លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រ​ពី​គណៈ​អភិបាល

សំបុត្រ​ពី​គណៈ​អភិបាល

ជូន​ចំពោះ​បង​ប្អូន​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា:

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព​»។ (​យ៉ូហាន ៨:៣២​) ពាក្យ​ទាំង​នោះ​ពិត​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​មែន! មនុស្ស​អាច​ស្គាល់​សេចក្ដី​ពិត​បាន ទោះ​ជា​ពួក​គេ​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ដ៏​សែន​លំបាក​នេះ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត​ក៏​ដោយ។ (​ធីម៉ូថេទី២ ៣:១​) តើ​អ្នក​នៅ​ចាំ​ឬ​ទេ ពេល​ដែល​អ្នក​ទើប​នឹង​ស្គាល់​សេចក្ដី​ពិត​ដែល​បាន​ត្រូវ​ពន្យល់​ក្នុង​បណ្ដាំ​របស់​ព្រះ? អ្នក​ច្បាស់​ជា​រំភើប​ចិត្ដ​ណាស់​នៅ​ពេល​នោះ!

ពិត​មែន​តែ​ការ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត និង​ការ​ប្រាប់​អ្នក​ឯ​ទៀត​ជា​ទៀង​ទាត់​អំពី​សេចក្ដី​ពិត​នោះ​គឺ​សំខាន់ ប៉ុន្ដែ​មាន​អ្វី​មួយ​ទៀត​ដែល​សំខាន់​ដែរ គឺ​យើង​ត្រូវ​ប្រព្រឹត្ដ​សម​ស្រប​តាម​សេចក្ដី​ពិត។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​រាត្រី​មុន​នឹង​លោក​ទទួល​មរណភាព​ជួយ​បញ្ជាក់​ចម្លើយ​ចំពោះ​សំណួរ​នោះ។ លោក​បាន​ប្រាប់​ពួក​សាវ័ក​ស្មោះ​ត្រង់​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​បង្គាប់​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ដ​តាម​បង្គាប់​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ​»។—យ៉ូហាន ១៥:១០

សូម​កត់​សម្គាល់​ថា លោក​យេស៊ូ​បាន​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​ដោយ​ធ្វើ​តាម​បង្គាប់​របស់​បិតា​លោក។ គឺ​ដូច​គ្នា​ដែរ​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ។ ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​ត្រូវ​ធ្វើ​តាម​សេចក្ដី​ពិត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ នៅ​រាត្រី​ដដែល​នោះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ហើយ អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»។—យ៉ូហាន ១៣:១៧

យើង​ពិត​ជា​សង្ឃឹម​ថា​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​បន្ដ​អនុវត្ដ​សេចក្ដី​ពិត​ក្នុង​ជីវិត​របស់​អ្នក ហើយ​រក្សា​ខ្លួន​«​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ . . . ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យូដាស ២១

គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា