ផ្នែកទី៥
សេចក្ដីពិតអំពីវេទមន្តនិងអំពើអាបធ្មប់
១. តើការមានជំនឿទៅលើវេទមន្តនិងអំពើអាបធ្មប់បានរីករាលដាលខ្លាំងដល់កម្រិតណា?
សៀវភៅទំនៀមទម្លាប់សាសនារបស់ជនជាតិអាហ្វ្រិក (African Traditional Religion) បាននិយាយថា៖«នៅទ្វីបអាហ្វ្រិក មនុស្សទាំងអស់ជឿថាមានអាបធ្មប់។ សម្រាប់ជនជាតិអាហ្វ្រិកទាំងអស់ ជំនឿនេះគឺសំខាន់ណាស់ចំពោះពួកគេ»។ អ្នកដែលជឿទៅលើវេទមន្តនិងអំពើអាបធ្មប់គឺមានចាប់តាំងពីអ្នកដែលគ្មានការអប់រំសោះ រហូតដល់អ្នកដែលបានទទួលការអប់រំខ្ពស់។ អ្នកដឹកនាំសាសនាអ៊ីស្លាមនិងគ្រិស្តសាសនាក៏មានជំនឿបែបនេះដែរ។
២. យោងទៅតាមជំនឿដ៏ពេញនិយមមួយ តើអំណាចពិសេសដើម្បីធ្វើវេទមន្តគឺមកពីណា?
២ យោងទៅតាមជំនឿដ៏ពេញនិយមនៅទ្វីបអាហ្វ្រិក ពួកគេជឿថាមានអំណាចពិសេសអាថ៌កំបាំងមួយដែលមានព្រះជាអ្នកគ្រប់គ្រង។ បុគ្គលវិញ្ញាណនិងព្រលឹងជីដូនជីតាអាចប្រើអំណាចពិសេសនេះបាន។ សូម្បីតែមនុស្សខ្លះក៏អាចប្រើបានដែរ មិនថាប្រើក្នុងផ្លូវល្អ (វេទមន្តដែលការពារ) ឬក្នុងផ្លូវអាក្រក់ក្ដី (វេទមន្តដែលធ្វើអាក្រក់)។
៣. តើវេទមន្តដែលអាក្រក់ជាអ្វី ហើយតើមនុស្សជឿថាវេទមន្តនេះអាចធ្វើអ្វីបានខ្លះ?
៣ វេទមន្តដែលធ្វើអាក្រក់ឬអំពើអាបធ្មប់ត្រូវប្រើសម្រាប់ប្រឆាំងនឹងសត្រូវ។ គេជឿថាអ្នកដែលប្រើវេទមន្តនេះមានអំណាចបញ្ជាលើសត្វប្រចៀវ សត្វស្លាប រុយ និងសត្វឯទៀតដើម្បីវាយប្រហារមនុស្ស។ គេក៏ជឿដែរថាវេទមន្តអាក្រក់នាំឲ្យមានការវាយតប់គ្នា ការអត់កូន ជំងឺ និងការស្លាប់ផងដែរ។
៤. តើមនុស្សជាច្រើនបានជឿអ្វីអំពីអាប ហើយតើអ្នកដែលធ្លាប់ធ្វើអាបធ្មប់បានសារភាពយ៉ាងណា?
៤ វេទមន្តអាក្រក់ក៏ជាប់ទាក់ទងនឹងអំពើអាបធ្មប់ដែរ។ គេនិយាយថាអាបដកកចេញពីខ្លួននៅពេលយប់ហើយហោះទៅជួបអាបឯទៀត ឬទៅធ្វើបាបមនុស្ស។ ភ័ស្តុតាងគាំទ្ររឿងទាំងនេះភាគច្រើនគឺមកពីមនុស្សដែលធ្លាប់ធ្វើអាបធ្មប់តែក្រោយមកលះចោល។ ជាឧទាហរណ៍ ទស្សនាវដ្ដីអាហ្វ្រិកមួយបានដកស្រង់ពាក្យរបស់អ្នកដែលធ្លាប់ធ្វើអាបធ្មប់ (ភាគច្រើនជាក្មេងស្រីវ័យជំទង់)។ ពួកគេបាននិយាយសារភាពដូចតទៅនេះ៖«ខ្ញុំបានសម្លាប់មនុស្ស១៥០នាក់ដោយបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍» «ខ្ញុំបានសម្លាប់ក្មេងៗ៥នាក់ដោយជញ្ជក់ឈាមរបស់ពួកគេ» «ខ្ញុំបានសម្លាប់សង្សារ៣នាក់ដោយសារពួកគេបានធ្វើឲ្យខ្ញុំខឹង»។
៥. តើអ្វីជាវេទមន្តដែលការពារ ហើយតើមនុស្សប្រើវេទមន្តនេះយ៉ាងដូចម្ដេច?
