លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​ពន្យល់​បន្ថែម

ធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម និង​បច្ចេកទេស​វះ​កាត់​ផ្សេងៗ

ធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម និង​បច្ចេកទេស​វះ​កាត់​ផ្សេងៗ

ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម។ ធាតុ​ផ្សេង​ៗ​ទាំង​នេះ​បាន​ត្រូវ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម ពោល​គឺ​គោលិកា​ក្រហម គោលិកា​ស ប្លាកែត និង​ប្លាស្មា។ ជា​ឧទាហរណ៍ គោលិកា​ក្រហម​មាន​អេម៉ូក្លូប៊ីន​ឬ​ជាតិ​ក្រហម​នៃ​ឈាម។ ផលិតផល​ដែល​កើត​ចេញ​ពី​អេម៉ូក្លូប៊ីន​របស់​មនុស្ស​ឬ​សត្វ​អាច​ត្រូវ​យក​ទៅ​ប្រើ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​ខ្វះ​ខ្លាំង​នូវ​ឈាម​ក្រហម (​acute anemia​) ឬ​បាត់​បង់​ឈាម​ច្រើន។

ប្លាស្មា​ដែល​៩០​ភាគ​រយ​ជា​ទឹក ក៏​មាន​ធាតុ​ជា​ច្រើន​ទៀត​ដែរ ដូច​ជា​អ័រម៉ូន ជាតិ​អំបិល​ផ្សេង​ៗ (​inorganic salts​) អង់ស៊ីម (​enzymes​) និង​សារធាតុ​ចិញ្ចឹម ដែល​ក្នុង​នោះ​មាន​ធាតុ​រ៉ែ​និង​ជាតិ​ស្ករ​ជា​ដើម។ នៅ​ក្នុង​ប្លាស្មា​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​ឈាម​កក អង់ទីគ័រ​ប្រឆាំង​រោគ ហើយ​ប្រូតេអ៊ីន​ផ្សេង​ៗ​ដូច​ជា​អាល់ប៊ុយមីន​ជា​ដើម។ បើ​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​ឆ្លង​ជំងឺ​ណា​មួយ នោះ​វេជ្ជបណ្ឌិត​ប្រហែលជា​បង្គាប់​ឲ្យ​ចាក់​ហ្គាម៉ាគ្លោប៊ុយលិន (​gamma globulin​) ដែល​ចម្រាញ់​ចេញ​ពី​ប្លាស្មា​ក្នុង​ឈាម​របស់​មនុស្ស​ដែល​ស៊ាំ​នឹង​ជំងឺ​នោះ។ គេ​អាច​ចម្រាញ់​អ៊ីនធឺហ្វីរ៉ុន (​interferons​) និង​អ៊ីធឺលូគិន (​interleukins​) ចេញ​ពី​គោលិកា​ស​ក្នុង​ឈាម ដែល​គេ​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​ប្រភេទ​ខ្លះ​និង​ជំងឺ​ខ្លះ​ដែល​បណ្ដាល​មក​ពី​វីរុស។

តើ​គ្រិស្ដ​សាសនិក​គួរ​ព្រម​ទទួល​វិធី​ព្យាបាល​ដែល​រួម​បញ្ចូល ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម​ឬ​ទេ? គម្ពីរ​មិន​បញ្ជាក់​យ៉ាង​ល្អិត​ល្អន់​អំពី​រឿង​នេះ​ទេ ដូច្នេះ​គ្រិស្ដ​សាសនិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​ដោយ​ផ្អែក​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ។ បង​ប្អូន​ខ្លះ​មិន​ព្រម​ទទួល​ធាតុ​ទាំង​អស់​ដែល​ចម្រាញ់​ចេញ​ពី​ឈាម​ទេ ដោយ​សន្និដ្ឋាន​ថា ច្បាប់​ដែល​ព្រះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ថា​ត្រូវ​ចាក់​ឈាម​«​ចោល​ទៅ​ដី​»។ (​ចោទិយកថា ១២:២២​-​២៤​) បង​ប្អូន​ឯ​ទៀត​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ​ឬ​សមាសធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម​ទេ ប៉ុន្ដែ​ពួក​គេ​ប្រហែលជា​ព្រម​ទទួល​ការ​ព្យាបាល​ដែល​ប្រើ​ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម។ ពួក​គេ​ប្រហែលជា​សន្និដ្ឋាន​ថា ពេល​ដែល​គេ​ចម្រាញ់​ឈាម​ដល់​ដំណាក់​កាល​មួយ នោះ​ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម​នឹង​លែង​ជា​តំណាង​ជីវិត​របស់​បុគ្គល​ឬ​សត្វ​ដែល​ជា​ប្រភព​ឈាម​នោះ​ទៀត។

កាល​ណា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ដ​ស្ដី​អំពី​ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ: តើ​ខ្ញុំ​ទទួល​ស្គាល់​ថា​បើ​ខ្ញុំ​បដិសេធ​មិន​ព្រម​ទទួល​ធាតុ​ផ្សេង​ៗ​ទាំង​អស់ ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​នៃ​ឈាម នោះ​មាន​ន័យ​ថា​ខ្ញុំ​នឹង​មិន​ព្រម​ទទួល​ឱសថ​ខ្លះ​ដែល​ប្រយុទ្ធ​នឹង​វីរុស ជំងឺ​ផ្សេង​ៗ ឬ​ក៏​ឱសថ​ដែល​ធ្វើ​ឲ្យ​ឈាម​កក​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម​ឬ​ទេ? តើ​ខ្ញុំ​អាច​ពន្យល់​គ្រូ​ពេទ្យ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ព្រម​ទទួល​ឬ​មិន​ព្រម​ទទួល​នូវ​ធាតុ​ណា​មួយ​ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​នៃ​ឈាម​ឬ​ទេ?

បច្ចេកទេស​វះ​កាត់។ នេះ​រួម​បញ្ចូល​វិធី​វះ​កាត់​ដែល​ប្រើ​បច្ចេកទេស​បំបែរ​ឈាម​ចូល​ក្នុង​ប្លោក ហើយ​ចាក់​បញ្ចូល​សូលុយស្យុង​ទៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ជំនួស​វិញ (​hemodilution​)។ ក្រោយ​មក​ឈាម​ដែល​នៅ​ក្នុង​ប្លោក​នោះ ត្រូវ​បញ្ចូល​មក​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។ វិធី​មួយ​ទៀត​គឺ​ការ​បូម​ឈាម​ដែល​ហូរ​ចេញ​ក្នុង​អំឡុង​ពេល​វះ​កាត់​ចូល​ក្នុង​ម៉ាស៊ីន​ច្រោះ រួច​បើក​បង្ហូរ​ទៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ (​cell salvage​)។ ដោយ​សារ​របៀប​អនុវត្ដ​វិធី​ព្យាបាល​ទាំង​នេះ​គឺ​ខុស​គ្នា​រវាង​គ្រូ​ពេទ្យ​នីមួយ​ៗ គ្រិស្ដ​សាសនិក​គួរ​សុំ​ឲ្យ​គ្រូ​ពេទ្យ​របស់​គាត់​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​វិធី​ព្យាបាល​ដែល​គាត់​បាន​ស្នើ។

កាល​ណា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​វិធី​ព្យាបាល​ទាំង​នេះ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​នេះ: ‹បើ​ឈាម​ខ្លះ​របស់​ខ្ញុំ​ត្រូវ​បំបែរ​ឲ្យ​រត់​តាម​ប្រព័ន្ធ​មួយ​ក្រៅ​រូប​កាយ​ខ្ញុំ ហើយ​អាច​ឈប់​នៅ​កន្លែង​ផ្សេង​ទៀត​មួយ​រយៈ​ពេល​សិន​មុន​នឹង​ចូល​ក្នុង​រូប​កាយ​ខ្ញុំ​វិញ តើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ​នឹង​ឲ្យ​ខ្ញុំ​ចាត់​ទុក​ថា​ឈាម​នេះ​មិន​ចាំ​បាច់​ចាក់​«​ចោល​ទៅ​ដី​»​ ពី​ព្រោះ​ហាក់​ដូច​ជា​នៅ​តែ​រត់​តាម​ប្រព័ន្ធ​មួយ​ទៀត​នៃ​រូប​កាយ​ខ្ញុំ​ដដែល​ឬ​ទេ? (​ចោទិយកថា ១២:​២៣, ២៤​) តើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ​ដែល​បាន​ត្រូវ​អប់​រំ​តាម​គម្ពីរ​នឹង​ផ្ដន្ទា​ទោស​ខ្ញុំ​ឬ​ទេ បើ​ក្នុង​អំឡុង​ពេល​ព្យាបាល គេ​បូម​ឈាម​ខ្លះ​របស់​ខ្ញុំ​ចេញ​ដើម្បី​ដក​ឬ​បន្ថែម​សារធាតុ​ខ្លះ​រួច​មក​បើក​បញ្ចូល​ក្នុង​រូប​កាយ​ខ្ញុំ​វិញ? តើ​ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​បដិសេធ​វិធី​ព្យាបាល​ទាំង​អស់​ដែល​ប្រើ​ឈាម​ខ្ញុំ​ផ្ទាល់​មាន​ន័យ​ថា​ខ្ញុំ​បដិសេធ​ការ​ព្យាបាល​ដូច​ជា ការ​បូម​ឈាម​យក​ទៅ​ពិសោធ ការ​ច្រោះ​ឈាម​ដោយ​ប្រើ​ម៉ាស៊ីន​ជំនួស​តម្រង​នោម ឬ​ការ​ប្រើ​ម៉ាស៊ីន​ដែល​ធ្វើ​ការ​ជំនួស​បេះដូង​និង​សួត​ក្នុង​ពេល​វះ​កាត់​ដើម្បី​បំបែរ​ឈាម​ចេញ​ពី​បេះដូង​ឬ​ទេ?›។

គ្រិស្ដ​សាសនិក​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​គាត់​នឹង​ឲ្យ​គ្រូ​ពេទ្យ​ធ្វើ​ចំពោះ​ឈាម​របស់​គាត់​ក្នុង​អំឡុង​ពេល​វះ​កាត់។ គាត់​ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​ដែរ​ចំពោះ​ការ​បូម​ឈាម​បន្ដិច​បន្ដួច​យក​ទៅ​ពិសោធ​ឬ​បន្ថែម​សារធាតុ​ខ្លះ រួច​បើក​បញ្ចូល​ក្នុង​រូប​កាយ​វិញ។