ជំពូកទី១៣៣
សពលោកយេស៊ូបានត្រូវរៀបចំយកទៅបញ្ចុះ
ម៉ាថាយ ២៧:៥៧–២៨:២ ម៉ាកុស ១៥:៤២–១៦:៤ លូកា ២៣:៥០–២៤:៣ យ៉ូហាន ១៩:៣១–២០:១
-
សពលោកយេស៊ូបានត្រូវយកចុះពីបង្គោល
-
សពបានត្រូវរៀបចំយកទៅបញ្ចុះ
-
ពួកស្ត្រីឃើញថាផ្នូរនៅទទេ
ឥឡូវថ្ងៃសុក្រ ទី១៤ ខែណែសាន កាន់តែជ្រេហើយ។ ថ្ងៃឈប់សម្រាកនៅថ្ងៃទី១៥ ខែណែសាន នឹងចាប់ផ្ដើមក្រោយថ្ងៃលិច។ លោកយេស៊ូបានស្លាប់ហើយ ប៉ុន្តែចោរប្លន់ពីរនាក់ដែលនៅក្បែរលោកគឺនៅរស់នៅឡើយ។ យោងតាមច្បាប់ម៉ូសេ សាកសព‹មិនត្រូវជាប់នៅលើឈើរហូតដល់ភ្លឺឡើយ› ប៉ុន្តែ ត្រូវយកទៅបញ្ចុះ«នៅថ្ងៃនោះឯងជាកុំខាន»។—ចោទិយកថា ២១:២២, ២៣
បន្ថែមទៅទៀត រសៀលថ្ងៃសុក្រគឺត្រូវគេហៅថាថ្ងៃរៀបចំ ពីព្រោះពេលនោះបណ្ដាជនរៀបចំអាហារនិងបញ្ចប់កិច្ចការឯទៀតដែលពួកគេត្រូវធ្វើមុនថ្ងៃឈប់សម្រាក។ នៅពេលថ្ងៃលិច ថ្ងៃឈប់សម្រាក«ដ៏ធំ»នឹងចាប់ផ្ដើម។ (យ៉ូហាន ១៩:៣១) ហេតុអ្វី? ពីព្រោះថ្ងៃទី១៥ ខែណែសាន គឺជាថ្ងៃដំបូងនៃបុណ្យនំឥតដំបែដែលមានរយៈពេល៧ថ្ងៃ ហើយថ្ងៃដំបូងនោះតែងតែជាថ្ងៃឈប់សម្រាក។ (លេវីវិន័យ ២៣:៥, ៦) ម្ដងនេះ ថ្ងៃដំបូងនៃបុណ្យនំឥតដំបែ គឺចំនឹងថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ដែលជាថ្ងៃទី៧។ ដូច្នេះបានជាគេហៅថ្ងៃនោះថាជាថ្ងៃឈប់សម្រាកដ៏ធំ។
ហេតុនេះ ជនជាតិយូដាបានសុំពីឡាតធ្វើឲ្យលោកយេស៊ូនិងចោរប្លន់ពីរនាក់ដែលនៅក្បែរលោកស្លាប់លឿនជាង។ តើតាមរបៀបណា? គឺដោយបំបាក់ជើងរបស់ពួកគាត់។ ប្រសិនបើជើងរបស់ពួកគាត់បាក់ ពួកគាត់មិនអាចប្រើជើងរុញខ្លួនរបស់ពួកគាត់ឡើងដើម្បីដកដង្ហើមបានឡើយ។ ដូច្នេះ ពួកទាហានបានមកបំបាក់ជើងចោរប្លន់ទាំងពីរនាក់នោះ។ ប៉ុន្តែ ពួកគេមិនបានបំបាក់ជើងរបស់លោកយេស៊ូទេ ពីព្រោះពួកគេឃើញថាលោកបានស្លាប់ហើយ។ ការនេះបានធ្វើឲ្យសម្រេចនូវអ្វីដែលបានត្រូវទាយទុកនៅ ទំនុកតម្កើង ៣៤:២០ ដែលថា៖ «ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ»។
ដើម្បីកុំឲ្យមានការសង្ស័យថាលោកយេស៊ូពិតជាស្លាប់មែនឬយ៉ូហាន ១៩:៣៤) ការនេះបានកើតឡើងស្របតាមទំនាយមួយទៀតដែលចែងថា៖ «គេនឹងគន់មើលអ្នកដែលគេបានចាក់»។—សាការី ១២:១០
មិនមែន នោះទាហានម្នាក់បានយកលំពែងមកចាក់ចំហៀងខ្លួនក្បែរបេះដូងរបស់លោក ហេតុនេះ«ឈាមនិងទឹកចេញមកភ្លាម»។ (យ៉ូសែបដែលមកពីក្រុងអារីម៉ាថេគឺជា«អ្នកមាន» និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ដែលមានកេរ្ដិ៍ឈ្មោះល្អ។ គាត់ក៏មានវត្តមាននៅកន្លែងប្រហារជីវិតដែរ។ (ម៉ាថាយ ២៧:៥៧) គាត់បានត្រូវរៀបរាប់ថាជា«មនុស្សល្អនិងសុចរិត»ដែល«កំពុងរង់ចាំរាជាណាចក្ររបស់ព្រះ»។ តាមពិត គាត់ជា«អ្នកកាន់តាមលោកយេស៊ូដោយសម្ងាត់ ព្រោះខ្លាចជនជាតិយូដា»។ គាត់មិនបានគាំទ្រការសម្រេចសេចក្ដីរបស់តុលាការដែលវិនិច្ឆ័យលោកយេស៊ូឡើយ។ (លូកា ២៣:៥០; ម៉ាកុស ១៥:៤៣; យ៉ូហាន ១៩:៣៨) យ៉ូសែបបានតាំងចិត្តក្លាហានទៅជួបពីឡាតហើយសុំយកសពលោកយេស៊ូ។ ពេលនោះ ពីឡាតហៅនាយទាហានម្នាក់ដែលមើលការខុសត្រូវនៅកន្លែងប្រហារជីវិតមកសួរ នាយទាហាននោះបញ្ជាក់ថាលោកយេស៊ូបានស្លាប់ហើយ។ ដូច្នេះ ពីឡាតបានយល់ព្រមតាមសំណូមពររបស់យ៉ូសែប។
