លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៩

ការ​«ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ»

ការ​«ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ»

១​-​៣​. (ក) តើ​អ្វី​បាន​ជំរុញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេស៊ូ​ឲ្យ​ចង់​ធ្វើ​ដូច​ជា​ព្រះ​វរបិតា​របស់​ទ្រង់? (ខ) តើ​លក្ខណៈ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​ដែល​យើង​នឹង​ពិចារណា​គឺ​ជា​អ្វី?

តើ​អ្នក​ធ្លាប់​ឃើញ​ក្មេង​ប្រុស​ម្នាក់​ខំ​ធ្វើ​តម្រាប់​តាម​ឪពុក​ឬ​ទេ? ប្រហែល​ជា​ក្មេង​នោះ​ធ្វើ​តម្រាប់​តាម​របៀប​ឪពុក​ដើរ និយាយ ឬ​ធ្វើ​អ្វី​មួយ។ ក្រោយ​មក ក្មេង​ប្រុស​នោះ​ក៏​ប្រហែល​ជា​កាន់​តាម​គោល​ការណ៍​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​ដូច​ឪពុក​គាត់​ដែរ។ ពិត​ណាស់ សេចក្ដី​ស្រឡាញ់​ដែល​កូន​ប្រុស​មាន​ចំពោះ​ឪពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជំរុញ​ទឹក​ចិត្ដ​ក្មេង​ប្រុស​នោះ​ឲ្យ​ចង់​ធ្វើ​ដូច​ជា​ឪពុក​ខ្លួន​ដែរ។

ចុះ​យ៉ាង​ណា​វិញ​ទំនាក់​ទំនង​រវាង​ព្រះ​យេស៊ូ​និង​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌​នោះ? មាន​ពេល​មួយ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«ខ្ញុំ​ស្រឡាញ់​ព្រះ​បិតា»។ (យ៉ូហាន ១៤:៣១, ខ.ស.) គ្មាន​អ្នក​ណា​អាច​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​ព្រះ​រាជបុត្រា ដែល​បាន​គង់​នៅ​ជា​មួយ​ព្រះ​វរបិតា​យ៉ាង​យូរ​មុន​ដែល​សត្ដនិករ​ឯ​ទៀត​ត្រូវ​បង្កើត​នោះ​ឡើយ។ សេចក្ដី​ស្រឡាញ់​នោះ​បាន​ជំរុញ​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​រាជបុត្រា​ដែល​មាន​ភក្ដីភាព​នេះ​ឲ្យ​ចង់​ធ្វើ​ដូច​ជា​ព្រះ​វរបិតា​ទ្រង់​ដែរ។—យ៉ូហាន ១៤:៩

ជំពូក​មុនៗ​ក្នុង​សៀវភៅ​នេះ​បាន​រៀប​រាប់​អំពី​របៀប​ព្រះ​យេស៊ូ​យក​តម្រាប់​តាម​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ប៉ុន្ដែ តើ​ព្រះ​យេស៊ូ​បាន​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​ទ្រង់​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​នូវ​លក្ខណៈ​បី​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ គឺ​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ទ្រង់ និង​ការ​សុខ​ចិត្ដ​អត់​ឱន​ទោស។

«គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ»

៤​. ស្ដី​អំពី​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​គំរូ​ល្អ​បំផុត​ក្នុង​ចំណោម​មនុស្ស​ជាតិ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​ជា​គំរូ​ល្អ​ប្រសើរ​ស្ដី​អំពី​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន។ ការ​លះ​បង់​ប្រយោជន៍​ខ្លួន​រួម​បញ្ចូល​ការ​ឲ្យ​សេចក្ដី​ត្រូវ​ការ​និង​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត​មាន​អាទិ​ភាព។ តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច? ទ្រង់​ពន្យល់​ដោយ​ផ្ទាល់​ថា៖«គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ»។ (យ៉ូហាន ១៥:១៣) ព្រះ​យេស៊ូ​សុខ​ចិត្ដ​លះ​បង់​ព្រះ​ជន្ម​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ប្រយោជន៍​យើង។ នេះ​គឺ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជ្រាល​ជ្រៅ​បំផុត​ដែល​ធ្លាប់​មាន​ក្នុង​ចំណោម​មនុស្ស​ជាតិ។ ប៉ុន្ដែ ព្រះ​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​តាម​វិធី​ឯ​ទៀត​ដែរ។

៥​. នៅ​ពេល​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​ចាក​ចេញ​ពី​ស្ថាន​សួគ៌​នោះ ហេតុ​អ្វី​នោះ​ជា​ពលិកម្ម​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់?

មុន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​យាង​មក​ផែន​ដី នោះ​ទ្រង់​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ពិសេស​នៅ​ស្ថាន​សួគ៌។ ទ្រង់​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​បុគ្គល​វិញ្ញាណ​ជា​ច្រើន​យ៉ាង​សន្ធឹក។ ថ្វី​ត្បិត​ទ្រង់​មាន​ឯក​សិទ្ធិ​ទាំង​នេះ​ក៏​ដោយ ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​បាន«លះ​បង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង»។ (ភីលីព ២:៧) ទ្រង់​សុខ​ចិត្ដ​មក​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ជាតិ​ដែល​មាន​បាប ក្នុង​របប​លោកីយ៍​ដែល«ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហានទី១ ៥:១៩) ព្រះ​រាជបុត្រា​របស់​ព្រះ​ពិត​ជា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ធ្វើ​ពលិកម្ម​ដូច្នេះ មែន​ទេ?

៦, ៧​. (ក) តើ​តាម​វិធី​ណា​ខ្លះ​ដែល​ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែន​ដី? (ខ) នៅ​យ៉ូហាន ១៩:២៥​-​២៧ តើ​មាន​កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​អ្វី​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​នោះ?

