ផ្នែកទី៣
ការឈឺចិត្ត ពេលយើងមាន«ហេតុត្អូញត្អែរ»
បងស្រីលីនដារៀបរាប់ថា៖ «បងស្រីម្នាក់ក្នុងក្រុមជំនុំបានចោទប្រកាន់ថាខ្ញុំលួចលុយរបស់គាត់។ បងប្អូនឯទៀតក្នុងក្រុមជំនុំបានដឹងអំពីរឿងនេះ ហើយជឿតាមគាត់។ នៅទីបំផុត បងស្រីនោះបានរកឃើញការពិតដែលបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកលួចទេ។ ទោះជាគាត់បានសុំទោសខ្ញុំក៏ដោយ នៅក្នុងចិត្ត ខ្ញុំនៅតែមិនអាចអភ័យទោសឲ្យគាត់ ដោយសារអ្វីដែលគាត់បានធ្វើចំពោះខ្ញុំ»។
តើអ្នកអាចយល់អារម្មណ៍បងលីនដាដែលបានឈឺចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលបងប្អូនរួមជំនឿបានធ្វើមកលើគាត់ឬទេ? គួរឲ្យស្ដាយណាស់ដែលបងប្អូនខ្លះបានឈឺចិត្តយ៉ាងខ្លាំងចំពោះការប្រព្រឹត្តរបស់បងប្អូនរួមជំនឿ រហូតដល់គាត់ឲ្យរឿងនោះបន្ថយសកម្មភាពក្នុងកិច្ចបម្រើព្រះ។ តើរឿងនេះបានកើតឡើងចំពោះអ្នកឬទេ?
តើមានអ្នកណាអាច«ធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»បាន?
បើបងប្អូនរួមជំនឿម្នាក់ធ្វើឲ្យយើងឈឺចិត្ត យើងប្រហែលជាពិបាកអភ័យទោសឲ្យគាត់ណាស់ ព្រោះគ្រិស្តសាសនិកត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូហាន ១៣:៣៤, ៣៥) បើបងប្អូនរួមជំនឿធ្វើខុសចំពោះយើង នោះប្រហែលជាធ្វើឲ្យយើងខកចិត្តនិងឈឺចិត្តយ៉ាងខ្លាំង។—ចម្រៀងសរសើរព្រះ ៥៥:១២
គម្ពីរប្រាប់ថាមានពេលខ្លះ គ្រិស្តសាសនិកមាន«ហេតុត្អូញត្អែរ»អំពីអ្នកណាម្នាក់។ (កូឡុស ៣:១៣) ទោះជាយ៉ាងនោះក៏ដោយ ពេលដែលរឿងបែបនោះកើតឡើងចំពោះយើង ប្រហែលជាពិបាកឲ្យយើងដឹងអំពីរបៀបប្រឈមមុខនឹងស្ថានភាពនោះ។ តើមានអ្វីខ្លះអាចជួយយើងបាន? សូមពិចារណាគោលការណ៍គម្ពីរបីដូចខាងក្រោម៖
បិតារបស់យើងដែលនៅស្ថានសួគ៌ដឹងអ្វីៗទាំងអស់។ ព្រះយេហូវ៉ាឃើញអ្វីៗទាំងអស់ដែលបានកើតឡើង រួមទាំងរឿងអយុត្ដិធម៌ណាដែលយើងជួបប្រទះ និងការឈឺចិត្តដែលមកពីរឿងនោះ។ (ហេប្រឺ ៤:១៣) បន្ថែមទៅទៀត ពេលយើងឈឺចិត្ត ព្រះយេហូវ៉ាក៏ឈឺចិត្តដែរ។ (អេសាយ ៦៣:៩) លោកមិនអនុញ្ញាតឲ្យ«ទុក្ខ»វេទនា ឬអ្វីផ្សេង ឬសូម្បីតែអ្នកបម្រើឯទៀតរបស់លោក មក«ធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»ឡើយ។ (រ៉ូម ៨:៣៥, ៣៨, ៣៩) ពេលយើងដឹងថាព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យអ្វីមួយ ឬនរណាម្នាក់មកបំបែកយើងចេញពីលោក នោះគួរជំរុញចិត្តយើងឲ្យចង់ប្រព្រឹត្តចំពោះព្រះយេហូវ៉ាដូច្នោះដែរ មែនទេ?
