​យ៉ាង​វែង​ដូច​ជា​កំពុង​តែ​អធិស្ឋាន។ កាយ​វិការ​ទាំង​នេះ​គឺ​បង្ហាញ​ប្រាប់​បុរស​នេះ​ថា‹អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​សំរាប់​អ្នក នោះ​គឺ​ដោយ​ពឹង​លើ​តេជានុភាព​របស់​ព្រះ›។ ក្រោយ​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឲ្យ​បើក​ឡើង»។ (ម៉ាកុស ៧:៣៤) រំពេច​នោះ បុរស​នោះ​ស្តាប់​ឮ​បាន ហើយ​អាច​និយាយ​ធម្មតា។

២០ ការ​ដឹង​ថា​ព្រះ​យេស៊ូ​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯ​ទៀត សូម្បី​តែ​ពេល​ទ្រង់​ប្រើ​តេជានុភាព​ដែល​ព្រះ​បាន​ប្រទាន​ចំពោះ​ទ្រង់​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់! យើង​ពិត​ជា​រីក​រាយ​ណាស់​មែន​ទេ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​ត្រូវ​គ្រប់​គ្រង​ដោយ​បុគ្គល​មួយ​រូប​ដែល​ប្រកប​ទៅ​ដោយ​ព្រះ​ទ័យ​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​និង​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯ​ទៀត​ដូច្នេះ?

ការ​សម្ដែង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ

២១, ២២​. (ក) តើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​បង្ហាញ​ឲ្យ​ឃើញ​ជា​មុន​នូវ​អ្វី? (ខ) ដោយ​ព្រោះ​ព្រះ​យេស៊ូ​អាច​កាន់​កាប់​ទៅ​លើ​កម្លាំង​ធម្មជាតិ​បាន នោះ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់​ក្នុង​ព្រះ​រាជាណាចក្រ តើ​យើង​ដឹង​ថា​ទ្រង់​នឹង​ធ្វើ​អ្វី?

២១ កិច្ច​ការ​ដ៏​មាន​ឫទ្ធិ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ពេល​ទ្រង់​គង់​លើ​ផែន​ដី បង្ហាញ​តែ​បន្ដិច​បន្ដួច​ពី​ពរ​ដ៏​អស្ចារ្យ​ជាង​នេះ​ដែល​យើង​នឹង​ទទួល​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់​ជា​ស្ដេច។ ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ព្រះ​យេស៊ូ​នឹង​ធ្វើ​អព្ភូតហេតុ​ម្ដង​ទៀត​ទូ​ទាំង​ពិភព​លោក! សូម​ពិចារណា​នូវ​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​ដែល​នឹង​កើត​ឡើង​នៅ​អនាគត។

២២ ព្រះ​យេស៊ូ​នឹង​ធ្វើ​ឲ្យ​បរិ​ស្ថាន​បាន​ល្អ​គ្រប់​ល័ក្ខណ៍។ សូម​ចាំ​ថា​ទ្រង់​បាន​បង្ហាញ​សមត្ថភាព​កាន់​កាប់​ទៅ​លើ​ធម្មជាតិ​ពេល​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់។ ដូច្នេះ ពេល​យើង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ មនុស្ស​នឹង​មិន​ចាំ​បាច់​ខ្លាច​ខ្យល់​ព្យុះ ការ​ផ្ទុះ​ភ្នំ​ភ្លើង រញ្ជួយ​ដី ឬ​មហន្ដរាយ​ធម្មជាតិ​ទៀត​ហើយ។ ដោយ​ព្រោះ​ព្រះ​យេស៊ូ​ជា​មេ​ជាង​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​បង្កើត​ផែន​ដី​និង​ជីវិត​ទាំង​ឡាយ​លើ​ផែន​ដី ទ្រង់​ពិត​ជា​យល់​ទាំង​អស់​អំពី​ធាតុ​ផ្សំ​នៃ​ផែន​ដី។ ទ្រង់​ជ្រាប​ពី​វិធី​ប្រើ​ធន​ធាន​ផែន​ដី​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់ ផែន​ដី​ទាំង​មូល​នឹង​ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​សួន​មនោ​រម្យ។—លូកា ២៣:៤៣

២៣​. ក្នុង​ឋានៈ​ជា​ស្ដេច តើ​ព្រះ​យេស៊ូ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​អ្វី​របស់​មនុស្ស​ជាតិ?

