គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
តើតាមរបៀបណាយុវតីម្នាក់ដែលមានប្រវត្តិជូរចត់ខ្លោចផ្សាបានរកឃើញជីវិតដែលមានន័យខ្លឹមសារ? តើអ្វីបានជំរុញចិត្តបុរសម្នាក់ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល ឲ្យក្លាយជាអ្នកផ្សាយដំណឹងល្អដែលស្រឡាញ់សន្តិភាព? សូមស្វែងរកចម្លើយក្នុងប្រវត្តិរបស់ពួកគាត់។
«ខ្ញុំប្រាថ្នាចង់បានសេចក្ដីស្រឡាញ់និងភាពកក់ក្ដៅ»។—រៀបរាប់ដោយបងអ៊ីនណា ឡេសនីណា
ឆ្នាំកំណើត: ១៩៨១
ប្រទេសកំណើត: រុស្ស៊ី
ប្រវត្តិ: មានជីវិតជូរចត់និងខ្លោចផ្សាពេលនៅក្មេង
អតីតកាលរបស់ខ្ញុំ: ដូចឪពុកម្ដាយខ្ញុំដែរ ខ្ញុំថ្លង់តាំងពីកំណើត។ ខ្ញុំមានជីវិតល្អរហូតដល់ខ្ញុំអាយុ៦ឆ្នាំ។ បន្ទាប់ពីនោះ ឪពុកម្ដាយខ្ញុំបានលែងលះគ្នា។ ទោះជាខ្ញុំនៅក្មេងក្ដី ខ្ញុំយល់ថាការលែងលះគ្នាគឺនាំឲ្យមានលទ្ធផលយ៉ាងណា ហើយនោះធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ក្រោយពីលែងលះគ្នា ឪពុកនិងបងប្រុសខ្ញុំបន្តរស់នៅក្រុងត្រយសិក តែម្ដាយបាននាំខ្ញុំទៅរស់នៅក្រុងឆេលយ៉ាបិន។ រួចមក ម្ដាយខ្ញុំបានរៀបការម្ដងទៀត។ ឪពុកចុងខ្ញុំជាមនុស្សញៀនស្រា ដូច្នេះគាត់ឧស្សាហ៍វាយម្ដាយនិងខ្ញុំណាស់។
នៅឆ្នាំ១៩៩៣ បងប្រុសជាទីស្រឡាញ់របស់ខ្ញុំបានលង់ទឹកស្លាប់។ នេះជាសោកនាដកម្មដ៏ធំមួយសម្រាប់គ្រួសារយើង។ ម្ដាយខ្ញុំចាប់ផ្ដើមផឹកស្រាបំភ្លេចទុក្ខ ហើយគាត់បានវាយធ្វើបាបខ្ញុំដូចឪពុកចុងដែរ។ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមស្វែងរកជីវិតដែលប្រសើរជាង។ ខ្ញុំប្រាថ្នាចង់បានសេចក្ដីស្រឡាញ់និងភាពកក់ក្ដៅ។ ម្ល៉ោះហើយ ខ្ញុំបានទៅវិហារផ្សេងៗជាច្រើនដោយសង្ឃឹមថានឹងទទួលបានការសម្រាលទុក្ខ តែគ្មានសោះ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: ពេលខ្ញុំអាយុ១៣ឆ្នាំ មិត្តរួមថ្នាក់ម្នាក់ដែលជាសាក្សីព្រះយេហូវ៉ាបានប្រាប់រឿងខ្លះពីគម្ពីរដល់ខ្ញុំ។ ខ្ញុំចូលចិត្តរៀនអំពីណូអេនិងយ៉ូបដែលជាអ្នកបម្រើព្រះ ពួកគាត់ក៏បានជួបស្ថានភាពពិបាកផ្សេងៗដែរ។ មិនយូរក្រោយពីខ្ញុំសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ខ្ញុំក៏ទៅចូលរួមកិច្ចប្រជុំរបស់ពួកគេ។
ការសិក្សាគម្ពីរបានជួយខ្ញុំឲ្យស្គាល់សេចក្ដីពិតដ៏អស្ចារ្យជាច្រើន។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពេលដឹងថាព្រះមាននាម។ (ចម្រៀងសរសើរព្រះ ៨៣:១៨) ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលឃើញថាអ្វីដែលគម្ពីរបានទាយទុក ពិតជាបានកើតឡើងមែនក្នុងអំឡុង«គ្រាចុងក្រោយបង្អស់»នេះ។ (ធីម៉ូថេទី២ ៣:១-៥) ម្យ៉ាងទៀត ខ្ញុំរំភើបចិត្តពន់ពេក ពេលដឹងអំពីសេចក្ដីសង្ឃឹមថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ខ្ញុំមិននឹកស្មានសោះថា ខ្ញុំនឹងជួបបងប្រុសខ្ញុំម្ដងទៀត!—យ៉ូហាន ៥:២៨, ២៩
