ជំពូកទី២២
ហេតុអ្វីយើងមិនគួរកុហក?
សូមគិតឧទាហរណ៍មួយ។ ក្មេងស្រីម្នាក់ប្រាប់ម្ដាយនាងថា៖ «ពេលចេញពីរៀន ខ្ញុំនឹងមកផ្ទះវិញភ្លាម»។ ប៉ុន្តែ ក្រោយចេញពីរៀនហើយ នាងនៅបន្តលេងជាមួយនឹងមិត្តភក្ដិនៅសាលា។ ក្រោយមកនាងប្រាប់ម្ដាយថា៖ «គ្រូសុំឲ្យខ្ញុំនៅបន្តទៀតក្រោយចេញពីរៀន»។ តើការនិយាយដូច្នោះមិនអីទេឬ?—
សូមគិតអំពីឧទាហរណ៍មួយទៀត ក្មេងប្រុសម្នាក់ប្រាប់ឪពុកថា៖ «អត់ទេ ខ្ញុំមិនបានទាត់បាល់ក្នុងផ្ទះទេ»។ ប៉ុន្តែ ចុះយ៉ាងណា បើគាត់ពិតជាបានទាត់បាល់ក្នុងផ្ទះមែន? តើជាការខុសទេដែលគាត់និយាយដូច្នោះ?—
គ្រូដ៏ល្អប្រសើរបានបង្រៀនយើងនូវអ្វីត្រឹមត្រូវដែលយើងត្រូវធ្វើ។ លោកនិយាយថា៖ «គ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ ពីព្រោះសម្ដីណាដែលលើសពីនេះ គឺមកពីមេកំណាច»។ (ម៉ាថាយ ៥:៣៧) តើលោកយេស៊ូចង់មានន័យយ៉ាងណាដោយនិយាយដូច្នោះ?— លោកចង់មានន័យថា យើងគួរធ្វើតាមសម្ដីរបស់យើង។
មានរឿងមួយក្នុងគម្ពីរដែលបង្ហាញថា ការនិយាយពាក្យពិតគឺជាការសំខាន់ណាស់។ រឿងនេះស្ដីអំពីមនុស្សពីរនាក់ដែលអះអាងថា ពួកគេជាអ្នកកាន់តាមលោកយេស៊ូ។ សូមស្តាប់អ្វីដែលបានកើតឡើង។
ប្រមាណពីរខែក្រោយពីលោកយេស៊ូបានស្លាប់ មនុស្សជាច្រើនដែលមកពីកន្លែងឆ្ងាយៗ បានមកក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីដ៏សំខាន់មួយដែលជនជាតិយូដាហៅថា បុណ្យថ្ងៃទី៥០។ នៅទីនោះ សាវ័កពេត្រុសបានថ្លែងសុន្ទរកថាដ៏អស្ចារ្យមួយ ទៅកាន់អ្នកស្តាប់អំពីលោកយេស៊ូដែលព្រះយេហូវ៉ាបានប្រោសលោកឲ្យរស់ឡើងវិញ។ សម្រាប់មនុស្សជាច្រើនក្នុងចំណោមពួកអ្នកដែលបានមកក្រុងយេរូសាឡិមនោះ នេះជាលើកទី១ដែលពួកគេរៀនអំពីលោកយេស៊ូ។ ឥឡូវពួកគេចង់រៀនថែមទៀត។ ដូច្នេះ តើពួកគេបានធ្វើអ្វី?
