លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើគួរអប់រំកូនយ៉ាងណា?

តើគួរអប់រំកូនយ៉ាងណា?

‹សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់ដល់អ្នកនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្ដអ្នកចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នក›។—ចោទិយកថា ៦:៦, ៧

ពេលដែលព្រះយេហូវ៉ាបានបង្កើតក្រុមគ្រួសារ លោកក៏បានបង្កើតឲ្យមានរបៀបរៀបចំក្នុងក្រុមគ្រួសារដែរ។ របៀបរៀបចំនោះគឺ លោកឲ្យឪពុកម្ដាយមើលការខុសត្រូវកូន។ (កូឡុស ៣:២០) ដូច្នេះ ឪពុកម្ដាយមានភារកិច្ចអប់រំកូនឲ្យស្រឡាញ់ព្រះយេហូវ៉ា និងអប់រំកូនឲ្យក្លាយទៅជាមនុស្សពេញវ័យដែលមានការទទួលខុសត្រូវ។ (ធីម៉ូថេទី២ ១:៥; ៣:១៥) អ្នកមិនគ្រាន់តែត្រូវអប់រំកូនប៉ុណ្ណោះទេ តែអ្នកក៏ត្រូវស្គាល់ចិត្ដរបស់កូនដែរ។ តាមពិត គំរូរបស់អ្នកគឺសំខាន់ណាស់។ បើអ្នកឲ្យបណ្ដាំរបស់ព្រះយេហូវ៉ានៅជាប់ក្នុងចិត្ដរបស់អ្នកជាមុន នោះអ្នកអាចបង្រៀនកូនអំពីបណ្ដាំរបស់លោកដោយមានប្រសិទ្ធភាព។—ទំនុកតម្កើង ៤០:៨

១ ធ្វើឲ្យកូនមានអារម្មណ៍ស្រួលនិយាយជាមួយនឹងអ្នក

គម្ពីររៀបរាប់ថា: «ត្រូវរហ័សស្តាប់ មិនរហ័សនិយាយ»។ (យ៉ាកុប ១:១៩) អ្នកច្បាស់ជាចង់ឲ្យកូនមានអារម្មណ៍ថា ពួកគេអាចនិយាយជាមួយនឹងអ្នកនៅពេលណាក៏បាន។ ដូច្នេះ កូនត្រូវដឹងថាអ្នកនឹងចាំស្តាប់ពួកគេ នៅពេលណាក៏ដោយដែលពួកគេត្រូវការនិយាយជាមួយនឹងអ្នក។ សូមបង្កើតឲ្យមានបរិយាកាសដែលធ្វើឲ្យកូនស្រួលនិយាយប្រាប់អ្នកអំពីអារម្មណ៍របស់ខ្លួន។ (យ៉ាកុប ៣:១៨) បើកូនគិតថាអ្នកនឹងធ្វើឲ្យគាត់ឈឺចិត្ដ ឬឆាប់វាយតម្លៃថាគាត់ជាមនុស្សបែបណា នោះកូនប្រហែលជាមិននិយាយប្រាប់អ្នកអំពីអារម្មណ៍ពិតរបស់ខ្លួនឡើយ។ សូមអត់ធ្មត់ជាមួយនឹងកូន ហើយឧស្សាហ៍ប្រាប់កូនថាអ្នកស្រឡាញ់ពួកគេ។—ម៉ាថាយ ៣:១៧; កូរិនថូសទី១ ៨:១

សូមសាកធ្វើតាមយោបល់នេះ:

  • សូមឆ្លៀតពេលនិយាយជាមួយនឹងកូន ពេលដែលកូនត្រូវការនិយាយជាមួយនឹងអ្នក

  • សូមប្រាស្រ័យទាក់ទងជាមួយនឹងកូនជាទៀងទាត់ មិនគ្រាន់តែនៅពេលដែលមានបញ្ហានោះទេ

២ ខំស្វែងយល់អ្វីដែលកូនចង់និយាយ

គម្ពីររៀបរាប់ថា: «អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក»។ (សុភាសិត ១៦:២០) ពេលខ្លះអ្នកមិនគ្រាន់តែស្តាប់ពាក្យរបស់កូនប៉ុណ្ណោះទេ តែអ្នកត្រូវខំយល់អ្វីដែលកូនចង់និយាយ ដើម្បីយល់អារម្មណ៍ពិតប្រាកដរបស់កូន។ ជាការធម្មតាកូនច្រើនតែនិយាយពន្លើស ឬនិយាយអ្វីដែលតាមពិតពួកគេមិនចង់មានន័យដូច្នោះទេ។ គម្ពីរចែងថា«អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាចំកួតហើយ»។ (សុភាសិត ១៨:១៣) ដូច្នេះ សូមកុំឆាប់ខឹងកូន។—សុភាសិត ១៩:១១