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្តនឹងអ្វីដែលខ្ញុំរៀនទេ។ ម្ដាយនិងឪពុកចុងខ្ញុំស្អប់សាក្សីព្រះយេហូវ៉ាខ្លាំងណាស់។ ពួកគាត់ព្យាយាមដាក់សម្ពាធឲ្យខ្ញុំឈប់រៀនគម្ពីរ។ ប៉ុន្តែ ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំកំពុងរៀន ដូច្នេះខ្ញុំបានតាំងចិត្តមិនឈប់រៀនគម្ពីរជាដាច់ខាត។
មិនមែនជារឿងងាយស្រួលទេឲ្យខ្ញុំស៊ូទ្រាំនឹងការប្រឆាំងពីក្រុមគ្រួសារ។ មានរឿងខ្លោចផ្សាមួយទៀតកើតឡើង គឺប្អូនប្រុសរបស់ខ្ញុំដែលធ្លាប់ចូលរួមកិច្ចប្រជុំសាក្សីព្រះយេហូវ៉ាជាមួយខ្ញុំ បានលង់ទឹកស្លាប់។ ក៏ប៉ុន្តែ សាក្សីព្រះយេហូវ៉ាតែងតែនៅក្បែរខ្ញុំជានិច្ច។ ពួកគាត់បានផ្ដល់សេចក្ដីស្រឡាញ់និងភាពកក់ក្ដៅ ដែលក្នុងមួយជីវិតនេះខ្ញុំប្រាថ្នាចង់បានយ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថានេះជាសាសនាពិត។ នៅឆ្នាំ១៩៩៦ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ផលប្រយោជន៍ដែលខ្ញុំបានទទួល: អស់៦ឆ្នាំហើយដែលខ្ញុំបានរៀបការជាមួយនឹងបុរសដ៏ល្អម្នាក់ឈ្មោះឌីមិទ្រី។ យើងទាំងពីរនាក់បម្រើនៅការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ានៅសាំងប៉េតេសបួរ។ បន្តិចម្ដងៗ ឪពុកម្ដាយខ្ញុំចាប់ផ្ដើមទទួលស្គាល់ជំនឿរបស់ខ្ញុំ។
ខ្ញុំមានអំណរគុណចំពោះព្រះយេហូវ៉ាខ្លាំងណាស់ ដែលខ្ញុំបានស្គាល់លោក! ការបម្រើលោកធ្វើឲ្យជីវិតខ្ញុំមានន័យខ្លឹមសារ។
«ខ្ញុំមានសំណួរជាច្រើន»។—រៀបរាប់ដោយបង រ៉ាអ៊ូដេល រ៉ូទ្រីហ្គីស រ៉ូទ្រីហ្គីស
ឆ្នាំកំណើត: ១៩៥៩
ប្រទេសកំណើត: គុយបា
ប្រវត្តិ: អ្នកប្រឆាំងរដ្ឋាភិបាល
អតីតកាលរបស់ខ្ញុំ: ខ្ញុំកើតនៅក្រុងឡាហាវ៉ាន ប្រទេសគុយបា ហើយរស់នៅតំបន់ក្រីក្រមួយ។ នៅទីនោះខ្ញុំតែងតែឃើញមនុស្សឈ្លោះប្រកែកគ្នានិងវាយតប់គ្នានៅតាមដងផ្លូវ។ ពេលខ្ញុំធំឡើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនឹងកីឡាយូដូ ព្រមទាំងកីឡាប្រយុទ្ធគ្នាផ្សេងទៀត។
ខ្ញុំជាសិស្សពូកែម្នាក់ ដូច្នេះឪពុកម្ដាយបានលើកទឹកចិត្តខ្ញុំឲ្យទៅរៀននៅសកលវិទ្យាល័យមួយ។ ពេលដែលខ្ញុំរៀននៅទីនោះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ប្រព័ន្ធនយោបាយនៅប្រទេសរបស់ខ្ញុំចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរ។ ដូច្នេះ ខ្ញុំសម្រេចចិត្តប្រឆាំងរដ្ឋាភិបាល។ ខ្ញុំនិងមិត្តរួមថ្នាក់ម្នាក់បានទៅវាយប៉ូលិសម្នាក់ដើម្បីប្លន់យកកាំភ្លើង។ ការប្រយុទ្ធគ្នានេះបានធ្វើឲ្យប៉ូលិសនោះរបួសក្បាលយ៉ាងដំណំ។ ខ្ញុំនិងមិត្តភក្តិបានត្រូវជាប់គុកពីបទវាយអ្នកឯទៀត រួចមកតុលាការបានកាត់ទោសប្រហារជីវិតយើងដោយការបាញ់សម្លាប់។ ពេលនោះខ្ញុំទើបតែមានអាយុ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំជិតត្រូវគេសម្លាប់ហើយ!