តាំង​ពី​ដើម​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែន​ដី​រហូត​ដល់​ចប់​នោះ ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន​តាម​វិធី​ផ្សេងៗ។ ទ្រង់​មិន​គិត​ប្រយោជន៍​អង្គ​ទ្រង់​សោះ​ឡើយ។ ទ្រង់​ផ្ចង់​ព្រះ​ហឫទ័យ​ក្នុង​កិច្ច​បំរើ​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ក៏​សុខ​ចិត្ដ​លះ​បង់​របស់​របរ​ធម្មតា​ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រស់​នៅ​បាន​ស្រួល។ ទ្រង់​មាន​បន្ទូល​ថា៖ «កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ (ម៉ាថាយ ៨:២០) ដោយ​សារ​ព្រះ​យេស៊ូ​ជា​ជាង​ឈើ​ដ៏​ចំណាន ទ្រង់​អាច​ឆ្លៀត​ពេល​ដើម្បី​សង់​ផ្ទះ​ដ៏​ល្អ​មួយ​សំរាប់​អង្គ​ទ្រង់​ឬ​ក៏​ធ្វើ​តុ​ទូ​ដ៏​ស្អាត​ដើម្បី​លក់​បាន​លុយ​ខ្លះៗ។ ប៉ុន្ដែ ទ្រង់​មិន​បាន​ប្រើ​ជំនាញ​របស់​ទ្រង់​ដើម្បី​បាន​ទ្រព្យ​សម្បត្ដិ​នោះ​ទេ។

ឧទាហរណ៍​មួយ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ដ​បង្ហាញ​ថា ព្រះ​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន​នោះ គឺ​កត់​ទុក​នៅ​យ៉ូហាន ១៩:២៥​-​២៧។ សូម​គិត​អំពី​អ្វី​ជា​ច្រើន​យ៉ាង​ដែល​ព្រះ​យេស៊ូ​ត្រូវ​គិត​ក្នុង​ចិត្ដ​និង​គំនិត​នៅ​ថ្ងៃ​ដែល​ទ្រង់​សោយ​ទិវង្គត​នោះ។ នៅ​ពេល​ទ្រង់​កំពុង​តែ​ឈឺ​ចាប់​នៅ​លើ​បង្គោល​ឈើ​នោះ ទ្រង់​ខ្វល់​អំពី​សិស្ស​របស់​ទ្រង់ កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ជា​ពិសេស​ការ​រក្សា​ព្រះ​ទ័យ​ស្មោះ​គ្រប់​ល័ក្ខណ៍​និង​របៀប​ដែល​ភាព​ស្មោះ​គ្រប់​ល័ក្ខណ៍​នឹង​ប៉ះ​ពាល់​ដល់​ព្រះ​នាម​របស់​ព្រះ​វរបិតា​ទ្រង់។ ការ​ពិត អនាគត​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ​ពឹង​ពាក់​លើ​ព្រះ​យេស៊ូ​តែ​ម្ដង! យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ប៉ុន្មាន​វិនាទី​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ ទ្រង់​ក៏​បង្ហាញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ទៅ​លើ​ម៉ា​រា​ជា​ម្ដាយ​របស់​ទ្រង់ ដែល​តាម​មើល​ទៅ​គាត់​ជា​មេ​ម៉ាយ​នៅ​ពេល​នោះ។ ព្រះ​យេស៊ូ​បាន​សុំ​សាវ័ក​យ៉ូហាន​យក​ម៉ា​រា​មក​ចិញ្ចឹម​ដូច​ជា​ម្ដាយ​បង្កើត​តែ​ម្ដង ហើយ​ក្រោយ​នោះ​សាវ័ក​យ៉ូហាន​បាន​នាំ​ម៉ា​រា​ទៅ​ផ្ទះ​របស់​គាត់។ យ៉ាង​នេះ​ព្រះ​យេស៊ូ​រៀប​ចំ​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​និង​ខាង​វិញ្ញាណ​របស់​ម្ដាយ​ទ្រង់។ នេះ​ជា​ការ​បង្ហាញ​យ៉ាង​ប្រសើរ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន!

‹ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត›

៨​. ពាក្យ​ភាសា​ក្រិច​ដែល​ព្រះ​គម្ពីរ​ប្រើ​ដើម្បី​ពណ៌នា​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូ តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?

ព្រះ​យេស៊ូ​មាន​សេចក្ដី​មេត្ដា​ករុណា​ដូច​ព្រះ​វរបិតា​របស់​ទ្រង់​ដែរ។ បទ​គម្ពីរ​បញ្ជាក់​ថា​ព្រះ​យេស៊ូ​ព្យាយាម​ជួយ​អស់​អ្នក​ដែល​កំពុង​តែ​រង​ទុក្ខ​លំបាក ដោយ​សារ​ទ្រង់​រំជួល​ព្រះ​ហឫទ័យ។ ដើម្បី​ពណ៌នា​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូ ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ភាសា​ក្រិច​មួយ​ដែល​ត្រូវ​បក​ប្រែ​ថា«ក្ដួល​អាណិត»។ បណ្ឌិត​ម្នាក់​ពន្យល់​ថា៖«ពាក្យ​នោះ​ពណ៌នា​អំពី . . . អារម្មណ៍​រំជួល​មួយ​ដែល​ជ្រាល​ជ្រៅ​បំផុត​ក្នុង​ចិត្ដ​មនុស្ស​ម្នាក់។ នេះ​ជា​ពាក្យ​ខ្លាំង​បំផុត​ក្នុង​ភាសា​ក្រិច​ដែល​សំដៅ​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា»។ សូម​ពិចារណា​នូវ​ករណី​ខ្លះៗ​ដែល​ព្រះ​យេស៊ូ​ត្រូវ​ជំរុញ​ដោយ​ក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​ឲ្យ​ចាត់​វិធានការ​ជួយ​នោះ។

៩, ១០​. (ក) តើ​កាលៈទេសៈ​អ្វី​បាន​បណ្ដាល​ឲ្យ​ព្រះ​យេស៊ូ​និង​សាវ័ក​របស់​ទ្រង់​រក​កន្លែង​ស្ងាត់​មួយ? (ខ) នៅ​ពេល​ការ​សំ​រាក​នោះ​ត្រូវ​រំខាន​ដោយ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ តើ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ដ​តប​យ៉ាង​ណា? ហើយ​ហេតុ​អ្វី?

