ជំពូកទី៩
លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»
១, ២. (ក) ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូបានងឿងឆ្ងល់? (ខ) តើលោកយេស៊ូមានប្រសាសន៍អំពីការច្រូតប្រមូលផលអ្វី?
ពេលលោកយេស៊ូប្រាប់អ្នកកាន់តាមលោកថា៖ «ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ» នោះបានធ្វើឲ្យពួកគេងឿងឆ្ងល់។ ហេតុអ្វី? ពីព្រោះពួកគេមើលទៅកន្លែងដែលលោកយេស៊ូចង្អុល ឃើញតែវាលស្រូវព័ណ៌ខៀវដែលទើបតែចេញពន្លក មិនមែនទុំល្មមច្រូតទេ។ ដូច្នេះ ពួកគេទំនងជាឆ្ងល់ថា‹តើអ្វីទៅដែលទុំល្មមច្រូតហើយនោះ? យើងនឹងត្រូវចាំជាច្រើនខែទៀត ទើបស្រូវនេះទុំល្មមច្រូតបាន›។—យ៉ូន. ៤:៣៥
២ ក៏ប៉ុន្តែ លោកយេស៊ូមិនបានមានប្រសាសន៍អំពីការច្រូតស្រូវមែនទែននោះទេ។ ផ្ទុយទៅវិញ លោកបានឆ្លៀតឱកាសនោះដើម្បីបង្រៀនអ្នកកាន់តាមលោកនូវមេរៀនពីរដ៏សំខាន់ ស្តីអំពីចម្រូតផ្សេងដែលជាន័យធៀបវិញ។ តើនោះជាអ្វី? នោះជាការច្រូតប្រមូលមនុស្ស។ តើលោកបានបង្រៀនមេរៀនអ្វីខ្លះអំពីរឿងនោះ? ដើម្បីដឹង សូមពិចារណាកំណត់ហេតុនោះយ៉ាងស៊ីជម្រៅ។
ការជំរុញទឹកចិត្តឲ្យមានសកម្មភាព និងសេចក្ដីសន្យាអំពីអំណរ
៣. (ក) តើអ្វីប្រហែលជានាំឲ្យលោកយេស៊ូមានប្រសាសន៍ថា៖ «វាលស្រូវ . . . ទុំល្មមច្រូតហើយ»? (សូមមើលកំណត់សម្គាល់) (ខ) តើតាមរបៀបណាលោកយេស៊ូបានបញ្ជាក់អត្ថន័យនៃពាក្យរបស់លោក?
៣ លោកយេស៊ូបានសន្ទនាជាមួយនឹងអ្នកកាន់តាមលោកអំពីរឿងនេះ នៅចុងឆ្នាំ៣០ គ.ស. នៅជិតក្រុងស៊ីខារបស់ជនជាតិសាម៉ារី។ កាលដែលអ្នកកាន់តាមលោកយេស៊ូបានចូលក្នុងក្រុង លោកបានចាំនៅអណ្ដូងទឹកមួយ។ នៅទីនោះលោកយេស៊ូបានផ្សព្វផ្សាយសេចក្ដីពិតដល់ស្ត្រីម្នាក់។ នាងឆាប់យល់សារៈសំខាន់នៃសេចក្ដីបង្រៀនរបស់លោក។ ពេលដែលអ្នកកាន់តាមលោកត្រឡប់មកវិញ ស្ត្រីនោះបានប្រញាប់ទៅក្រុងស៊ីខាវិញ ដើម្បីប្រាប់អ្នកស្រុកអំពីអ្វីដ៏អស្ចារ្យដែលនាងបានរៀន។ អ្វីដែលនាងប្រាប់អ្នកស្រុកបានធ្វើឲ្យពួកគេចាប់អារម្មណ៍យ៉ាងខ្លាំង។ រួចមកពួកគេជាច្រើននាក់បានស្រូតទៅអណ្ដូងទឹកនោះ ដើម្បីជួបលោកយេស៊ូ។ ប្រហែលជានៅពេលនោះឯង ដែលលោកយេស៊ូមើលទៅហួសវាលស្រូវ ហើយឃើញជនជាតិសាម៉ារីមួយក្រុមកំពុងដើរសំដៅមកលោក រួចលោកមានប្រសាសន៍ថា៖ «ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ»។ a បន្ទាប់មក ដើម្បីបញ្ជាក់ថាលោកមិនមែនសំដៅលើការច្រូតស្រូវមែនទែននោះ លោកមានប្រសាសន៍ថា៖ «អ្នកច្រូតកាត់កំពុង . . . ប្រមូលផលសម្រាប់ជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូន. ៤:៥-៣០, ៣៦