២៣ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ជាតិ? ដោយ​សារ​ព្រះ​យេស៊ូ​មាន​សមត្ថភាព​ប្រទាន​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់​យ៉ាង​បរិបូរ​ដោយ​ប្រើ​តែ​អាហារ​បន្ដិច​បន្ដួច នោះ​យើង​ទុក​ចិត្ដ​ទាំង​ស្រុង​ថា ការ​គ្រប់​គ្រង​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​រួច​ពី​ការ​ស្រេក​ឃ្លាន។ ពិត​ណាស់ អាហារ​ដែល​មាន​យ៉ាង​បរិបូរ នឹង​ត្រូវ​ចែក​ឲ្យ​ដោយ​យុត្ដិធម៌​ដើម្បី​បំបាត់​ការ​ស្រេក​ឃ្លាន​ឲ្យ​សាប​សូន្យ។ (ទំនុក​ដំកើង ៧២:១៦) អំណាច​របស់​ទ្រង់​លើ​ជំងឺ​សម្ដែង​ឲ្យ​ដឹង​ថា មនុស្ស​ឈឺ ខ្វាក់ ថ្លង់ ពិការ ហើយ​ខ្វិន​នឹង​ត្រូវ​ប្រោស​ឲ្យ​ជា​ទាំង​អស់​ជា​រៀង​រហូត។ (អេសាយ ៣៣:២៤; ៣៥:៥, ៦) សមត្ថភាព​របស់​ទ្រង់​ខាង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា ភាព​ខ្លាំង​ក្លា​របស់​ទ្រង់​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ រួម​បញ្ចូល​អំណាច​ប្រោស​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ដែល​ព្រះ​វរបិតា​ទ្រង់​ពេញ​ព្រះ​ហឫទ័យ​នឹក​ចាំ​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩

២៤​. ពេល​យើង​រំពឹង​គិត​អំពី​តេជានុភាព​របស់​ព្រះ​យេស៊ូ តើ​យើង​គួរ​នឹក​ចាំ​ពី​អ្វី? ហើយ​ដោយ​ព្រោះ​អ្វី?

២៤ ពេល​យើង​រំពឹង​គិត​អំពី​តេជានុភាព​របស់​ព្រះ​យេស៊ូ ចូរ​ចាំ​ជា​និច្ច​ថា រាជបុត្រា​នេះ​ធ្វើ​តម្រាប់​តាម​ព្រះ​វរបិតា​របស់​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (យ៉ូហាន ១៤:៩) របៀប​ព្រះ​យេស៊ូ​បាន​ប្រើ​តេជានុភាព​របស់​ទ្រង់​បង្ហាញ​យើង​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ព្រះ​យេស៊ូ​បាន​ប្រោស​បុរស​ម្នាក់​ដែល​មាន​ជំងឺ​ឃ្លង់​ដោយ​ក្ដី​អាណិត​អាសូរ។ ព្រះ​ទ័យ​ព្រះ​យេស៊ូ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា ទ្រង់​បាន​ពាល់​បុរស​នោះ​និង​មាន​បន្ទូល​ថា៖ «ខ្ញុំ​ចង់​ដែរ»។ (ម៉ាកុស ១:៤០​-​៤២) តាម​រយៈ​កំណត់​ហេតុ​ដូច​នេះ គឺ​ប្រៀប​ដូច​ជា​ព្រះ​យេហូវ៉ា​កំពុង​មាន​បន្ទូល​ថា ‹នោះ​ជា​របៀប​យើង​ប្រើ​តេជានុភាព​របស់​យើង!›។ អ្នក​ច្បាស់​ជា​ចង់​សរសើរ​ព្រះ​របស់​យើង​ដែល​មាន​គ្រប់​ព្រះ​ចេស្តា និង​អរ​ព្រះ​គុណ​ទ្រង់​ចំពោះ​របៀប​ដែល​ទ្រង់​ប្រើ​តេជានុភាព​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ មែន​ទេ?

