គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ខ្ញុំធ្លាប់ជាមនុស្សអាក្រក់ខ្លាំងណាស់
ឆ្នាំកំណើត: ១៩៥២
ប្រទេសកំណើត: សហរដ្ឋអាម៉េរិក
ប្រវត្តិ: ជាមនុស្សឆាប់ផ្ទុះកំហឹង
អតីតកាលរបស់ខ្ញុំ:
ខ្ញុំធំឡើងក្នុងក្រុងឡូស អេនជីឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ សង្កាត់ដែលខ្ញុំរស់នៅពោរពេញដោយក្មេងទំនើង និងការសេពគ្រឿងញៀន។ ឪពុកម្ដាយខ្ញុំមានកូន៦នាក់ ខ្ញុំជាកូនទី២។
ក្រុមគ្រួសារយើងគឺជាសមាជិកនៃវិហារផ្សាយដំណឹងល្អ។ ក្នុងវ័យជំទង់ ខ្ញុំប្រើជីវិតបែបមានមុខពីរ។ រាល់ថ្ងៃអាទិត្យខ្ញុំច្រៀងជាមួយក្រុមភ្លេងរបស់វិហារ ហើយថ្ងៃផ្សេងទៀតខ្ញុំជប់លៀងសប្បាយ ប្រើគ្រឿងញៀន និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
ខ្ញុំជាមនុស្សឆាប់ផ្ទុះកំហឹង។ បើខ្ញុំខឹង ខ្ញុំនឹងប្រើវត្ថុណាក៏ដោយដែលនៅជិតខ្លួនធ្វើជាអាវុធដើម្បីវាយគេ។ អ្វីដែលខ្ញុំរៀននៅឯវិហារមិនបានជួយខ្ញុំសោះ។ ខ្ញុំចូលចិត្តនិយាយថា៖«ការសងសឹងជារបស់ព្រះជាម្ចាស់ ហើយខ្ញុំជាឧបករណ៍ដែលលោកប្រើ!»។ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ កាលដែលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំទទួលឥទ្ធិពលពីគណបក្សនយោបាយមួយឈ្មោះប្លេក ផានធើ (Black Panthers) ជាក្រុមដែលតស៊ូដើម្បីសិទ្ធិពលរដ្ឋ។ ខ្ញុំបានចូលរួមជាមួយនឹងចលនានិស្សិតដើម្បីសិទ្ធិពលរដ្ឋ។ រាល់ដងដែលយើងតវ៉ា សាលាតែងតែត្រូវបិទទ្វារបណ្ដោះអាសន្ន។
ទោះជាខ្ញុំធ្វើការតវ៉ាបែបនេះក្ដី មើលទៅកំហឹងខ្ញុំនៅតែមិនបាត់ឡើយ។ ហេតុនេះ ខ្ញុំចាប់ផ្ដើមចូលរួមវាយធ្វើបាបអ្នកឯទៀតដោយសារតែចិត្តស្អប់ដែលខ្ញុំមានយូរហើយ។ ជាឧទាហរណ៍ ថ្ងៃមួយខ្ញុំនិងមិត្តភក្តិបានទៅមើលកុនអំពីទាសករជនជាតិអាហ្វ្រិកដែលរងទុក្ខវេទនានៅសហរដ្ឋអាម៉េរិក។ ពេលឃើញភាពអយុត្តិធម៌ដូចនោះ យើងខឹងខ្លាំងណាស់ ដូច្នេះយើងបានវាយពួកយុវជនស្បែកសនៅក្នុងរោងកុនតែម្ដង។ រួចមក យើងបានទៅម្ដុំដែលពួកស្បែកសរស់នៅដើម្បីរករឿងវាយពួកគេ។
ពេលនោះខ្ញុំនៅវ័យជំទង់ ហើយខ្ញុំនិងបងប្រុសរួមទាំងប្អូនប្រុសបានធ្វើអំពើហិង្សាធ្ងន់ធ្ងរជាច្រើន។ ជាញឹកញយ យើងត្រូវប៉ូលិសហៅសួរនាំ។ ប្អូនប្រុសខ្ញុំម្នាក់ជាសមាជិកក្រុមចោរ ហើយខ្ញុំក៏បានចូលរួមជាមួយនឹងពួកគេដែរ។ នេះធ្វើឲ្យខ្ញុំទៅជាមនុស្សអាក្រក់ខ្លាំងណាស់។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ឪពុកម្ដាយរបស់មិត្តភក្តិខ្ញុំម្នាក់ជាសាក្សីព្រះយេហូវ៉ា។ ពួកគាត់បានអញ្ជើញខ្ញុំឲ្យទៅកិច្ចប្រជុំរបស់ពួកគាត់ ហើយខ្ញុំក៏ទៅ។ នៅទីនោះ ខ្ញុំឃើញសាក្សីព្រះយេហូវ៉ាខុសប្លែកពីក្រុមមនុស្សឯទៀត។ ពួកគេម្នាក់ៗមានគម្ពីរ ហើយបើកផ្ទៀងតាមក្នុងអំឡុងកិច្ចប្រជុំ។ សូម្បីតែមនុស្សវ័យក្មេងក៏ថ្លែងសុន្ទរកថាដែរ! ខ្ញុំរំភើបចិត្តណាស់ពេលដឹងថានាមរបស់ព្រះគឺយេហូវ៉ា ហើយខ្ញុំឮនាមនេះជាញឹកញាប់ក្នុងកិច្ចប្រជុំ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) នៅសាលប្រជុំមានជនជាតិផ្សេងៗជាច្រើន តែអ្វីដែលអស្ចារ្យគឺគ្មានការរើសអើងពណ៌សម្បុរឬពូជសាសន៍ទាល់តែសោះ។
ដំបូងខ្ញុំមិនចង់រៀនគម្ពីរជាមួយសាក្សីទេ តែខ្ញុំចូលចិត្តទៅកិច្ចប្រជុំ។ នៅយប់មួយ ពេលដែលខ្ញុំកំពុងចូលរួមកិច្ចប្រជុំ មិត្តភក្តិខ្ញុំមួយក្រុមបានទៅកន្លែងប្រគំតន្ត្រីមួយ ហើយពួកគេបានយកអាវស្បែករបស់ក្មេងជំទង់ម្នាក់ ព្រមទាំងបានវាយគាត់រហូតដល់ស្លាប់។ នៅថ្ងៃបន្ទាប់ ពួកគេនិយាយអួតគ្នាអំពីរឿងនោះ។ សូម្បីតែពេលទៅតុលាការ ពួកគេនៅតែសើចធ្វើព្រងើយ។ ពួកគេភាគច្រើនបានត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិត។ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំមិននៅជាមួយពួកគេក្នុងយប់នោះ។ ម្ល៉ោះហើយ ខ្ញុំបានសម្រេចចិត្តកែប្រែជីវិត ហើយចាប់ផ្ដើមរៀនគម្ពីរ។
ខ្ញុំតែងតែឃើញការប្រកាន់ពូជសាសន៍ ប៉ុន្តែអ្វីដែលខ្ញុំឃើញក្នុងចំណោមសាក្សីព្រះយេហូវ៉ាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាឧទាហរណ៍ ពេលសាក្សីស្បែកសទៅប្រទេសក្រៅ គាត់ឲ្យក្រុមគ្រួសារស្បែកខ្មៅជួយមើលថែកូនរបស់គាត់។ មានក្រុមគ្រួសារស្បែកសមួយផ្សេងទៀតបានផ្ដល់កន្លែងស្នាក់នៅដល់ប្អូនប្រុសជំទង់ស្បែកខ្មៅម្នាក់។ នេះធ្វើឲ្យខ្ញុំជឿជាក់ថាសាក្សីព្រះយេហូវ៉ាពិតជាធ្វើតាមប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ១៣:៣៥ ថា៖«យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ ខ្ញុំដឹងច្បាស់ថា ខ្ញុំបានជួបក្រុមមនុស្សដែលស្រឡាញ់គ្នាពិតប្រាកដ។
ចាប់ពីពេលរៀនគម្ពីរ ខ្ញុំទទួលស្គាល់ថាខ្ញុំត្រូវកែប្រែចិត្តគំនិតខ្ញុំទាំងស្រុង ព្រោះគ្រាន់តែនិយាយថាស្រឡាញ់សន្តិភាពប៉ុណ្ណោះមិនគ្រប់គ្រាន់ទេ តែខ្ញុំត្រូវមានរបៀបរស់នៅដែលបង្ហាញថាខ្ញុំស្រឡាញ់សន្តិភាព។ (រ៉ូម ១២:២) បន្តិចម្ដងៗ ខ្ញុំកាន់តែមានជំនឿ។ ក្រោយមកនៅខែមករា ឆ្នាំ១៩៧៤ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ខ្ញុំត្រូវកែប្រែចិត្តគំនិតខ្ញុំទាំងស្រុង ព្រោះគ្រាន់តែនិយាយថាស្រឡាញ់សន្តិភាពប៉ុណ្ណោះមិនគ្រប់គ្រាន់ទេ តែខ្ញុំត្រូវមានរបៀបរស់នៅដែលបង្ហាញថាខ្ញុំស្រឡាញ់សន្តិភាព
