លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​៤

ការបន្ទោសខ្លួន ‹សូមជម្រះអំពើខុសឆ្គងរបស់ខ្ញុំផង›

ការបន្ទោសខ្លួន ‹សូមជម្រះអំពើខុសឆ្គងរបស់ខ្ញុំផង›

បង​ស្រី​ម៉ាថា​រៀប​រាប់​ថា​៖ ​«​ការ​ងារ​ថ្មី​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​យើង​ធូរ​ធារ​ជាង តែ​ការ​ងារ​នោះ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អ្វី​ជា​ច្រើន​ដែល​មិន​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ ខ្ញុំ​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ និង​ចូល​រួម​ពិធី​ខាង​នយោបាយ ថែម​ទាំង​ចាប់​ផ្ដើម​ទៅ​វិហារ​សាសនា​ទៀត​ផង។ ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែល​អសកម្ម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ​កាន់​តែ​យូរ ខ្ញុំ​កាន់​តែ​គិត​ថា​ខ្ញុំ​មិន​អាច​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ខ្ញុំ​បាន​បន្ទោស​ខ្លួន​រហូត ព្រោះ​ខ្ញុំ​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ តែ​ខ្ញុំ​នៅ​តែ​ដើរ​ផ្លូវ​ខុស​ទៀត​»។

អារម្មណ៍​សោក​ស្ដាយ​ចំពោះ​កំហុស​របស់​ខ្លួន​អាច​ជា​បន្ទុក​ដ៏​ធ្ងន់​ណាស់។ ស្ដេច​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​កំហុស​របស់​ខ្ញុំ​ឡើង​លិច​ក្បាល​ខ្ញុំ ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៨:៤​) គ្រិស្ត​សាសនិក​ពិត​ខ្លះ​មាន​ការ​ព្រួយ​ចិត្ត​ក្រៃ​លែង រហូត​ដល់​គិត​ថា​ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ឲ្យ​ពួក​គាត់​បាន​ទេ។ (​កូរិនថូស​ទី​២ ២:៧​) តើ​ការ​សន្និដ្ឋាន​នោះ​ត្រឹម​ត្រូវ​ឬ​ទេ? ចុះ​បើ​អ្នក​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​អំពើ​នោះ​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពេក​ពី​ព្រះ​យេហូវ៉ា រហូត​ដល់​លោក​មិន​អាច​អភ័យ​ទោស​ឲ្យ​អ្នក​ឬ? មិន​មែន​ទេ អ្នក​នៅ​មាន​សង្ឃឹម!

សូម​ឲ្យ​‹យើង​សម្រុះ​សម្រួល​គ្នា›

ព្រះ​យេហូវ៉ា​មិន​បោះ​បង់​ចោល​ពួក​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ដែល​ចង់​ប្រែ​ចិត្ត​នោះ​ទេ។ តាម​ពិត លោក​ចង់​ទទួល​ពួក​គាត់​មក​វិញ! ក្នុង​ឧទាហរណ៍​អំពី​កូន​វង្វេង​បាត់ លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ឪពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ឪពុក​នោះ​មាន​កូន​ប្រុស​ម្នាក់​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ ហើយ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ។ ក្រោយ​មក កូន​ប្រុស​នោះ​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា​៖ ​«​ពេល​ដែល​[​កូន​ប្រុស​នោះ​]​នៅ​ឆ្ងាយ​នៅ​ឡើយ ឪពុក​គាត់​ក្រឡេក​ទៅ​ឃើញ ក៏​មាន​ចិត្ត​ក្ដួល​អាណិត រួច​រត់​ទៅ​ឱប​កូន ហើយ​ថើប​ដោយ​ក្ដី​ស្រឡាញ់​»។ (​លូកា ១៥:១១​-​២០​) តើ​អ្នក​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​«​នៅ​ឆ្ងាយ​»​ពី​លោក​ឬ​ទេ? ដូច​ឪពុក​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ព្រះ​យេហូវ៉ា​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​អ្នក។ លោក​ពិត​ជា​ចង់​ទទួល​អ្នក​ឲ្យ​ត្រឡប់​មក​វិញ។

ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​គិត​ថា​អំពើ​ខុស​ឆ្គង​របស់​អ្នក​គឺ​ធ្ងន់​ធ្ងរ​ពេក ឬ​អ្នក​ធ្វើ​ខុស​ច្រើន​ដល់​ម្ល៉េះ​រហូត​ដល់​គិត​ថា​ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ឲ្យ​នោះ? សូម​ពិចារណា​បទ​គម្ពីរ​អេសាយ ១:១៨ ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​អ្នក​ថា​៖ ​«​សូម​មក យើង​នឹង​សម្រុះ​សម្រួល​គ្នា។ ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ​»។ ប្រាកដ​ណាស់ ទោះ​ជា​អំពើ​ខុស​ឆ្គង​ដែល​ប្រៀប​ដូច​ជា​ពណ៌​ក្រហម​ទែង​ជាប់​លើ​ក្រណាត់​ពណ៌​ស​ក្ដី នោះ​គង់​តែ​ជ្រះ​ស្អាត​ដោយ​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​ដែរ។

ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ផ្ដន្ទា​ទោស​អ្នក​រហូត​នោះ​ទេ។ បើ​ដូច្នោះ​មែន តើ​តាម​របៀប​ណា​ការ​មាន​សមត្ថភាព​វិនិច្ឆ័យ​មិន​ផ្ដន្ទា​ទោស​និង​ការ​អភ័យ​ទោស​ពី​ព្រះ អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត? សូម​ពិចារណា​ជំហាន​ពីរ​យ៉ាង​ដែល​ស្ដេច​ដាវីឌ​បាន​ធ្វើ។ ទី​១ គាត់​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​សារភាព​អំពើ​ខុស​ឆ្គង​ប្រាប់​លោក​»។ (​ចម្រៀង​សរសើរ​ព្រះ ៣២:៥​) សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​អ្នក​រួច​ហើយ ឲ្យ​អធិដ្ឋាន​ទៅ​លោក និង​«​សម្រុះ​សម្រួល​»​ជា​មួយ​នឹង​លោក។ សូម​ធ្វើ​តាម​ការ​អញ្ជើញ​នេះ។ សូម​សារភាព​ប្រាប់​ព្រះ​យេហូវ៉ា​នូវ​អំពើ​ខុស​ឆ្គង​របស់​អ្នក ហើយ​ជម្រាប​លោក​អំពី​អារម្មណ៍​របស់​អ្នក។ ដាវីឌ​បាន​ធ្វើ​តាម​ការ​អញ្ជើញ​នេះ ហើយ​ដោយ​មាន​ទំនុក​ចិត្ត គាត់​អាច​អធិដ្ឋាន​ថា​៖ ​«​សូម . . . ជម្រះ​អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ​ផង។ . . . ឱ​ព្រះ​អើយ លោក​មិន​ស្អប់​ខ្ពើម​ចិត្ត​ខ្ទេច​ខ្ទាំ​និង​ចិត្ត​ទន់​ទាប​ឡើយ​»។—ចម្រៀង​សរសើរ​ព្រះ ៥១:២, ១៧

ទី​២ ដាវីឌ​បាន​ទទួល​ជំនួយ​ពី​អ្នក​តំណាង​ដែល​ព្រះ​បាន​តែង​តាំង គឺ​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ។ (​សាំយូអែល​ទី​២ ១២:១៣​) នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ពួក​អ្នក​ចាស់​ទុំ។ ពួក​គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន ដើម្បី​ជួយ​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ដែល​ចង់​ប្រែ​ចិត្ត ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ពេល​អ្នក​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ ពួក​គាត់​នឹង​ប្រើ​បទ​គម្ពីរ និង​ជួយ​អធិដ្ឋាន​ដើម្បី​អ្នក។ បទ​គម្ពីរ​និង​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​ពួក​គាត់​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ ហើយ​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​មិន​ល្អ​ដែល​អ្នក​មាន​ចំពោះ​ខ្លួន​រសាយ​ទៅ​ឬ​បាត់​តែ​ម្ដង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គាត់​ជួយ​អ្នក​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។—យ៉ាកុប ៥:១៤​-​១៦