៤. (ក) តើមេរៀនពីរដែលលោកយេស៊ូបានបង្រៀនស្តីអំពីការច្រូតប្រមូលផលជាអ្វី? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៤ ស្តីអំពីការច្រូតប្រមូលផលនោះ លោកយេស៊ូបានបង្រៀនមេរៀនពីរដ៏សំខាន់។ តើនោះជាអ្វី? ទី១ កិច្ចការច្រូតប្រមូលផលជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ ប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ស្រូវនោះទុំល្មមច្រូតហើយ» គឺដើម្បីជំរុញទឹកចិត្តអ្នកកាន់តាមលោកឲ្យមានសកម្មភាព។ ម្យ៉ាងទៀត ដើម្បីបញ្ជាក់ឲ្យពួកគេដឹងថា កិច្ចការនោះជាកិច្ចការដែលពួកគេត្រូវធ្វើជាបន្ទាន់ នោះលោកបានមានប្រសាសន៍ថា៖ «អ្នកច្រូតកាត់កំពុងទទួលឈ្នួល . . . រួចហើយ»។ ដូច្នេះការច្រូតប្រមូលផលនោះបានចាប់ផ្ដើមរួចហើយ។ អាស្រ័យហេតុនេះ ពួកគេមិនគួរបង្អែបង្អង់ឡើយ សូម្បីតែបន្ដិចក៏ដោយ! ទី២ អ្នកច្រូតប្រមូលផលមានអំណរ។ លោកយេស៊ូមានប្រសាសន៍ថា អ្នកសាបព្រោះនិងអ្នកច្រូតប្រមូលផលនឹង«អរសប្បាយជាមួយគ្នា»។ (យ៉ូន. ៤:៣៥ខ, ៣៦) លោកច្បាស់ជាបានអរសប្បាយពេលដែលឃើញថា«ជនជាតិសាម៉ារីជាច្រើននាក់ . . . ចាប់ផ្ដើមជឿលើលោក»។ ដូចគ្នាដែរ អ្នកកាន់តាមលោកក៏នឹងមានអំណរខ្លាំងក្រៃលែងដែរ កាលដែលពួកគេខំព្យាយាមអស់ពីចិត្តក្នុងកិច្ចការច្រូតប្រមូលផលនោះ។ (យ៉ូន. ៤:៣៩-៤២) កំណត់ហេតុនេះពីសតវត្សរ៍ទី១ មានអត្ថន័យសំខាន់ណាស់សម្រាប់យើង ពីព្រោះនោះបញ្ជាក់អំពីអ្វីដែលកំពុងកើតឡើងនៅសព្វថ្ងៃនេះ ក្នុងអំឡុងគ្រាច្រូតប្រមូលផលដ៏អស្ចារ្យបំផុត។ តើការច្រូតប្រមូលផលនៅសម័យយើងបានចាប់ផ្ដើមនៅពេលណា? តើអ្នកណាចូលរួមក្នុងកិច្ចការនោះ? ហើយតើមានលទ្ធផលអ្វីពីកិច្ចការនោះ?
ស្តេចរបស់យើងនាំមុខក្នុងការច្រូតប្រមូលផលដ៏អស្ចារ្យបំផុតក្នុងប្រវត្ដិសាស្ត្រ
៥. (ក) តើអ្នកណានាំមុខក្នុងការច្រូតប្រមូលផលទូទាំងពិភពលោក? (ខ) យោងទៅតាមអ្វីដែលយ៉ូហានឃើញក្នុងគំនិត ហេតុអ្វីយើងដឹងថាកិច្ចការនោះត្រូវធ្វើជាបន្ទាន់?
៥ ព្រះយេហូវ៉ាបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិតថា លោកបានតែងតាំងលោកយេស៊ូឲ្យនាំមុខកិច្ចការប្រមូលមនុស្សទូទាំងពិភពលោក។ (សូមអាន ការបើកបង្ហាញ ១៤:១៤-១៦) ក្នុងការបើកបង្ហាញនោះ យ៉ូហានឃើញលោកយេស៊ូមានមកុដ ហើយកំពុងកាន់កណ្ដៀវច្រូតមួយ។ ដោយសារលោកយេស៊ូមាន«មកុដមាសលើក្បាល» នោះបញ្ជាក់ថាលោកកំពុងគ្រប់គ្រងជាស្តេច។ ម្យ៉ាងទៀត ដោយសារលោកយេស៊ូមាន‹កណ្ដៀវមុតនៅដៃ› នោះបញ្ជាក់ថាលោកមានតួនាទីជាអ្នកច្រូតប្រមូលផល។ ពេលព្រះយេហូវ៉ាមានប្រសាសន៍តាមរយៈទេវតាមួយរូបថា៖«ចម្រូតនៅផែនដីគឺទុំអស់ហើយ» នោះលោកកំពុងបញ្ជាក់ថាការច្រូតប្រមូលផលជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ ដូច្នេះ «គ្រាដែលត្រូវច្រូតបានមកដល់» ហេតុនេះមិនត្រូវបង្អែបង្អង់ឡើយ! រួចមក លោកយេស៊ូលូកដៃដែលកាន់កណ្ដៀវទៅច្រូតចម្រូតនៅផែនដី តាមបង្គាប់របស់ព្រះយេហូវ៉ាដែលថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវទៅ»។ ចម្រូតនោះជាមនុស្សនៅផែនដី។ ការបើកបង្ហាញដ៏គួរឲ្យរំភើបចិត្តនេះរំលឹកយើងម្ដងទៀតថា «វាលស្រូវ . . . ទុំល្មមច្រូតហើយ»។ តើការបើកបង្ហាញនេះជួយយើងឲ្យដឹងអំពីពេលវេលាដែលការច្រូតប្រមូលផលនៅទូទាំងផែនដីបានចាប់ផ្ដើមឬ? ពិតជាជួយយើងឲ្យដឹងមែន!