ទ្រង់​ត្រូវ​ជំរុញ​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត។ កំណត់​ហេតុ​នៅ​ម៉ាកុស ៦:៣០​-​៣៤ បញ្ជាក់​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​បាន​ជំរុញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេស៊ូ​ខ្លាំង​បំផុត​ឲ្យ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា។ សូម​គិត​អំពី​ទិដ្ឋភាព​ដូច​ត​ទៅ​នេះ។ ពួក​សាវ័ក​រំភើប​ចិត្ដ​ដោយ​សារ​ពួក​គេ​ទើប​តែ​បញ្ចប់​ប្រតិបត្ដិ​ការ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​មួយ។ ពួក​គេ​ត្រឡប់​មក​ឯ​ព្រះ​យេស៊ូ​វិញ និង​រៀប​រាប់​ដោយ​ក្ដី​រំភើប​ចិត្ដ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​និង​ឮ។ ប៉ុន្ដែ មនុស្ស​មួយ​ហ្វូង​ធំ​បាន​ប្រមូល​គ្នា​មក​ឯ​ពួក​គេ​និង​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​រវល់​រហូត​ដល់​រក​ពេល​បរិភោគ​ក៏​មិន​មាន​ដែរ។ ដោយ​សារ​ទ្រង់​ចេះ​សង្កេត​មើល​ជា​និច្ច នោះ​ទ្រង់​កត់​សម្គាល់​ថា​ពួក​សាវ័ក​របស់​ទ្រង់​អស់​កម្លាំង។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖«ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ​ឡែក នឹង​ឈប់​សំ​រាក​បន្ដិច​សិន»។ ពួក​គេ​ឡើង​ទូក​និង​ជិះ​ឆ្លង​កាត់​ប៉ែក​ខាង​ជើង​នៃ​សមុទ្រ​កាលីឡេ​ទៅ​កន្លែង​ស្ងាត់​មួយ។ ប៉ុន្ដែ ហ្វូង​មនុស្ស​ឃើញ​ពួក​គេ​ចេញ​ទៅ។ មនុស្ស​ឯ​ទៀត​ក៏​បាន​ឮ​ថា​ពួក​គេ​ចេញ​ទៅ​ហើយ។ មនុស្ស​ទាំង​អស់​នេះ​បាន​នាំ​គ្នា​រត់​តាម​ឆ្នេរ​ខាង​ជើង​និង​បាន​ទៅ​ដល់​ត្រើយ​ម្ខាង​មុន​ទូក​នោះ​ទៀត!

១០ តើ​ព្រះ​យេស៊ូ​បាន​ខ្ញាល់​ដោយ​សារ​ឥឡូវ​មិន​មាន​ពេល​សំ​រាក​ឬ? មិន​មែន​ទេ! ទ្រង់​បាន​រំជួល​ព្រះ​ហឫទ័យ​ដោយ​ឃើញ​ហ្វូង​មនុស្ស​នេះ​ដែល​មាន​រាប់​ពាន់​នាក់​កំពុង​តែ​រង់​ចាំ​ទ្រង់។ ម៉ាកុស​បាន​សរសេរ​ថា៖«ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្ដី​ជា​ច្រើន»។ ព្រះ​យេស៊ូ​សម្គាល់​ថា​មនុស្ស​ទាំង​នេះ​ជា​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ។ ពួក​គេ​គឺ​ដូច​ជា​ចៀម​ដើរ​វង្វេង​គ្មាន​ទី​ជំ​រក គ្មាន​អ្នក​គង្វាល​ដើម្បី​នាំ​ឬ​ការពារ​ឡើយ។ ព្រះ​យេស៊ូ​ជ្រាប​ថា អ្នក​ដឹក​នាំ​ដែល​គ្មាន​ក្ដី​មេត្ដា​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​នឹង​មនុស្ស​សាមញ្ញ​នោះ​ទេ ទោះ​ជា​ពួក​គេ​គួរ​ជា​អ្នក​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់​ក៏​ដោយ។ (យ៉ូហាន ៧:៤៧​-​៤៩) ទ្រង់​បាន​អាណិត​ដល់​មនុស្ស​ទាំង​នេះ ដូច្នេះ​ទ្រង់​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ«ពី​នគរ​ព្រះ»។ (លូកា ៩:១១) សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ចំពោះ​មនុស្ស​នោះ សូម្បី​តែ​មុន​ទ្រង់​ឃើញ​របៀប​ពួក​គេ​ឆ្លើយ​តប​នឹង​សេចក្ដី​បង្រៀន​របស់​ទ្រង់។ បើ​និយាយ​ឲ្យ​ចំ​ទៅ សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ទ្រង់ គឺ​ជា​ហេតុ​ដែល​ជំរុញ​ព្រះ​ហឫទ័យ​ទ្រង់​ឲ្យ​បង្រៀន​ពួក​គេ មិន​មែន​ដោយ​សារ​ទ្រង់​បាន​បង្រៀន​ហ្វូង​មនុស្ស​នោះ​ទេ។