អភ័យទោសមិនមែនមើលរំលងទេ។ ពេលយើងអភ័យទោសឲ្យអ្នកដែលធ្វើខុសចំពោះយើង យើងមិនវិនិច្ឆ័យថាគាត់ខុស យើងត្រូវនោះទេ ហើយយើងក៏មិននិយាយដោះសា ឬមើលរំលងការប្រព្រឹត្តរបស់ពួកគេដែរ។ សូមចាំថា ព្រះយេហូវ៉ាមិនដែលពេញចិត្តនឹងអំពើខុសឆ្គងទេ តែលោកអភ័យទោសឲ្យ បើមានមូលហេតុឲ្យលោកធ្វើដូច្នោះ។ (ចម្រៀងសរសើរព្រះ ១០៣:១២, ១៣; ហាបាគុក ១:១៣) ពេលព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យអភ័យទោសអ្នកឯទៀត លោកកំពុងសុំយើងធ្វើតាមគំរូរបស់លោក។ លោកមិន«ខឹងរហូត»ទេ។—ចម្រៀងសរសើរព្រះ ១០៣:៩; ម៉ាថាយ ៦:១៤
ពេលយើងឈប់ប្រកាន់ទោស យើងទទួលប្រយោជន៍។ តើតាមរបៀបណា? សូមស្រមៃគិតទិដ្ឋភាពដូចតទៅនេះ។ ឧបមាថា អ្នកលើកថ្មមួយដែលមានទម្ងន់ប្រហែលជាមួយគីឡូក្រាម ហើយកាន់ថ្មនោះដោយសន្ធឹងដៃឲ្យត្រង់។ អ្នកប្រហែលជាស្រួលកាន់ថ្មនោះក្នុងរយៈពេលខ្លី។ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកព្យាយាមធ្វើដូចនោះក្នុងរយៈពេលយូរជាង? តើអ្នកអាចកាន់ថ្មនោះបានរយៈពេលប៉ុន្មាន? ច្រើននាទីឬ? មួយម៉ោងឬ? ឬក៏យូរជាងនោះ? ដៃរបស់អ្នកច្បាស់ជារួយមិនខាន! តាមពិត ទម្ងន់ថ្មនោះមិនបានផ្លាស់ប្ដូរទេ។ ប៉ុន្តែ បើយើងកាន់វាកាន់តែយូរ យើងមានអារម្មណ៍ថាវាកាន់តែធ្ងន់។ ការប្រកាន់ទោសក៏ស្រដៀងនឹងនោះដែរ។ សូម្បីតែរឿងតូចក្ដី បើយើងកាន់តែគុំយូរប៉ុនណា យើងក៏កាន់តែឈឺចិត្តខ្លាំងប៉ុណ្ណោះដែរ។ ដូច្នេះ មិនគួរឲ្យចម្លែកឡើយដែលព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យឈប់ប្រកាន់ទោស។ បើយើងឈប់ប្រកាន់ទោស យើងពិតជាទទួលប្រយោជន៍។—សុភាសិត ១១:១៧
«ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាផ្ទាល់កំពុងនិយាយមកកាន់ខ្ញុំ»
តើអ្វីបានជួយបងលីនដាឲ្យឈប់ប្រកាន់ទោសនឹងបងប្អូនរួមជំនឿដែលធ្វើឲ្យគាត់ឈឺចិត្ត? មានចំណុចជាច្រើន តែចំណុចមួយគឺ គាត់បានរំពឹងគិតបទគម្ពីរខ្លះៗ ស្ដីអំពីមូលហេតុដែលគាត់គួរចេះអភ័យទោស។ (ចម្រៀងសរសើរព្រះ ១៣០:៣, ៤) ជាពិសេស បងលីនដាបានត្រូវជំរុញចិត្តឲ្យអភ័យទោសឲ្យបងប្អូនរួមជំនឿ ដោយសារគាត់ដឹងថាពេលយើងអភ័យទោសឲ្យអ្នកឯទៀត ព្រះយេហូវ៉ាក៏នឹងអភ័យទោសឲ្យយើងដែរ។ (អេភេសូរ ៤:៣២–៥:២) ពាក្យទាំងនេះពិតជាមានឥទ្ធិពលទៅលើគាត់មែន រហូតដល់គាត់បានប្រាប់ថា៖ «ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាផ្ទាល់កំពុងនិយាយមកកាន់ខ្ញុំ»។
ក្រោយមក បងលីនដាឈប់ប្រកាន់ទោសទៀត។ គាត់បានអភ័យទោសឲ្យបងស្រីនោះដោយគ្មានល័ក្ខខ័ណ្ឌ ហើយឥឡូវគាត់និងបងស្រីនោះជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា។ បងលីនដាបានជឿនទៅមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ សូមមានទំនុកចិត្តថា ព្រះយេហូវ៉ាក៏ចង់ជួយអ្នកឲ្យធ្វើដូច្នោះដែរ។