លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧៥

លោកយេស៊ូប្រាប់អំពីប្រភពនៃសុភមង្គលពិត

លោកយេស៊ូប្រាប់អំពីប្រភពនៃសុភមង្គលពិត

លូកា ១១:១៤​-​៣៦

  • បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​«​ម្រាម​ដៃ​របស់​ព្រះ​»​

  • ប្រភព​នៃ​សុភមង្គល​ពិត

លោក​យេស៊ូ​ទើប​តែ​បង្រៀន​ម្ដង​ទៀត​អំពី​របៀប​អធិដ្ឋាន ប៉ុន្តែ​ក៏​មាន​រឿង​ផ្សេង​ទៀត​ដែល​លោក​ត្រូវ​ពន្យល់​សា​ឡើង​វិញ​ក្នុង​កិច្ច​បម្រើ​របស់​លោក​ដែរ។ ពេល​លោក​យេស៊ូ​កំពុង​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​នៅ​ស្រុក​កាលីឡេ សត្រូវ​របស់​លោក​បាន​ចោទ​ប្រកាន់​ថា​លោក​អាច​ធ្វើ​អព្ភូតហេតុ​ទាំង​នេះ​បាន គឺ​ដោយ​អាង​អំណាច​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច។ ឥឡូវ លោក​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​អំពី​រឿង​នេះ​ម្ដង​ទៀត​ក្នុង​តំបន់​យូឌា។

ពេល​លោក​យេស៊ូ​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​គ នោះ​បណ្ដា​ជន​តាំង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ប៉ុន្តែ ពួក​អ្នក​ដែល​រិះ​គន់​លោក គ្មាន​អារម្មណ៍​បែប​នោះ​ឡើយ។ ពួក​គេ​ចោទ​ប្រកាន់​លោក​ដូច​មុន​ថា​៖ ​«​បុរស​នេះ​បណ្ដេញ​វិញ្ញាណ​កំណាច ដោយ​សារ​បេលសេប៊ូល ដែល​ជា​អ្នក​គ្រប់​គ្រង​វិញ្ញាណ​កំណាច​ទេ​»។ (​លូកា ១១:១៥​) រីឯ​អ្នក​ខ្លះ​ទៀត​សុំ​លោក​យេស៊ូ​ឲ្យ​ធ្វើ​សញ្ញា​សម្គាល់​មួយ​ពី​ស្ថាន​សួគ៌ ដើម្បី​បញ្ជាក់​ថែម​ទៀត​អំពី​អត្តសញ្ញាណ​របស់​លោក។

លោក​យេស៊ូ​ជ្រាប​ថា​ពួក​គេ​កំពុង​ល្បង​ល​លោក។ ដូច្នេះ លោក​ឆ្លើយ​តប​ទៅ​ពួក​គេ​ដូច​ដែល​លោក​បាន​ឆ្លើយ​តប​ចំពោះ​ពួក​អ្នក​ដែល​រិះ​គន់​លោក​នៅ​ស្រុក​កាលីឡេ។ លោក​មាន​ប្រសាសន៍​ថា​រាជាណាចក្រ​ណា​ដែល​បែក​បាក់​ទាស់​ប្រឆាំង​គ្នា​នឹង​វិនាស​ទៅ ដោយ​វែក​ញែក​ថា​៖ ​«​បើ​សាថាន​បាន​បែក​បាក់​ទាស់​ប្រឆាំង​ខ្លួន​ឯង​ហើយ តើ​រាជាណាចក្រ​របស់​សាថាន​អាច​ស្ថិតស្ថេរ​ដូច​ម្ដេច​បាន?​»។ បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​ពួក​គេ​ត្រង់​ៗ​ថា​៖ ​«​បើ​ខ្ញុំ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​ម្រាម​ដៃ​របស់​ព្រះ​វិញ នោះ​មាន​ន័យ​ថា​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​ដោយ​អ្នក​មិន​ដឹង​ខ្លួន​»។—លូកា ១១:១៨​-​២០