^ វគ្គ 1 ទោះ​ជា​សមុទ្រ​កាលីឡេ​មាន​ឈ្មោះ​ថា សមុទ្រ​ក៏​ពិត​មែន តែ​ការ​ពិត​ជា​បឹង​បារាយណ៍​វិញ។ ជា​ការ​ធម្មតា​ដែល​សមុទ្រ​កាលីឡេ​កើត​មាន​ខ្យល់​ព្យុះ​ក្នុង​មួយ​រំពេច​ដូច្នេះ។ ដោយ​សារ​បឹង​បារាយណ៍​នេះ​មាន​រយៈ​កំពស់​ទាប (គឺ​ទាប​ជាង​ជំរៅ​សមុទ្រ​ធម្មតា​ប្រមាណ​២០០​ម៉ែត្រ)។ ខ្យល់​នៅ​ទី​នោះ​ក្ដៅ​ជាង​តំបន់​នៅ​ជុំ​វិញ ហើយ​នេះ​ធ្វើ​ឲ្យ​បរិយាកាស​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស។ ខ្យល់​បក់​មក​យ៉ាង​ខ្លាំង​ពី​ភ្នំ​ហ៊ើម៉ូន​នៅ​ទិស​ខាង​ជើង ចូល​ទៅ​ក្នុង​ជ្រលង​យ័រដាន់។ អាកាសធាតុ​ដែល​ស្ងប់​ស្ងៀម​អាច​ផ្លាស់​ប្រែ​ទៅ​ជា​មាន​ខ្យល់​ព្យុះ​បាន​គ្រប់​ពេល​វេលា​ភ្លាម​មួយ​រំពេច។

^ វគ្គ 12 ម្យ៉ាង​វិញ​ទៀត ជួន​កាល​សៀវភៅ​ដំណឹង​ល្អ​ចែង​អំពី​អព្ភូតហេតុ​ជា​ច្រើន​នៅ​ពេល​តែ​មួយ។ ជា​ឧទាហរណ៍ មាន​គ្រា​មួយ​ដែល‹ពួក​អ្នក​ក្រុង​ទាំង​អស់›បាន​មក​ឯ​ព្រះ​យេស៊ូ ហើយ​ទ្រង់​បាន​ព្យាបាល‹មនុស្ស​ឈឺ​ជា​ច្រើន​នាក់›។—ម៉ាកុស ១:៣២​-​៣៤

^ វគ្គ 19 ចំពោះ​យូដា​និង​សាសន៍​ផ្សេង ការ​ស្ដោះ​ទឹក​មាត់​ជា​វិធី​ឬ​ក៏​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​ការ​ប្រោស​ឲ្យ​ជា ហើយ​ការ​យក​ទឹក​មាត់​លាយ​ផ្សំ​ជា​មួយ​ថ្នាំ​ត្រូវ​កត់​ទុក​ក្នុង​សំនេរ​ពួក​គ្រូ​សាសនា​យូដា។ ព្រះ​យេស៊ូ​ប្រហែល​ជា​បាន​ស្ដោះ​ទឹក​ព្រះ​ឱស្ឋ​គ្រាន់​តែ​ដើម្បី​ឲ្យ​បុរស​នោះ​ដឹង​ថា​ទ្រង់​នឹង​ប្រោស​គាត់​ឲ្យ​ជា​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មិន​ប្រើ​ទឹក​ព្រះ​ឱស្ឋ​ធ្វើ​ជា​ថ្នាំ​ឡើយ។