លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការអញ្ជើញម៉ាថាយឲ្យមកដើរតាមទ្រង់

ការអញ្ជើញម៉ាថាយឲ្យមកដើរតាមទ្រង់

ជំពូក​ទី​២៧

ការ​អញ្ជើញ​ម៉ាថាយ​ឲ្យ​មក​ដើរ​តាម​ទ្រង់

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ឲ្យ​ជា​ហើយ​នោះ ព្រះ​យេស៊ូ​ក៏​យាង​ចេញ​ពី​ក្រុង​កាពើណិម​ទៅ​តាម​សមុទ្រ​កាលីឡេ។ ម្ដង​នេះ​ទៀត ហ្វូង​មនុស្ស​ក៏​បន្ត​ដើរ​តាម​ទ្រង់​ដដែល ហើយ​ទ្រង់​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ កាល​ទ្រង់​កំពុង​តែ​យាង​កាត់​តាម​នោះ ទ្រង់​ទត​ឃើញ​ម៉ាថាយ ដែល​គាត់​ក៏​មាន​ឈ្មោះ​មួយ​ទៀត​ហៅ​លេវី​ដែរ កំពុង​តែ​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ​យេស៊ូ​អញ្ជើញ​គាត់ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​មក​តាម​ខ្ញុំ!»។

ប្រហែល​ជា​ម៉ាថាយ​បាន​ដឹង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​រួច​ទៅ​ហើយ។ ក៏​ដូច​ជា​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ដែរ ពួក​គេ​បាន​ដឹង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ជា​មុន នៅ​ពេល​ដែល​ព្រះ​យេស៊ូ​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ដើរ​តាម​ទ្រង់​នោះ។ ហើយ​ដូច​ពួក​គេ​ដែរ ម៉ាថាយ​ក៏​បាន​ប្រព្រឹត្ត​តប​ចំពោះ​សេចក្ដី​អញ្ជើញ​នេះ​ភ្លាម។ គាត់​ក៏​ក្រោក​ឡើង ទុក​ចោល​មុខ​ងារ​របស់​គាត់​ជា​អ្នក​យក​ពន្ធ ហើយ​ទៅ​តាម​ព្រះ​យេស៊ូ។

ក្រោយ​មក ម៉ាថាយ​ក៏​ធ្វើ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ នេះ​ប្រហែល​ជា​ពីព្រោះ​គាត់​មាន​អំណរ​ដោយ​សារ​ព្រះ​យេស៊ូ​បាន​អញ្ជើញ​គាត់​ឲ្យ​ដើរ​តាម​ទ្រង់​ហើយ​មើល​ទៅ។ ក្រៅ​ពី​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់ ក៏​មាន​អតីត​មិត្ត​ភក្ដិ​របស់​ម៉ាថាយ​មាន​វត្តមាន​នៅ​ឯ​ពិធី​ជប់​លៀង​នោះ​ដែរ។ សាសន៍​យូដា​ជា​ធម្មតា​ស្អប់​ពួក​បុរស​ទាំង​នេះ ពីព្រោះ​ពួក​គេ​យក​ពន្ធ​ឲ្យ​ពួក​អាជ្ញាធរ​រ៉ូម៉ាំង ដែល​សាសន៍​យូដា​ស្អប់​អាជ្ញាធរ​នោះ​ខ្លាំង​ណាស់។ ម្យ៉ាង​វិញ​ទៀត ដោយ​ឥត​ទៀង​ត្រង់ ពួក​គេ​ទារ​លុយ​ពន្ធ​ពី​បណ្ដា​ជន​ច្រើន​ហួស​លើស​ពី​ច្បាប់​ពន្ធ​កំនត់​ឲ្យ​នោះ​ទៅ​ទៀត។