៦. (ក) តើ«រដូវច្រូតកាត់»បានចាប់ផ្ដើមនៅពេលណា? (ខ) តើការច្រូត«ចម្រូតនៅផែនដី»បានចាប់ផ្ដើមនៅពេលណា? សូមពន្យល់។
៦ នៅការបើកបង្ហាញជំពូកទី១៤ យ៉ូហានឃើញលោកយេស៊ូមានមកុដ (ខ១៤) កាលដែលលោកមានតួនាទីជាអ្នកច្រូតប្រមូលផល។ ដូច្នេះ នេះមានន័យថាលោកយេស៊ូបានត្រូវតែងតាំងជាស្តេចនៅឆ្នាំ១៩១៤រួចហើយ។ (ដាន. ៧:១៣, ១៤) មួយរយៈពេលក្រោយនោះ លោកយេស៊ូបានត្រូវបង្គាប់ឲ្យចាប់ផ្ដើមច្រូតប្រមូលផល(ខ១៥)។ ឧទាហរណ៍របស់លោកយេស៊ូស្តីអំពីការច្រូតស្រូវសាលី ក៏បញ្ជាក់អំពីលំដាប់ព្រឹត្ដិការណ៍ដូចគ្នានេះដែរ។ ពេលនោះលោកយេស៊ូមានប្រសាសន៍ថា៖ «ការច្រូតគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោក»។ ដូច្នេះ គ្រាច្រូតប្រមូលផលនិងទីបញ្ចប់នៃរបៀបរបបពិភពលោកនេះបានចាប់ផ្ដើមព្រមពេលគ្នា គឺនៅឆ្នាំ១៩១៤។ ក្រោយមក ‹នៅក្នុងរដូវនោះ› ការច្រូតប្រមូលផលបានចាប់ផ្ដើម។ (ម៉ាថ. ១៣:៣០, ៣៩) បើយើងពិចារណាអំពីអតីតកាលវិញ យើងអាចយល់ថា ការច្រូតប្រមូលផលបានចាប់ផ្ដើមប៉ុន្មានឆ្នាំក្រោយពីលោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងជាស្តេច។ មុនបង្អស់ ចាប់តាំងពីឆ្នាំ១៩១៤ រហូតដល់ដើមឆ្នាំ១៩១៩ លោកយេស៊ូបានសម្រិតសម្រាំងអ្នកកាន់តាមលោកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ (ម៉ាឡ. ៣:១-៣; ១ពេ. ៤:១៧) រួចមក នៅឆ្នាំ១៩១៩នោះដែរ ការច្រូតប្រមូលផល«នៅផែនដី»បានចាប់ផ្ដើម។ ភ្លាមៗ លោកយេស៊ូចាប់ផ្ដើមប្រើខ្ញុំបម្រើស្មោះត្រង់ដែលលោកទើបនឹងតែងតាំងនោះ ដើម្បីជួយបងប្អូនឲ្យយល់ថាកិច្ចការផ្សព្វផ្សាយជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ សូមពិចារណាអំពីអ្វីដែលបានកើតឡើង។
៧. (ក) តើបងប្អូនយើងបានពិចារណាអំពីអ្វី ទើបដឹងថាពួកគេត្រូវផ្សព្វផ្សាយជាបន្ទាន់? (ខ) តើបងប្អូនរបស់យើងបានត្រូវលើកទឹកចិត្តឲ្យធ្វើអ្វី?
៧ ទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ១៩២០ ចែងថា៖ «តាមមើលទៅ យោងទៅតាមបទគម្ពីរ ឯកសិទ្ធិដ៏ធំមួយបានត្រូវប្រគល់ឲ្យក្រុមជំនុំ ពោលគឺការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ»។ ជាឧទាហរណ៍ ទំនាយរបស់អេសាយបានជួយបងប្អូនឲ្យយល់ថា ពួកគេត្រូវប្រកាសអំពីរាជាណាចក្ររបស់ព្រះទូទាំងពិភពលោក។ (អេ. ៤៩:៦; ៥២:៧; ៦១:១-៣) ពួកគេមិនបានដឹងថា ពួកគេអាចធ្វើកិច្ចការដ៏ធំធេងយ៉ាងនោះតាមរបៀបណាទេ ប៉ុន្តែពួកគេបានជឿជាក់ថាព្រះយេហូវ៉ានឹងបើកផ្លូវឲ្យពួកគេ។ (សូមអាន អេសាយ ៥៩:១) ដោយយល់ច្បាស់ជាងថា កិច្ចផ្សព្វផ្សាយជាកិច្ចការដែលពួកគេត្រូវធ្វើជាបន្ទាន់ នោះបងប្អូនបានត្រូវលើកទឹកចិត្តឲ្យបង្កើនកិច្ចផ្សព្វផ្សាយ។ ក្រោយពីបានទទួលការលើកទឹកចិត្ត តើបងប្អូនបានធ្វើយ៉ាងណា?
៨. នៅឆ្នាំ១៩២១ បងប្អូនយើងបានយល់ចំណុចសំខាន់ពីរយ៉ាងស្តីអំពីកិច្ចផ្សព្វផ្សាយ តើចំណុចទាំងពីរនោះជាអ្វី?