៥ វេទមន្តដែលការពារបានត្រូវប្រើដើម្បីការពារពីអំពើអាក្រក់។ អ្នកដែលប្រើវេទមន្តនេះពាក់ចិញ្ចៀនវេទមន្តឬខ្សែដៃពិសេស។ ពួកគេផឹកថ្នាំឬលាបថ្នាំដើម្បីការពារខ្លួន។ ពួកគេលាក់វត្ថុផ្សេងៗដែលពួកគេជឿថានឹងអាចការពារពួកគេបាននៅក្នុងដីឬក្នុងផ្ទះរបស់ពួកគេ។ ពួកគេជឿទុកចិត្តទៅលើវត្ថុស័ក្ដិសិទ្ធិដែលមានពាក្យពីសៀវភៅកូរ៉ានឬគម្ពីរ។
ការកុហកនិងការបោកបញ្ឆោត
៦. តើសាថាននិងពួកវិញ្ញាណកំណាចធ្លាប់ធ្វើអ្វីខ្លះ ហើយតើយើងគួរមានទស្សនៈយ៉ាងណាអំពីអំណាចរបស់ពួកវា?
៦ សាថាននិងពួកវិញ្ញាណកំណាចរបស់វាគឺពិតជាសត្រូវដ៏គ្រោះថ្នាក់របស់មនុស្ស។ ពួកវាជះឥទ្ធិពលទៅលើគំនិតនិងជីវិតរបស់មនុស្ស ហើយនៅអតីតកាល ពួកវាថែមទាំងបានចូលក្នុងខ្លួនមនុស្សនិងសត្វទៀតផង។ (ម៉ាថាយ ១២:៤៣-៤៥) យើងមិនគួរគិតថាពួកវាគ្មានអំណាចនោះទេ ប៉ុន្តែយើងក៏មិនគួរគិតថាពួកវាមានអំណាចខ្លាំងហួសហេតុពេកដែរ។
៧. តើសាថានចង់ឲ្យយើងជឿអ្វី ហើយតើមានឧទាហរណ៍អ្វីដែលបញ្ជាក់អំពីចំណុចនេះ?
៧ សាថានគឺជាមេបោកបញ្ឆោត។ វាធ្វើឲ្យមនុស្សគិតថាវាមានអំណាចខ្លាំងជាងអ្វីដែលវាមាន។ ជាឧទាហរណ៍ ក្នុងអំឡុងការប្រយុទ្ធគ្នាថ្មីៗនេះនៅប្រទេសមួយនៃទ្វីបអាហ្វ្រិក ពួកទាហានបានប្រើឧបករណ៍សំឡេងដើម្បីបំភ័យសត្រូវរបស់ពួកគេ។ មុនវាយប្រហារសត្រូវ ពួកទាហានបានចាក់សំឡេងគ្រាប់បែកធំៗផ្ទុះនិងសំឡេងបាញ់កាំភ្លើង ដើម្បីធ្វើឲ្យពួកសត្រូវគិតថាមានកងទ័ពដែលមានអាវុធដ៏ខ្លាំងក្លាជាច្រើនកំពុងមកវាយប្រហារពួកគេ។ ស្រដៀងគ្នាដែរ សាថានចង់ឲ្យមនុស្សជឿថាអំណាចរបស់វាគឺគ្មានកម្រិត។ គោលបំណងរបស់វាគឺដើម្បីបំភ័យមនុស្សឲ្យធ្វើតាមបំណងប្រាថ្នារបស់វា ជាជាងបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ យើងនឹងពិចារណាការកុហកបីយ៉ាងដែលសាថានចង់ឲ្យមនុស្សជឿ។
៨. តើការកុហកមួយដែលសាថានបានលើកស្ទួយគឺជាអ្វី?
៨ ការកុហកទី១ដែលសាថានលើកស្ទួយគឺ: គ្មានរឿងអាក្រក់ណាកើតឡើងដោយចៃដន្យនោះទេ។ អ្វីអាក្រក់គ្រប់បែបយ៉ាងដែលមិនមែនបណ្ដាលមកពីបុគ្គលណាម្នាក់ នោះគឺមកពីអំណាចពិសេសអាថ៌កំបាំង។ ជាឧទាហរណ៍ សូមស្រមៃថាក្មេងម្នាក់ស្លាប់ដោយសារជំងឺគ្រុនចាញ់។ ម្ដាយរបស់ក្មេងនោះប្រហែលជាដឹងថាកូនរបស់គាត់ឆ្លងជំងឺនេះមកពីមូស។ ប៉ុន្តែ គាត់ក៏ប្រហែលជាជឿដែរថាមាននរណាម្នាក់បានបញ្ជាឲ្យមូសមកខាំកូនរបស់គាត់។
៩. តើតាមរបៀបណាគម្ពីរបង្ហាញថាបញ្ហាទាំងអស់មិនមែនមកពីសាថាន?
