លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៣

យ៉ាកុបនិងអេសាវត្រូវគ្នាវិញ

យ៉ាកុបនិងអេសាវត្រូវគ្នាវិញ

ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​យ៉ាកុប​ថា លោក​នឹង​ការ​ពារ​គាត់ ដូច​លោក​បាន​ការ​ពារ​អាប្រាហាំ​និង​អ៊ីសាក​ដែរ។ យ៉ាកុប​បាន​ទៅ​រស់​នៅ​ក្នុង​ក្រុង​ហារ៉ាន ហើយ​រៀប​ការ។ រួច​មក គាត់​មាន​ក្រុម​គ្រួសារ​ដ៏​ធំ និង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។

នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ាកុប​ថា​៖ ‹ចូរ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​អ្នក​វិញ›។ ដូច្នេះ យ៉ាកុប​និង​ក្រុម​គ្រួសារ​របស់​គាត់ ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ។ នៅ​តាម​ផ្លូវ មាន​មនុស្ស​មក​ប្រាប់​យ៉ាកុប​ថា​៖ ‹អេសាវ​បង​ប្រុស​លោក​កំពុង​ធ្វើ​ដំណើរ​មក​ជួប​លោក ដោយ​មាន​ទាំង​បុរស​៤០០​នាក់​មក​ជា​មួយ​ផង!›។ ពេល​ឮ​ដូច្នេះ យ៉ាកុប​ភ័យ​ខ្លាច​ជា​ខ្លាំង គាត់​ខ្លាច​ថា​អេសាវ​នឹង​ធ្វើ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ ដូច្នេះ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​ដៃ​របស់​បង​ប្រុស​ខ្ញុំ​ផង›។ នៅ​ថ្ងៃ​បន្ទាប់ យ៉ាកុប​បាន​ផ្ញើ​អំណោយ​ជា​ច្រើន​ដល់​អេសាវ​មាន​ដូច​ជា ហ្វូង​ចៀម ហ្វូង​ពពែ ហ្វូង​គោ ហ្វូង​អូដ្ឋ និង​ហ្វូង​លា។

នៅ​យប់​នោះ កាល​ដែល​យ៉ាកុប​នៅ​ម្នាក់​ឯង គាត់​បាន​ឃើញ​ទេវតា​មួយ​រូប! ទេវតា​នោះ​ចាប់​ផ្ដើម​បោក​ចំបាប់​ជា​មួយ​នឹង​គាត់។ ពួក​គាត់​បោក​ចំបាប់​រហូត​ដល់​ភ្លឺ។ ទោះ​ជា​យ៉ាកុប​ត្រូវ​របួស​ក៏​ដោយ គាត់​មិន​ព្រម​ឈប់​ឡើយ។ ហេតុ​នេះ ទេវតា​បាន​និយាយ​ថា​៖ ​«​លែង​ខ្ញុំ​ទៅ​»។ ប៉ុន្តែ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​លែង​អ្នក​ទេ ទាល់​តែ​អ្នក​ឲ្យ​ពរ​ខ្ញុំ​សិន​»។

នៅ​ទី​បំផុត ទេវតា​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប។ ឥឡូវ យ៉ាកុប​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​ព្រម​ឲ្យ​អេសាវ​ធ្វើ​បាប​គាត់​ឡើយ។

នៅ​ព្រឹក​នោះ យ៉ាកុប​បាន​ឃើញ​អេសាវ និង​បុរស​៤០០​នាក់​ពី​ចម្ងាយ។ ម្ល៉ោះ​ហើយ យ៉ាកុប​បាន​ដើរ​នាំ​មុខ​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ក្រាប​គោរព​អេសាវ​អស់​៧​ដង។ ពេល​ឃើញ​ដូច្នេះ អេសាវ​បាន​រត់​មក​ឱប​យ៉ាកុប។ បង​ប្អូន​ទាំង​ពីរ​នាក់​បាន​យំ​ជា​មួយ​គ្នា ហើយ​ត្រូវ​គ្នា​វិញ។ តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​វិធី​ដែល​យ៉ាកុប​ដោះ​ស្រាយ​បញ្ហា?

ក្រោយ​មក អេសាវ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ហើយ​យ៉ាកុប​បន្ត​ដំណើរ​ត​ទៅ​ទៀត។ យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់ ឈ្មោះ​រូបេន ស៊ីម្មាន លេវី យូដា ដាន់ ណែបថាលី កាដ អេស៊ើរ អ៊ីសាខារ សេប៊ូឡូន យ៉ូសែប និង​បេនយ៉ាមីន។ ក្នុង​ចំណោម​កូន​ប្រុស​ទាំង​អស់​របស់​យ៉ាកុប ព្រះ​យេហូវ៉ា​នឹង​ប្រើ​យ៉ូសែប ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក។ តើ​លោក​នឹង​ប្រើ​គាត់​តាម​វិធី​ណា? សូម​ឲ្យ​យើង​រក​ចម្លើយ។

​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​បៀតបៀន​អ្នក។ យ៉ាង​នេះ អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​កូន​នៃ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​»។—ម៉ាថាយ ៥:៤៤, ៤៥