«នំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌»
ជំពូកទី៥៤
«នំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌»
នៅថ្ងៃមុនៗនោះ គឺពោរពេញទៅដោយព្រឹត្ដិការណ៍ជាច្រើនមែន។ ព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យមនុស្សរាប់ពាន់នាក់។ បន្ទាប់មក ទ្រង់បានរត់គេចពីមនុស្ស ដែលចង់តែងតាំងទ្រង់ឲ្យធ្វើជាស្តេច។ នៅរាត្រីនោះ ព្រះយេស៊ូបានយាងដើរលើទឹកសមុទ្រកាលីឡេដែលមានរលកបោកបក់ជាខ្លាំង បានសង្គ្រោះពេត្រុសពេលគាត់ដើរលើទឹកហៀបនឹងលិចទៅក្នុងទឹក ថែមទាំងបានធ្វើឲ្យរលកស្ងប់ដើម្បីសង្គ្រោះសិស្សទ្រង់ពីទូកដែលហៀបនឹងលិចដែរ។
ឥឡូវនេះ មនុស្សនៅទិសខាងជើងឆៀងខាងកើតនៃសមុទ្រកាលីឡេដែលព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យគេនោះ បានរកឃើញទ្រង់នៅជិតក្រុងកាពើណិម ហើយទូលសួរថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?»។ ព្រះយេស៊ូស្តីបន្ទោសពួកគេ ដោយមានបន្ទូលថាពួកគេមករកទ្រង់ គ្រាន់តែចង់បានអាហារដោយឥតគិតថ្លៃតែប៉ុណ្ណោះ។ ទ្រង់បានដាស់តឿនពួកគេឲ្យធ្វើការសំរាប់អាហារដែលអាចផ្ដល់ជីវិតជារៀងរហូត មិនមែនសំរាប់អាហារដែលអាចទៅជាខូចរលួយនោះទេ។ ដូច្នេះពួកគេក៏ទូលសួរទ្រង់ថា៖ «ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្ដេចខ្លះ?»។
ព្រះយេស៊ូបានរៀបរាប់អំពីកិច្ចការដែលមានតំលៃបំផុត។ ទ្រង់ពន្យល់ថា៖ «ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក»។
ក៏ប៉ុន្តែ ថ្វីបើបានឃើញអព្ភូតហេតុទាំងប៉ុន្មានដែលទ្រង់ធ្វើក៏ដោយ មនុស្សទាំងនោះមិនមានជំនឿទៅលើព្រះយេស៊ូទេ។ នេះមិនគួរឲ្យជឿសោះ ទោះជាទ្រង់បានធ្វើអ្វីដ៏អស្ចារ្យជាច្រើនក្ដី ក៏ពួកគេទូលសួរថា៖ «បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក។ តើលោកធ្វើការអ្វីខ្លះ? ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា‹លោកបានឲ្យនំប៉័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ›»។
ព្រះយេស៊ូធ្វើឲ្យពួកគេយល់ជាក់ច្បាស់ថែមទៀតនូវប្រភពនៃសំវិធានការដោយអព្ភូតហេតុនេះ ពេលមានបន្ទូលតបឆ្លើយនឹងសេចក្ដីស្នើសុំក្នុងការរកសញ្ញាសំគាល់របស់ពួកគេនោះ។ ទ្រង់មានបន្ទូលថា៖ «មិនមែនលោកម៉ូសេ ដែលឲ្យនំប៉័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំប៉័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង»។
ពួកគេទូលទ្រង់ថា៖ «លោកម្ចាស់អើយ! សូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ច»។
ព្រះយេស៊ូពន្យល់ថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ប៉ុន្តែ ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច»។
ខណនោះពួកសាសន៍យូដាចាប់ផ្ដើមនិយាយពេបជ្រាយឲ្យព្រះយេស៊ូ ពីព្រោះទ្រង់មានបន្ទូលថា៖ «ខ្ញុំជានំប៉័ង ដែលចុះពីស្ថានសួគ៌មក»។ ពួកគេគិតថាទ្រង់គ្រាន់តែជាកូនដែលមានមាតាបិតាជាមនុស្សសាមញ្ញប៉ុណ្ណោះ ម្ល៉ោះហើយបានជាពួកគេបដិសេធតាមបែបបទដូចពួកមនុស្សនៅភូមិណាសារ៉ែតដែរ ដោយជំទាស់ថា៖ «អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្ដាយគាត់ទេឬអី? ចុះដូចម្ដេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?»។
ព្រះយេស៊ូមានបន្ទូលតបថា៖ «កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា៖ ‹ព្រះទ្រង់បង្រៀនគេទាំងអស់គ្នា›។ ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតាហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច»។
ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ខ្ញុំជានំប៉័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំប៉័ងដែលខ្ញុំនិយាយនេះ គឺជានំប៉័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណា ដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំប៉័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច»។ មែនហើយ ដោយអនុវត្តតាមជំនឿរបស់ព្រះយេស៊ូ ជាបុគ្គលដែលព្រះបញ្ជូនមកនោះ មនុស្សលោកអាចទទួលជីវិតជារៀងរហូត។ គ្មាននំម៉ាន៉ាឬនំប៉័ងឯទៀតអាចផ្ដល់ឲ្យជីវិតដូចនេះឡើយ!
ការពិគ្រោះអំពីនំប៉័ងពីស្ថានសួគ៌ តាមមើលទៅចាប់ផ្ដើមក្រោយពីមនុស្សរកឃើញព្រះយេស៊ូនៅជិតក្រុងកាពើណិម។ ក៏ប៉ុន្តែ គឺមានការពិគ្រោះស៊ីជំរៅបំផុតក្រោយមក ពេលព្រះយេស៊ូបង្រៀនក្នុងសាលាប្រជុំនៅឯក្រុងកាពើណិម។ យ៉ូហាន ៦:២៥-៥១, ៥៩; ទំនុកដំកើង ៧៨:២៤; អេសាយ ៥៤:១៣; ម៉ាថាយ ១៣:៥៥-៥៧
▪ តើមានព្រឹត្ដិការណ៍អ្វីមុននឹងព្រះយេស៊ូពិគ្រោះអំពីនំប៉័ងដែលមកពីស្ថានសួគ៌?
▪ ដោយដឹងអំពីអ្វីដែលព្រះយេស៊ូទើបតែសម្រេច ហេតុអ្វីក៏ការសុំសញ្ញាសំគាល់គឺឥតសមហេតុផល?
▪ ហេតុអ្វីបានជាពួកសាសន៍យូដាពេបជ្រាយពេលព្រះយេស៊ូអះអាងថា ទ្រង់ជានំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌?
▪ តើការពិគ្រោះអំពីនំប៉័ងពីស្ថានសួគ៌កើតឡើងនៅឯណា?