‹ទ្រង់​លូក​ព្រះ​ហស្ដ​ទៅ​ពាល់​គាត់›

១១, ១២​. (ក) នៅ​សម័យ​ព្រះ​គម្ពីរ តើ​មនុស្ស​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​កើត​ឃ្លង់? ប៉ុន្ដែ តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ដ​យ៉ាង​ណា​ពេល​បុរស​ដែល«កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន»មក​ឯ​ទ្រង់​នោះ? (ខ) តើ​ការ​ពាល់​របស់​ព្រះ​យេស៊ូ​ប្រហែល​ជា​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក​កើត​ឃ្លង់​នោះ? ហើយ​តើ​បទ​ពិសោធន៍​របស់​គ្រូ​ពេទ្យ​ម្នាក់​បញ្ជាក់​អំពី​នេះ​យ៉ាង​ដូច​ម្ដេច?

១១ ទ្រង់​ត្រូវ​ជំរុញ​ឲ្យ​បំបាត់​ការ​ឈឺ​ចាប់​របស់​អ្នក​ឯ​ទៀត។ មនុស្ស​ដែល​មាន​ជំងឺ​ផ្សេងៗ​បាន​សម្គាល់​ថា ព្រះ​យេស៊ូ​មាន​សេចក្ដី​មេត្ដា​ករុណា ដូច្នេះ នេះ​បាន​ទាក់​ទាញ​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​មក​ឯ​ទ្រង់។ នេះ​គឺ​ឃើញ​ជាក់​ស្ដែង​នៅ​ពេល​បុរស​ម្នាក់​ដែល«កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន»មក​ជួប​ព្រះ​យេស៊ូ ហើយ​ព្រះ​យេស៊ូ​មាន​ហ្វូង​មនុស្ស​កំពុង​តែ​ដើរ​តាម​ទ្រង់។ (លូកា ៥:១២) នៅ​សម័យ​ព្រះ​គម្ពីរ អ្នក​កើត​ឃ្លង់​ត្រូវ​បង្ខាំង​ទុក​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ឆ្លង។ (ជនគណនា ៥:១​-​៤) ក៏​ប៉ុន្ដែ ក្រោយ​មក អ្នក​ដឹក​នាំ​សាសនា​បាន​បណ្ដុះ​ឲ្យ​មនុស្ស​មាន​ទស្សនៈ​ស្អប់​ខ្ពើម​ចំពោះ​អ្នក​កើត​ឃ្លង់ និង​បាន​បង្កើត​វិន័យ​ដោយ​ខ្លួន​គេ​ដែល​បាន​ជិះ​ជាន់​អ្នក​ទាំង​នេះ។ * ប៉ុន្ដែ សូម​កត់​សម្គាល់​នូវ​របៀប​ព្រះ​យេស៊ូ​ប្រព្រឹត្ដ​ទៅ​លើ​បុរស​កើត​ឃ្លង់​នេះ។ «គ្រា​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះ​យេស៊ូ​វ​លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​ជា​ស្អាត​បាន។ ដូច្នេះ ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត ក៏​លូក​ព្រះ​ហស្ដ​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ‹ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ លុះ​ទ្រង់​មាន​បន្ទូល​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត»។ (ម៉ាកុស ១:៤០​-​៤២) ព្រះ​យេស៊ូ​ជ្រាប​ថា​គឺ​ជា​ការ​ខុស​ច្បាប់​ដែល​បុរស​ឃ្លង់​នេះ​មក​ជិត​មនុស្ស​ឯ​ទៀត​ដូច្នេះ។ ប៉ុន្ដែ ជា​ជាង​បដិសេធ​គាត់ ព្រះ​យេស៊ូ​បាន​រំជួល​ព្រះ​ហឫទ័យ​ដល់​ម៉្លេះ​ដែល​ទ្រង់​ធ្វើ​អ្វី​មួយ​ដែល​មនុស្ស​ឯ​ទៀត​នឹង​មិន​ព្រម​ធ្វើ​សោះ​ឡើយ។ គឺ​ព្រះ​យេស៊ូ​បាន​ពាល់​គាត់!

១២ តើ​អ្នក​អាច​នឹក​គិត​ក្នុង​ចិត្ដ​អំពី​អារម្មណ៍​របស់​អ្នក​កើត​ឃ្លង់​ពេល​ព្រះ​យេស៊ូ​ពាល់​គាត់​ឬ​ទេ? ជា​ឧទាហរណ៍ សូម​គិត​អំពី​បទ​ពិសោធន៍​ដែល​មាន​ដូច​ត​ទៅ​នេះ។ វេជ្ជបណ្ឌិត ផល ប្រាន ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឃ្លង់​រៀប​រាប់​អំពី​បុរស​ម្នាក់​ដែល​មាន​ជំងឺ​ឃ្លង់​នៅ​ប្រទេស​ឥណ្ឌា។ ក្នុង​កំឡុង​ការ​ពិនិត្យ​នោះ គ្រូ​ពេទ្យ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​កើត​ឃ្លង់​នោះ និង​ពន្យល់​តាម​រយៈ​អ្នក​បក​ប្រែ​អំពី​ការ​ព្យាបាល​ដែល​គាត់​នឹង​ធ្វើ ស្រាប់​តែ​បុរស​កើត​ឃ្លង់​ចាប់​ផ្ដើម​យំ។ គ្រូ​ពេទ្យ​សួរ​ថា៖«តើ​ខ្ញុំ​និយាយ​អ្វី​ខុស​ឬ?» អ្នក​បក​ប្រែ​សួរ​បុរស​នោះ​ជា​ភាសា​គាត់​រួច​តប​ឆ្លើយ​ថា«អត់​ទេ​លោក! គាត់​កំពុង​តែ​យំ​ដោយ​សារ​លោក​ដាក់​ដៃ​កៀក​ស្មា​គាត់។ មុន​ពេល​ដែល​គាត់​មក​ទី​នេះ គ្មាន​អ្នក​ណា​ពាល់​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។ ចំពោះ​អ្នក​កើត​ឃ្លង់​ដែល​មក​ឯ​ព្រះ​យេស៊ូ​ឲ្យ​ជួយ​នោះ ការ​ពាល់​របស់​ព្រះ​យេស៊ូ​មាន​ន័យ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត ដ្បិត​ក្រោយ​ទ្រង់​ពាល់​គាត់ ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មនុស្ស​ដែល​គេ​បន្សាត់​ចោល​នោះ​បាន​បាត់​តែ​ម្ដង!