ខណៈពេលដែលខ្ញុំឯកោនៅក្នុងគុក ខ្ញុំបានហាត់សមទុកជាមុនថា ខ្ញុំនឹងធ្វើឫកពារយ៉ាងណានៅពេលដែលគេបាញ់សម្លាប់ខ្ញុំ។ ខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់ឃើញថាខ្ញុំភ័យខ្លាចទេ។ ទន្ទឹមនឹងនេះដែរ ខ្ញុំមានសំណួរជាច្រើនដែលខ្ញុំចង់ដឹងចម្លើយ។ ខ្ញុំឆ្ងល់ថា‹ហេតុអ្វីពិភពលោកនេះមានភាពអយុត្តិធម៌ច្រើនម្ល៉េះ? តើជីវិតមនុស្សមានតែប៉ុណ្ណឹងឬ?›។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: យូរៗទៅ ទោសរបស់យើងបានត្រូវបន្ថយពីការប្រហារជីវិតមកនៅត្រឹមជាប់គុក៣០ឆ្នាំ។ ក្នុងអំឡុងពេលដែលខ្ញុំជាប់គុក ខ្ញុំបានជួបសាក្សីព្រះយេហូវ៉ាខ្លះ ពួកគេជាប់គុកដោយសារជំនឿសាសនារបស់ពួកគេ។ ខ្ញុំកោតស្ងើចខ្លាំងណាស់ពេលឃើញភាពក្លាហានរបស់សាក្សីព្រះយេហូវ៉ា តែពួកគេជាមនុស្សស្រឡាញ់សន្តិភាព។ ទោះជាពួកគេជាប់គុកដោយសារជំនឿក្ដី ពួកគេមិនបានខឹងឬតូចចិត្តឡើយ។
សាក្សីព្រះយេហូវ៉ាបានបង្រៀនខ្ញុំថា ព្រះមានគោលបំណងសម្រាប់មនុស្សជាតិ។ ពួកគេបានបង្ហាញខ្ញុំពីគម្ពីរថា ព្រះនឹងកែប្រែផែនដីឲ្យក្លាយជាសួនឧទ្យាន ជាកន្លែងដែលគ្មានឧក្រិដ្ឋកម្មនិងភាពអយុត្តិធម៌ទៀត។ ពួកគេក៏បង្រៀនខ្ញុំដែរថា ផែនដីនឹងពោរពេញដោយមនុស្សល្អ ហើយមនុស្សល្អទាំងនោះនឹងមានឱកាសរស់ជារៀងរហូតក្នុងបរិយាកាសឬស្ថានភាពដ៏ល្អបំផុត។—ចម្រៀងសរសើរព្រះ ៣៧:២៩
ខ្ញុំចូលចិត្តអ្វីដែលខ្ញុំរៀនពីសាក្សី ប៉ុន្តែខ្ញុំពិបាកមានការប្រព្រឹត្តដូចពួកគេ។ ខ្ញុំគិតថាការកាន់ជំហរអព្យាក្រឹតនិងការមិនសងសឹក គឺមិនអាចទៅរួចទេសម្រាប់ខ្ញុំ។ ដូច្នេះ ខ្ញុំសម្រេចចិត្តអានគម្ពីរដោយខ្លួនឯង។ ក្រោយពីខ្ញុំអានគម្ពីរចប់ ខ្ញុំទទួលស្គាល់ថាសាក្សីព្រះយេហូវ៉ាគឺជាក្រុមមនុស្សតែមួយគត់ដែលមានរបៀបរស់នៅដូចគ្រិស្តសាសនិកសម័យដើម។
ការសិក្សាគម្ពីរបានជួយខ្ញុំឲ្យដឹងថា ខ្ញុំត្រូវធ្វើការកែប្រែយ៉ាងធំក្នុងជីវិត។ ជាឧទាហរណ៍ ខ្ញុំមានទម្លាប់ប្រើពាក្យដាក់បណ្ដាសានិងពាក្យស្បថ ដូច្នេះខ្ញុំត្រូវផ្ដាច់ទម្លាប់ទាំងនោះចោល។ ម្យ៉ាងទៀត ខ្ញុំត្រូវផ្ដាច់ទម្លាប់ជក់បារី ហើយឈប់ពាក់ព័ន្ធក្នុងរឿងនយោបាយ។ ការកែប្រែអ្វីទាំងអស់នេះគឺមិនងាយស្រួលទេសម្រាប់ខ្ញុំ តែដោយមានជំនួយពីព្រះយេហូវ៉ា នោះបន្តិចម្ដងៗខ្ញុំអាចផ្ដាច់ទម្លាប់ទាំងនេះបាន។