៩ ទោះជាសាថានមានអំណាចបង្កឲ្យមានបញ្ហាខ្លះៗក៏ដោយ ប៉ុន្តែគឺខុសបើយើងជឿថាវាមានអំណាចបង្កបញ្ហាទាំងអស់។ គម្ពីរចែងថា៖«ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំប៉័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ»។ (សាស្ដា ៩:១១) អ្នករត់ប្រណាំងម្នាក់អាចរត់លឿនជាងអ្នកឯទៀត ប៉ុន្តែគាត់ប្រហែលជាមិនបានឈ្នះទេ។ «ឱកាស»ឬហេតុការណ៍ដែលមិនបានរំពឹងទុកអាចធ្វើឲ្យគាត់ចាញ់។ ជាឧទាហរណ៍ គាត់អាចដួល ចាប់ផ្ដើមឈឺ ឬគ្រេចជើង។ រឿងទាំងនេះអាចកើតឡើងចំពោះមនុស្សគ្រប់រូប។ នេះមិនតែងតែបណ្ដាលមកពីសាថាន ឬអំពើអាបធ្មប់នោះឡើយ វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។
១០. តើគេជឿអ្វីខ្លះអំពីអាប ហើយតើតាមរបៀបណាយើងអាចដឹងថានេះជាការកុហក?
១០ ការកុហកទី២ដែលសាថានលើកស្ទួយគឺ: នៅពេលយប់អាបចេញពីខ្លួនហើយធ្វើដំណើរទៅជួបអាបឯទៀត ឬទៅធ្វើបាបមនុស្ស។ សូមសួរខ្លួនអ្នកថា ‹បើអាបអាចធ្វើបែបនេះបាន តើអ្វីបានចេញពីខ្លួន?›។ ដូចយើងបានរៀន ព្រលឹងគឺជាបុគ្គល មិនមែនជាអ្វីដែលហោះហើរចេញពីខ្លួនទេ។ បន្ថែមទៅទៀត វិញ្ញាណគឺជាថាមពលដែលធ្វើឲ្យរូបកាយយើងមានជីវិត តែវិញ្ញាណមិនអាចបន្តរស់នៅក្រៅរូបកាយបានឡើយ។
១១. ហេតុអ្វីយើងដឹងថាអាបមិនអាចចេញពីខ្លួនរបស់ពួកគេបាន ហើយតើអ្នកជឿដែរឬទេ?
១១ ព្រលឹងរួមទាំងវិញ្ញាណមិនអាចចេញពីរូបកាយដើម្បីធ្វើអ្វីសោះ ទោះជាធ្វើល្អឬអាក្រក់ក្ដី។ យ៉ាងនេះ អាបមិនអាចចេញពីខ្លួនរបស់ពួកគេបានឡើយ។ តាមពិត ពួកគេមិនអាចធ្វើអ្វីដូចអ្វីដែលពួកគេបានអះអាងនោះទេ។
១២. តើតាមរបៀបណាសាថានធ្វើឲ្យមនុស្សជឿថាពួកគេបានធ្វើអ្វីមួយ តែតាមពិតពួកគេមិនបានធ្វើសោះ?
១២ ចុះតើយើងអាចពន្យល់អំពីការសារភាពរបស់ពួកអ្នកដែលធ្លាប់ធ្វើអាបធ្មប់យ៉ាងណា? សាថានអាចធ្វើឲ្យមនុស្សជឿថាពួកគេបានធ្វើអ្វីមួយ តែតាមពិតពួកគេមិនបានធ្វើសោះ។ តាមការស្រមើស្រមៃ សាថានអាចនាំឲ្យមនុស្សគិតថាពួកគេបានឃើញ ឮ និងធ្វើអ្វីមួយដែលការពិតពួកគេមិនបានធ្វើសោះ។ តាមរបៀបនេះ សាថានសង្ឃឹមថាវាអាចធ្វើឲ្យមនុស្សវង្វេងចេញពីព្រះយេហូវ៉ា ហើយនាំឲ្យពួកគេគិតថាសេចក្ដីបង្រៀនក្នុងគម្ពីរគឺខុស។
១៣. (ក) តើវេទមន្តដែលការពារគឺជាវេទមន្តល្អឬ? (ខ) តើគម្ពីរចែងយ៉ាងណាអំពីវេទមន្ត?