១៣, ១៤​. (ក) នៅ​ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ជិត​ទី​ក្រុង​ណាអ៊ីន តើ​ទ្រង់​ប្រទះ​ក្បួន​ដង្ហែ​អ្វី? ហើយ​ហេតុ​អ្វី​រឿង​នេះ​គួរ​ឲ្យ​ខ្លោច​ផ្សា​ម៉្លេះ? (ខ) តើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូ​បាន​ជំរុញ​ព្រះ​ហឫទ័យ​ទ្រង់​ឲ្យ​ធ្វើ​អ្វី​សំរាប់​ស្រី​មេ​ម៉ាយ​នៅ​ទី​ក្រុង​ណាអ៊ីន?

១៣ ទ្រង់​ត្រូវ​ជំរុញ​ឲ្យ​រម្ងាប់​ទុក្ខ​សោក​អ្នក​ឯ​ទៀត។ ក្ដី​ទុក្ខ​សោក​របស់​អ្នក​ដទៃ​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​រំជួល​ព្រះ​ហឫទ័យ​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​កំណត់​ហេតុ​នៅ​លូកា ៧:១១​-​១៥។ រឿង​នេះ​បាន​កើត​ឡើង​នៅ​ពាក់​កណ្ដាល​កិច្ច​បំរើ​របស់​ទ្រង់​ពេល​ទ្រង់​យាង​ទៅ​ដល់​ជាយ​ទី​ក្រុង​ណាអ៊ីន​នៅ​ស្រុក​កាលីឡេ។ នៅ​ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ជិត​ទ្វារ​កំផែង​ក្រុង ទ្រង់​ប្រទះ​ក្បួន​ដង្ហែ​សព។ រឿង​នេះ​គួរ​ឲ្យ​ខ្លោច​ផ្សា​ខុស​ពី​ធម្មតា។ យុវជន​ម្នាក់​ដែល​ជា​កូន​តែ​មួយ​របស់​ស្ដ្រី​ម្នាក់​បាន​ស្លាប់ ហើយ​ម្ដាយ​គាត់​ជា​ស្រី​មេ​ម៉ាយ។ ម្ដាយ​គាត់​ទំនង​ជា​បាន​ធ្វើ​ក្បួន​ដង្ហែ​សព​មួយ​ដង​រួច​ហើយ គឺ​សំរាប់​ស្វាមី​របស់​គាត់។ ឥឡូវ​នេះ គឺ​ជា​កូន​ប្រុស​របស់​គាត់​ទៀត ដែល​ប្រហែល​ជា​កូន​ប្រុស​នេះ​ជា​ទី​ពឹង​តែ​មួយ​គត់​របស់​គាត់។ ហ្វូង​មនុស្ស​ដែល​មក​ជា​មួយ​ប្រហែល​ជា​រួម​មាន​ទាំង​អ្នក​ស្មូត និង​អ្នក​លេង​ភ្លេង​បទ​ទំនួញ។ (យេរេមា ៩:១៧, ១៨; ម៉ាថាយ ៩:២៣) ប៉ុន្ដែ ព្រះ​យេស៊ូ​សម្លឹង​មើល​តែ​ម្ដាយ​ដែល​កំពុង​តែ​សោក​សង្រេង​ក្រៃ​លែង​ដោយ​ដើរ​ជិត​ក្ដារ​មឈូស​ដែល​មាន​សាក​សព​កូន​ប្រុស​របស់​គាត់។

១៤ ព្រះ​យេស៊ូ​មាន«ព្រះ​ហឫទ័យ​ក្ដួល​អាណិត​អាសូរ»ដល់​ស្ដ្រី​មេ​ម៉ាយ​នេះ​ដែល​បាត់​បង់​កូន។ ដោយ​ព្រះ​សូរ​សៀង​ពោរ​ពេញ​ទៅ​ដោយ​ភាព​កក់​ក្ដៅ​នោះ ទ្រង់​មាន​បន្ទូល​ថា៖​«កុំ​យំ​អី!»។ ព្រះ​យេស៊ូ​យាង​ទៅ​ពាល់​ក្ដារ​មឈូស​ទោះ​គ្មាន​អ្នក​ណា​សុំ​ទ្រង់​ក៏​ដោយ។ អ្នក​សែង​ក្ដារ​មឈូស​និង​ប្រហែល​ជា​ហ្វូង​មនុស្ស​ដែរ​បាន​ឈប់។ ទ្រង់​បន្លឺ​ព្រះ​សូរ​សៀង​ដោយ​មាន​បន្ទូល​បង្គាប់​សព​នោះ​ថា៖«អ្នក​កំឡោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!»។ តើ​អ្វី​កើត​ឡើង​ក្រោយ​នោះ? «អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ»ដូច​ជា​ទើប​តែ​ភ្ញាក់​ពី​ដេក! ក្រោយ​នោះ​មាន​ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់​ដោយ​ចែង​ថា៖«រួច[ព្រះ​យេស៊ូ]​ប្រគល់​ដល់​ម្ដាយ​វិញ»។