ពេល​ឃើញ​ព្រះ​យេស៊ូ​នៅ​ក្នុង​ពិធី​ជប់​លៀង​ជា​មួយ​នឹង​មនុស្ស​បែប​នេះ នោះ​ពួក​ផារីស៊ី​សួរ​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ?»។ ព្រះ​យេស៊ូ​ឮ​សំនួរ​នោះ ក៏​មាន​បន្ទូល​តប​ទៅ​ពួក​ផារីស៊ី​ថា៖ «ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូ​ពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ! ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា ‹អញ​ចង់​បាន​សេចក្ដី​មេត្ដា​ករុណា មិន​មែន​យញ្ញ​បូជា​ទេ!›។ ពីព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ»។

តាម​មើល​ទៅ ម៉ាថាយ​បាន​អញ្ជើញ​ពួក​អ្នក​យក​ពន្ធ​នេះ​មក​ផ្ទះ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្ដាប់​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ និង​ទទួល​ការ​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ។ ដូច្នេះ​ព្រះ​យេស៊ូ​ចូល​រួម​ជា​មួយ​ពួក​គេ ដើម្បី​ជួយ​គេ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ មិន​ដូច​ពួក​ផារីស៊ី​ដែល​ជា​អ្នក​ចាត់​ទុក​ខ្លួន​គេ​ជា​មនុស្ស​សុចរិត ព្រះ​យេស៊ូ​មិន​ស្អប់​មនុស្ស​បែប​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​មាន​ចិត្ត​មេត្ដា នោះ​ទ្រង់​បំរើ​ពួក​គេ​ជា​គ្រូ​ពេទ្យ​ខាង​វិញ្ញាណ។

ដូច្នេះ​ព្រះ​យេស៊ូ​ផ្ដល់​ឲ្យ​នូវ​ក្ដី​មេត្ដា​ករុណា​ដល់​ពួក​អ្នក​ដែល​មាន​បាប គឺ​មិន​មែន​លុប​លាង​បាប​របស់​ពួក​គេ​ឡើយ ក៏​ប៉ុន្តែ​នេះ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់ ដូច​ទ្រង់​បាន​សម្ដែង​ដល់​ពួក​អ្នក​ឈឺ​ខាង​រូប​កាយ​នោះ​ដែរ។ ជា​ឧទាហរណ៍ សូម​នឹក​ចាំ​នៅ​ពេល​ដែល​ទ្រង់​បង្ហាញ​នូវ​ចិត្ត​សណ្ដោស​មេត្ដា ពេល​ទ្រង់​លូក​ព្រះ​ហស្ត​ទៅ​ពាល់​មនុស្ស​ឃ្លង់​ម្នាក់ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ!»។ ដូច្នេះ សូម​ឲ្យ​យើង​បង្ហាញ​ចិត្ត​សណ្ដោស​មេត្ដា​ផង​ដែរ ដោយ​ជួយ​មនុស្ស​ដែល​ក្រ​ខ្សត់ ជា​ពិសេស​ជួយ​គេ​ខាង​វិញ្ញាណ។ ម៉ាថាយ ៨:៣; ៩:៩​-​១៣; ម៉ាកុស ២:១៣​-​១៧; លូកា ៥:២៧​-​៣២

តើ​លោក​ម៉ាថាយ​នៅ​ឯ​ណា ពេល​ដែល​ព្រះ​យេស៊ូ​ទត​ឃើញ​លោក​នោះ?

តើ​ម៉ាថាយ​មាន​មុខ​ងារ​អ្វី? ហើយ​ហេតុ​អ្វី​ក៏​មនុស្ស​បែប​នេះ​ត្រូវ​សាសន៍​យូដា​ស្អប់​ខ្លាំង​ម្ល៉េះ?

តើ​ពួក​ផារីស៊ី​រក​ចាប់​កំហុស​ព្រះ​យេស៊ូ​យ៉ាង​ណា? ហើយ​តើ​ទ្រង់​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ចូល​រួម​ក្នុង​ពិធី​ជា​មួយ​ពួក​អ្នក​មាន​បាប?