ការពិបាកកែប្រែបំផុតសម្រាប់ខ្ញុំ គឺការរៀនឲ្យចេះទប់កំហឹង។ ជារៀងរាល់ថ្ងៃ ខ្ញុំនៅតែត្រូវអធិដ្ឋានសុំព្រះជួយខ្ញុំឲ្យចេះទប់កំហឹង។ មានបទគម្ពីរផ្សេងៗបានជួយខ្ញុំច្រើនណាស់ ជាឧទាហរណ៍នៅសុភាសិត ១៦:៣២ ចែងថា៖«មនុស្សដែលមិនរហ័សខឹង នោះប្រសើរជាងមនុស្សខ្លាំងពូកែ ចំណែកឯអ្នកដែលចេះទប់អារម្មណ៍ នោះប្រសើរជាងអ្នកដែលវាយយកបានក្រុងទាំងមូលទៅទៀត»។
នៅឆ្នាំ១៩៩១ កាលដែលខ្ញុំជាប់ក្នុងគុកនៅឡើយ ខ្ញុំបានទទួលការជ្រមុជទឹកនៅក្នុងធុងទឹក។ នៅឆ្នាំបន្ទាប់ ខ្ញុំនិងអ្នកទោសខ្លះបានត្រូវដោះលែង ហើយគេបានបញ្ជូនយើងទៅប្រទេសអេស្ប៉ាញ ដោយសារយើងមានសាច់ញាតិនៅទីនោះ។ ពេលខ្ញុំមកដល់ប្រទេសអេស្ប៉ាញ ខ្ញុំបានទៅចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាភ្លាមៗ ពួកគាត់បានទទួលស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់ដូចជាយើងស្គាល់គ្នារាប់សិបឆ្នាំ។ ពួកគាត់បានជួយខ្ញុំឲ្យចាប់ផ្ដើមជីវិតថ្មីនៅប្រទេសនោះ។
ផលប្រយោជន៍ដែលខ្ញុំបានទទួល: ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលខ្ញុំកំពុងបម្រើព្រះយេហូវ៉ាជាមួយប្រពន្ធនិងកូនស្រី។ ខ្ញុំមានឯកសិទ្ធចំណាយពេលច្រើនបំផុតក្នុងការជួយអ្នកឯទៀតឲ្យរៀនគម្ពីរ។ ជួនកាលខ្ញុំគិតឡើងវិញអំពីអតីតកាល គឺនៅពេលខ្ញុំជាយុវវ័យដែលរង់ចាំថ្ងៃស្លាប់ និងពេលដែលខ្ញុំជួបរឿងល្អៗជាច្រើនក្នុងជីវិត។ ខ្ញុំមិនត្រឹមតែមានជីវិតប៉ុណ្ណោះទេ តែខ្ញុំក៏មានសេចក្ដីសង្ឃឹមដែរ។ ខ្ញុំទន្ទឹងរង់ចាំសួនឧទ្យានដែលព្រះបានសន្យា គឺពេលដែលភាពអយុត្តិធម៌និង«សេចក្ដីស្លាប់នឹងលែងមានទៀត»។—ការបើកបង្ហាញ ២១:៣, ៤
[ឃ្លាអក្សរធំ]
«ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពេលដឹងថាព្រះមាននាម»
[រូបភាព]
ប្ដីខ្ញុំនិងខ្ញុំចូលចិត្តបង្ហាញវីដេអូភាសាសញ្ញាដល់មនុស្សគថ្លង់