លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ឥឡូវខ្ញុំអាចជួយអ្នកឯទៀត

ឥឡូវខ្ញុំអាចជួយអ្នកឯទៀត
  • ឆ្នាំ​កំណើត: ១៩៨១

  • ប្រទេស​កំណើត: ក្វាតេម៉ាឡា

  • ប្រវត្តិ: កុមារភាព​សោកនាដកម្ម

អតីតកាល​របស់​ខ្ញុំ:

ខ្ញុំ​កើត​នៅ​ភូមិ​ដាច់​ស្រយាល​មួយ ឈ្មោះ​អាកល់ ដែល​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំ​ភាគ​ខាង​លិច​នៃ​ប្រទេស​ក្វាតេម៉ាឡា។ ក្រុម​គ្រួសារ​ខ្ញុំ​ជា​ជន​ជាតិ​អាយសិល ដែល​ជា​ជន​ជាតិ​ភាគ​តិច​របស់​ក្រុម​ម៉ាយ៉ា។ ក្រៅ​ពី​ភាសា​អេស្ប៉ាញ ខ្ញុំ​ធំ​ឡើង​ចេះ​និយាយ​ភាសា​ជន​ជាតិ​ភាគ​តិច​របស់​ខ្ញុំ។ ខ្ញុំ​កើត​មក​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ក្វាតេម៉ាឡា​មាន​សង្គ្រាម​ស៊ី​វិល ហើយ​សង្គ្រាម​នោះ​មាន​រយៈ​ពេល​៣៦​ឆ្នាំ។ ពេល​នោះ ជន​ជាតិ​អាយសិល​ជា​ច្រើន​បាន​ស្លាប់។

ពេល​ខ្ញុំ​អាយុ​បួន​ឆ្នាំ បង​ប្រុស​ខ្ញុំ​មាន​អាយុ​ប្រាំ​ពីរ​ឆ្នាំ​កំពុង​តែ​លេង​ជា​មួយ​នឹង​គ្រាប់​បែក​ម្យ៉ាង។ ប៉ុន្តែ គ្រាប់​បែក​នោះ​បាន​ផ្ទុះ​ដោយ​ចៃដន្យ។ ជា​លទ្ធផល ខ្ញុំ​ទៅ​ជា​ងងឹត​ភ្នែក ហើយ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​បង​ប្រុស​ខ្ញុំ​បាន​ស្លាប់។ ក្រោយ​មក ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​វិទ្យាស្ថាន​មួយ​សម្រាប់​កុមារ​ពិការ​ភ្នែក​នៅ​ទី​ក្រុង​ក្វាតេម៉ាឡា ជា​កន្លែង​ដែល​ខ្ញុំ​រៀន​អក្សរ​សម្រាប់​មនុស្ស​ងងឹត​ភ្នែក។ នៅ​ទី​នោះ ខ្ញុំ​មិន​យល់​មូលហេតុ​ទេ ដែល​បុគ្គលិក​បាន​ហាម​មិន​ឲ្យ​ខ្ញុំ​និយាយ​លេង​ជា​មួយ​កូន​ក្មេង​ឯ​ទៀត ហើយ​សិស្ស​រួម​ថ្នាក់​ក៏​មិន​រាប់​អាន​ខ្ញុំ​ដែរ។ ខ្ញុំ​តែង​តែ​ឯកោ តែ​ពីរ​ខែ​ក្នុង​មួយ​ឆ្នាំ ខ្ញុំ​អាច​ទៅ​នៅ​ជា​មួយ​ម្ដាយ​ខ្ញុំ ដែល​តែង​តែ​សប្បុរស​និង​មាន​ចិត្ត​អាណិត​អាសូរ។ ខ្ញុំ​រង់​ចាំ​ពេល​នោះ​ខ្លាំង​ណាស់។ តែ​គួរ​ឲ្យ​សោក​ស្ដាយ គាត់​ស្លាប់​ពេល​ខ្ញុំ​អាយុ​ដប់​ឆ្នាំ។ ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​ខ្ញុំ​បាត់​បង់​មនុស្ស​តែ​ម្នាក់​ក្នុង​ពិភព​លោក​ដែល​ស្រឡាញ់​ខ្ញុំ។

ពេល​ខ្ញុំ​អាយុ​១១​ឆ្នាំ ខ្ញុំ​ទៅ​ស្រុក​កំណើត​វិញ ហើយ​រស់​នៅ​ជា​មួយ​បង​ប្រុស​ខ្ញុំ​និង​ក្រុម​គ្រួសារ​គាត់។ ពួក​គាត់​បាន​ជួយ​ចិញ្ចឹម​ខ្ញុំ តែ​គ្មាន​អ្នក​ណា​អាច​ជួយ​ខ្ញុំ​ខាង​ផ្លូវ​ចិត្ត​ទេ។ ជួន​កាល​ខ្ញុំ​ស្រែក​យំ​ទៅ​ព្រះ​ថា​៖​«​ហេតុ​អី​ម៉ាក់​ខ្ញុំ​ស្លាប់? ហេតុ​អី​ខ្ញុំ​ត្រូវ​ងងឹត​ភ្នែក?​»។ មនុស្ស​ផ្សេង​ៗ​ប្រាប់​ខ្ញុំ​ថា​សោកនាដកម្ម​ទាំង​នោះ​គឺ​ជា​បំណង​របស់​ព្រះ។ ដូច្នេះ ខ្ញុំ​សន្និដ្ឋាន​ថា​ព្រះ​គ្មាន​មេត្តា​និង​អយុត្តិធម៌។ មូលហេតុ​តែ​មួយ​គត់​ដែល​ខ្ញុំ​មិន​ធ្វើ​អត្តឃាត​គឺ​ដោយ​សារ​ខ្ញុំ​គ្មាន​មធ្យោបាយ​ធ្វើ​ដូច្នេះ។

