មេរៀនទី៤៤
តើព្រះពេញចិត្តពិធីបុណ្យទាំងអស់ឬ?
ព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិតសប្បាយ ហើយជួនកាលលោកក៏ចង់ឲ្យយើងធ្វើពិធីជួបជុំគ្នាដែរ។ ប៉ុន្តែ តើលោកពេញចិត្តពិធីបុណ្យឬទំនៀមទម្លាប់ទាំងអស់ឬទេ? ស្ដីអំពីរឿងនេះ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១. ហេតុអ្វីពិធីបុណ្យជាច្រើនធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត?
អ្នកប្រហែលជាភ្ញាក់ផ្អើល ពេលរៀនថាពិធីបុណ្យជាច្រើនមិនមានមូលដ្ឋានលើសេចក្ដីបង្រៀនក្នុងគម្ពីរទេ តែមានដើមកំណើតមកពីអ្នកមិនកាន់គ្រិស្តសាសនា។ ពិធីបុណ្យទាំងនោះប្រហែលជាជាប់ទាក់ទងនឹងសាសនាមិនពិត ឬជាប់ទាក់ទងនឹងពួកវិញ្ញាណ ឬផ្អែកលើគំនិតដែលថាមានព្រលឹងអមតៈ។ ពិធីបុណ្យខ្លះមានឫសគល់លើអបិយជំនឿ ឬការជឿលើលាភសំណាង។ (អេសាយ ៦៥:១១) ព្រះយេហូវ៉ាព្រមានអ្នកគោរពប្រណិប័តន៍លោកថា៖ «[ចូរ]ញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត»។—កូរិនថូសទី២ ៦:១៧ a
២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពិធីបុណ្យដែលលើកតម្កើងមនុស្ស?
ព្រះយេហូវ៉ាព្រមានយើងកុំឲ្យ«ទុកចិត្តលើមនុស្ស»។ (សូមអាន យេរេមា ១៧:៥) ពិធីបុណ្យខ្លះលើកតម្កើងពួកអ្នកគ្រប់គ្រងឬកងទ័ព។ រីឯពិធីបុណ្យខ្លះទៀត លើកតម្កើងនិមិត្តរូបជាតិឬឯករាជ្យជាតិ។ (យ៉ូហានទី១ ៥:២១) ចំណែកពិធីបុណ្យផ្សេងទៀត លើកស្ទួយនយោបាយឬចលនាសង្គមជាដើម។ បើយើងលើកតម្កើងមនុស្សឬអង្គការណាមួយ ដែលបំផុសគំនិតផ្ទុយពីគោលបំណងរបស់ព្រះយេហូវ៉ា តើលោកនឹងមានអារម្មណ៍យ៉ាងណា?
៣. តើការប្រព្រឹត្តបែបណាខ្លះដែលធ្វើឲ្យព្រះមិនពេញចិត្តចំពោះពិធីបុណ្យ?
គម្ពីរផ្ដន្ទាទោស«ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត [និង]ការប្រកួតគ្នាផឹកស្រា»។ (ពេត្រុសទី១ ៤:៣) ក្នុងពិធីបុណ្យខ្លះ មនុស្សច្រើនតែប្រព្រឹត្តដោយមិនចេះទប់ចិត្ត និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ដើម្បីបន្តធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា យើងត្រូវជៀសឆ្ងាយពីអំពើមិនល្អបែបនោះ។
បង្កើនចំណេះ
សូមស្វែងយល់អំពីរបៀបដែលអ្នកអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដោយធ្វើការសម្រេចចិត្តយ៉ាងឈ្លាសវៃអំពីពិធីបុណ្យផ្សេងៗ។
៤. ចូរបដិសេធពិធីបុណ្យដែលមិនលើកកិត្តិយសព្រះយេហូវ៉ា
សូមអាន អេភេសូរ ៥:១០ រួចពិភាក្សាសំណួរដូចតទៅ៖
-
មុនពេលយើងសម្រេចចិត្តចូលរួមពិធីបុណ្យណាមួយ តើយើងត្រូវដឹងប្រាកដអំពីអ្វី?
-
នៅតំបន់ដែលអ្នករស់នៅ តើគេនិយមធ្វើពិធីអ្វីខ្លះ?