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​មក​ពី​ការ​មាន​សមត្ថភាព​វិនិច្ឆ័យ​មិន​ផ្ដន្ទា​ទោស

‹អ្នក​ណា​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ចំពោះ​អំពើ​រំលង អ្នក​នោះ​មាន​សុភមង្គល​ហើយ›

អ្នក​ប្រហែល​ជា​គិត​ថា​ការ​សារភាព​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក និង​ការ​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ គឺ​ជា​អ្វី​ដែល​ពិបាក​បំផុត។ ដាវីឌ​ច្បាស់​ជា​មាន​អារម្មណ៍​ស្រដៀង​នឹង​អ្នក​ដែរ។ គាត់​បាន​«​ស្ងៀម​នៅ​»​អស់​មួយ​រយៈ​ពេល ដោយ​មិន​ប្រាប់​អ្នក​ណា​អំពី​អំពើ​ខុស​ឆ្គង​របស់​គាត់​ទេ។ (​ចម្រៀង​សរសើរ​ព្រះ ៣២:៣​) ក៏​ប៉ុន្តែ ក្រោយ​មក​គាត់​បាន​ទទួល​ស្គាល់​ប្រយោជន៍​ដែល​មក​ពី​ការ​សារភាព​អំពើ​ខុស​ឆ្គង និង​ការ​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់។

ប្រយោជន៍​ដ៏​ធំ​មួយ គឺ​ដាវីឌ​មាន​អំណរ​ក្នុង​ចិត្ត​ឡើង​វិញ។ គាត់​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ចំពោះ​អំពើ​រំលង ហើយ​ការ​ខុស​ឆ្គង​របស់​ខ្លួន​បាន​ត្រូវ​អភ័យ​ទោស អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ៣២:១,កំ.ស.​) គាត់​ក៏​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​លោក​បើក​មាត់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​សរសើរ​តម្កើង​លោក​»។ (​ចម្រៀង​សរសើរ​ព្រះ ៥១:១៥​) ដាវីឌ​បាន​ដឹង​គុណ​ព្រះ​យេហូវ៉ា ដែល​លោក​បាន​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​គាត់​លែង​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ទៀត។ អារម្មណ៍​ទាំង​នោះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល ដែល​មក​ពី​ការ​មាន​សមត្ថភាព​វិនិច្ឆ័យ​មិន​ផ្ដន្ទា​ទោស។ ម្យ៉ាង​វិញ​ទៀត លោក​ចង់​ឲ្យ​អ្នក​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក​និង​គោល​បំណង​របស់​លោក​ដោយ​គ្មាន​អារម្មណ៍​បន្ទោស​ខ្លួន តែ​ដោយ​ចិត្ត​ស្មោះ និង​ដោយ​មាន​អំណរ​ជា​ខ្លាំង។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:១​-​៤​) សូម​នឹក​ចាំ​ការ​អញ្ជើញ​របស់​លោក ដែល​ថា​៖ ​«​ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ត្រូវ​លុប​ចោល។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»។—សកម្មភាព ៣:១៩

នេះ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ម៉ាថា​មែន។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​កូន​ប្រុស​របស់​ខ្ញុំ​បាន​ផ្ញើ​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!ឲ្យ​ខ្ញុំ​ជាប់​រហូត។ បន្តិច​ម្ដង​ៗ ខ្ញុំ​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្វី​មួយ​ដែល​ខ្ញុំ​ពិបាក​បំផុត​ក្នុង​ការ​ត្រឡប់​មក​វិញ គឺ​ការ​សុំ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ។ ប៉ុន្តែ នៅ​ទី​បំផុត​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ សុំ​លោក​អភ័យ​ទោស​ឲ្យ​ខ្ញុំ។ ខ្ញុំ​នឹក​ស្មាន​មិន​ដល់​សោះ​ថា ខ្ញុំ​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៤០​ឆ្នាំ។ បទ​ពិសោធន៍​ខ្ញុំ​បង្ហាញ​ភ័ស្តុតាង​ថា ទោះ​បី​បុគ្គល​ម្នាក់​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ គាត់​មាន​ឱកាស​ម្ដង​ទៀត​ដើម្បី​បម្រើ​លោក ហើយ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​លោក​ម្ដង​ទៀត​»។