មេរៀនទី៩០
លោកយេស៊ូស្លាប់នៅកុលកូថា
ពួកសង្ឃនាយកបាននាំលោកយេស៊ូទៅវិមានអភិបាល។ ពីឡាតសួរពួកគេថា៖ ‹តើអ្នករាល់គ្នាប្ដឹងចោទបុរសនេះពីបទអ្វី?›។ ពួកគេឆ្លើយថា៖ ‹គាត់អះអាងថាខ្លួនជាស្ដេច!›។ ពីឡាតសួរលោកយេស៊ូថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។ លោកឆ្លើយថា៖ «រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។
បន្ទាប់មក ពីឡាតបញ្ជូនលោកយេស៊ូទៅឲ្យហេរ៉ូឌដែលជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ដើម្បីឲ្យគាត់ពិនិត្យមើលថាលោកមានកំហុសអ្វី។ ប៉ុន្តែ ហេរ៉ូឌមិនឃើញថាលោកយេស៊ូធ្វើខុសអ្វីទេ ដូច្នេះគាត់បញ្ជូនលោកទៅឲ្យពីឡាតវិញ។ រួចមក ពីឡាតប្រាប់បណ្ដាជនថា៖ ‹ខ្ញុំនិងហេរ៉ូឌមិនឃើញថា បុរសនេះមានកំហុសអ្វីឡើយ។ ខ្ញុំនឹងដោះលែងគាត់›។ ប៉ុន្តែ បណ្ដាជនស្រែកឡើងថា៖ ‹សម្លាប់គាត់ទៅ! សម្លាប់គាត់ទៅ!›។ ពួកទាហានបានវាយលោកយេស៊ូនឹងរំពាត់ខ្សែតី ស្ដោះទឹកមាត់ដាក់លោក ហើយទះកំផ្លៀងលោក។ បន្ទាប់មក ពួកគេបំពាក់មកុដបន្លានៅលើក្បាលលោក ទាំងចំអកថា៖ «សូមគោរពស្ដេចនៃជនជាតិយូដា!»។ ម្ដងទៀត ពីឡាតប្រាប់បណ្ដាជនថា៖ ‹ខ្ញុំមិនឃើញថា បុរសនេះបានធ្វើអ្វីខុសឡើយ›។ ប៉ុន្តែ ពួកគេស្រែកឡើងថា៖ «ព្យួរគាត់ទៅ!»។ ដូច្នេះ ពីឡាតប្រគល់លោកឲ្យគេយកទៅប្រហារជីវិត។
ពួកគេបាននាំលោកយេស៊ូទៅកន្លែងមួយឈ្មោះថាកុលកូថា រួចយកដែកគោលដំភ្ជាប់លោកទៅនឹងបង្គោល ហើយលើកបង្គោលនោះឡើង។ លោកយេស៊ូបានអធិដ្ឋានថា៖ ‹បិតាអើយ សូមអភ័យទោសឲ្យពួកគេផង ពីព្រោះពួកគេមិនដឹងថាខ្លួនកំពុងធ្វើអ្វីឡើយ›។ បណ្ដាជនចំអកឲ្យលោកថា៖ ‹បើអ្នកជាបុត្ររបស់ព្រះមែន ចូរចុះពីបង្គោលមក! សង្គ្រោះខ្លួនឯងទៅ!›។
ឧក្រិដ្ឋជនម្នាក់ដែលបានត្រូវព្យួរក្បែរលោកយេស៊ូ និយាយទៅលោកថា៖ ‹សូមនឹកចាំអំពីខ្ញុំ ពេលលោកចូលក្នុងរាជាណាចក្ររបស់លោក›។ លោកយេស៊ូសន្យានឹងគាត់ថា៖ ‹អ្នកនឹងនៅជាមួយខ្ញុំក្នុងសួនឧទ្យាន›។ នៅរសៀលនោះ ស្រុកទាំងមូលបានទៅជាងងឹតអស់រយៈពេលបីម៉ោង។ អ្នកកាន់តាមខ្លះ រួមទាំងម៉ារៀជាម្ដាយលោកយេស៊ូ កំពុងឈរក្បែរបង្គោល។ លោកយេស៊ូបានសុំយ៉ូហានឲ្យមើលថែម៉ារៀដូចម្ដាយរបស់គាត់។
បន្ទាប់មក លោកយេស៊ូបន្លឺសំឡេងថា៖ ‹បានសម្រេចហើយ!›។ រួចលោកក៏ឱនក្បាល ហើយផុតដង្ហើមទៅ។ នៅពេលនោះ កើតមានរញ្ជួយដីយ៉ាងខ្លាំង។ ក្នុងវិហារ វាំងននដ៏ក្រាស់
ដែលខណ្ឌចែកបន្ទប់បរិសុទ្ធនិងបន្ទប់បរិសុទ្ធបំផុតបានរហែកជាពីរ។ ទាហានម្នាក់និយាយថា៖ ‹បុរសនេះពិតជាបុត្ររបស់ព្រះមែន›។«ទោះជាសេចក្ដីសន្យារបស់ព្រះមានច្រើនយ៉ាងណាក៏ដោយ សេចក្ដីសន្យាទាំងអស់នោះបានទៅជា‹មែន›តាមរយៈលោក»។—កូរិនថូសទី២ ១:២០