លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៩

ស្ដេចដំបូងរបស់ជនជាតិអ៊ីស្រាអែល

ស្ដេចដំបូងរបស់ជនជាតិអ៊ីស្រាអែល

ព្រះ​យេហូវ៉ា​បាន​ប្រើ​អ្នក​សម្រេច​ក្ដី​ឲ្យ​ដឹក​នាំ​បណ្ដា​ជន​អ៊ីស្រាអែល។ ប៉ុន្តែ ឥឡូវ​បណ្ដា​ជន​ចង់​បាន​ស្ដេច។ ពួក​គេ​និយាយ​ទៅ​សាំយូអែល​ថា​៖ ‹គ្រប់​ប្រជា​ជាតិ​នៅ​ជុំ​វិញ​យើង​សុទ្ធ​តែ​មាន​ស្ដេច។ ពួក​យើង​ក៏​ចង់​បាន​ស្ដេច​ដែរ›។ សាំយូអែល​មាន​អារម្មណ៍​ថា​មិន​ត្រឹម​ត្រូវ​ទេ ដូច្នេះ​គាត់​អធិដ្ឋាន​ជម្រាប​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹បណ្ដា​ជន​នេះ​មិន​មែន​បដិសេធ​អ្នក​ទេ។ ប៉ុន្តែ ពួក​គេ​បដិសេធ​ខ្ញុំ។ ចូរ​ទៅ​ប្រាប់​ពួក​គេ​ថា ពួក​គេ​អាច​មាន​ស្ដេច​បាន តែ​ស្ដេច​នោះ​នឹង​តម្រូវ​អ្វី​ៗ​ជា​ច្រើន​ពី​ពួក​គេ›។ ប៉ុន្តែ បណ្ដា​ជន​តប​ថា​៖ ‹យើង​មិន​ខ្វល់​ទេ។ យើង​ចង់​បាន​ស្ដេច!›។

រួច​មក ព្រះ​យេហូវ៉ា​ប្រាប់​សាំយូអែល​ថា បុរស​ម្នាក់​ឈ្មោះ​សុល នឹង​ក្លាយ​ជា​ស្ដេច​ដំបូង​របស់​ពួក​គេ។ ដូច្នេះ ពេល​សុល​ទៅ​ជួប​សាំយូអែល​នៅ​ក្រុង​រ៉ាម៉ា សាំយូអែល​បាន​ចាក់​ប្រេង​លើ​ក្បាល​សុល ដើម្បី​តែង​តាំង​គាត់​ជា​ស្ដេច។

បន្ទាប់​មក សាំយូអែល​បាន​កោះ​ហៅ​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​មក​ជួប​ជុំ​គ្នា ដើម្បី​ឲ្យ​ពួក​គេ​ឃើញ​ស្ដេច​ថ្មី​របស់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​រក​សុល​មិន​ឃើញ​ឡើយ។ តើ​អ្នក​ដឹង​ថា​ហេតុ​អ្វី​ទេ? ពីព្រោះ​សុល​កំពុង​លាក់​ខ្លួន​ក្នុង​គំនរ​អីវ៉ាន់។ នៅ​ទី​បំផុត ពួក​គេ​រក​ឃើញ​សុល ហើយ​នាំ​គាត់​ចេញ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​បណ្ដា​ជន។ សុល​មាន​កម្ពស់​ខ្ពស់​ជាង​ពួក​គេ​ទាំង​អស់ ហើយ​សង្ហា​ណាស់។ សាំយូអែល​ប្រកាស​ឡើង​ថា​៖ ‹សូម​មើល! នេះ​ជា​បុរស​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស›។ បណ្ដា​ជន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ‹សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!›។

ដំបូង ស្ដេច​សុល​បាន​ស្ដាប់​សាំយូអែល ហើយ​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ក្រោយ​មក​គាត់​បាន​ផ្លាស់​ប្ដូរ។ ជា​ឧទាហរណ៍ ស្ដេច​គ្មាន​សិទ្ធិ​ជូន​គ្រឿង​បូជា​ឡើយ។ មាន​ពេល​មួយ សាំយូអែល​បាន​ប្រាប់​សុល​ឲ្យ​រង់​ចាំ​គាត់​មក​ដល់​សិន តែ​គាត់​មិន​បាន​មក​ដល់​ភ្លាម​ៗ​ទេ។ ដូច្នេះ សុល​ក៏​សម្រេច​ចិត្ត​ជូន​គ្រឿង​បូជា​ដោយ​ខ្លួន​ឯង ទោះ​ជា​គាត់​គ្មាន​សិទ្ធិ​ក៏​ដោយ។ តើ​សាំយូអែល​និយាយ​យ៉ាង​ណា? គាត់​ប្រាប់​សុល​ថា​៖ ‹អ្នក​គួរ​តែ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា›។ តើ​សុល​បាន​រៀន​ពី​កំហុស​របស់​ខ្លួន​ទេ?

មាន​ពេល​មួយ​ទៀត កាល​សុល​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អាម៉ាលេក សាំយូអែល​បាន​ប្រាប់​សុល​ថា អ្នក​មិន​ត្រូវ​ទុក​ជីវិត​អ្នក​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ សុល​មិន​បាន​សម្លាប់​ស្ដេច​អាកាក់​ទេ។ ព្រះ​យេហូវ៉ា​ប្រាប់​សាំយូអែល​ថា​៖ ‹សុល​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​លែង​ស្ដាប់​បង្គាប់​ខ្ញុំ​ទៀត›។ សាំយូអែល​ព្រួយ​ចិត្ត​ជា​ខ្លាំង ហើយ​ប្រាប់​សុល​ថា​៖ ‹ដោយ​សារ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា លោក​នឹង​ជ្រើស​រើស​ស្ដេច​មួយ​ទៀត›។ កាល​ដែល​សាំយូអែល​បែរ​ខ្លួន​ដើរ​ចេញ សុល​ចាប់​ទាញ​ជាយ​អាវ​របស់​សាំយូអែល ធ្វើ​ឲ្យ​ជាយ​អាវ​គាត់​រហែក។ សាំយូអែល​ប្រាប់​សុល​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ដក​ហូត​ការ​គ្រប់​គ្រង​ចេញ​ពី​អ្នក​ហើយ›។ ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ការ​គ្រប់​គ្រង​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​លោក។

​«​ការ​ស្ដាប់​បង្គាប់​គឺ​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា​»។—សាំយូអែល​ទី១ ១៥:២២