លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២៥

លោកយេស៊ូបានត្រូវនាំទៅអេណាស រួចទៅកៃផាស

លោកយេស៊ូបានត្រូវនាំទៅអេណាស រួចទៅកៃផាស

ម៉ាថាយ ២៦:៥៧​-​៦៨ ម៉ាកុស ១៤:៥៣​-​៦៥ លូកា ២២:៥៤, ៦៣​-​៦៥ យ៉ូហាន ១៨:១៣, ១៤, ១៩​-​២៤

  • លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​អេណាស​ដែល​ធ្លាប់​ជា​សម្ដេច​សង្ឃ

  • ការ​វិនិច្ឆ័យ​ខុស​ច្បាប់​ដោយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ចង​ដូច​ជា​ឧក្រិដ្ឋជន​ម្នាក់ លោក​បាន​ត្រូវ​នាំ​ទៅ​អេណាស​ដែល​ធ្លាប់​ជា​សម្ដេច​សង្ឃ។ នៅ​ពេល​មួយ កាល​ដែល​អេណាស​បាន​បម្រើ​ជា​សម្ដេច​សង្ឃ កុមារ​យេស៊ូ​បាន​ធ្វើ​ឲ្យ​គ្រូ​នៅ​ឯ​វិហារ​កោត​ស្ងើច​ក្នុង​ចិត្ត។ (​លូកា ២:៤២, ៤៧​) ក្រោយ​មក កូន​ប្រុស​ខ្លះ​របស់​អេណាស​បាន​បម្រើ​ជា​សម្ដេច​សង្ឃ ហើយ​ឥឡូវ​នេះ​កូន​ប្រសា​របស់​គាត់​ឈ្មោះ​កៃផាស​កំពុង​កាន់​តំណែង​នេះ។

កាល​ដែល​លោក​យេស៊ូ​នៅ​ផ្ទះ​របស់​អេណាស នោះ​កៃផាស​មាន​ពេល​ដើម្បី​ហៅ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មក​ជុំ​គ្នា។ តុលាការ​នេះ​មាន​សមាជិក​ចំនួន​៧១​នាក់​ដែល​រួម​បញ្ចូល​សម្ដេច​សង្ឃ​និង​ពួក​បុរស​ដែល​ធ្លាប់​កាន់​តំណែង​នោះ។

រួច​មក អេណាស​សួរ​លោក​យេស៊ូ​«​អំពី​ពួក​អ្នក​កាន់​តាម​និង​សេចក្ដី​បង្រៀន​របស់​លោក​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពិភព​លោក​ជា​ចំហ។ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​និង​ក្នុង​វិហារ ជា​កន្លែង​ដែល​ជន​ជាតិ​យូដា​ទាំង​ឡាយ​ជួប​ជុំ​គ្នា ហើយ​ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។ ហេតុ​អ្វី​អ្នក​សួរ​ខ្ញុំ? ចូរ​សួរ​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​»។—យ៉ូហាន ១៨:១៩​-​២១

លុះ​មាន​ប្រសាសន៍​ចប់​ហើយ អាជ្ញាធរ​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​នោះ បាន​ទះ​កំផ្លៀង​លោក​យេស៊ូ រួច​ក៏​និយាយ​ថា​៖ ​«​តើ​អ្នក​ឯង​ហ៊ាន​តប​ទៅ​សង្ឃនាយក​ដូច្នេះ​ឬ?​»។ ប៉ុន្តែ លោក​យេស៊ូ​ដឹង​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ នោះ​លោក​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​បាន​និយាយ​ខុស ចូរ​បញ្ជាក់​ថា​ខ្ញុំ​បាន​និយាយ​ខុស​កន្លែង​ណា ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​និយាយ​ត្រូវ ហេតុ​អ្វី​អ្នក​វាយ​ខ្ញុំ?​»។ (​យ៉ូហាន ១៨:២២, ២៣​) បន្ទាប់​មក អេណាស​បាន​ឲ្យ​គេ​នាំ​លោក​យេស៊ូ​ទៅ​កៃផាស​ដែល​ជា​កូន​ប្រសា​របស់​គាត់។