៨ ទស្សនាវដ្ដីប៉មយាម ខែធ្នូ ឆ្នាំ១៩២១ បានសរសេរថា៖ «នេះជាឆ្នាំប្រសើរជាងគេ ពីព្រោះក្នុងអំឡុងឆ្នាំ១៩២១នេះ ចំនួនមនុស្សដែលបានឮសេចក្ដីពិតគឺច្រើនជាងឆ្នាំមុនៗទាំងអស់»។ ទស្សនាវដ្ដីនោះបញ្ជាក់ថែមទៀតថា៖ «នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ . . . ចូរយើងធ្វើកិច្ចការនេះដោយចិត្តសប្បាយ»។ សូមកត់សម្គាល់ថា បងប្អូនបានយល់ចំណុចសំខាន់ពីរយ៉ាងអំពីកិច្ចផ្សព្វផ្សាយ ដូចលោកយេស៊ូបានបញ្ជាក់ឲ្យសាវ័ករបស់លោកដឹងដែរ គឺថាកិច្ចផ្សព្វផ្សាយ ជាកិច្ចការដែលពួកគេត្រូវធ្វើជាបន្ទាន់ ហើយអ្នកដែលចូលរួមក្នុងកិច្ចការនោះ មានអំណរ។
៩. (ក) នៅឆ្នាំ១៩៥៤ តើទស្សនាវដ្ដីប៉មយាមបានសរសេរអ្វីស្តីអំពីកិច្ចការច្រូតប្រមូលផល ហើយហេតុអ្វី? (ខ) ក្នុងអំឡុង៥០ឆ្នាំកន្លងទៅហើយនេះ តើចំនួនអ្នកផ្សព្វផ្សាយបានកើនឡើងច្រើនយ៉ាងណា? (សូមមើលតារាងដែលមានចំណងជើងថា« ការរីកចម្រើនទូទាំងពិភពលោក»)
៩ រវាងឆ្នាំ១៩៣០និងឆ្នាំ១៩៤០ ក្រោយពីបងប្អូនដឹងថានឹងមានមនុស្សមួយក្រុមធំនៃ ចៀមឯទៀតទទួលយកដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ នោះពួកគេបានបង្កើនកិច្ចផ្សព្វផ្សាយថែមទៀត។ (អេ. ៥៥:៥; យ៉ូន. ១០:១៦; បប. ៧:៩) តើមានលទ្ធផលយ៉ាងណា? នៅឆ្នាំ១៩៣៤ មានអ្នកផ្សព្វផ្សាយ៤១.០០០នាក់ តែមកដល់ឆ្នាំ១៩៥៣ ចំនួននោះបានកើនឡើងដល់៥០០.០០០នាក់! ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៥៤ បានបញ្ជាក់អំពីការសន្និដ្ឋានដ៏ត្រឹមត្រូវរបស់អង្គការព្រះដែលថា៖ «គឺសកម្មពលរបស់ព្រះយេហូវ៉ា និងឥទ្ធិពលនៃបណ្ដាំរបស់លោក ដែលបានសម្រេចកិច្ចការច្រូតប្រមូលផលដ៏អស្ចារ្យនេះទូទាំងពិភពលោក»។ b—សាក. ៤:៦
ប្រទេស |
ឆ្នាំ១៩៦២ |
ឆ្នាំ១៩៨៧ |
ឆ្នាំ២០១៣ |
---|---|---|---|
អូស្ដ្រាលី |
១៥.៩២៧ |
៤៦.១៧០ |
៦៦.០២៣ |
ប្រេស៊ីល |
២៦.៣៩០ |
២១៦.២១៦ |
៧៥៦.៤៥៥ |
បារាំង |
១៨.៤៥២ |
៩៦.៩៥៤ |
១២៤.០២៩ |
អ៊ីតាលី |
៦.៩២៩ |
១៤៩.៨៧០ |
២៤៧.២៥១ |
ជប៉ុន |
២.៤៩១ |
១២០.៧២២ |
២១៧.១៥៤ |
ម៉ិចស៊ិក |
២៧.០៥៤ |
២២២.១៦៨ |
៧៧២.៦២៨ |
នីហ្សេរីយ៉ា |
៣៣.៩៥៦ |
១៣៣.៨៩៩ |
៣៤៤.៣៤២ |
ហ្វីលីពីន |
៣៦.៨២៩ |
១០១.៧៣៥ |
១៨១.២៣៦ |
សហរដ្ឋអាម៉េរិក |
២៨៩.១៣៥ |
៧៨០.៦៧៦ |
១.២០៣.៦៤២ |
ហ្សំប៊ី |
៣០.១២៩ |
៦៧.១៤៤ |
១៦២.៣៧០ |
១៩៥០ |
២៣៤.៩៥២ |
១៩៦០ |
៦៤៦.១០៨ |
១៩៧០ |
១.១៤៦.៣៧៨ |
១៩៨០ |
១.៣៧១.៥៨៤ |
១៩៩០ |
៣.៦២៤.០៩១ |
២០០០ |
៤.៧៦៦.៦៣១ |
២០១០ |
៨.០៥៨.៣៥៩ |
លទ្ធផលនៃការប្រមូលផលបានត្រូវប្រកាសទុកជាមុនតាមរយៈឧទាហរណ៍
១០, ១១. តើឧទាហរណ៍អំពីគ្រាប់មូស្ដាតបញ្ជាក់ចំណុចអ្វីខ្លះស្តីអំពីការធំលូតលាស់នៃដើមនោះ?
