អព្ភូតហេតុទីពីរពេលនៅភូមិកាណា
ជំពូកទី២០
អព្ភូតហេតុទីពីរពេលនៅភូមិកាណា
នៅពេលព្រះយេស៊ូត្រឡប់មកដល់ភូមិរបស់ទ្រង់វិញ ក្រោយពីការផ្សាយប្រកាសដ៏យូរនៅក្នុងស្រុកយូដា នោះទ្រង់មិនមែនត្រឡប់មកវិញដើម្បីសំរាកឡើយ។ ផ្ទុយទៅវិញ ទ្រង់ចាប់ផ្ដើមធ្វើកិច្ចបំរើបានមួយកំរិតធំទៀតនៅក្នុងស្រុកកាលីឡេជាស្រុកដែលទ្រង់មានព្រះជន្មធំឡើង។ ក៏ប៉ុន្តែ ពួកសិស្សរបស់ទ្រង់ ជាជាងនៅជាមួយទ្រង់ នោះក៏ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារនិងទៅប្រកបមុខរបររបស់ខ្លួនវិញ។
តើព្រះយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយដំណឹងអ្វី? សាររបស់ទ្រង់គឺថា៖ «នគរព្រះជិតមកដល់! ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ!»។ តើមនុស្សប្រព្រឹត្តតបយ៉ាងណា? ពួកអ្នកនៅស្រុកកាលីឡេទទួលស្វាគមន៍ព្រះយេស៊ូយ៉ាងកក់ក្ដៅ។ មនុស្សគ្រប់គ្នាលើកសរសើរដំកើងទ្រង់។ ប៉ុន្តែ នេះមិនដោយសារតែដំណឹងរបស់ទ្រង់វិសេសនោះទេ ក៏ប៉ុន្តែពីព្រោះពួកគេជាច្រើននាក់បានឃើញអព្ភូតហេតុដ៏អស្ចារ្យដែលទ្រង់បានធ្វើ ពេលពួកគេមកធ្វើបុណ្យរំលងក្នុងទីក្រុងយេរូសាឡិមប៉ុន្មានខែមុននោះ។
តាមមើលទៅ ព្រះយេស៊ូចាប់ផ្ដើមកិច្ចបំរើដ៏ធំរបស់ទ្រង់នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ្នកប្រហែលជានៅចាំបានថា ពេលទ្រង់ធ្វើដំណើរមកពីស្រុកយូដាវិញ នោះទ្រង់បានចូលរួមពិធីមង្គលការនៅទីនេះ ហើយទ្រង់បានធ្វើឲ្យទឹកក្លាយទៅជាស្រា។ នៅលើកទីពីរនេះ កូនរបស់មន្ត្រីម្នាក់នៃស្តេចហេរ៉ូឌឈ្មោះអាន់ទីប៉ាស មានជំងឺជាទម្ងន់។ មន្ត្រីនេះធ្វើដំណើរពីក្រុងកាពើណិមមករកព្រះយេស៊ូ ពេលបានឮថាទ្រង់យាងពីស្រុកយូដាទៅដល់ភូមិកាណា។ បុរសដែលកំពុងតែមានទុក្ខជាទម្ងន់នេះបានអង្វរថា៖ ‹សូមទ្រង់យាងមកជាប្រញាប់ មុននឹងកូនរបស់ខ្ញុំស្លាប់!›។
ព្រះយេស៊ូមានបន្ទូលថា៖ ‹អញ្ជើញទៅផ្ទះចុះ! កូនប្រុសលោកនឹងរស់ហើយ!›។ មន្ត្រីនៃស្តេចហេរ៉ូឌក៏ជឿ ហើយចាប់ផ្ដើមធ្វើដំណើរដែលមានចម្ងាយយ៉ាងឆ្ងាយត្រឡប់ទៅផ្ទះវិញ។ លោកបានជួបពួកអ្នកបំរើរបស់លោកតាមផ្លូវ ដែលបានធ្វើដំណើរយ៉ាងប្រញាប់មកជំរាបលោកថា អស់បញ្ហាអ្វីហើយ និងថាកូនប្រុសរបស់លោកបានជាសះស្បើយវិញហើយ! លោកសួរថា៖ ‹ពីពេលណាដែលកូនខ្ញុំបានគ្រាន់បើ›?
ពួកគេតបឆ្លើយថា៖ «ពីម៉ោង១ម្សិលមិញ»។
មន្ត្រីនេះដឹងថា គឺនៅម៉ោងនោះឯង នៅពេលដែលព្រះយេស៊ូបានមានបន្ទូលថា៖ ‹កូនប្រុសរបស់អ្នករស់ហើយ!›។ នៅពេលក្រោយមក បុរសនេះនិងក្រុមគ្រួសារទាំងមូលរបស់គាត់ ក្លាយទៅជាសិស្សរបស់ព្រះគ្រីស្ទ។
ដូច្នេះហើយ ភូមិកាណាមានឯកសិទ្ធិវិសេស ដោយសារព្រះយេស៊ូបានធ្វើអព្ភូតហេតុពីរដង ពេលដែលទ្រង់យាងមកពីស្រុកយូដា។ ប្រាកដហើយ នេះមិនគ្រាន់តែជាអព្ភូតហេតុដែលទ្រង់បានធ្វើនៅគ្រានោះទេ ប៉ុន្តែអព្ភូតហេតុទាំងពីរនេះគឺមានសារៈសំខាន់ ពីព្រោះបានសម្គាល់ថាទ្រង់បានត្រឡប់ទៅស្រុកកាលីឡេវិញ។
ឥឡូវនេះ ព្រះយេស៊ូក៏ធ្វើដំណើរឆ្ពោះទៅទីលំនៅនៅភូមិណាសារ៉ែតវិញ។ តើមានអ្វីខ្លះដែលរង់ចាំទ្រង់នៅទីនោះ? យ៉ូហាន ៤:៤៣-៥៤; ម៉ាកុស ១:១៤, ១៥; លូកា ៤:១៤, ១៥
▪ នៅពេលដែលព្រះយេស៊ូត្រឡប់ទៅស្រុកកាលីឡេវិញ តើមានអ្វីកើតឡើងដល់ពួកសិស្សទ្រង់? ហើយតើមនុស្សទទួលទ្រង់យ៉ាងដូចម្ដេច?
▪ តើអព្ភូតហេតុអ្វីដែលព្រះយេស៊ូបានធ្វើ? ហើយតើនេះមានឥទ្ធិពលយ៉ាងណាលើបុគ្គលដែលជាប់ទាក់ទងនោះ?
▪ តើព្រះយេស៊ូប្រទានឯកសិទ្ធិវិសេសដល់ភូមិកាណាយ៉ាងដូចម្ដេច?