ពួកគេបានស្នាក់នៅយូរជាងការគិតទុករបស់ខ្លួន។ ប៉ុន្តែមួយរយៈក្រោយមក ពួកគេខ្លះអស់ប្រាក់ហើយ ដូច្នេះពួកគេត្រូវការជំនួយដើម្បីអាចទិញចំណីអាហារបាន។ អ្នកកាន់តាមនៅក្រុងយេរូសាឡិមចង់ជួយពួកគេ។ ដូច្នេះហើយ ពួកគេជាច្រើននាក់បានលក់អ្វីដែលពួកគេមាន ហើយយកប្រាក់ទៅឲ្យពួកសាវ័ករបស់លោកយេស៊ូ។ បន្ទាប់មកពួកសាវ័កបានឲ្យប្រាក់ទៅអ្នកដែលមានសេចក្ដីត្រូវការ។
អាណានាសនិងប្រពន្ធឈ្មោះសាភីរ៉ា ដែលជាសមាជិកក្រុមជំនុំគ្រិស្ដសាសនិកក្នុងក្រុងយេរូសាឡិម ពួកគេបានលក់ដីវាលរបស់ខ្លួន។ ពួកគេបានសម្រេចចិត្តលក់ដោយខ្លួនឯង គ្មានអ្នកណាបង្គាប់ពួកគេឲ្យលក់ទេ។ ប៉ុន្តែ អ្វីដែលពួកគេធ្វើមិនមែនដោយសារពួកគេស្រឡាញ់អ្នកកាន់តាមថ្មីរបស់លោកយេស៊ូទេ។ តាម
ពិតអាណានាសនិងសាភីរ៉ាចង់ធ្វើឲ្យមនុស្សគិតថា ពួកគេមានចិត្តល្អណាស់ ប៉ុន្តែការពិតពួកគេមិនមែនដូច្នោះទេ។ ដូច្នេះ អាណានាសនិងសាភីរ៉ាបានសម្រេចនិយាយថា ពួកគេបានឲ្យប្រាក់ទាំងអស់ដើម្បីជួយអ្នកឯទៀត។ ប៉ុន្តែតាមពិតពួកគេបានឲ្យប្រាក់តែមួយចំណែកប៉ុណ្ណោះ តែបែរជានិយាយថាពួកគេបានឲ្យប្រាក់ទាំងអស់ទៅវិញ។ តើកូនគិតយ៉ាងណាអំពីរឿងនោះ?—អាណានាសបានមកជួបពួកសាវ័ក។ គាត់បានឲ្យប្រាក់ទៅពួកគេ។ ប៉ុន្តែ ព្រះប្រាកដជាដឹងថា គាត់មិនបានឲ្យប្រាក់ទាំងអស់ទេ។ ដូច្នេះ ព្រះបានឲ្យពេត្រុសដឹងថា អាណានាសមិនបានស្មោះត្រង់ក្នុងរឿងនេះឡើយ។
បន្ទាប់មកពេត្រុសបាននិយាយថា៖ ‹អាណានាស ហេតុអ្វីបានជាឲ្យសាថានធ្វើឲ្យអ្នកហ៊ានធ្វើដូច្នេះ? មុនដែលអ្នកលក់វា តើវាមិនមែនជារបស់អ្នកទេឬ? រួចក្រោយពីបានលក់ហើយ អ្នកអាចប្រើប្រាស់ប្រាក់នោះតាមចិត្ត មែនទេ? ប៉ុន្តែ ហេតុអ្វីបានជាអ្នកបោកបញ្ឆោតថាអ្នកឲ្យប្រាក់ទាំងអស់របស់អ្នក តែតាមពិតអ្នកឲ្យតែមួយចំណែកប៉ុណ្ណោះ? ដោយធ្វើដូច្នេះ អ្នកមិនបានកុហកមនុស្សទេ តែបានកុហកព្រះវិញ›។
ការកុហកព្រះជារឿងធ្ងន់ធ្ងរណាស់។ អាណានាសមិនបានឲ្យប្រាក់ទាំងអស់ដូចគាត់អះអាងនោះទេ គាត់គ្រាន់តែធ្វើពុតប៉ុណ្ណោះ។ ដូច្នេះ នេះមានន័យថាអាណានាសបាននិយាយកុហក។ គម្ពីរប្រាប់អ្វីដែលបានកើតឡើងក្រោយមកទៀត។ គម្ពីរប្រាប់ថា៖ ‹កាលដែលឮពេត្រុសនិយាយដូច្នេះ អាណានាសបានដួលស្លាប់នៅនឹងកន្លែង›។ ព្រះបានសម្លាប់អាណានាស! បន្ទាប់មក គេក៏សែងសពគាត់យកទៅបញ្ចុះ។
ប្រហែលជាបីម៉ោងក្រោយ សាភីរ៉ាក៏បានចូលមកដល់។ នាងមិនដឹងអំពីអ្វីដែលបានកើតឡើងចំពោះប្ដីរបស់នាងឡើយ។ ដូច្នេះ ពេត្រុសសួរនាងថា៖ ‹តើអ្នកទាំងពីរបានលក់ដីវាលបានប្រាក់ប៉ុណ្ណឹងដូចដែលអ្នកបានឲ្យមកយើងឬ?›។
សាភីរ៉ាឆ្លើយថា៖ ‹ចាស យើងលក់ដីវាលបានប្រាក់ប៉ុណ្ណឹង›។ តែនោះជាពាក្យកុហក! ពួកគេបានទុកប្រាក់ខ្លះពីការលក់ដីវាលនោះ។ ដូច្នេះ ព្រះក៏បានសម្លាប់សាភីរ៉ាដែរ។—សកម្មភាព ៥:១-១១