១០ តាមរបៀបដែលធ្វើឲ្យយើងស្រួលស្រមៃឃើញទិដ្ឋភាព លោកយេស៊ូបានប្រើឧទាហរណ៍ផ្សេងៗស្តីអំពីរាជាណាចក្ររបស់ព្រះ ដើម្បីប្រកាសទុកជាមុនអំពីលទ្ធផលនៃកិច្ចការច្រូតប្រមូលផល។ យើងនឹងពិចារណាឧទាហរណ៍អំពីគ្រាប់មូស្ដាត និងអំពីដំបែ។ អ្វីដែលលោកបានប្រកាសទុកជាមុននោះ ក៏បានកើតឡើងនៅគ្រាចុងបញ្ចប់នេះដែរ។ តើនោះបានកើតឡើងតាមរបៀបណា? សូមពិចារណា។
១១ ឧទាហរណ៍អំពីគ្រាប់មូស្ដាត។ បុរសម្នាក់ដាំគ្រាប់មូស្ដាតមួយ។ ក្រោយមក គ្រាប់នោះដុះឡើងក្លាយទៅជាដើមឈើមួយដែលផ្ដល់ជម្រកឲ្យសត្វស្លាប។ (សូមអាន ម៉ាថាយ ១៣:៣១, ៣២) តើឧទាហរណ៍នេះបញ្ជាក់ចំណុចអ្វីខ្លះស្តីអំពីការធំលូតលាស់នៃដើមមូស្ដាតនោះ? (១) ទំហំដែលដើមនោះលូតលាស់គឺអស្ចារ្យណាស់។ «គ្រាប់នោះជាគ្រាប់តូចបំផុតលើផែនដី» ប៉ុន្តែក្រោយមកដុះឡើងទៅជាដើមឈើមួយដែល«បែកមែកធំៗ»។ (ម៉ាក. ៤:៣១, ៣២) (២) គ្រាប់នោះប្រាកដជានឹងដុះឡើង។ លោកយេស៊ូមានប្រសាសន៍ថា៖ ‹ក្រោយពីគ្រាប់នោះបានត្រូវដាំហើយ គ្រាប់នោះដុះឡើង›។ លោកមិនបានមានប្រសាសន៍ថា«វាប្រហែលជាដុះឡើង»ទេ តែលោកប្រាប់ថា៖ «គ្រាប់នោះដុះឡើង»។ នោះបញ្ជាក់ថាគ្មានអ្វីអាចទប់មិនឲ្យគ្រាប់នោះដុះឡើងឡើយ។ (៣) ដើមឈើដែលកំពុង ដុះលូតលាស់កាន់តែធំទៅៗនោះ ទាក់ទាញសត្វស្លាប ហើយផ្ដល់ជម្រក ដូចឧទាហរណ៍នោះចែងថា‹សត្វស្លាបនៅលើមេឃមក› ហើយ«ជ្រកអាស្រ័យក្នុងម្លប់ដើមនោះ»។ តើតាមរបៀបណាចំណុចបីយ៉ាងនេះ ជាប់ទាក់ទងនឹងការប្រមូលមនុស្សនៅសព្វថ្ងៃនេះ?
១២. តើតាមរបៀបណាឧទាហរណ៍ស្តីអំពីគ្រាប់មូស្ដាតទាក់ទងនឹងការច្រូតប្រមូលផលនៅសព្វថ្ងៃនេះ? (សូមមើលដែរនូវតារាងដែលមានចំណងជើងថា« ចំនួនសិស្សគម្ពីរកំពុងកើនឡើង»)
១២ (១) ទំហំដែលដើមនោះលូតលាស់: ឧទាហរណ៍នោះបញ្ជាក់អំពីការរីកចម្រើននៃក្រុមជំនុំគ្រិស្តសាសនិកពិតនិងការផ្សព្វផ្សាយអំពីរាជាណាចក្រ។ ចាប់តាំងពីឆ្នាំ១៩១៩ មនុស្សដែលខ្នះខ្នែងក្នុងកិច្ចការច្រូតប្រមូលផលបានត្រូវបង្រួបបង្រួមមកក្នុងក្រុមជំនុំគ្រិស្តសាសនិកពិតដែលបានត្រូវរៀបចំឡើងវិញ។ នៅគ្រានោះ អ្នកផ្សព្វផ្សាយមានតែបន្ដិចទេ តែចំនួននោះបានកើនឡើងយ៉ាងលឿន។ តាមពិត ការរីកចម្រើនចាប់តាំងពីដើមសតវត្សរ៍ទី២០មកដល់សព្វថ្ងៃនេះ គឺអស្ចារ្យណាស់។ (អេ. ៦០:២២) (២) ប្រាកដជានឹងមានការលូតលាស់: គ្មានអ្វីដែលអាចរារាំងការរីកចម្រើននៃក្រុមជំនុំគ្រិស្តសាសនិកពិតឡើយ។ ទោះជាពួកសត្រូវរបស់ព្រះបានប្រឆាំងខ្លាំងយ៉ាងណាក៏ដោយ ក៏គ្រាប់ពូជនោះចេះតែធំលូតលាស់ជានិច្ច។ (អេ. ៥៤:១៧) (៣) ជម្រក: «សត្វស្លាបនៅលើមេឃ»ដែលជ្រកអាស្រ័យនៅដើមឈើនោះជាតំណាងមនុស្សរាប់លាននាក់ពី២៤០ប្រទេស ដែលមានចិត្តគំនិតត្រឹមត្រូវ និងដែលបានទទួលយកដំណឹងល្អអំពីរាជាណាចក្រព្រះ ដោយទៅជាសមាជិកនៃក្រុមជំនុំគ្រិស្តសាសនិកពិត។ (អេស. ១៧:២៣) នៅក្នុងក្រុមជំនុំ ពួកគេទទួលសេចក្ដីបង្រៀន ការលើកទឹកចិត្ត និងការការពារ។—អេ. ៣២:១, ២; ៥៤:១៣
១៣. ស្តីអំពីការរីកចម្រើន តើឧទាហរណ៍អំពីដំបែបញ្ជាក់ចំណុចអ្វីខ្លះ?
១៣ ឧទាហរណ៍អំពីដំបែ។ ក្រោយពីស្ត្រីម្នាក់ដាក់ដំបែក្នុងម្សៅមួយដុំ ដំបែនោះធ្វើឲ្យម្សៅទាំងអស់នោះដោរឡើង។ (សូមអាន ម៉ាថាយ ១៣:៣៣) តើឧទាហរណ៍នេះបញ្ជាក់ចំណុចអ្វីខ្លះស្តីអំពីការរីកចម្រើន? សូមពិចារណាចំណុចពីរ។ (១) ការរីកចម្រើនធ្វើឲ្យមានការកែប្រែ។ ដំបែនោះបានកើនឡើងក្នុងដុំម្សៅ«ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។ (២) ការរីកចម្រើនមាននៅគ្រប់ទីកន្លែង។ ដំបែនោះធ្វើឲ្យ«ម្សៅបីរង្វាល់»ដោរឡើង គឺម្សៅទាំងអស់។ តើតាមរបៀបណាចំណុចពីរនេះទាក់ទងនឹងការច្រូតប្រមូលផលនៅសព្វថ្ងៃនេះ?
