លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​៥

តើជាការសមហេតុផលទេឲ្យជឿលើគម្ពីរ?

តើជាការសមហេតុផលទេឲ្យជឿលើគម្ពីរ?

តើ​អ្នក​ធ្លាប់​យល់​ខុស​អំពី​បុគ្គល​ណា​ម្នាក់​ទេ? ប្រហែល​អ្នក​ធ្លាប់​ឮ​អ្នក​ឯ​ទៀត​និយាយ​មិន​ល្អ​អំពី​គាត់។ ប៉ុន្តែ​ក្រោយ​មក ពេល​ដែល​ស្គាល់​គាត់ អ្នក​ឃើញ​ថា​អ្វី​ដែល​ពួក​គេ​បាន​និយាយ​អំពី​គាត់​គឺ​ខុស​តែ​ម្ដង។ ដូច​គ្នា​ដែរ មនុស្ស​ជា​ច្រើន​ធ្លាប់​យល់​ខុស​អំពី​គម្ពីរ តែ​ក្រោយ​មក​ពួក​គេ​ឃើញ​ថា​គម្ពីរ​មិន​មែន​ដូច​ពួក​គេ​ធ្លាប់​គិត​នោះ​ទេ។

ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ដែល​ទទួល​ការ​អប់រំ​ខ្ពស់​មិន​ចូល​ចិត្ត​គម្ពីរ​ទេ។ តើ​អ្នក​ដឹង​ថា​មក​ពី​មូលហេតុ​ទេ? គឺ​ដោយ​សារ​មនុស្ស​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​គម្ពីរ​មិន​សម​ស្រប​នឹង​វិទ្យា​សាស្ត្រ មិន​សម​ហេតុ​ផល ឬ​មាន​ការ​ពន្យល់​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ​តើ​នោះ​ជា​ការ​ពិត​ទេ?

ពេល​ដែល​អ្នក​អាន​សៀវ​ភៅ​ស្តើង​នេះ តើ​អ្នក​ភ្ញាក់​ផ្អើល​ទេ​ដែល​ដឹង​ថា អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​វិទ្យា​សាស្ត្រ​គឺ​ត្រឹម​ត្រូវ? មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ដែល​រៀន​ថា អ្វី​ដែល​មាន​នៅ​ក្នុង​គម្ពីរ​គឺ​ខុស​គ្នា​ពី​អ្វី​ដែល​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​បង្រៀន។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​និយាយ​ថា គម្ពីរ​បង្រៀន​ថា​ព្រះ​បាន​បង្កើត​សកល​លោក​និង​ជីវិត​ទាំង​ឡាយ​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដែល​ក្នុង​មួយ​ថ្ងៃ​មាន​២៤​ម៉ោង។ តាម​ពិត​គម្ពីរ​មិន​បាន​និយាយ​អ្វី​ប្រឆាំង​នឹង​ការ​ប៉ាន់​ស្មាន​របស់​ពួក​អ្នក​វិទ្យា​សាស្ត្រ​ស្ដី​អំពី​អាយុ​កាល​នៃ​ផែនដី​ឡើយ។ *

ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ​បាន​បង្កើត​ជីវិត​នៅ​ផែនដី​នេះ ផ្ដល់​ឱកាស​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​ស្រាវ​ជ្រាវ​ច្រើន​បាន។ គម្ពីរ​ប្រាប់​ថា​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​បង្កើត​មក«តាម​ពូជ»។ (​លោកុប្បត្តិ ១:១១, ២១, ២៤​) ពាក្យ​នេះ​ប្រហែល​ជា​មិន​ស្រប​តាម​ទ្រឹស្ដី​វិទ្យា​សាស្ត្រ​ខ្លះ​ៗ​មែន ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​ក៏​ពាក្យ​នោះ​គឺ​ស្រប​តាម​ភ័ស្តុតាង​ជាក់​ស្ដែង។ ទ្រឹស្ដី​ផ្លាស់​ប្ដូរ​ជា​និច្ច តែ​ហេតុ​ការ​ពិត​មិន​ដែល​ផ្លាស់​ប្ដូរ​ទេ។