ពេលយើងអានអំពីរឿងអាណានាសនិងសាភីរ៉ា តើយើងគួរទាញមេរៀនអ្វី?— រឿងនេះបង្រៀនយើងថា ព្រះមិនចូលចិត្តមនុស្សកុហកទេ។ លោកចង់ឲ្យយើងនិយាយពាក្យពិតជានិច្ច។ ប៉ុន្តែ មនុស្សជាច្រើននិយាយថា មិនអីទេបើនិយាយកុហក។ តើកូនគិតថាមនុស្សទាំងនោះនិយាយត្រឹមត្រូវទេ?— តើកូនដឹងថាជំងឺនិងការឈឺចាប់ទាំងអស់ ព្រមទាំងសេចក្ដីស្លាប់ដែលមាននៅផែនដីនេះបានកើតមកពីពាក្យកុហកឬទេ?—
សូមចាំថា មេកំណាចបាននិយាយកុហកអេវ៉ាដែលជាស្ដ្រីដំបូង។ វាប្រាប់នាងថា នាងនឹងមិនស្លាប់ទេ បើនាងមិនស្តាប់បង្គាប់ព្រះ ហើយញ៉ាំផ្លែឈើដែលព្រះហាមមិនឲ្យនាងញ៉ាំ។ អេវ៉ាបានជឿពាក្យសម្ដីរបស់មេកំណាចហើយញ៉ាំផ្លែឈើនោះ។ នាងក៏បានបញ្ចុះបញ្ចូលឲ្យអាដាមញ៉ាំដែរ។ ពេលពួកគេបានធ្វើដូច្នោះ ពួកគេមានភាពខុសឆ្គង ហើយកូនចៅទាំងអស់របស់ពួកគេបានកើតមកដោយមានភាពខុសឆ្គងដែរ។ ដោយសារកូនចៅទាំងអស់របស់អាដាមមានភាពខុសឆ្គង ពួកគេបានរងទុក្ខវេទនាហើយស្លាប់។ តើទុក្ខលំបាកទាំងអស់បានចាប់ផ្ដើមមានយ៉ាងដូចម្ដេច?— ទុក្ខលំបាកទាំងនោះបានចាប់ផ្ដើមដោយការនិយាយកុហក។
នោះជាមូលហេតុដែលលោកយេស៊ូបាននិយាយថាមេកំណាច«ជាអ្នកភូតភរក៏ជាឪពុកនៃការភូតភរទៀតផង»។ វាគឺជាបុគ្គលដំបូងដែលបាននិយាយកុហក។ ពេលអ្នកណាម្នាក់និយាយកុហក គាត់កំពុងធ្វើអ្វីដែលមេកំណាចបានធ្វើមុនដំបូង។ យើងយ៉ូហាន ៨:៤៤
គួរគិតអំពីរឿងនេះ មិនថាពេលណាក៏ដោយដែលចិត្តយើងជំរុញយើងឲ្យនិយាយកុហក។—តើនៅពេលណាដែលចិត្តកូនជំរុញកូនឲ្យនិយាយកុហក?— ពេលកូនធ្វើអ្វីមួយខុស មែនទេ?— ជាឧទាហរណ៍ កូនធ្វើបែកអ្វីមួយដោយគ្មានបំណង។ បើឪពុកម្ដាយសួរកូនអំពីរឿងនេះ តើកូនគួរប្រាប់ថាបងប្អូនកូនជាអ្នកធ្វើឲ្យបែកទេ? ឬមួយក៏កូនគួរធ្វើពើជាមិនដឹងវិញ?—
ចុះយ៉ាងណាបើកូនត្រូវធ្វើលំហាត់សាលា ប៉ុន្តែកូនបានធ្វើតែមួយផ្នែកប៉ុណ្ណោះ? តើកូនគួរនិយាយថា កូនបានធ្វើទាំងអស់ទេ ទោះជាកូនមិនបានធ្វើទាំងអស់ក្ដី?— យើងគួរនឹកចាំអំពីអាណានាសនិងសាភីរ៉ា។ ពួកគេមិនបាននិយាយការពិតទាំងអស់ទេ ហើយព្រះបានសម្លាប់ពួកគេចោល ដើម្បីបង្ហាញថាអំពើដែលពួកគេធ្វើនោះអាក្រក់ខ្លាំងណាស់។
ដូច្នេះ ទោះជាយើងបានធ្វើអ្វីក៏ដោយ បើយើងនិយាយកុហក នោះនាំឲ្យមានបញ្ហាធំជានិច្ច។ ម្យ៉ាងទៀត យើងមិនគួរនិយាយកុហកខ្លះ ពិតខ្លះនោះទេ។ គម្ពីរប្រាប់ថា៖ ‹ចូរនិយាយសេចក្ដីពិត› ហើយក៏ប្រាប់ដែរថា៖ «កុំកុហកគ្នាឡើយ»។ ព្រះយេហូវ៉ាតែងតែនិយាយពិតជានិច្ច ហើយលោកសង្ឃឹមថាយើងក៏និយាយពិតដែរ។—អេភេសូរ ៤:២៥; កូឡុស ៣:៩
យើងគួរនិយាយពិតជានិច្ច។ រឿងនោះមាននៅក្នុង និក្ខមនំ ២០:១៦ សុភាសិត ៦:១៦-១៩; ១២:១៩; ១៤:៥; ១៦:៦ និងហេប្រឺ ៤:១៣។