-
តើអ្នកគិតថាព្រះយេហូវ៉ាពេញចិត្តពិធីទាំងនោះទេ?
ជាឧទាហរណ៍ តើអ្នកធ្លាប់ឆ្ងល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះបុណ្យខួបកំណើតឬទេ? គម្ពីរមិនដែលប្រាប់ថាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាធ្វើបុណ្យខួបកំណើតទេ។ ប៉ុន្តែ គម្ពីរប្រាប់អំពីបុណ្យខួបកំណើតពីរ ដែលធ្វើឡើងដោយអ្នកដែលមិនបម្រើលោក។ សូមអាន ដើមកំណើត ៤០:២០-២២ និងម៉ាថាយ ១៤:៦-១០។ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើបុណ្យខួបកំណើតទាំងពីរនេះ មានអ្វីដែលកើតឡើងដូចគ្នា?
-
យោងតាមកំណត់ហេតុទាំងនេះ តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបុណ្យខួបកំណើត?
ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា ‹បើខ្ញុំចូលរួមបុណ្យខួបកំណើតឬបុណ្យផ្សេងៗដែលគ្មានមូលដ្ឋានលើគម្ពីរ តើនោះសំខាន់ចំពោះព្រះយេហូវ៉ាទេ?›។ សូមអាន ដំណើរចាកចេញ ៣២:១-៨។ បន្ទាប់មក លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
-
ហេតុអ្វីយើងត្រូវដឹងច្បាស់អំពីអ្វីដែលព្រះយេហូវ៉ាពេញចិត្ត?
-
តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
របៀបដែលយើងអាចដឹងថាព្រះមិនពេញចិត្តពិធីបុណ្យណាមួយ
-
តើបុណ្យនោះមានមូលដ្ឋានលើសេចក្ដីបង្រៀនក្នុងគម្ពីរឬទេ? ដើម្បីដឹង សូមស្រាវជ្រាវអំពីប្រភពនៃបុណ្យនោះ។
-
តើបុណ្យនោះលើកតម្កើងមនុស្ស អង្គការ ឬនិមិត្តរូបជាតិឬទេ? យើងលើកកិត្តិយសព្រះយេហូវ៉ាលើសជាងអ្វីៗទាំងអស់ ហើយយើងទុកចិត្តថាលោកនឹងដោះស្រាយបញ្ហាទាំងអស់ក្នុងពិភពលោក។
-
តើទំនៀមទម្លាប់និងការប្រព្រឹត្តក្នុងពិធីបុណ្យនោះប្រឆាំងនឹងខ្នាតតម្រាគម្ពីរឬទេ? យើងត្រូវរក្សាសីលធម៌ស្អាតស្អំជានិច្ច។
៥. ចូរជួយអ្នកឯទៀតឲ្យគោរពជំនឿរបស់អ្នក
ពេលអ្នកឯទៀតបង្ខំអ្នកឲ្យចូលរួមពិធីបុណ្យដែលព្រះយេហូវ៉ាមិនពេញចិត្ត នោះប្រហែលជាធ្វើឲ្យអ្នកពិបាកបដិសេធ។ សូមពន្យល់អំពីការសម្រេចចិត្តរបស់អ្នកដោយអត់ធ្មត់ និងដោយមិនធ្វើឲ្យគេទើសចិត្ត។ ដើម្បីមើលឧទាហរណ៍អំពីរបៀបធ្វើដូច្នេះ សូមលេងវីដេអូ។
សូមអាន ម៉ាថាយ ៧:១២ រួចពិភាក្សាសំណួរដូចតទៅ៖
-
យោងតាមខគម្ពីរនេះ តើអ្នកគួរប្រាប់ក្រុមគ្រួសាររបស់អ្នកថា ពួកគេមិនគួរធ្វើពិធីបុណ្យណាមួយឬទេ?
-
ទោះជាអ្នកមិនចូលរួមធ្វើពិធីបុណ្យជាមួយនឹងក្រុមគ្រួសារក៏ដោយ តើអ្នកអាចធ្វើអ្វីដើម្បីឲ្យពួកគេដឹងថាអ្នកនៅតែគោរពស្រឡាញ់ពួកគេ?