ទោះជាខ្ញុំជ្រមុជទឹកហើយក្ដី ខ្ញុំនៅតែត្រូវទប់កំហឹងរបស់ខ្ញុំ។ ជាឧទាហរណ៍ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ខ្ញុំបានដេញតាមចោរម្នាក់ដែលលួចវិទ្យុពីក្នុងឡានរបស់ខ្ញុំ។ ពេលដែលឃើញខ្ញុំដេញជិតទាន់ ចោរនោះក៏ទម្លាក់វិទ្យុចោលរត់បាត់ទៅ។ នៅពេលខ្ញុំរៀបរាប់ហេតុការណ៍នោះប្រាប់បងប្អូនឯទៀត អ្នកចាស់ទុំម្នាក់ដែលនៅទីនោះដែរបានសួរខ្ញុំថា៖«ស្ទីវើន បើប្អូនចាប់គាត់បាន តើប្អូននឹងធ្វើអ្វី?»។ សំណួរនោះបាននាំឲ្យខ្ញុំពិចារណាខ្លួនឯងថា ខ្ញុំត្រូវព្យាយាមបង្កើតឲ្យមានសន្តិភាព។
នៅខែតុលា ឆ្នាំ១៩៧៤ ខ្ញុំចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេល ដោយចំណាយពេល១០០ម៉ោងរាល់ខែដើម្បីបង្រៀនគម្ពីរដល់អ្នកឯទៀត។ ក្រោយមក ខ្ញុំមានឯកសិទ្ធិធ្វើកិច្ចការស្ម័គ្រចិត្តនៅមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ា នៅក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រឡប់ទៅក្រុងឡូស អេនជីឡេសវិញ ដើម្បីមើលថែរក្សាម្ដាយឈឺ។ ពីរឆ្នាំក្រោយមកខ្ញុំបានរៀបការជាមួយអារ៉ាន់ឌឺជាប្រពន្ធជាទីស្រឡាញ់។ នាងបានជួយមើលថែម្ដាយខ្ញុំរហូតដល់គាត់ស្លាប់។ ក្រោយមក ខ្ញុំនិងប្រពន្ធបានចូលរួមសាលាគម្ពីរគីលាតនៃសមាគមប៉មយាម ហើយយើងបានត្រូវចាត់ឲ្យទៅប្រទេសប៉ាណាម៉ាជាសាសនទូត។
ចាប់តាំងពីជ្រមុជទឹក ខ្ញុំបានជួបនូវស្ថានភាពមួយចំនួនដែលអាចធ្វើឲ្យខ្ញុំផ្ទុះកំហឹង។ ប៉ុន្តែ ខ្ញុំបានព្យាយាមរក្សាចិត្តស្ងប់ ឬដើរចេញពីមនុស្សដែលខំបង្កហេតុ។ ប្រពន្ធខ្ញុំនិងអ្នកផ្សេងទៀតសរសើរខ្ញុំដែលបានអត់ធ្មត់ចំពោះស្ថានភាពទាំងនោះ។ ខ្ញុំមិនដែលគិតថាខ្ញុំអាចធ្វើបានទេ! នេះមិនមែនមកពីសមត្ថភាពរបស់ខ្ញុំឡើយ ផ្ទុយទៅវិញខ្ញុំជឿជាក់ថា គឺគម្ពីរមានឫទ្ធានុភាពកែប្រែជីវិតខ្ញុំ។—ហេប្រឺ ៤:១២
ផលប្រយោជន៍ដែលខ្ញុំទទួល:
គម្ពីរជួយខ្ញុំឲ្យយល់អំពីគោលបំណងនៃជីវិត និងបង្រៀនខ្ញុំឲ្យទៅជាអ្នកបង្កើតសន្តិភាព។ ខ្ញុំឈប់វាយមនុស្សទៀតហើយ តែខ្ញុំជួយពួកគេឲ្យស្គាល់ព្រះពិត។ ខ្ញុំថែមទាំងបានបង្រៀនគម្ពីរដល់អ្នកដែលធ្លាប់ជាសត្រូវខ្ញុំនៅវិទ្យាល័យទៀតផង។ ក្រោយពីគាត់បានទទួលការជ្រមុជទឹក គាត់បានមករស់នៅជាមួយខ្ញុំអស់មួយរយៈ។ រហូតមកដល់ពេលនេះ យើងជាមិត្តភក្តិជិតស្និទ្ធ។ ឥឡូវ ខ្ញុំនិងប្រពន្ធកំពុងបង្រៀនគម្ពីរដល់មនុស្សជាង៨០នាក់ឲ្យទៅជាសាក្សីព្រះយេហូវ៉ា។
ខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាដែលជួយខ្ញុំឲ្យដឹងពីអត្ថន័យនៃជីវិត ថែមទាំងជួយខ្ញុំឲ្យមានសុភមង្គលក្នុងចំណោមបងប្អូនរួមជំនឿដែលស្រឡាញ់គ្នាយ៉ាងពិតប្រាកដ។