១៥​. (ក) កំណត់​ហេតុ​ព្រះ​គម្ពីរ​អំពី​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​របស់​ព្រះ​យេស៊ូ តើ​នោះ​បង្ហាញ​ថា​សេចក្ដី​មេត្ដា​ករុណា​និង​ការ​ប្រព្រឹត្ដ​មាន​ទំនាក់​ទំនង​អ្វី? (ខ) តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​រឿង​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

១៥ តើ​យើង​រៀន​អ្វី​ពី​កំណត់​ហេតុ​ទាំង​នេះ? ក្នុង​ករណី​និមួយ​ៗ យើង​ឃើញ​ថា​មាន​ទំនាក់​ទំនង​រវាង​សេចក្ដី​មេត្ដា​ករុណា​និង​ការ​ប្រព្រឹត្ដ។ ព្រះ​យេស៊ូ​មិន​អាច​ទត​ឃើញ​ទុក្ខ​វេទនា​របស់​អ្នក​ឯ​ទៀត​ដោយ​មិន​រំជួល​ព្រះ​ហឫទ័យ​កើត​មាន​ក្ដី​ក្ដួល​អាណិត​នោះ​ទេ។ ហើយ​ទ្រង់​មិន​អាច​មាន​អារម្មណ៍​អាណិត​អាសូរ​ដោយ​មិន​ចាត់​វិធានការ​ជួយ​នោះ​ដែរ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ក្នុង​នាម​ជា​គ្រីស្ទាន យើង​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ សំខាន់​បំផុត យើង​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ ប៉ុន្ដែ ចូរ​យើង​នឹក​ចាំ​ថា នេះ​ក៏​ជា​កិច្ច​ការ​តម្រូវ​ឲ្យ​មាន​សេចក្ដី​មេត្ដា​ករុណា​ដែរ។ នៅ​ពេល​យើង​មាន​អារម្មណ៍​អាណិត​អាសូរ​ដល់​មនុស្ស​ដូច​ព្រះ​យេស៊ូ​នោះ ចិត្ដ​របស់​យើង​នឹង​ជំរុញ​ឲ្យ​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ។ (ម៉ាថាយ ២២:៣៧​-​៣៩) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​អ្នក​ជឿ​គ្នី​គ្នា​ដែល​កំពុង​តែ​រង​ទុក្ខ​លំបាក​ឬ​សោក​សង្រេង​នោះ? យើង​មិន​អាច​ធ្វើ​អព្ភូតហេតុ​ព្យាបាល​អ្វី​ដែល​ធ្វើ​ទុក្ខ​ដល់​រូប​កាយ​ពួក​គេ​ឬ​ក៏​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន​ទេ។ ក៏​ប៉ុន្ដែ យើង​អាច​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដោយ​ផ្ដើម​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ឬ​ផ្ដល់​ជំនួយ​ដែល​ចាំ​បាច់​នោះ។—អេភេសូរ ៤:៣២

«ឱ​ព្រះ​វរបិតា​អើយ! សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ»

១៦​. ដោយ​ព្រះ​យេស៊ូ​សុខ​ចិត្ដ​អត់​ទោស​នោះ តើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ទ្រង់​ជាប់​នឹង​បង្គោល​ទារុណកម្ម?

១៦ ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​វរបិតា​បេះបិទ​ក្នុង​រឿង​មួយ​ទៀត នោះ​គឺ​ទ្រង់«បំរុង​តែ​នឹង​អត់​ទោស»។ (ទំនុក​ដំកើង ៨៦:៥) ទ្រង់​សុខ​ចិត្ដ​ធ្វើ​ដូច្នេះ​គឺ​ឃើញ​ជាក់​ស្ដែង​នៅ​ពេល​ទ្រង់​នៅ​ជាប់​នឹង​បង្គោល​ទារុណកម្ម។ ដោយ​ត្រូវ​សោយ​ទិវង្គត​យ៉ាង​អាម៉ាស់​មុខ និង​មាន​ដែក​គោល​ដោត​ព្រះ​ហស្ដ​និង​ព្រះ​បាទ​ទ្រង់​នោះ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា? តើ​ទ្រង់​បាន​អំពាវ​នាវ​ឲ្យ​ព្រះ​យេហូវ៉ា​ដាក់​ទោស​អ្នក​ដែល​កំពុង​តែ​ប្រហារ​ព្រះ​ជន្ម​ទ្រង់​នោះ​ទេ? ផ្ទុយ​ទៅ​វិញ បន្ទូល​ចុង​ក្រោយ​ខ្លះៗ​របស់​ព្រះ​យេស៊ូ​គឺ៖«ឱ​ព្រះ​វរបិតា​អើយ! សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ»។—លូកា ២៣:៣៤ *

១៧​-​១៩​. តើ​ព្រះ​យេស៊ូ​បង្ហាញ​តាម​របៀប​ណា​ខ្លះ​ថា​ទ្រង់​អត់​ទោស​សាវ័ក​ពេត្រុស​ចំពោះ​ការ​បដិសេធ​ទ្រង់​បី​ដង​នោះ?

