លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩២

អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណ

អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណ

លូកា ១៧:១១​-​១៩

  • លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ឃ្លង់​១០​នាក់​ជា​សះ​ស្បើយ

គម្រោង​ការ​របស់​ពួក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក្នុង​ការ​សម្លាប់​លោក​យេស៊ូ​មិន​បាន​ជោគ​ជ័យ​ឡើយ ដោយ​សារ​លោក​យេស៊ូ​បាន​ចេញ​ពី​តំបន់​នោះ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​អេប្រាអ៊ីម​ដែល​នៅ​ខាង​ជើង​ឆៀង​ខាង​កើត​ក្រុង​យេរូសាឡិម។ លោក​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម នោះ​ជា​កន្លែង​ដែល​នៅ​ឆ្ងាយ​ពី​ពួក​សត្រូវ​របស់​លោក។ (​យ៉ូហាន ១១:៥៤​) ក៏​ប៉ុន្តែ ពេល​សម្រាប់​ធ្វើ​បុណ្យ​រំលង នា​ឆ្នាំ​៣៣ គ.ស. កាន់​តែ​ខិត​ចូល​មក​ដល់​ហើយ ដូច្នេះ​មិន​យូរ​ទៀត​លោក​នឹង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ម្ដង​ទៀត។ លើក​នេះ លោក​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង​កាត់​តាម​ស្រុក​សាម៉ារី រួច​ឆ្ពោះ​ទៅ​ស្រុក​កាលីឡេ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​របស់​លោក​យេស៊ូ​ក្នុង​តំបន់​នោះ មុន​នឹង​លោក​ស្លាប់។

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ លោក​បាន​ប្រទះ​ឃើញ​បុរស​កើត​ជំងឺ​ឃ្លង់​១០​នាក់។ ក្នុង​ករណី​ខ្លះ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​អវយវៈ​នៃ​រូប​កាយ​រលួយ​បន្ដិច​ម្ដង​ៗ ដូច​ជា​ម្រាម​ដៃ ម្រាម​ជើង និង​ត្រចៀក​ជា​ដើម។ (​ជន​គណនា ១២:១០​-​១២​) នៅ​សម័យ​មុន ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​អ្នក​ដែល​កើត​ជំងឺ​ឃ្លង់​ស្រែក​យ៉ាង​ខ្លាំង​ថា​៖ ​«​ខ្ញុំ​ស្មោក​គ្រោក​ៗ​!​»​ ហើយ​គាត់​ក៏​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​មនុស្ស​ឯ​ទៀត​ដែរ។—លេវីវិន័យ ១៣:៤៥, ៤៦

ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ឃ្លង់​១០​នាក់​នោះ​ឈរ​ឆ្ងាយ​ពី​លោក​យេស៊ូ។ ប៉ុន្តែ ពួក​គេ​បន្លឺ​សំឡេង​ថា​៖ ​«​លោក​គ្រូ​យេស៊ូ! សូម​មេត្ដា​ជួយ​យើង​ផង!​»។ ពេល​លោក​ក្រឡេក​ទៅ​ឃើញ​ពួក​គេ នោះ​ក៏​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​»។ (​លូកា ១៧:១៣, ១៤​) ការ​ដែល​លោក​យេស៊ូ​ធ្វើ​ដូច្នេះ បង្ហាញ​ថា​លោក​គោរព​ច្បាប់​របស់​ព្រះ ដែល​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ពួក​សង្ឃ​ក្នុង​ការ​ប្រកាស​ថា​អ្នក​ដែល​កើត​ជំងឺ​ឃ្លង់​បាន​ជា​ស្អាត​ពី​ជំងឺ​នេះ​ហើយ។ រួច​មក ពួក​គេ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ឡើង​វិញ​បាន។—លេវីវិន័យ ១៣:៩​-​១៧

បុរស​ឃ្លង់​១០​នាក់​នោះ​មាន​ទំនុក​ចិត្ត​លើ​លោក​យេស៊ូ​ដែល​មាន​ឫទ្ធានុភាព​ក្នុង​ការ​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ។ ដូច្នេះ ពួក​គេ​បាន​ចេញ​ទៅ​ជួប​ពួក​សង្ឃ សូម្បី​តែ​ពួក​គេ​មិន​ទាន់​ជា​នៅ​ឡើយ។ កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ ពួក​គេ​បាន​ទទួល​រង្វាន់​ដោយ​សារ​ពួក​គេ​ជឿ​លើ​លោក​យេស៊ូ ពោល​គឺ​ពួក​គេ​ឃើញ​ហើយ​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​សុខភាព​ល្អ​ឡើង​វិញ!

បុរស​កើត​ឃ្លង់​៩​នាក់​ដែល​បាន​ជា​ស្អាត​បន្ត​ដំណើរ​ទៅ​មុខ​ទៀត តែ​បុរស​ម្នាក់​ទៀត​មិន​បាន​ទៅ​ទេ។ បុរស​នោះ​ជា​ជន​ជាតិ​សាម៉ារី គាត់​ត្រឡប់​មក​រក​លោក​យេស៊ូ​វិញ។ ហេតុ​អ្វី? ពី​ព្រោះ​បុរស​នោះ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​យេស៊ូ​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់។ ពេល​បុរស​ដែល​ធ្លាប់​កើត​ឃ្លង់​នេះ​បាន​ឃើញ​ថា​ខ្លួន​គាត់​បាន​ជា​ស្អាត នោះ​គាត់​«​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​សរសើរ​តម្កើង​ព្រះ​»​ ដោយ​ជឿ​ជាក់​ថា​គឺ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ។ (​លូកា ១៧:១៥​) ពេល​គាត់​រក​លោក​យេស៊ូ​ឃើញ គាត់​ក៏​លុត​ជង្គង់​មុខ​លោក ហើយ​អរគុណ​លោក។

ពេល​លោក​យេស៊ូ​ឃើញ​ដូច​នោះ លោក​មាន​ប្រសាសន៍​ទៅ​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក​ថា​៖ ​«​មាន​ដប់​នាក់​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ស្អាត មែន​ទេ? ចុះ​តើ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? តើ​គ្មាន​អ្នក​ណា​វិល​មក​វិញ​ដើម្បី​សរសើរ​តម្កើង​ព្រះ​ក្រៅ​ពី​បុរស​ជន​ជាតិ​ដទៃ​ម្នាក់​នេះ​ទេ​ឬ?​»។ រួច​លោក​មាន​ប្រសាសន៍​ទៅ​បុរស​សាម៉ារី​នោះ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​»។—លូកា ១៧:១៧​-​១៩

ការ​ដែល​លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​កើត​ឃ្លង់​១០​នាក់​នោះ​ជា​សះ​ស្បើយ បង្ហាញ​ថា​លោក​មាន​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា។ ឥឡូវ ម្នាក់​ក្នុង​ចំណោម​១០​នាក់​នោះ​មិន​គ្រាន់​តែ​បាន​ជា ដោយ​សារ​ជឿ​លើ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​គាត់​ទំនង​ជា​ដើរ​តាម​ផ្លូវ​ដែល​នាំ​គាត់​ឲ្យ​ទទួល​ជីវិត។ ទោះ​ជា​យើង​មិន​បាន​រស់​នៅ​គ្រា​ដែល​ព្រះ​បាន​ប្រើ​លោក​យេស៊ូ​ឲ្យ​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេង​ៗ​ក្ដី តែ​ដោយ​មាន​ជំនឿ​លើ​លោក​យេស៊ូ យើង​ក៏​អាច​ដើរ​តាម​ផ្លូវ​ដែល​នាំ​យើង​ឲ្យ​ទទួល​ជីវិត​ដែរ ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​យើង​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​និង​លោក​យេស៊ូ​ដូច​បុរស​ជន​ជាតិ​សាម៉ារី​នោះ​ឬ​ទេ?