១៤. តើតាមរបៀបណាឧទាហរណ៍អំពីដំបែទាក់ទងនឹងការច្រូតប្រមូលផលនៅសព្វថ្ងៃនេះ?
១៤ (១) ការកែប្រែ: ដំបែនោះជាតំណាងដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយដុំម្សៅនោះជាតំណាងមនុស្សជាតិទាំងឡាយ។ ក្រោយពីម្សៅនិងដំបែត្រូវលាយគ្នា ដំបែនោះធ្វើឲ្យម្សៅមានលក្ខណៈខុសពីមុន។ ដូចគ្នាដែរ ក្រោយពីមនុស្សទទួលយកដំណឹងល្អអំពីរាជាណាចក្រព្រះ ដំណឹងល្អនោះកែប្រែចិត្តរបស់ពួកគេឲ្យមានចិត្តគំនិតខុសពីមុន។ (រ៉ូម ១២:២) (២) មាននៅគ្រប់ទីកន្លែង: ការកើនឡើងនៃដំបែក្នុងម្សៅ ជាតំណាងការរីកចម្រើននៃការផ្សព្វផ្សាយដំណឹងល្អ។ ពេលដំបែកើនឡើងក្នុងម្សៅ តើវាកើនឡើងដល់កម្រិតណា? គឺកើនឡើងរហូតដល់មានពេញម្សៅនោះ។ ស្រដៀងគ្នាដែរ ដំណឹងល្អអំពីរាជាណាចក្របានឮដល់«កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) ចំណុចនេះក៏បញ្ជាក់ថាដំណឹងល្អក៏នឹងឮដល់ប្រទេសដែលដាក់បម្រាមមិនឲ្យយើងផ្សព្វផ្សាយ ទោះជាមនុស្សប្រហែលជាមិនកត់សម្គាល់កិច្ចការផ្សព្វផ្សាយរបស់យើងនៅប្រទេសទាំងនោះក៏ដោយ។
១៥. តើទំនាយនៅអេសាយ ៦០:៥, ២២ បានកើតឡើងយ៉ាងដូចម្ដេច? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា« ព្រះយេហូវ៉ាបានធ្វើឲ្យនោះកើតឡើង» និងប្រអប់« របៀបដែល‹ពួកមានគ្នាតិច›បានទៅជា‹សាសន៍១យ៉ាងពូកែ›»)
១៥ ប្រហែលជា៨០០ឆ្នាំមុនលោកយេស៊ូបានប្រាប់ឧទាហរណ៍ទាំងនោះ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនតាមរយៈអេសាយ អំពីទំហំនៃកិច្ចការច្រូតប្រមូលផលនៅសព្វថ្ងៃនេះ និងអំពីអំណរដែលកិច្ចការនោះនឹងផ្ដល់ឲ្យ។ c ដោយប្រើពាក្យដែលយើងចាំមិនភ្លេច នោះព្រះយេហូវ៉ាបានរៀបរាប់អំពីមនុស្ស«មកពីឆ្ងាយ» ដែលចូលមកហូរហែក្នុងអង្គការរបស់លោក។ រួចមកព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់«ស្ត្រី»ម្នាក់។ នៅសព្វថ្ងៃនេះ ស្ត្រីនោះជាតំណាងគ្រិស្តសាសនិកនៅផែនដីដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ព្រះយេហូវ៉ាមានប្រសាសន៍ទៅស្ត្រីនោះថា៖ «ឯងនឹងឃើញ ហើយនឹងមានសេចក្ដីរីករាយ ចិត្តឯងនឹងខ្លាច ហើយរីកធំឡើង ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង»។ (អេ. ៦០:១, ៤, ៥, ៩) ពាក្យទាំងនោះគឺពិតណាស់! នៅសព្វថ្ងៃនេះ អ្នកដែលបានបម្រើព្រះយេហូវ៉ាយូរហើយ ពិតជាមានសេចក្ដីរីករាយ កាលដែលឃើញថាចំនួនអ្នកផ្សព្វផ្សាយនៅប្រទេសរបស់ពួកគេ ដើមដំបូងមានតិចទេ តែឥឡូវមានរាប់ពាន់នាក់វិញ។
មូលហេតុដែលអ្នកបម្រើទាំងឡាយរបស់ព្រះយេហូវ៉ាអរសប្បាយ
១៦, ១៧. តើមូលហេតុមួយដែល«អ្នកសាបព្រោះនិងអ្នកច្រូតកាត់អរសប្បាយជាមួយគ្នា»គឺជាអ្វី? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា« របៀបដែលខិត្តប័ណ្ណពីរបានជំរុញចិត្តមនុស្សពីរនាក់នៅតំបន់អាម៉ាហ្សូន»)
១៦ យើងបានរៀនពីមុនថា លោកយេស៊ូបានមានប្រសាសន៍ប្រាប់ពួកសាវ័ករបស់លោកថា៖ «អ្នកច្រូតកាត់កំពុង . . . ប្រមូលផលសម្រាប់ជីវិតដែលគ្មានទីបញ្ចប់រួចហើយ ប្រយោជន៍ឲ្យអ្នកសាបព្រោះនិងអ្នកច្រូតកាត់អរសប្បាយជាមួយគ្នា»។ (យ៉ូន. ៤:៣៦) ក្នុងការច្រូតប្រមូលផលទូទាំងពិភពលោកនេះ ហេតុអ្វីយើង«អរសប្បាយជាមួយគ្នា»? មានមូលហេតុជាច្រើន តែសូមពិចារណាមូលហេតុបី។