ដោយ​សារ​ខ្ញុំ​ងងឹត​ភ្នែក ខ្ញុំ​មិន​អាច​ការ​ពារ​ខ្លួន​ឡើយ។ ពេល​នៅ​ក្មេង គេ​បាន​រំលោភ​ខ្ញុំ​ពីរ​បី​ដង។ ខ្ញុំ​មិន​ដែល​រាយ​ការណ៍​អំពី​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ទេ ព្រោះ​ខ្ញុំ​បាន​គិត​ថា​គ្មាន​អ្នក​ណា​ម្នាក់​ខ្វល់​អំពី​ខ្ញុំ​ឡើយ។ មនុស្ស​កម្រ​មក​និយាយ​ជា​មួយ​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​ក៏​មិន​និយាយ​ជា​មួយ​អ្នក​ណា​ដែរ។ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ធ្លាក់​ទឹក​ចិត្ត ហើយ​ខ្ញុំ​មិន​ទុក​ចិត្ត​នរណា​ម្នាក់​ឡើយ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត:

ពេល​ខ្ញុំ​អាយុ​១៣​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​ដែល​ជា​ប្ដី​ប្រពន្ធ​បាន​ជួប​ខ្ញុំ​ក្នុង​អំឡុង​ពេល​សម្រាក​នៅ​ឯ​សាលា​រៀន។ អ្នក​គ្រូ​ម្នាក់​នៅ​សាលា​អាណិត​ខ្ញុំ ហើយ​បាន​សុំ​ឲ្យ​ពួក​គេ​មក​ជួប​ខ្ញុំ។ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ដែល​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​នៅ​ថ្ងៃ​មួយ មនុស្ស​ងងឹត​ភ្នែក​នឹង​អាច​មើល​ឃើញ​ម្ដង​ទៀត។ (​អេសាយ ៣៥:៥; យ៉ូហាន ៥:២៨, ២៩​) ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ពួក​គេ​បង្រៀន​ខ្ញុំ តែ​ដោយ​សារ​ខ្ញុំ​មិន​ធ្លាប់​និយាយ​ច្រើន ខ្ញុំ​ពិបាក​និយាយ​ជា​មួយ​ពួក​គាត់​ណាស់។ ក៏​ប៉ុន្តែ ទោះ​ជា​ខ្ញុំ​អៀន​ខ្មាស​ខ្លាំង​ក៏​ដោយ ពួក​គេ​បង្ហាញ​ចិត្ត​សប្បុរស​និង​ចិត្ត​អត់​ធ្មត់​ដោយ​បន្ត​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។ ប្ដី​ប្រពន្ធ​នេះ​បាន​ដើរ​ឆ្លង​កាត់​ភ្នំ​ដប់​គីឡូ​ម៉ែត្រ ទើប​ដល់​ភូមិ​ខ្ញុំ។

បង​ប្រុស​ខ្ញុំ​បាន​ពណ៌នា​ពួក​គេ​ឲ្យ​ខ្ញុំ​ដឹង​ថា ពួក​គេ​ស្លៀក​ពាក់​ស្អាត តែ​មិន​សូវ​មាន​លុយ​ច្រើន​ទេ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​រហូត ហើយ​យក​អំណោយ​តូច​ៗ​មក​ឲ្យ​ខ្ញុំ។ ខ្ញុំ​គិត​ថា មាន​តែ​គ្រិស្ត​សាសនិក​ពិត​ទេ​ដែល​នឹង​លះ​បង់​ប្រយោជន៍​បែប​នេះ។

ខ្ញុំ​រៀន​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ដែល​មាន​អក្សរ​សម្រាប់​មនុស្ស​ងងឹត​ភ្នែក។ ខ្ញុំ​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន តែ​ចិត្ត​ខ្ញុំ​ពិបាក​ទទួល​យក​អ្វី​ទាំង​នោះ។ ជា​ឧទាហរណ៍ ខ្ញុំ​ពិបាក​ជឿ​ថា​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​នឹង​ខ្ញុំ ហើយ​ថា​អ្នក​ឯ​ទៀត​នឹង​មាន​អារម្មណ៍​ដូច​នោះ​ចំពោះ​ខ្ញុំ​ដែរ។ ខ្ញុំ​យល់​ពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​ទុច្ចរិត​ជា​បណ្ដោះ​អាសន្ន តែ​ខ្ញុំ​ពិបាក​ចាត់​ទុក​លោក​ថា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ *

បន្តិច​ម្ដង​ៗ អ្វី​ដែល​ខ្ញុំ​រៀន​ពី​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ខ្ញុំ។ ជា​ឧទាហរណ៍ ខ្ញុំ​រៀន​ថា​ព្រះ​ពិត​ជា​អាណិត​អាសូរ​អស់​អ្នក​ដែល​រង​ទុក្ខ​ណាស់។ ព្រះ​បាន​មាន​ប្រសាសន៍​អំពី​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​គេ​កំពុង​ធ្វើ​បាប​ថា​៖​«​អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ដ្រ​អញ...អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​»។ (​និក្ខមនំ ៣:៧​) ពេល​ខ្ញុំ​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ចំពោះ​គុណ​សម្បត្តិ​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ប្រគល់​ជីវិត​ខ្ញុំ​ជូន​លោក។ ដូច្នេះ នៅ​ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ជា​មួយ​បង​ប្រុស​ដែល​បាន​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​គាត់​និង​ក្រុម​គ្រួសារ

ប្រហែល​មួយ​ឆ្នាំ​ក្រោយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​ចូល​រួម​វគ្គ​សិក្សា​មួយ​សម្រាប់​អ្នក​ងងឹត​ភ្នែក​នៅ​ជិត​ទី​ក្រុង​អេស្កិនថ្លា។ អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ក្រុង​នោះ​បាន​ដឹង​អំពី​ការ​ពិបាក​ដែល​ខ្ញុំ​មាន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កាល​ដែល​ខ្ញុំ​រស់​នៅ​ភូមិ​ខ្ញុំ។ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ ខ្ញុំ​ត្រូវ​ដើរ​ឆ្លង​កាត់​ភ្នំ​ដូច​ប្ដី​ប្រពន្ធ​ដែល​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ ហើយ​នេះ​ពិត​ជា​ពិបាក​ណាស់។ ដើម្បី​ជួយ​ខ្ញុំ អ្នក​ចាស់​ទុំ​នោះ​រក​ឃើញ​ក្រុម​គ្រួសារ​មួយ​ពី​ក្រុង​អេស្កិនថ្លា​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ផង​ដែរ។ មក​ដល់​សព្វ​ថ្ងៃ​នេះ ពួក​គេ​មើល​ថែ​ខ្ញុំ​ដូច​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែរ។

ខ្ញុំ​អាច​ប្រាប់​បទ​ពិសោធន៍​ជា​ច្រើន​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​បង្ហាញ​ចំពោះ​ខ្ញុំ។ បទ​ពិសោធន៍​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​ជា​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​ចំណោម​គ្រិស្ត​សាសនិក​ពិត​មែន។—យ៉ូហាន ១៣:៣៤, ៣៥

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល:

ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ ហើយ​ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្មាន​តម្លៃ​និង​អស់​សង្ឃឹម​ទៀត​ហើយ។ ការ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ពី​គម្ពីរ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពិការ​ភាព​របស់​ខ្លួន។ បន្ថែម​ទៅ​ទៀត ខ្ញុំ​មាន​ឯក​សិទ្ធ​បម្រើ​ជា​អ្នក​ចាស់​ទុំ ហើយ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ក្នុង​ក្រុម​ជំនុំ​ផ្សេង​ៗ។ ខ្ញុំ​ក៏​មាន​ឯក​សិទ្ធ​ថ្លែង​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​នៅ​មហា​សន្និបាត​ដែល​មាន​មនុស្ស​រាប់​ពាន់​អ្នក​ចូល​រួម​ផង​ដែរ។

ថ្លែង​សុន្ទរកថា​ដោយ​ប្រើ​គម្ពីរ​ដែល​មាន​អក្សរ​សម្រាប់​មនុស្ស​ងងឹត​ភ្នែក

នៅ​ឆ្នាំ​២០១០ ខ្ញុំ​បាន​បញ្ចប់​វគ្គ​សិក្សា​នៅ​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ (ឥឡូវ​ហៅ​ថា​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​) ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​អែលសាល់វ៉ាឌ័រ។ សាលា​នេះ​បាន​ជួយ​ខ្ញុំ​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង។ ការ​បង្ហាត់​បង្រៀន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​និង​ស្រឡាញ់​ខ្ញុំ​យ៉ាង​ជ្រាល​ជ្រៅ ដោយ​សារ​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ក៏​ដោយ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ផ្ដល់​ឲ្យ។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ហើយ​ឥឡូវ​ខ្ញុំ​អាច​ជួយ​អ្នក​ឯ​ទៀត​បាន ទោះ​បី​ជា​ពី​មុន​ខ្ញុំ​គិត​ថា​នេះ​មិន​អាច​ទៅ​រួច​ក៏​ដោយ។

^ វគ្គ 13 ដើម្បី​បាន​ព័ត៌មាន​បន្ថែម​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា សូម​មើល​ជំពូក​ទី​១១​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ា​ង​ណា? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។