១៧ ឧទាហរណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​ជាង​នោះ​ទៅ​ទៀត​ដែល​បង្ហាញ​ពី​ការ​អត់​ទោស​របស់​ព្រះ​យេស៊ូ គឺ​របៀប​ព្រះ​យេស៊ូ​ប្រព្រឹត្ដ​ទៅ​លើ​សាវ័ក​ពេត្រុស។ ពេត្រុស​ប្រាកដ​ជា​ស្រឡាញ់​ព្រះ​យេស៊ូ​ណាស់។ នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ជា​រាត្រី​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូ ពេត្រុស​ទូល​ទ្រង់​ថា៖«ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្ដី»។ ប៉ុន្ដែ គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​នោះ ពេត្រុស​បដិសេធ​បី​ដង​មិន​ទាំង​ព្រម​ទទួល​ថា​ខ្លួន​ស្គាល់​ព្រះ​យេស៊ូ​ទេ! ព្រះ​គម្ពីរ​ប្រាប់​យើង​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ពេត្រុស​បដិសេធ​ព្រះ​យេស៊ូ​ជា​លើក​ទី​បី​នោះ។ «ព្រះ​អម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស»។ ដោយ​សារ​ភាព​ធ្ងន់ធ្ងរ​នៃ​បាប​របស់​ពេត្រុស​បាន​សង្កត់​ធ្ងន់​មក​លើ​ចិត្ដ​គាត់ នោះ​គាត់«ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្ដួល»។ ក្រោយ​មក​នៅ​ពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នៅ​ថ្ងៃ​នោះ សាវ័ក​ពេត្រុស​ប្រហែល​ជា​ឆ្ងល់​ថា‹តើ​ព្រះ​អម្ចាស់​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ខ្ញុំ​ឬ?›។—លូកា ២២:៣៣, ៦១, ៦២

១៨ ពេត្រុស​មិន​ចាំ​បាច់​ចាំ​យូរ​ឲ្យ​បាន​ចម្លើយ​នោះ​ទេ។ ព្រះ​យេស៊ូ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ណែសាន ដែល​ទំនង​ជា​ថ្ងៃ​ដដែល​ទ្រង់​ទៅ​ជួប​ពេត្រុស​ដោយ​អង្គ​ទ្រង់​ផ្ទាល់។ (លូកា ២៤:៣៤; កូរិនថូសទី១ ១៥:៤​-​៨) ហេតុ​អ្វី​ព្រះ​យេស៊ូ​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​សាវ័ក​មួយ​ដែល​បាន​ព្យាយាម​បដិសេធ​ទ្រង់​នោះ? ព្រះ​យេស៊ូ​ប្រហែល​ជា​ចង់​ឲ្យ​ពេត្រុស​ដែល​បាន​ប្រែ​ចិត្ដ​នោះ​ដឹង​ជាក់​ថា ទ្រង់​នៅ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​គាត់។ ប៉ុន្ដែ ព្រះ​យេស៊ូ​បាន​ធ្វើ​លើស​ជាង​នោះ​ទៅ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ពេត្រុស​មាន​ទំនុក​ចិត្ដ។

១៩ ក្រោយ​នោះ ព្រះ​យេស៊ូ​បាន​លេច​មុខ​មក​ជួប​សិស្ស​ទ្រង់​នៅ​សមុទ្រ​កាលីឡេ។ នៅ​គ្រា​នេះ បី​ដង​ព្រះ​យេស៊ូ​សួរ​ពេត្រុស(ដែល​បាន​បដិសេធ​ព្រះ​អម្ចាស់​ខ្លួន​បី​ដង) អំពី​សេចក្ដី​ស្រឡាញ់​របស់​ពេត្រុស​ចំពោះ​ទ្រង់។ ក្រោយ​ព្រះ​យេស៊ូ​សួរ​លើក​ទី​បី នោះ​ពេត្រុស​ឆ្លើយ​ថា៖«ព្រះ​អម្ចាស់​អើយ! ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ដ​នឹង​ទ្រង់​ហើយ»។ ប្រាកដ​ណាស់ ព្រះ​យេស៊ូ​ដែល​អាច​ជ្រាប​ពី​អ្វី​នៅ​ក្នុង​ចិត្ដ​មនុស្ស នោះ​ទ្រង់​ពិត​ជា​ជ្រាប​យ៉ាង​ច្បាស់​ថា​ពេត្រុស​ស្រឡាញ់​និង​ពេញ​ចិត្ដ​ចំពោះ​ទ្រង់។ ប៉ុន្ដែ ព្រះ​យេស៊ូ​ឲ្យ​ឱកាស​ដល់​ពេត្រុស​ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ទ្រង់។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បង្គាប់​ពេត្រុស«ឲ្យ​ចំណី»និង«ឃ្វាល​ហ្វូង​ចៀម»របស់​ទ្រង់។ (យ៉ូហាន ២១:១៥​-​១៧) មុន​នោះ ពេត្រុស​ត្រូវ​បាន​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ។ (លូកា ៥:១០) ប៉ុន្ដែ ឥឡូវ​នេះ ព្រះ​យេស៊ូ​បង្ហាញ​នូវ​ទំនុក​ចិត្ដ​យ៉ាង​អស្ចារ្យ​ទៅ​លើ​គាត់​ដោយ​ប្រគល់​កិច្ច​ការ​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​ការ​ថែ​រក្សា​អស់​អ្នក​ដែល​នឹង​ទៅ​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។ មិន​យូរ​ក្រោយ​នោះ ព្រះ​យេស៊ូ​ប្រគល់​តួ​នាទី​សំខាន់​ដល់​ពេត្រុស​ក្នុង​ចំណោម​កិច្ច​ការ​របស់​ពួក​សិស្ស​ទ្រង់។ (កិច្ច​ការ ២:១​-​៤១) ពេត្រុស​ច្បាស់​ជា​បាន​ធូរ​ក្នុង​ចិត្ដ​ណាស់​ដោយ​ដឹង​ថា​ព្រះ​យេស៊ូ​បាន​អត់​ទោស​ឲ្យ​គាត់​និង​នៅ​តែ​ទុក​ចិត្ដ​គាត់​ទៀត!