ការ​ដែល​លោក​យេស៊ូ​លើក​ឡើង​អំពី​«​ម្រាម​ដៃ​របស់​ព្រះ​»​ គួរ​រំលឹក​អ្នក​ស្ដាប់​លោក​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​សម័យ​មុន អ្នក​ដែល​នៅ​ក្នុង​ដំណាក់​របស់​ផារ៉ូ បាន​ឃើញ​ម៉ូសេ​ធ្វើ​អព្ភូតហេតុ​មួយ ពេល​នោះ​ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​នេះ​គឺ​ជា​អង្គុលី​ព្រះ​ហស្ត[​ម្រាម​ដៃ​]របស់​ព្រះ​»។ ម្យ៉ាង​ទៀត ​«​ម្រាម​ដៃ​របស់​ព្រះ​»​ក៏​បាន​សរសេរ​បញ្ញត្ដិ​១០​ប្រការ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង​ដែរ។ (​និក្ខមនំ ៨:១៩; ៣១:១៨​) ស្រដៀង​គ្នា​ដែរ ​«​ម្រាម​ដៃ​របស់​ព្រះ​»​ដែល​ជា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ កំពុង​ជួយ​លោក​យេស៊ូ​ឲ្យ​បណ្ដេញ​វិញ្ញាណ​កំណាច ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ​ទៀត​ផង។ ដូច្នេះ រាជាណាចក្រ​របស់​ព្រះ​ពិត​ជា​បាន​មក​ដល់​ដោយ​សត្រូវ​របស់​លោក​មិន​បាន​ដឹង​ខ្លួន ពី​ព្រោះ​លោក​យេស៊ូ​ដែល​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ កំពុង​ធ្វើ​ការ​អស្ចារ្យ​ទាំង​អស់​នោះ​ក្នុង​ចំណោម​ពួក​គេ។

លោក​យេស៊ូ​មាន​សមត្ថភាព​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​នេះ​ជា​ភ័ស្តុតាង​បញ្ជាក់​ថា​លោក​មាន​អំណាច​ខ្លាំង​ជាង​សាថាន។ នេះ​ប្រៀប​ដូច​ជា​បុរស​ខ្លាំង​ពូកែ​ម្នាក់​បាន​ចូល​ទៅ​វាយ​ឈ្នះ​អ្នក​យាម​ផ្ទះ​ម្នាក់​ដែល​មាន​ប្រដាប់​អាវុធ​សព្វ​គ្រប់។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​លើក​ឡើង​វិញ​នូវ​ឧទាហរណ៍​អំពី​វិញ្ញាណ​អសោច​ដែល​បាន​ចេញ​ពី​បុរស​ម្នាក់។ ប៉ុន្តែ បុរស​នោះ​មិន​បាន​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គាត់​ពេញ​ទៅ​ដោយ​អ្វី​ល្អ​ៗ​ទេ ហេតុ​នេះ​វិញ្ញាណ​អាក្រក់​នោះ​ចេញ​ទៅ​នាំ​វិញ្ញាណ​៧​ទៀត​ចូល​គាត់​វិញ ហើយ​ស្ថានភាព​ចុង​ក្រោយ​របស់​បុរស​នោះ​គឺ​អាក្រក់​ជាង​មុន។ (​ម៉ាថាយ ១២:២២, ២៥​-​២៩, ៤៣​-​៤៥​) ដូច្នេះ ឧទាហរណ៍​នេះ​កំពុង​បង្ហាញ​អំពី​ស្ថានភាព​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល។

ពេល​នោះ ស្ត្រី​ម្នាក់​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​បាន​ស្រែក​ឡើង​ថា​៖ ​«​ស្ត្រី​ដែល​បាន​រក្សា​លោក​ក្នុង​ផ្ទៃ ហើយ​បំបៅ​លោក មាន​សុភមង្គល​ហើយ!​»។ ជា​ធម្មតា ស្ត្រីជន​ជាតិ​យូដា​សង្ឃឹម​ថា​ពួក​គេ​បាន​ធ្វើ​ជា​ម្ដាយ​របស់​អ្នក​ប្រកាស​ទំនាយ ជា​ពិសេស​ជា​ម្ដាយ​របស់​មេស្ស៊ី។ ម្ល៉ោះ​ហើយ ស្ត្រី​នេះ​ប្រហែល​ជា​គិត​ថា​ម៉ារៀ​អាច​មាន​សុភមង្គល​ក្រៃ​លែង​ដោយ​សារ​នាង​ជា​ម្ដាយ​របស់​គ្រូ​ល្អ​បែប​នេះ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​កែ​តម្រង់​ទស្សនៈ​របស់​ស្ត្រី​នោះ ដោយ​ប្រាប់​អំពី​ប្រភព​នៃ​សុភមង្គល​ពិត។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ទេ! គឺ​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។ (​លូកា ១១:២៧, ២៨​) លោក​យេស៊ូ​មិន​ដែល​មាន​ប្រសាសន៍​ថា​ម៉ារៀ​គួរ​ទទួល​កិត្ដិយស​ពិសេស​ឡើយ។ ម្យ៉ាង​ទៀត បុរស​ឬ​ស្ត្រី​ណា​ម្នាក់​អាច​មាន​សុភមង្គល​ពិត​បាន គឺ​ដោយ​សារ​គាត់​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់ មិន​មែន​ដោយ​សារ​គាត់​មក​ពី​វង្ស​ត្រកូល​ណា ឬ​ក៏​សម្រេច​កិច្ច​ការ​ជា​ច្រើន​ក្នុង​ជីវិត​នោះ​ទេ។

