មេរៀនទី៩
តើអ្នកណាជាមិត្ដសម្លាញ់របស់ព្រះ?
ព្រះយេស៊ូគ្រីស្ទជាបុត្រារបស់ព្រះយេហូវ៉ា និងជាមិត្ដដ៏ជិតស្និទ្ធ ហើយជាទីស្រឡាញ់បំផុតរបស់ទ្រង់។ មុននឹងទ្រង់បានរស់នៅជាមនុស្សម្នាក់នៅលើផែនដី ព្រះយេស៊ូបានមានព្រះជន្មរស់នៅស្ថានសួគ៌ ជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាមួយអង្គ។ (យ៉ូហាន ១៧:៥) រួចមក ទ្រង់បានយាងមកផែនដីនេះដើម្បីបង្រៀនមនុស្សនូវសេចក្ដីពិតអំពីព្រះ។ (យ៉ូហាន ១៨:៣៧) ទ្រង់ក៏បានប្រទានព្រះជន្មរបស់ទ្រង់ជាមនុស្សម្នាក់ ដើម្បីសង្គ្រោះមនុស្សណាដែលជាអ្នកស្តាប់បង្គាប់ ឲ្យរួចពីអំពើបាបនិងសេចក្ដីស្លាប់។ (រ៉ូម ៦:២៣) ឥឡូវនេះ ព្រះយេស៊ូជាស្ដេចនៃព្រះរាជាណាចក្ររបស់ព្រះ ដែលជារដ្ឋាភិបាលស្ថានសួគ៌ដែលនឹងនាំឲ្យមានសួនមនោរម្យលើផែនដីនេះ។—វិវរណៈ ១៩:១៦
ពួកទេវតាក៏ជាមិត្ដសំឡាញ់របស់ព្រះដែរ។ ពួកទេវតាមិនបានចាប់ផ្ដើមជីវិតរបស់គេជាមនុស្សលើផែនដីនេះទេ។ ពួកគេបានត្រូវបង្កើតមកនៅស្ថានសួគ៌ មុននឹងព្រះបានបង្កើតផែនដីនេះ។ (យ៉ូប ៣៨:៤-៧) គឺមានពួកទេវតារាប់លានរូប។ (ដានីយ៉ែល ៧:១០) ពួកមិត្ដសំឡាញ់ទាំងនេះរបស់ព្រះដែលនៅស្ថានសួគ៌ ចង់ឲ្យមនុស្សរៀននូវសេចក្ដីពិតអំពីព្រះយេហូវ៉ា។—វិវរណៈ ១៤:៦, ៧
ព្រះទ្រង់ក៏មានមិត្ដសំឡាញ់នៅលើផែនដីដែរ។ ទ្រង់ហៅពួកគេជាស្មរបន្ទាល់របស់ទ្រង់។ សាក្សីម្នាក់នៅក្នុងតុលាការប្រាប់នូវអ្វីដែលគាត់ដឹងអំពីបុគ្គលម្នាក់ឬអំពីអ្វីមួយ។ ស្មរបន្ទាល់ព្រះយេហូវ៉ាប្រាប់អ្នកដទៃនូវអ្វីដែលគេដឹងអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់។ (អេសាយ ៤៣:១០) ដូចពួកទេវតាទាំងឡាយ ពួកស្មរបន្ទាល់ចង់ជួយអ្នកឲ្យរៀនដឹងសេចក្ដីពិតអំពីព្រះយេហូវ៉ា។ ពួកគេចង់ឲ្យអ្នកធ្វើជាមិត្ដសំឡាញ់របស់ព្រះដែរ។