តើ​អ្នក«ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ»ឬ​ទេ?

២០, ២១​. តើ​យើង​អាច​ចាប់​ផ្ដើម«ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ»ឲ្យ​បាន​ពេញ​លេញ​យ៉ាង​ដូច​ម្ដេច?

២០ ពិត​ណាស់ ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ពណ៌នា​យ៉ាង​ប្រសើរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។ ប៉ុន្ដែ តើ​យើង​គួរ​ប្រព្រឹត្ដ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ«ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដ៏​រក​គិត​មិន​យល់»។ (អេភេសូរ ៣:១៩) ដូច​ដែល​យើង​បាន​ឃើញ​ហើយ កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​ព្រះ​ជន្ម​និង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​បង្រៀន​យើង​ជា​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។ ប៉ុន្ដែ «ការ​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ»ឲ្យ​បាន​ពេញ​លេញ​រួម​បញ្ចូល​ច្រើន​ជាង​ការ​រៀន​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ទ្រង់។

២១ ពាក្យ​ភាសា​ក្រិច​ដែល​ត្រូវ​បក​ប្រែ​ថា«ស្គាល់»បាន​ន័យ​ថា«ការ​ស្គាល់​ដោយ​ធ្លាប់​ប្រព្រឹត្ដ ឬ​តាម​រយៈ​បទ​ពិសោធន៍»។ នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេស៊ូ ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ដោយ​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ដោយ​សេចក្ដី​មេត្ដា​ករុណា និង​ដោយ​អត់​ទោស​ឲ្យ​ស្មោះ​ពី​ចិត្ដ នោះ​យើង​ពិត​ជា​អាច​យល់​ពី​អារម្មណ៍​របស់​ទ្រង់​បាន។ តាម​វិធី​នេះ និង​តាម​រយៈ​បទ​ពិសោធន៍ យើង​អាច​ចាប់​ផ្ដើម​«ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដ៏​រក​គិត​មិន​យល់»។ ហើយ​សូម​កុំ​ឲ្យ​យើង​ភ្លេច​ថា កាល​យើង​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ នោះ​យើង​ចូល​ទៅ​កាន់​តែ​ជិត​អ្នក​ដែល​ព្រះ​យេស៊ូ​បាន​យក​តម្រាប់​តាម​យ៉ាង​ដូច​បេះបិទ​នោះ គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

^ វគ្គ 11 វិន័យ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ចែង​ថា មនុស្ស​ទាំង​អស់​ត្រូវ​រក្សា​ចម្ងាយ​យ៉ាង​តិច​បួន​ហត្ថ​(ប្រមាណ​១,៨​ម៉ែត្រ)​ពី​អ្នក​កើត​ឃ្លង់។ ប៉ុន្ដែ បើ​មាន​ខ្យល់​បក់ អ្នក​កើត​ឃ្លង់​ត្រូវ​ឈរ​ចម្ងាយ​យ៉ាង​តិច​១០០​ហត្ថ​(ប្រមាណ​៤៥​ម៉ែត្រ)។ សៀវភៅ​មិត្រាស រ៉ាបា រៀប​រាប់​អំពី​អ្នក​ដឹក​នាំ​សាសនា​ម្នាក់​ដែល​ធ្លាប់​ពួន​ពី​អ្នក​កើត​ឃ្លង់ និង​អ្នក​ដឹក​នាំ​សាសនា​ម្នាក់​ទៀត​បាន​គប់​ថ្ម​ពួក​គេ​ដើម្បី​កុំ​ឲ្យ​មក​ជិត។ ដូច្នេះ អ្នក​កើត​ឃ្លង់​ស្គាល់​ការ​ឈឺ​ចាប់​ដែល​មក​ពី​មនុស្ស​បដិសេធ ស្អប់ និង​បន្សាត់​ចោល។

^ វគ្គ 16 ផ្នែក​ទី​មួយ​នៃ​លូកា ២៣:៣៤ មិន​បាន​សរសេរ​ក្នុង​ឯកសារ​បុរាណ​ខ្លះៗ​ទេ។ ប៉ុន្ដែ ដោយ​សារ​បន្ទូល​នេះ​មាន​ក្នុង​ឯកសារ​ជា​ច្រើន​ឯ​ទៀត​ដែល​យក​ជា​ការ​បាន នោះ​បន្ទូល​នេះ​ក៏​មាន​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​និង​សេចក្ដី​បក​ប្រែ​ជា​ច្រើន​ឯ​ទៀត​ដែរ។ ព្រះ​យេស៊ូ​ទំនង​ជា​កំពុង​តែ​មាន​បន្ទូល​អំពី​ទាហាន​ជន​ជាតិ​រ៉ូម​ដែល​បាន​ព្យួរ​ទ្រង់​នោះ។ ពួក​គេ​មិន​បាន​ដឹង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​អ្វី ពីព្រោះ​មិន​ដឹង​ថា​ព្រះ​យេស៊ូ​ជា​នរណា​នោះ​ទេ។ ប៉ុន្ដែ អ្នក​ដឹក​នាំ​សាសនា​ដែល​បាន​ញុះញង់​ឲ្យ​ពួក​គេ​ធ្វើ​គុត​ទ្រង់​មាន​ទោស​ធ្ងន់​ណាស់ ដ្បិត​ពួក​គេ​ធ្វើ​ដោយ​ដឹង​ថា​ព្រះ​យេស៊ូ​ជា​នរណា​និង​ដោយ​មាន​ចិត្ដ​ចង់​ព្យាបាទ។ សំរាប់​ពួក​គេ គ្មាន​ការ​អត់​ទោស​នោះ​ឡើយ។—យ៉ូហាន ១១:៤៥​-​៥៣