យ៉ូសែបបានទិញក្រណាត់ស្អាតសាច់ល្អ ហើយយកសពលោកយេស៊ូចុះពីបង្គោល។ គាត់រុំសពលោកជាមួយនឹងក្រណាត់សាច់ល្អដើម្បីរៀបចំយកទៅបញ្ចុះ។ នីកូដេម«ដែលមុនដំបូងបានមកជួបលោក[យេស៊ូ]នៅពេលយប់» ក៏បានជួយក្នុងការរៀបចំនេះដែរ។ (យ៉ូហាន ១៩:៣៩) គាត់បានយកជ័រល្វីងទេសនិងគ្រឿងក្រអូបប្រហែលជា៣៣គីឡូក្រាម។ សពលោកយេស៊ូបានត្រូវរុំនឹងក្រណាត់ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំនៀមទម្លាប់នៃការបញ្ចុះសពរបស់ជនជាតិយូដា។
យ៉ូសែបមានកន្លែងបញ្ចុះសពថ្មីមួយដែលគេបានដាប់នៅក្នុងថ្មដែលនៅជិតនោះ។ គេបានដាក់សពលោកយេស៊ូនៅទីនោះ រួចប្រមៀលថ្មដ៏ធំមួយមកបិទមាត់ផ្នូរនោះ។ កិច្ចការទាំងនេះបានត្រូវធ្វើជាប្រញាប់ មុនថ្ងៃឈប់សម្រាកចាប់ផ្ដើម។ ម៉ារៀម៉ាក់ដាឡេននិងម៉ារៀដែលជាម្ដាយរបស់យ៉ាកុបតូចប្រហែលជាបានជួយរៀបចំសពលោកយេស៊ូផងដែរ។ ឥឡូវនេះ ពួកគាត់ប្រញាប់ត្រឡប់ទៅផ្ទះវិញ ហើយ«រៀបចំគ្រឿងក្រអូបនិងប្រេងក្រអូប» យកមកលាបលើសពលោកយេស៊ូថែមទៀតក្រោយថ្ងៃឈប់សម្រាក។—លូកា ២៣:៥៦
ថ្ងៃបន្ទាប់គឺជាថ្ងៃឈប់សម្រាក ពួកសង្ឃនាយកនិងពួកផារិស៊ីទៅជួបពីឡាត រួចនិយាយថា៖ «យើងបាននឹកឃើញអ្វីដែលអ្នកបោកប្រាស់នោះបាននិយាយកាលនៅរស់ថា៖ ‹ក្រោយបីថ្ងៃ ខ្ញុំនឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។ ដូច្នេះ សូមបញ្ជាឲ្យគេយាមកន្លែងបញ្ចុះសពនោះរហូតដល់ថ្ងៃទីបី កុំឲ្យពួកអ្នកកាន់តាមអ្នកនោះមកលួចសពគាត់ ហើយប្រាប់បណ្ដាជនថា៖ ‹លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ!› រួចការបោកប្រាស់ចុងក្រោយនេះនឹងអាក្រក់ជាងលើកមុនទៅទៀត»។ ពីឡាតប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមានពួកអ្នកយាមស្រាប់ហើយ។ ដូច្នេះ ចូរទៅចាត់ចែងឲ្យគេយាមកន្លែងបញ្ចុះសពឲ្យបានមាំទាំតាមការយល់ឃើញរបស់អ្នករាល់គ្នាចុះ»។—ម៉ាថាយ ២៧:៦៣-៦៥
បន្ទាប់មក នៅព្រឹកព្រលឹមស្រាងៗនាថ្ងៃអាទិត្យ ម៉ារៀម៉ាក់ដាឡេន ម៉ារៀដែលជាម្ដាយរបស់យ៉ាកុបតូច និងពួកស្ត្រីឯទៀតបានយកគ្រឿងក្រអូបទៅទីបញ្ចុះសព ដើម្បីលាបលើសពលោកយេស៊ូ។ ពួកគាត់សួរគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មចេញពីមាត់ច្រកចូលទីបញ្ចុះសពឲ្យយើង?»។ (ម៉ាកុស ១៦:៣) ប៉ុន្តែ មុនពេលដែលពួកគាត់បានទៅដល់ នៅទីនោះមានការរញ្ជួយដី។ បន្ថែមទៅទៀត ទេវតារបស់ព្រះបានប្រមៀលថ្មនោះចេញ ពួកអ្នកយាមក៏មិនបាននៅទីនោះដែរ ហើយផ្នូរក៏នៅទទេ!