មក​ដល់​ពេល​នេះ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​រួម​បញ្ចូល​សម្ដេច​សង្ឃ បុរស​ចាស់​ទុំ​របស់​បណ្ដា​ជន និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ បាន​មក​ជុំ​គ្នា​នៅ​ផ្ទះ​របស់​កៃផាស។ ការ​វិនិច្ឆ័យ​ក្ដី​បែប​នេះ​គឺ​ខុស​ច្បាប់​ពី​ព្រោះ​នោះ​ជា​យប់​នៃ​បុណ្យ​រំលង។ យ៉ាង​ណា​ក្ដី នេះ​មិន​បាន​បញ្ឈប់​ពួក​គេ​ពី​ការ​ធ្វើ​តាម​បំណង​អាក្រក់​របស់​ពួក​គេ​នោះ​ឡើយ។

មុន​ការ​វិនិច្ឆ័យ​ក្ដី ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នេះ​បាន​សម្រេច​ទោស​លោក​យេស៊ូ​រួច​ទៅ​ហើយ។ ហេតុ​អ្វី​យើង​ដឹង? ពី​ព្រោះ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នេះ​បាន​សម្រេច​ថា​លោក​យេស៊ូ​គួរ​តែ​ស្លាប់។ (​យ៉ូហាន ១១:៤៧​-​៥៣​) ម្យ៉ាង​ទៀត គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ប្រឹក្សា​គ្នា​ដើម្បី​ចាប់​ហើយ​សម្លាប់​លោក​យេស៊ូ។ (​ម៉ាថាយ ២៦:៣, ៤​) ពិត​ណាស់ សូម្បី​តែ​មុន​ការ​វិនិច្ឆ័យ​ក្ដី​ចាប់​ផ្ដើម លោក​យេស៊ូ​ប្រៀប​ដូច​ជា​បាន​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​រួច​ទៅ​ហើយ!

ពួក​សង្ឃនាយក​និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មិន​គ្រាន់​តែ​មក​ប្រជុំ​គ្នា​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​កំពុង​ស្វែង​រក​សាក្សី​ដែល​នឹង​ចោទ​ប្រកាន់​លោក​យេស៊ូ​ដោយ​មិន​ពិត ដើម្បី​មាន​ហេតុ​សម្លាប់​លោក។ ពួក​គេ​រក​បាន​សាក្សី​ជា​ច្រើន ប៉ុន្តែ​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​មិន​ស្រប​គ្នា​ទេ ពី​ព្រោះ​អ្នក​ខ្លះ​និយាយ​បែប​នេះ ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​បែប​នោះ។ នៅ​ទី​បំផុត មាន​សាក្សី​ក្លែង​ក្លាយ​ពីរ​នាក់​ចូល​មក ហើយ​និយាយ​ថា​៖ ​«​យើង​ធ្លាប់​ឮ​គាត់​និយាយ​ថា​៖ ‹វិហារ​នេះ​ដែល​បាន​ត្រូវ​សង់​ដោយ​ដៃ​មនុស្ស ខ្ញុំ​នឹង​រុះ​ចោល ហើយ​បី​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​នឹង​សង់​មួយ​ទៀត​ដែល​មិន​សង់​ដោយ​ដៃ​មនុស្ស​ទេ›​»។ (​ម៉ាកុស ១៤:៥៨​) ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចោទ​ប្រកាន់​របស់​បុរស​ពីរ​នាក់​នេះ​ក៏​មិន​ដូច​គ្នា​ទាំង​ស្រុង​ដែរ។

រួច​មក កៃផាស​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ឬ? តើ​អ្នក​គិត​ដូច​ម្ដេច​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក?​»។ (​ម៉ាកុស ១៤:៦០​) លោក​យេស៊ូ​មិន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​សាក្សី​ក្លែង​ក្លាយ​ដែល​និយាយ​មិន​ស្រប​គ្នា​នោះ​ឡើយ។ ដូច្នេះ កៃផាស​ដែល​ជា​សម្ដេច​សង្ឃ​ក៏​ប្រើ​វិធី​មួយ​ទៀត។