សូមសាកធ្វើតាមយោបល់នេះ:

  • សូមស្តាប់កូននិយាយឲ្យចប់សិន ទោះជាកូននិយាយអ្វីក៏ដោយ។ កុំនិយាយកាត់ ហើយកុំឆាប់ច្រឡោត

  • ដើម្បីយល់អារម្មណ៍របស់កូន សូមស្រមៃគិតអំពីពេលដែលអ្នកនៅក្មេង និងអ្វីដែលអ្នកធ្លាប់ចាត់ទុកថាសំខាន់នៅពេលនោះ

៣ ត្រូវឲ្យកូនឃើញថាអ្នកទាំងពីរមានគំនិតឯកភាពគ្នា

គម្ពីររៀបរាប់ថា: «កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។ (សុភាសិត ១:៨) ព្រះយេហូវ៉ាឲ្យឪពុកម្ដាយមានអំណាចគ្រប់គ្រងកូន។ ដូច្នេះ ឪពុកម្ដាយត្រូវអប់រំកូនឲ្យចេះគោរពនិងស្តាប់បង្គាប់ពួកគាត់។ (អេភេសូរ ៦:១-) កូនអាចដឹងបានថា ឪពុកម្ដាយរបស់ពួកគេគ្មាន«គំនិតឯកភាព»គ្នា។ (កូរិនថូសទី១ ១:១០) ដូច្នេះ បើឪពុកម្ដាយមានការខ្វែងគំនិតគ្នា សូមកុំឲ្យកូនឃើញ ព្រោះនេះអាចនាំឲ្យកូនមិនសូវគោរពអ្នកទាំងពីរ។

សូមសាកធ្វើតាមយោបល់នេះ:

  • សូមពិគ្រោះជាមួយនឹងគូ ហើយសម្រេចគ្នាអំពីរបៀបប្រៀនប្រដៅកូន

  • បើអ្នកនិងគូមានគំនិតខុសគ្នាអំពីការអប់រំកូន សូមព្យាយាមយល់មូលហេតុដែលគូអ្នកគិតដូច្នោះ

៤ ត្រូវមានវិធីសាស្ដ្រអប់រំកូន

គម្ពីររៀបរាប់ថា: «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្ដតាមផ្លូវដែលគួរប្រព្រឹត្ដ»។ (សុភាសិត ២២:៦) ការអប់រំកូនឲ្យក្លាយទៅជាកូនល្អ មិនមែនកើតឡើងដោយចៃដន្យទេ។ ដូច្នេះ អ្នកត្រូវមានវិធីសាស្ដ្រក្នុងការអប់រំកូន នោះក៏រួមបញ្ចូលការប្រៀនប្រដៅកូនដែរ។ (ទំនុកតម្កើង ១២៧:៤; សុភាសិត ២៩:១៧) ការប្រៀនប្រដៅមិនគ្រាន់តែមានន័យថាជាការដាក់ទោសកូនប៉ុណ្ណោះទេ ប៉ុន្ដែនេះទាក់ទងនឹងការជួយកូនឲ្យយល់មូលហេតុដែលអ្នកដាក់វិន័យក្នុងគ្រួសារ។ (សុភាសិត ២៨:៧) ម្យ៉ាងទៀត អ្នកក៏ត្រូវបង្រៀនកូនឲ្យស្រឡាញ់បណ្ដាំរបស់ព្រះយេហូវ៉ា និងឲ្យចេះគិតពិចារណាអំពីគោលការណ៍ក្នុងបណ្ដាំនោះដែរ។ (ទំនុកតម្កើង ១:២) ការធ្វើដូច្នេះនឹងជួយកូនឲ្យចេះសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។—ហេប្រឺ ៥:១៤

សូមសាកធ្វើតាមយោបល់នេះ:

  • សូមប្រាកដថាកូនរបស់អ្នកជឿថា មានព្រះពិតមែន ហើយពួកគេអាចទុកចិត្ដលោក

  • សូមជួយកូនឲ្យចេះសម្គាល់និងជៀសវាងអ្វីដែលអាចបណ្ដាលឲ្យកូនប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចជាការលេងអ៊ីនធឺណិត និងការទាក់ទងគ្នាតាមបណ្ដាញគេហទំព័រជាដើម។ សូមបង្រៀនកូនឲ្យប្រុងប្រយ័ត្ននឹងមនុស្សដែលទាញយកផលចំណេញខាងផ្លូវភេទលើកុមារ

«ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្ដតាមផ្លូវដែលគួរប្រព្រឹត្ដ»