១៧ មូលហេតុទី១គឺ យើងអរសប្បាយពេលឃើញថាព្រះយេហូវ៉ាកំពុងរួមចំណែកក្នុងកិច្ចការនេះ។ ពេលដែលយើងផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ យើងកំពុងព្រោះពូជ។ (ម៉ាថ. ១៣:១៨, ១៩) ពេលដែលយើងជួយអ្នកណាម្នាក់ឲ្យទៅជាអ្នកកាន់តាមគ្រិស្ត យើងកំពុងប្រមូលផល។ យើងទាំងអស់គ្នាមានអំណរខ្លាំងក្រៃលែងពេលឃើញរបៀបដ៏អស្ចារ្យដែលព្រះយេហូវ៉ាធ្វើឲ្យពូជរាជាណាចក្រ«ចេញពន្លកហើយធំឡើង»។ (ម៉ាក. ៤:២៧, ២៨) គ្រាប់ពូជខ្លះដែលយើងព្រោះនោះ ប្រហែលជាចេញពន្លកនៅពេលក្រោយ ហើយអ្នកឯទៀតជាអ្នកប្រមូលផលវិញ។ អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ដូចបងស្រីចូន ជាគ្រិស្តសាសនិកនៅប្រទេសអង់គ្លេសដែលបានទទួលការជ្រមុជទឹក៦០ឆ្នាំមុន។ គាត់និយាយថា៖ «ខ្ញុំធ្លាប់ជួបមនុស្សដែលប្រាប់ខ្ញុំថា ខ្ញុំបានដាំគ្រាប់ពូជក្នុងចិត្តរបស់ពួកគេ ពេលដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកគេច្រើនឆ្នាំមុន។ ដោយខ្ញុំមិនបានដឹង សាក្សីឯទៀតបានសិក្សាគម្ពីរជាមួយនឹងពួកគេក្រោយមក ហើយបានជួយពួកគេឲ្យទៅជាអ្នកបម្រើព្រះយេហូវ៉ា។ ខ្ញុំរីករាយណាស់ដែលគ្រាប់ពូជដែលខ្ញុំបានដាំ បានធំលូតលាស់ ហើយមានអ្នកដែលបានប្រមូលផល»។—សូមអាន កូរិនថូសទី១ ៣:៦, ៧
១៨. យោងទៅតាមកូរិនថូសទី១ ៣:៨ តើមានមូលហេតុអ្វីដែលយើងអាចអរសប្បាយ?
១៨ មូលហេតុទី២ដែលនាំឲ្យយើងមានអំណរជានិច្ចក្នុងកិច្ចការប្រមូលផលគឺ យើងចាំពាក្យរបស់ប៉ូលដែលថា៖ ‹មនុស្សម្នាក់ៗនឹងទទួលរង្វាន់តាមការខំប្រឹងរបស់ពួកគេរៀងៗខ្លួន›។ (១កូ. ៣:៨) ពួកគេទទួលរង្វាន់ដោយសារការខំប្រឹងរបស់ខ្លួន មិនមែនដោយសារលទ្ធផលនៃការខំប្រឹងរបស់ខ្លួនទេ។ ចំណុចនេះពិតជាលើកទឹកចិត្តបងប្អូនដែលផ្សព្វផ្សាយនៅតំបន់ដែលមិនសូវមានអ្នកចាប់អារម្មណ៍។ ព្រះយេហូវ៉ាចាត់ទុកថា សាក្សីម្នាក់ៗ«មានផលផ្លែជាច្រើន» បើពួកគេខំប្រឹងអស់ពីចិត្តក្នុងការព្រោះគ្រាប់ពូជ។ ដូច្នេះ ពួកគេមានមូលហេតុអរសប្បាយ។—យ៉ូន. ១៥:៨; ម៉ាថ. ១៣:២៣
១៩. (ក) តើតាមរបៀបណាទំនាយរបស់លោកយេស៊ូនៅម៉ាថាយ ២៤:១៤ ទាក់ទងនឹងអំណររបស់យើង? (ខ) ទោះជាយើងមិនបានជួយអ្នកណាឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូក្ដី តើយើងត្រូវចាំអំពីអ្វី?
១៩ មូលហេតុទី៣គឺ យើងអរសប្បាយដោយសារយើងកំពុងបំពេញកិច្ចការដែលបានត្រូវទាយទុកជាមុន។ សូមពិចារណាអំពីចម្លើយរបស់លោកយេស៊ូ ពេលដែលពួកសាវ័កសួរលោកថា៖ «តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ លោកឆ្លើយថា លក្ខណៈមួយនៃសញ្ញាសម្គាល់នោះ គឺជាកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក។ តើលោកយេស៊ូកំពុងបញ្ជាក់អំពីការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកឬ? មិនមែនទេ។ លោកបានមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំង ឡាយបានឮ[ជាការបញ្ជាក់]»។ (ម៉ាថ. ២៤:៣, ១៤; ក.ស.) ដូច្នេះ ការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ ដែលប្រៀបដូចជាការព្រោះគ្រាប់ពូជនោះ គឺជាលក្ខណៈមួយនៃសញ្ញាសម្គាល់។ ហេតុនេះ ពេលយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ យើងចាំថាយើងកំពុងធ្វើជាសាក្សី«បញ្ជាក់» ទោះជាយើងមិនបានជួយអ្នកណាម្នាក់ឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូក៏ដោយ។ d ទោះជាមនុស្សស្ដាប់ឬមិនស្ដាប់ក្ដី យើងកំពុងធ្វើអ្វីដែលលោកយេស៊ូបានប្រកាសទុកជាមុននោះ ហើយកំពុងធ្វើជា«អ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩) នេះជាមូលហេតុដ៏ល្អណាស់ ដែលយើងអរសប្បាយ!
«ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច»
២០, ២១. (ក) តើតាមរបៀបណាពាក្យនៅទំនុកតម្កើង ១១៣:៣ កំពុងក្លាយទៅជាការពិតនៅសព្វថ្ងៃនេះ? (ខ) ស្តីអំពីកិច្ចការច្រូតប្រមូលផល តើអ្នកបានតាំងចិត្តធ្វើអ្វី ហើយហេតុអ្វី?
២០ នៅសតវត្សរ៍ទី១ លោកយេស៊ូបានជួយពួកសាវ័ករបស់លោកឲ្យយល់ថាកិច្ចការច្រូតប្រមូលផលគឺជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ ចាប់តាំងពីឆ្នាំ១៩១៩មក លោកយេស៊ូបានជួយអ្នកកាន់តាមលោកនៅសម័យយើងឲ្យយល់សេចក្ដីពិតនេះដែរ។ ជាលទ្ធផល រាស្ត្ររបស់ព្រះបានបង្កើនសកម្មភាពរបស់ពួកគេ។ កិច្ចការច្រូតប្រមូលផលពុំអាចត្រូវរារាំងបានឡើយ។ ដូចគម្ពីរចែងនៅទំនុកតម្កើង ១១៣:៣ កិច្ចផ្សព្វផ្សាយកំពុងត្រូវធ្វើឡើង«ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច»។ (ទំនុក. ១១៣:៣) ពិតណាស់ ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច គឺថាពីទិសខាងកើតរហូតដល់ទិសខាងលិច ទោះជាយើងរស់នៅកន្លែងណាក៏ដោយលើផែនដីនេះ អ្នកសាបព្រោះនិងអ្នកច្រូតប្រមូលផលធ្វើការជាមួយគ្នានិងអរសប្បាយជាមួយគ្នា។ ម្យ៉ាងទៀត ពីថ្ងៃរះរហូតដល់ថ្ងៃលិច គឺថាពីព្រឹករហូតដល់ល្ងាច ពេញមួយថ្ងៃ យើងធ្វើកិច្ចការនេះជាបន្ទាន់។
២១ កាលដែលយើងពិចារណាព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងអំឡុង១០០ឆ្នាំកន្លងទៅហើយនេះ យើងអាចឃើញថាអ្នកបម្រើព្រះមួយក្រុមតូចបានក្លាយទៅជា«សាសន៍១យ៉ាងពូកែ»។ នេះពិតជាធ្វើឲ្យចិត្តយើង«រីកធំឡើង» ពោលគឺពោរពេញទៅដោយអំណរ។ (អេ. ៦០:៥, ២២) សូមឲ្យអំណរនិងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ដែលជា«ម្ចាស់នៃកិច្ចការប្រមូលផល» ជំរុញចិត្តយើងម្នាក់ៗឲ្យបន្តរួមចំណែកក្នុងការបង្ហើយកិច្ចការប្រមូលផលដ៏អស្ចារ្យបំផុតក្នុងប្រវត្ដិសាស្ត្រ!—លូក. ១០:២
a ក្នុងគម្ពីរខ្លះ ពាក្យនេះបានត្រូវបកប្រែថា«សល្មមច្រូតហើយ»។ នេះប្រហែលជាសំដៅលើអាវវែងព័ណ៌សរបស់បណ្ដាជនសាម៉ារី ដែលលោកយេស៊ូបានឃើញ ពេលពួកគេដើរសំដៅមកលោក។
b ដើម្បីរៀនថែមទៀតអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងអំឡុងឆ្នាំទាំងនោះ ហើយក្នុងប៉ុន្មានទសវត្សរ៍បន្ទាប់ពីនោះ យើងសូមលើកទឹកចិត្តបងប្អូនឲ្យអានទំព័រ៤២៥-៥២០ ក្នុងសៀវភៅសាក្សីព្រះយេហូវ៉ា ពួកអ្នកប្រកាសរាជាណាចក្ររបស់ព្រះ (Jehovah’s Witnesses—Proclaimers of God’s Kingdom) ដែលរៀបរាប់អំពីកិច្ចការច្រូតប្រមូលផលក្នុងចន្លោះឆ្នាំ១៩១៩ដល់ឆ្នាំ១៩៩២។
c ដើម្បីបានព័ត៌មានល្អិតល្អន់អំពីទំនាយនេះ សូមមើលសៀវភៅIsaiah’s Prophecy—Light for All Mankind II ទំព័រ៣០៣-៣២០។
d និស្សិតគម្ពីរសម័យមុនបានយល់សេចក្ដីពិតដ៏សំខាន់នេះ។ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៨៩៥ បានសរសេរថា៖ «ទោះបីជាយើងច្រូតបានស្រូវសាលីតែបន្ដិចក៏ដោយ ក៏យើងនៅតែអាចបញ្ជាក់យ៉ាងច្រើនអំពីសេចក្ដីពិត . . . យើងទាំងអស់គ្នាអាចផ្សាយដំណឹងល្អបាន»។