៦. ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយរីករាយ
ព្រះយេហូវ៉ាចង់ឲ្យយើងមានពេលសប្បាយរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។ សូមអាន អ្នកទូន្មាន ៨:១៥ រួចពិភាក្សាសំណួរនេះ៖
-
តើខគម្ពីរនេះបញ្ជាក់យ៉ាងណាថាព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយរីករាយ?
ព្រះយេហូវ៉ាចង់ឲ្យរាស្ត្ររបស់លោកមានពេលសើចសប្បាយជាមួយគ្នា។ លេងវីដេអូ ដើម្បីមើលអំពីភាពសប្បាយរីករាយនៅមហាសន្និបាតអន្តរជាតិរបស់យើង។
សូមអាន កាឡាទី ៦:១០ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើយើងត្រូវតែធ្វើពិធីបុណ្យដែលគេពេញនិយម ទើបអាច«ធ្វើល្អ»ដល់អ្នកឯទៀតឬ?
-
រវាងការជូនអំណោយគេដោយសារជាថ្ងៃបុណ្យ និងការជូនអំណោយគេដោយស្ម័គ្រពីចិត្ត តើអ្នកសប្បាយចិត្តធ្វើមួយណាជាង?
-
ជារឿយៗ សាក្សីព្រះយេហូវ៉ាជាច្រើននាក់រៀបចំអ្វីពិសេសខ្លះសម្រាប់កូនៗរបស់ខ្លួន ហើយជួនកាលក៏ឲ្យអំណោយដែលធ្វើឲ្យកូនរំភើបចិត្តយ៉ាងខ្លាំងដែរ។ បើអ្នកមានកូន តើអ្នកអាចធ្វើអ្វីពិសេសខ្លះសម្រាប់កូន?
មនុស្សខ្លះនិយាយថា៖ «ពិធីបុណ្យនោះមកពីណាមិនសំខាន់ទេ។ សំខាន់ពិធីបុណ្យនោះធ្វើឲ្យយើងមានពេលសប្បាយរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិ»។
-
តើអ្នកគិតយ៉ាងណា?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាចង់ឲ្យយើងមានពេលសប្បាយរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។ ប៉ុន្តែ លោកក៏ចង់ឲ្យយើងជៀសចេញពីពិធីបុណ្យដែលលោកមិនពេញចិត្តដែរ។
រៀនសាឡើងវិញ
-
ដើម្បីដឹងថាពិធីបុណ្យបែបណាដែលព្រះយេហូវ៉ាមិនពេញចិត្ត តើយើងអាចគិតពិចារណាអំពីសំណួរអ្វីខ្លះ?
-
ស្ដីអំពីពិធីបុណ្យផ្សេងៗ តើតាមរបៀបណាយើងអាចពន្យល់ក្រុមគ្រួសារនិងមិត្តភក្តិឲ្យយល់អំពីការសម្រេចចិត្តរបស់យើង?
-
ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាចង់ឲ្យយើងមានឱកាសសប្បាយរីករាយ?
ស្វែងយល់ថែមទៀត
សូមពិចារណាបុណ្យមួយចំនួនដែលគ្រិស្តសាសនិកមិនចូលរួម។
«ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យផ្សេងៗ?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលមូលហេតុបួនយ៉ាងដែលយើងជឿថា ព្រះមិនពេញចិត្តចំពោះបុណ្យខួបកំណើតទេ។
«ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យខួបកំណើត?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលរបៀបក្មេងៗដែលស្រឡាញ់ព្រះយេហូវ៉ាអាចធ្វើឲ្យលោកពេញចិត្តក្នុងអំឡុងកម្មវិធីបុណ្យ។
គ្រិស្តសាសនិករាប់លាននាក់បានសម្រេចចិត្តមិនធ្វើបុណ្យណូអែល។ តើពួកគេមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តរបស់ខ្លួន?
«ពួកគេបានរកឃើញអ្វីដែលល្អជាង» (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២)
a សូមមើលកំណត់នៅចុងសៀវភៅលេខ៥ ដើម្បីដឹងអំពីអ្វីដែលអ្នកគួរធ្វើពេលមានពិធីបុណ្យផ្សេងៗ។