កៃផាស​ដឹង​ថា​ជន​ជាតិ​យូដា​ឆាប់​ប្រកាន់​បើ​អ្នក​ណា​ម្នាក់​អះអាង​ថា​ខ្លួន​ជា​បុត្រ​របស់​ព្រះ។ មុន​នេះ ពេល​លោក​យេស៊ូ​បាន​ហៅ​ព្រះ​ថា​ជា​បិតា​លោក នោះ​ជន​ជាតិ​យូដា​ចង់​សម្លាប់​លោក​ពី​ព្រោះ​ពួក​គេ​អះអាង​ថា​លោក​បាន​«​តាំង​ខ្លួន​ស្មើ​នឹង​ព្រះ​»។ (​យ៉ូហាន ៥:១៧, ១៨; ១០:៣១​-​៣៩​) កៃផាស​ដឹង​អំពី​ប្រតិកម្ម​របស់​ជន​ជាតិ​យូដា ដូច្នេះ​ឥឡូវ​នេះ​គាត់​និយាយ​ដោយ​មាន​កលល្បិច​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​ដោយ​យក​ព្រះ​ដែល​មាន​ជីវិត​ជា​សាក្សី ចូរ​ស្បថ​ថា​អ្នក​នឹង​និយាយ​ការ​ពិត ហើយ​ប្រាប់​យើង​ថា តើ​អ្នក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ឬ​មិន​មែន!​»។ (​ម៉ាថាយ ២៦:៦៣​) ពេល​មុន លោក​យេស៊ូ​ធ្លាប់​ទទួល​ស្គាល់​ថា​លោក​ជា​បុត្រ​របស់​ព្រះ។ (​យ៉ូហាន ៣:១៨; ៥:២៥; ១១:៤​) ប៉ុន្តែ បើ​លោក​មិន​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ​ទេ នោះ​ហាក់​ដូច​ជា​លោក​កំពុង​បដិសេធ​ថា​លោក​មិន​មែន​ជា​បុត្រ​របស់​ព្រះ​និង​ជា​គ្រិស្ត។ ហេតុ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ឫទ្ធានុភាព ព្រម​ទាំង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ​»។—ម៉ាកុស ១៤:៦២

ពេល​ឮ​ប្រសាសន៍​របស់​លោក​យេស៊ូ នោះ​កៃផាស​ហែក​សម្លៀក​បំពាក់​ក្រៅ​របស់​គាត់​ហាក់​ដូច​ជា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​គាត់​ស្រែក​ថា​៖ ​«​អ្នក​នេះ​បាន​និយាយ​ប្រមាថ​ព្រះ​ហើយ! តើ​យើង​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត? មើល! អ្នក​បាន​ឮ​អ្នក​នេះ​និយាយ​ប្រមាថ​ព្រះ​ហើយ។ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច?​»។ ដូច្នេះ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​វិនិច្ឆ័យ​ក្ដី​ដោយ​អយុត្ដិធម៌​ថា​៖ ​«​អ្នក​នេះ​គួរ​តែ​ស្លាប់​»។—ម៉ាថាយ ២៦:៦៥, ៦៦

បន្ទាប់​មក ពួក​គេ​ក៏​តាំង​ចំអក​ឲ្យ​លោក​យេស៊ូ ហើយ​វាយ​លោក។ អ្នក​ខ្លះ​ទៀត​ទះ​កំផ្លៀង​លោក ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​លោក។ ក្រោយ​ពី​បាន​គ្រប​មុខ​លោក ហើយ​វាយ​លោក ពួក​គេ​ក៏​សួរ​ដោយ​ចំអក​ថា​៖ ​«​ចូរ​ប្រកាស​ទំនាយ​មក! តើ​អ្នក​ណា​បាន​វាយ​ឯង?​»។ (​លូកា ២២:៦៤​) នៅ​យប់​នោះ បុត្រ​របស់​ព្រះ​កំពុង​ត្រូវ​គេ​វាយ​ធ្វើ​បាប​នៅ​កន្លែង​មួយ​ដែល​មាន​ការ​វិនិច្ឆ័យ​ក្ដី​ខុស​ច្បាប់!