ដូច​លោក​យេស៊ូ​បាន​ស្តី​បន្ទោស​មនុស្ស​ក្នុង​ស្រុក​កាលីឡេ លោក​ក៏​បាន​ស្តី​បន្ទោស​មនុស្ស​ក្នុង​តំបន់​យូឌា​ដែរ ពី​ព្រោះ​ពួក​គេ​បាន​ទាម​ទារ​សញ្ញា​សម្គាល់​ពី​ស្ថាន​សួគ៌។ លោក​មាន​ប្រសាសន៍​ថា​គ្មាន​សញ្ញា​សម្គាល់​ណា​នឹង​ត្រូវ​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ឡើយ ក្រៅ​ពី​«​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»។ យ៉ូណាស​ជា​សញ្ញា​សម្គាល់​ក្នុង​ន័យ​ថា​គាត់​បាន​នៅ​ក្នុង​ពោះ​ត្រី​អស់​បី​ថ្ងៃ ហើយ​គាត់​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​នៅ​ក្រុង​នីនីវេ។ ជា​លទ្ធផល មនុស្ស​នៅ​ទី​នោះ​បាន​ប្រែ​ចិត្ត។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុន្តែ​មើល! អ្នក​ដែល​ធំ​ជាង​យ៉ូណាស​នៅ​ទី​នេះ​ហើយ​»។ (​លូកា ១១:២៩​-​៣២​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ តែ​លោក​យេស៊ូ​ក៏​ធំ​ជាង​សាឡូម៉ូន​ដែរ ជា​អ្នក​ដែល​មហា​ក្សត្រី​សេ​បាបាន​មក​ស្ដាប់​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា។

រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ក្រោយ​ពី​អុជ​ចង្កៀង គេ​មិន​ដែល​ដាក់​ក្នុង​បន្ទប់​ក្រោម​ដី ឬ​ក្រោម​ប្រដាប់​វាល់​ស្រូវ​ឡើយ តែ​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ​»។ (​លូកា ១១:៣៣​) លោក​ទំនង​ជា​មាន​ន័យ​ថា​ការ​បង្រៀន​និង​ការ​ធ្វើ​អព្ភូតហេតុ​នៅ​ចំពោះ​មនុស្ស​ទាំង​នេះ គឺ​ប្រៀប​ដូច​ជា​ការ​លាក់​ពន្លឺ​ចង្កៀង។ ហេតុ​អ្វី? ដោយ​សារ​ភ្នែក​របស់​ពួក​គេ​មិន​ផ្ដោត​ទៅ​លើ​កិច្ច​ការ​ដែល​លោក​កំពុង​ធ្វើ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​បាន​យល់​អំពី​គោល​បំណង​នៃ​កិច្ច​ការ​របស់​លោក​ឡើយ។

លោក​យេស៊ូ​ទើប​តែ​បាន​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​ធ្វើ​ឲ្យ​បុរស​គ​ម្នាក់​អាច​និយាយ​បាន។ នេះ​គួរ​ជំរុញ​បណ្ដា​ជន​ឲ្យ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​លោក​កំពុង​សម្រេច។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ។ ហេតុ​នេះ លោក​យេស៊ូ​ព្រមាន​ពួក​អ្នក​រិះ​គន់​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​អ្នក គឺ​ជា​សេចក្ដី​ងងឹត​វិញ។ ម្ល៉ោះ​ហើយ បើ​រូប​កាយ​ទាំង​មូល​របស់​អ្នក​ភ្លឺ ដោយ​គ្មាន​កន្លែង​ណា​ងងឹត​សោះ នោះ​រូប​កាយ​ទាំង​មូល​នឹង​បាន​ភ្លឺ ដូច​ពេល​ដែល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ​»។—លូកា ១១:៣៥, ៣៦