១៣ ការកុហកទី៣ដែលសាថានលើកស្ទួយគឺ: វេទមន្តដែលការពារ គឺជាវេទមន្តល្អ។ គម្ពីរមិនបានបែងចែកវេទមន្តទេ ទោះជាវេទមន្តដែលការពារឬវេទមន្តដែលធ្វើអាក្រក់ក្ដី។ គម្ពីរផ្ដន្ទាទោសចំពោះវេទមន្តគ្រប់ប្រភេទ។ សូមពិចារណាច្បាប់ដែលព្រះយេហូវ៉ាបានឲ្យប្រជាជាតិអ៊ីស្រាអែលស្ដីអំពីវេទមន្តនិងអ្នកដែលធ្វើវេទមន្ត:
-
«អ្នករាល់គ្នាមិនត្រូវរកមើលប្រផ្នូលឬធ្វើវេទមន្តឡើយ»។—លេវីវិន័យ ១៩:២៦ ព.ថ
-
«មនុស្សប្រុសឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសំឡាប់ចោលជាកុំខាន»។—លេវីវិន័យ ២០:២៧
-
«នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ . . . [ដែលធ្វើជា]គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូសន្ធាប់ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ»។—ចោទិយកថា ១៨:១០-១៤
១៤. ហេតុអ្វីព្រះយេហូវ៉ាបង្កើតច្បាប់ស្ដីអំពីវេទមន្ត?
១៤ ច្បាប់ទាំងនេះបង្ហាញយ៉ាងច្បាស់ថាព្រះមិនចង់ឲ្យរាស្ត្ររបស់លោកធ្វើវេទមន្តទេ។ ព្រះយេហូវ៉ាបានផ្ដល់ច្បាប់ទាំងនេះដោយសារលោកស្រឡាញ់រាស្ត្ររបស់លោក ហើយលោកមិនចង់ឲ្យពួកគេរស់នៅក្នុងភាពភ័យខ្លាច និងជឿទៅលើអបិយជំនឿឡើយ។ លោកក៏មិនចង់ឲ្យពួកគេស្ថិតនៅក្រោមការជិះជាន់របស់ពួកវិញ្ញាណកំណាចដែរ។
១៥. តើតាមរបៀបណាគម្ពីរបង្ហាញថាព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងជាងសាថាន?
១៥ ទោះជាគម្ពីរមិនបានរៀបរាប់យ៉ាងល្អិតល្អន់អំពីអ្វីដែលពួកវិញ្ញាណកំណាចអាចធ្វើឬមិនអាចធ្វើក្ដី តែគម្ពីរបង្ហាញថាព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងជាងសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ តាមបង្គាប់ព្រះយេហូវ៉ា សាថានបានត្រូវបោះទម្លាក់ពីស្ថានសួគ៌។ (ការបើកបង្ហាញ ១២:៩) ម្យ៉ាងទៀត សាថានបានសុំការអនុញ្ញាតពីព្រះយេហូវ៉ាដើម្បីល្បងលយ៉ូប ហើយវាក៏បានធ្វើតាមបង្គាប់ព្រះដោយមិនបានសម្លាប់យ៉ូបដែរ។—យ៉ូប ២:៤-៦
១៦. តើយើងគួរពឹងលើអ្នកណាដើម្បីទទួលការការពារ?
១៦ សុភាសិត ១៨:១០ចែងថា៖«ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។ ដូច្នេះយើងគួរពឹងលើព្រះយេហូវ៉ាដើម្បីទទួលការការពារ។ អ្នកបម្រើរបស់ព្រះមិនពឹងលើវត្ថុស័ក្ដិសិទ្ធិឬថ្នាំដើម្បីការពារខ្លួនពីការវាយប្រហាររបស់សាថាននិងពួកវិញ្ញាណកំណាចទេ ហើយពួកគេក៏មិនខ្លាចអំណាចរបស់ពួកអាបធ្មប់ដែរ។ អ្នកបម្រើរបស់ព្រះជឿអ្វីដែលគម្ពីរចែង ដែលថា៖«ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។—របាក្សត្រទី២ ១៦:៩
១៧. តើយ៉ាកុប ៤:៧ មានការធានាអ្វី តែតើយើងត្រូវធ្វើអ្វី?
១៧ អ្នកក៏អាចមានទំនុកចិត្តដូចនេះដែរ បើអ្នកបម្រើព្រះយេហូវ៉ា។ យ៉ាកុប ៤:៧ចែងថា៖«ចូរចុះចូលនឹងព្រះ តែចូរតស៊ូនឹងមេកំណាច រួចវានឹងរត់ចេញពីអ្នករាល់គ្នា»។ បើអ្នកបម្រើព្រះពិតតែមួយគឺព្រះយេហូវ៉ា និងចុះចូលចំពោះលោក អ្នកអាចប្រាកដថាលោកនឹងការពារអ្នក។