មនុស្ស​ជា​ច្រើន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ពិនិត្យ​មើល​គម្ពីរ ដោយ​សារ​ពួក​គេ​ខក​ចិត្ត​នឹង​សាសនា។ ពួក​គេ​ឃើញ​ការ​លាក់​ពុត អំពើ​ពុក​រលួយ​និង​ការ​ចូល​ចិត្ត​ធ្វើ​សង្គ្រាម​នៅ​ក្នុង​អង្គការ​សាសនា។ ប៉ុន្តែ តើ​សម​ហេតុ​ផល​ទេ​ដែល​អ្នក​ធ្វើ​ការ​សន្និដ្ឋាន​អំពី​គម្ពីរ​ដោយ​មើល​ការ​ប្រព្រឹត្ត​របស់​អង្គការ​សាសនា? អ្នក​វិទ្យា​សាស្ត្រ​ដែល​មាន​ចិត្ត​គំនិត​ស្មោះ​ត្រង់​បាន​ខឹង​យ៉ាង​ខ្លាំង ដោយ​សារ​អ្នក​ប្រកាន់​ពូជ​សាសន៍​បាន​ប្រើ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​ដើម្បី​គាំទ្រ​គំនិត​ប្រឆាំង​ពូជ​សាសន៍​របស់​ពួក​គេ។ តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​វិនិច្ឆ័យ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​ដោយ​ផ្អែក​លើ​រឿង​នេះ? គឺ​ល្អ​ជាង​ឲ្យ​យើង​ពិនិត្យ​មើល​ការ​អះអាង​របស់​អ្នក​វិទ្យា​សាស្ត្រ ហើយ​ប្រៀប​ធៀប​នឹង​ភ័ស្តុតាង។

យើង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ដូច​គ្នា​ជា​មួយ​គម្ពីរ។ អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​អ្វី​ដែល​សាសនា​ផ្សេង​ៗ​បង្រៀន។ ជា​ជាង​គាំទ្រ​សង្គ្រាម​និង​ការ​ប្រកាន់​ពូជ​សាសន៍​គម្ពីរ​បង្រៀន​រាស្ត្រ​របស់​ព្រះ​ឲ្យ​បដិសេធ​មិន​ធ្វើ​សង្គ្រាម អំពើ​ឃោរឃៅ​គ្រប់​យ៉ាង និង​ការ​ស្អប់​គ្នា។ (​អេសាយ ២:២​-​៤; ម៉ាថាយ ៥:៤៣, ៤៤; ២៦:៥២​) ជា​ជាង​គ្រាន់​តែ​ជឿ​ដោយ​គ្មាន​ភ័ស្តុតាង គម្ពីរ​បង្រៀន​ថា​ភ័ស្តុតាង​គឺ​សំខាន់​ដើម្បី​មាន​ជំនឿ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​បម្រើ​ព្រះ។ (​រ៉ូម ១២:១; ហេប្រឺ ១១:១​) គម្ពីរ​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ពិនិត្យ​មើល​សំណួរ​សំខាន់​ៗ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​មនុស្ស​ធ្លាប់​ឆ្ងល់។

ជា​ឧទាហរណ៍ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា បើ​សិន​ជា​មាន​ព្រះ​មែន‹ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​កើត​ឡើង?›។ គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​នេះ និង​ចម្លើយ​ចំពោះ​សំណួរ​ជា​ច្រើន​ឯ​ទៀត​ដែរ។ ចម្លើយ​ពី​គម្ពីរ​ធ្វើ​ឲ្យ​អ្នក​អស់​ចម្ងល់។ * យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ។ អ្នក​អាច​ស្វែង​រក​ចម្លើយ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត សម​ហេតុ​ផល​និង​ធ្វើ​ឲ្យ​អស់​ចម្ងល់ ដែល​មាន​មូលដ្ឋាន​ច្បាស់​លាស់។

^ វគ្គ 5 សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មើល​សៀវ​ភៅ​ស្តើង តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 9 សូម​មើល​ជំពូក​ទី​១១​ក្នុង​សៀវ​ភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។